Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ប្រទេសមហាអំណាចទាំងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ក៏ដូចជាអង្គការណាតូ នឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែន ផ្ទុះរាលដាលទៅជាសង្គ្រាមប្រឈមរវាងមហាអំណាចនោះឡើយ។
ក្នុងពេលដែលវិបត្តិអ៊ុយក្រែនបាន និងកំពុងបន្តរ៉ាំរ៉ៃរហូតដល់ឈានទៅការប្រឈមដាក់គ្នាខាងកម្លាំងយោធា មហាអំណាចបស្ចិមប្រទេស និងរុស្ស៊ី កំពុងតែដាក់លក្ខខណ្ឌទៅដៃគូរបស់ខ្លួនឱ្យប្រកាន់ជំហរដកថយ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនេះ។ រុស្ស៊ីបានទាមទារឱ្យសហរដ្ឋអាម៉េរិក និងអង្គការណាតូ ធានាថាខ្លួននឹងមិនទទួូលយកអ៊ុយក្រែនជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនេះឡើយ ហើយត្រូវដកកងទ័ពចេញពីតំបន់អឺរ៉ុបខាងកើតដែលបង្កជាការគម្រាមកំហែងសន្តិសុខជាតិរុស្ស៊ី។ ចំណែកសហរដ្ឋអាម៉េរិក និងអង្គការណាតូ បានព្រមាននឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើប្រទេសនេះហ៊ានឈ្លានពានអ៊ុយក្រែន ព្រមទាំងបានបញ្ជូនរថក្រោះ និងសព្វាវុធជាច្រើនទៅកាន់អ៊ុយក្រែន ដើម្បីចូលរួមពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនផងដែរ។
ទោះជាយ៉ាងណា បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សង្គ្រាមរវាងមហាអំណាចនៅក្នុងករណីប្រទេសអ៊ុយក្រែននឹងមិនអាចកើតមានឡើងបានឡើយ ហើយចុងក្រោយអ្នកដែលរងគ្រោះគឺជាប្រទេសអ៊ុយក្រែន។ ឯកឧត្ដមបណ្ឌិត សភា ចារ្យបានបន្តថា ជំហររបស់បស្ចិមប្រទេសនាពេលនេះ គឺគ្រាន់តែជាការលើកទឹកចិត្តមេដឹកនាំអ៊ុយក្រែនក្នុងវិបត្តិជាមួយ រុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែមហាអំណាចសុទ្ធតែមិនអាចបណ្ដោយឱ្យមានផ្ទុះឡើងនូវសង្គ្រាមរវាងគ្នាបាននោះឡើយ។
នៅក្នុងពេលដែលវិបត្តិអ៊ុយក្រែននៅតែបន្ត កិច្ចចរចារវាងមហាអំណាច ពិសេសរវាងសហព័ន្ធរុស្ស៊ី និងសហរដ្ឋអាម៉េរិកនៅតែបន្ត ដើម្បីបញ្ចៀសឱ្យបាននូវការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចយោធាពិភពលោកទាំងពីរ នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែនកើតមានឡើងពិតមែន នោះវានឹងអាចបន្ត ឆាប ឆេះទៅជាសង្គ្រាមលោកលើកទី៣ ដែលត្រង់ចំណុចនេះ គឺជាចំណុចចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុតសម្រាប់មហាអំណាចពិភពលោក។
បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ករណីវិបត្តិនៅអ៊ុយក្រែននេះ មានប្រទេស៤ដែលកំពុងតែសប្បាយចិត្តគឺ ប្រទេសចិន អ៊ីរ៉ង់ មីយ៉ាន់ម៉ា និងកូរ៉េខាងជើង ដែលក្នុងករណីសហរដ្ឋអាម៉េរិកអន្តរាគមន៍កាន់តែខ្លាំងក្នុងវិបត្តិអ៊ុយក្រែន រុស្ស៊ី អាចនឹងឈានទៅស្វែងរកការគាំទ្រទៅវិញទៅមកជាមួយប្រទេសទាំង៤នេះដែលកំពុងប្រឈមនឹងសហរដ្ឋអាម៉េរិកស្រាប់។ លើសពីនេះទៅទៀត អ្នកដែលទទួលបានផលប្រយោជន៍ជាងគេ គឺប្រទេសចិន ដែលចិននឹងមានឱកាសសម្ងំជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាយោធារបស់ខ្លួន ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ឬឆ្លៀតឱកាសនៃការប៉ះទង្គិចគ្នានេះ លួចចម្លងបច្ចេកវិទ្យាយោធា ពីមហាអំណាចនានា៕
RAC Media | លឹម សុវណ្ណរិទ្ធ
ចូលឆ្នាំថ្មី ឆ្នាំ២០២០នេះ រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់សាធារណជនទូទៅដែលតែងស្រឡាញ់ការងារជាមន្ត្រីរាជការ មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា បានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលតាមរយៈទីស្តីការគណរដ្ឋម...
ក្រុមការងាររាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ព្រះសង្ឃ និងអាជ្ញាធរដែនដីចុះសិក្សាផ្ទាល់ទីតាំងស្ថានីយបុរាណវិទ្យា និងប្រវត្តិសាស្ត្រ នៅជួរភ្នំគុគ ស្ថិតក្នុងភូមិក្...
ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ នេះ នៅបន្ទប់ក្រវាន់ អគារ F នៃរាជបណ្ឌិត្យសភាកម្ពុជា មានកិច្ចប្រជុំតាមដានការងារនិងភារកិច្ច និងយុទ្ធសាស្ត...