ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

2022-01-28 13:06:18 ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អ្នកមើល 3518
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា ប្រទេសមហាអំណាចទាំងរុស្ស៊ី និងសហរដ្ឋអាម៉េរិក ក៏ដូចជាអង្គការណាតូ នឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែន ផ្ទុះរាលដាលទៅជាសង្គ្រាមប្រឈមរវាងមហាអំណាចនោះឡើយ។

ក្នុងពេលដែលវិបត្តិអ៊ុយក្រែនបាន និងកំពុងបន្តរ៉ាំរ៉ៃរហូតដល់ឈានទៅការប្រឈមដាក់គ្នាខាងកម្លាំងយោធា មហាអំណាចបស្ចិមប្រទេស និងរុស្ស៊ី កំពុងតែដាក់លក្ខខណ្ឌទៅដៃគូរបស់ខ្លួនឱ្យប្រកាន់ជំហរដកថយ ដើម្បីបន្ធូរបន្ថយស្ថានការណ៍តានតឹងនេះ។ រុស្ស៊ីបានទាមទារឱ្យសហរដ្ឋអាម៉េរិក និងអង្គការណាតូ ធានាថាខ្លួននឹងមិនទទួូលយកអ៊ុយក្រែនជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងនេះឡើយ ហើយត្រូវដកកងទ័ពចេញពីតំបន់អឺរ៉ុបខាងកើតដែលបង្កជាការគម្រាមកំហែងសន្តិសុខជាតិរុស្ស៊ី។ ចំណែកសហរដ្ឋអាម៉េរិក និងអង្គការណាតូ បានព្រមាននឹងដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើប្រទេសនេះហ៊ានឈ្លានពានអ៊ុយក្រែន ព្រមទាំងបានបញ្ជូនរថក្រោះ និងសព្វាវុធជាច្រើនទៅកាន់អ៊ុយក្រែន ដើម្បីចូលរួមពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនផងដែរ។

ទោះជាយ៉ាងណា បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច សង្គ្រាមរវាងមហាអំណាចនៅក្នុងករណីប្រទេសអ៊ុយក្រែននឹងមិនអាចកើតមានឡើងបានឡើយ ហើយចុងក្រោយអ្នកដែលរងគ្រោះគឺជាប្រទេសអ៊ុយក្រែន។ ឯកឧត្ដមបណ្ឌិត សភា ចារ្យបានបន្តថា ជំហររបស់បស្ចិមប្រទេសនាពេលនេះ គឺគ្រាន់តែជាការលើកទឹកចិត្តមេដឹកនាំអ៊ុយក្រែនក្នុងវិបត្តិជាមួយ រុស្ស៊ីប៉ុណ្ណោះ ប៉ុន្តែមហាអំណាចសុទ្ធតែមិនអាចបណ្ដោយឱ្យមានផ្ទុះឡើងនូវសង្គ្រាមរវាងគ្នាបាននោះឡើយ។

នៅក្នុងពេលដែលវិបត្តិអ៊ុយក្រែននៅតែបន្ត កិច្ចចរចារវាងមហាអំណាច ពិសេសរវាងសហព័ន្ធរុស្ស៊ី និងសហរដ្ឋអាម៉េរិកនៅតែបន្ត ដើម្បីបញ្ចៀសឱ្យបាននូវការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងមហាអំណាចយោធាពិភពលោកទាំងពីរ នេះ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបន្ថែមទៀតថា ប្រសិនបើសង្គ្រាមនៅអ៊ុយក្រែនកើតមានឡើងពិតមែន នោះវានឹងអាចបន្ត ឆាប ឆេះទៅជាសង្គ្រាមលោកលើកទី៣ ដែលត្រង់ចំណុចនេះ គឺជាចំណុចចាំបាច់ត្រូវប្រុងប្រយ័ត្នបំផុតសម្រាប់មហាអំណាចពិភពលោក។

បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ករណីវិបត្តិនៅអ៊ុយក្រែននេះ មានប្រទេស៤ដែលកំពុងតែសប្បាយចិត្តគឺ ប្រទេសចិន អ៊ីរ៉ង់ មីយ៉ាន់ម៉ា និងកូរ៉េខាងជើង ដែលក្នុងករណីសហរដ្ឋអាម៉េរិកអន្តរាគមន៍កាន់តែខ្លាំងក្នុងវិបត្តិអ៊ុយក្រែន រុស្ស៊ី អាចនឹងឈានទៅស្វែងរកការគាំទ្រទៅវិញទៅមកជាមួយប្រទេសទាំង៤នេះដែលកំពុងប្រឈមនឹងសហរដ្ឋអាម៉េរិកស្រាប់។ លើសពីនេះទៅទៀត អ្នកដែលទទួលបានផលប្រយោជន៍ជាងគេ គឺប្រទេសចិន ដែលចិននឹងមានឱកាសសម្ងំជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ព្រមទាំងធ្វើការអភិវឌ្ឍបច្ចេកវិទ្យាយោធារបស់ខ្លួន ដោយធ្វើកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី ឬឆ្លៀតឱកាសនៃការប៉ះទង្គិចគ្នានេះ លួចចម្លងបច្ចេកវិទ្យាយោធា ពីមហាអំណាចនានា៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

សីលធម៌ក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ (Covid-19) ដោយ៖ បណ្ឌិត ជា វណ្ណី វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2020-04-25 07:06:41   ថ្ងៃសៅរ៍, 25 មេសា 2020 ម៉ោង 02:06 PM
«ដំណើរការស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០នេះ ក្រុមការងារស្រាវជ្រាវកំណត់អត្តសញ្ញាណបដិមាព្រះបាទជ័យវរ្ម័នទី៧ នៃរាជបណ្ឌិត្យសភាកម...

2020-04-23 12:32:45   ថ្ងៃព្រហស្បតិ៍, 23 មេសា 2020 ម៉ោង 07:32 PM
ការប៉ះពាល់ផ្នែកសេដ្ឋកិច្ចអាម៉េរិកដោយកូវីដ-១៩ ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តរបស់មជ្ឈមណ្ឌលសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ មជ្ឈមណ្ឌលសិក្សាចិន

2020-04-21 09:37:37   ថ្ងៃអង្គារ, 21 មេសា 2020 ម៉ោង 04:37 PM
ភាពណរម៉ាល់នៃបំណែងចែកទិន្នន័យ Normality of a Distribution ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា មន្ត្រីស្រាវជ្រាវគណិតវិទ្យានិងស្ថិតិនៃវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវិទ...

2020-04-20 14:32:22   ថ្ងៃចន្ទ, 20 មេសា 2020 ម៉ោង 09:32 PM
«កិច្ចប្រជុំកំពូលអាស៊ានពិសេសស្ដីពីកូវីដ-១៩ និងក្ដីសង្ឃឹមរបស់ប្រជាជាតិអាស៊ានអំពីការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩» ដោយ៖ បណ្ឌិត ឈត ប៊ុនថង, វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ក្រោយពីពិភពលោកទាំងមូល រួមទាំងតំបន់អាស៊ានដែរ កំពុងរងការវាយប្រហារពីមេរោគឆ្លងកូវីដ-១៩ ប្រទេសអាស៊ានបានលើកប្រធានបទទាក់ទងនឹងមេរោគឆ្លងជំងឺកូវីដ-១៩ មកបញ្ចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំកំពូលពិសេសរបស់ខ្លួនផង។ កិច...

2020-04-17 04:36:17   ថ្ងៃសុក្រ, 17 មេសា 2020 ម៉ោង 11:36 AM
«ដំណើរឆ្ពោះទៅកាន់វាលពិឃាត (១៧ មេសា ១៩៧៥ - ៧ មករា ១៩៧៩)» ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ទីអវសាននៃរបបសាធារណរដ្ឋខ្មែរ បានមកដល់ចំពេលដែលប្រជាជនកម្ពុជាទើបប្រារឰពិធីបុណ្យចូលឆ្នាំថ្មីបានពីរបីថ្ងៃ។ ក្តីស្រមៃពីសន្តិភាពបានកើតមានឡើងស្របពេលមានវត្តមានកងទ័ពរំដោះចូលមកដល់ខេត្ត ក្រុងនានាជាបន្តបន្ទាប់។ នៅ...

2020-04-17 04:05:40   ថ្ងៃសុក្រ, 17 មេសា 2020 ម៉ោង 11:05 AM

សេចក្តីប្រកាស