ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

2022-01-14 12:10:44 ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 07:10 PM
អ្នកមើល 3522
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន ដែលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរថា «វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី...»។

នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ភាគីអូស្ត្រាលីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការសម្របសម្រួល និងកំណត់របៀបវារៈក្នុងជំនួបជាមួយនឹងមហាអំណាច និងបណ្ដាប្រទេសនានាដែលជាដៃគូរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងកិច្ចសហប្រតិបត្តិការជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្ដមក៏បានថ្លែងគាំទ្រដល់តួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ពិសេសបានបង្ហាញជំហរគាំទ្រចំពោះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា និងបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញ ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានបានដាក់ចេញ។

នៅក្នុងសុន្ទរកថាបិទកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមានរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលមានសមានចិត្ត ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រកន្លងមក និងក្នុងពេលថ្មីៗដែលអូស្ត្រាលីបានផ្ដល់នូវជំនួយជាថវិកា និងវ៉ាក់សាំងដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាប្រសាសន៍គូសបញ្ជាក់បន្ថែម សម្រាប់ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដោយប្រើប្រាស់យន្តការថ្មីដែលមានភាពបត់បែនជាងយន្តការដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គប្បីត្រូវបានដោះស្រាយដោយដំណោះស្រាយមិនមែនតាមបែបទម្លាប់ប្រពៃណីចាស់នោះឡើយ ហើយការផ្ដោតលើដំណោះស្រាយតាមបែបទម្លាប់ប្រពៃណីអន្តរជាតិខ្លាំងពេក អ្នកដែលរងគ្រោះគឺជាប្រជាជនមីយ៉ាន់ម៉ា »។

ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារវិបត្តិ នយោបាយ និងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍ ជាបទពិសោធដែលកម្ពុជាធ្លាប់បានជួបប្រទះ និងធ្លាប់រងការឈឺចាប់ដោយផ្ទាល់ ដូច្នេះហើយ កម្ពុជាបានយល់ជាក់ច្បាស់ចំពោះទុក្ខវេទនា ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះនាពេលនេះ ដូច្នេះកម្ពុជាក៏ចង់ឱ្យមីយ៉ាន់ម៉ារួចផុតពីវិបត្តិនេះដូចកម្ពុជាដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

វេទិកាភ្នំពេញលើកទី១ បើកសករាជ«មុំគំនិតបី»ជួយគ្នាដោះស្រាយបញ្ហាសង្គម

វេទិកាភ្នំពេញ ជាឱកាសនៃការប្រមូលផ្ដុំនូវបញ្ញាញាណរបស់ជាតិ និងដៃគូអន្តរជាតិ ដើម្បីជជែកពិភាក្សាពីលើកកម្ពស់ការជជែកវែកញែកពីបញ្ហាប្រឈមនានា ដែលកំពុងកើតមានក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងតំបន់ និងនៅលើពិភពលោក។...

2022-09-07 11:30:28   ថ្ងៃពុធ, 07 កញ្ញា 2022 ម៉ោង 06:30 PM
ជំនួបប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌានៅរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួប និងពិភាក្សាការងារជាមួយប្រតិភូក្រសួងការបរទេសនៃសាធារណរដ្ឋឥណ្ឌាដែលដឹកនាំដោយឯកឧត្តមបណ្ឌិត Vinay P. Sahasrabuddhe ប្រធានផ្នែកទំនាក់ទំនងវប្បធម៌នៃក្រសួងការបរទេសសាធារណរដ្...

2022-08-30 09:23:40   ថ្ងៃអង្គារ, 30 សីហា 2022 ម៉ោង 04:23 PM
ជំនួបអ្នកសិក្សាស្រាវជ្រាវពីសហព័ន្ធអាល្លឺម៉ង់ និងប្រទេសថៃ

នៅព្រឹកថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួប និងពិភាក្សាការងារជាមួយនឹងប្រតិភូពីសាកលវិទ...

2022-08-29 14:57:49   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:57 PM
ការគោរពចុងក្រោយដល់វិញ្ញាណក្ខន្ធលោកស្រីកិតិ្តបណ្ឌិត ឡាយ ហ៊ុនគី (ហៅអ្នកស្រី ត្រឹង ងា)

នៅរសៀលម៉ោង៣.០០នាទី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ យោងតាមការចង្អុលបង្ហាញពីឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច លោក ហេង វីរិទ្ធិ ប្រធានលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្...

2022-08-29 14:46:34   ថ្ងៃចន្ទ, 29 សីហា 2022 ម៉ោង 09:46 PM
កម្ពុជា-វៀតណាម ក្រោយនឹមអាណានិគមបរទេសផុតរលត់ ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

បុណ្យឯករាជ្យជាតិ ជាទូទៅត្រូវបានគេស្គាល់ថា ជាពីធីបុណ្យដែលតែងតែប្រារពធ្វើឡើងជា រៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ថ្ងៃដែលប្រទេសនីមួយៗ បានរួចចាកផុតឬទទួលឯករាជ្យពេញលេញចេញពីនឹមអាណានិគម របស់ មហាអំណាច។ សម្រាប់បណ្តាប្...

2022-08-28 07:32:53   ថ្ងៃអាទិត្យ, 28 សីហា 2022 ម៉ោង 02:32 PM
ការប្រជុំពិភាក្សាលើគម្រោងពង្រឹងសមត្ថភាពស្រាវជ្រាវរវាង NRC និងរាជបណ្ឌិត្យសភាកម្ពុជា

ដោយផ្ដើមចេញពីកិច្ចសហប្រតិបត្តិការរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រតិភូ ក្រុមប្រឹក្សាជាតិសម្រាប់ការស្រាវជ្រាវសេដ្ឋកិច្ច មនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃសាធារណរដ្ឋកូរ៉េ (NRC) ដឹកនាំដោយ លោកបណ្ឌិត Cho By...

2022-08-10 03:48:02   ថ្ងៃពុធ, 10 សីហា 2022 ម៉ោង 10:48 AM

សេចក្តីប្រកាស