ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

2022-01-14 12:10:44 ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 07:10 PM
អ្នកមើល 3360
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន ដែលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរថា «វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី...»។

នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ភាគីអូស្ត្រាលីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការសម្របសម្រួល និងកំណត់របៀបវារៈក្នុងជំនួបជាមួយនឹងមហាអំណាច និងបណ្ដាប្រទេសនានាដែលជាដៃគូរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងកិច្ចសហប្រតិបត្តិការជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្ដមក៏បានថ្លែងគាំទ្រដល់តួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ពិសេសបានបង្ហាញជំហរគាំទ្រចំពោះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា និងបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញ ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានបានដាក់ចេញ។

នៅក្នុងសុន្ទរកថាបិទកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមានរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលមានសមានចិត្ត ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រកន្លងមក និងក្នុងពេលថ្មីៗដែលអូស្ត្រាលីបានផ្ដល់នូវជំនួយជាថវិកា និងវ៉ាក់សាំងដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាប្រសាសន៍គូសបញ្ជាក់បន្ថែម សម្រាប់ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដោយប្រើប្រាស់យន្តការថ្មីដែលមានភាពបត់បែនជាងយន្តការដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គប្បីត្រូវបានដោះស្រាយដោយដំណោះស្រាយមិនមែនតាមបែបទម្លាប់ប្រពៃណីចាស់នោះឡើយ ហើយការផ្ដោតលើដំណោះស្រាយតាមបែបទម្លាប់ប្រពៃណីអន្តរជាតិខ្លាំងពេក អ្នកដែលរងគ្រោះគឺជាប្រជាជនមីយ៉ាន់ម៉ា »។

ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារវិបត្តិ នយោបាយ និងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍ ជាបទពិសោធដែលកម្ពុជាធ្លាប់បានជួបប្រទះ និងធ្លាប់រងការឈឺចាប់ដោយផ្ទាល់ ដូច្នេះហើយ កម្ពុជាបានយល់ជាក់ច្បាស់ចំពោះទុក្ខវេទនា ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះនាពេលនេះ ដូច្នេះកម្ពុជាក៏ចង់ឱ្យមីយ៉ាន់ម៉ារួចផុតពីវិបត្តិនេះដូចកម្ពុជាដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«គម្រោងជីកប្រឡាយទឹកជាព្រំប្រទល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប»

ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតនិងទទួលស្គាល់ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៤ មានទំហំ ផ្ទៃដី១១ ៤៣៥ហិកតា មានទីតាំងស្ថិតក្នុងឃុំឆែបមួយ និង ឃ...

2024-02-29 03:52:02   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 10:52 AM
«ការអប់រំពីតម្លៃនៃមនុស្ស»

អត្ថបទដោយ៖ បណ្ឌិត ទុយ យូឃីម និង បណ្ឌិត ជា វណ្ណី, វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជាការអប់រំពីតម្លៃនៃមនុស្ស មានឥទ្ធិពល លើគ្រប់ទិដ្ឋភាពនៃជីវិត វាប៉ះពាល់យ៉ាងខ្លាំង...

2024-02-29 03:20:58   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 10:20 AM
ឆ្នាំទី៣នៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន ៖ តើសង្គ្រាមនេះនឹងចប់ពេលណា?

ដោយ ៖ លោក ធន ឆាយពិសិដ្ឋ អនុប្រធានពិសិដ្ឋអនុប្រធាននាយកដ្ឋាននយោបាយនិងច្បាប់អន្តរជាតិ នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជាគិតមកដល់មកដល់ពេលនេះ សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានចូលឆ្នាំទីបីដោយគ្មានតម...

2024-02-29 02:07:56   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 09:07 AM
Diplomatic Strategies for Strengthening ASEAN Unity

Mr. Peou Sedara, Official of the Department of International Law and Diplomacy, International Relations Institute of Cambodia (IRIC)The Association of Southeast Asian Nations (ASEAN) has been a corner...

2024-02-29 01:53:10   ថ្ងៃព្រហស្បតិ៍, 29 កុម្ភៈ 2024 ម៉ោង 08:53 AM
ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ដោយ៖ បណ្ឌិត ឈឿន ប៊ុនឆា មន្ត្រីជំនួយការបណ្ឌិតសភាចារ្យ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ និងជាលេខាធិការមជ្ឈមណ្ឌលស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាក្នុងការផ្លាស់ប្ដូរពីប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ ហើយបន្តក្លាយជាប្រទេសអភិវឌ្ឍនូវកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែង...

2024-02-26 08:16:01   ថ្ងៃចន្ទ, 26 កុម្ភៈ 2024 ម៉ោង 03:16 PM
ទស្សនវិទូនិយមការសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាកំពុងកើតឡើង (Pragmatism) ដោយ៖ បណ្ឌិត វង់ សំអូន ជំនួយការខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

ទស្សនវិទូក្រុមនេះបានប្រើប្រាស់គោលវិធីសិក្សាស្រាវជ្រាវតាមបែបចម្រុះតែប៉ុណ្ណោះ ក្នុងការសិក្សាស្វែងរកចម្លើយ ឬដោះស្រាយបញ្ហាទាំងឡាយណាដែលបានកើតមានឡើងចេញពីសកម្មភាពណាមួយដែលត្រូវបានគេអនុវត្ត ឬប្រព្រឹត្តនៅក្នុងស...

2024-02-23 09:04:05   ថ្ងៃសុក្រ, 23 កុម្ភៈ 2024 ម៉ោង 04:04 PM

សេចក្តីប្រកាស