ព័ត៌មាន

ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី

2022-01-14 12:10:44 ថ្ងៃសុក្រ, 14 មករា 2022 ម៉ោង 07:10 PM
អ្នកមើល 3351
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ អញ្ជើញថ្លែងសុន្ទរកថាបិទកម្មវិធីបាឋកថា ស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» នៅព្រឹកថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ទី១៤ ខែមករា ឆ្នាំ ២០២២នេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីស្ថានភាពវិវត្តនៅប្រទេសមីយ៉ាន់ម៉ាជាប្រទេសសមាជិកអាស៊ាន ដែលកំពុងធ្លាក់ក្នុងវិបត្តិធ្ងន់ធ្ងរថា «វិបត្តិមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី...»។

នៅក្នុងកម្មវិធីបាឋកថាស្ដីពី «អាស៊ាន-អូស្ត្រាលី៖ ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលឧទ្ទេសនាមដោយឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ភាគីអូស្ត្រាលីបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងការសម្របសម្រួល និងកំណត់របៀបវារៈក្នុងជំនួបជាមួយនឹងមហាអំណាច និងបណ្ដាប្រទេសនានាដែលជាដៃគូរបស់ខ្លួនក្នុងកិច្ចប្រជុំកំពូល និងកិច្ចសហប្រតិបត្តិការជាលក្ខណៈតំបន់ និងអន្តរជាតិ។ ឯកឧត្ដមក៏បានថ្លែងគាំទ្រដល់តួនាទីរបស់អាស៊ាន ក្នុងការសម្របសម្រួល និងចូលរួមដោះស្រាយវិបត្តិដែលកំពុងកើតមានឡើងនៅមីយ៉ាន់ម៉ា ពិសេសបានបង្ហាញជំហរគាំទ្រចំពោះការដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដែលបានធ្វើដំណើរទស្សនកិច្ចផ្ទាល់ទៅកាន់មីយ៉ាន់ម៉ា និងបានប្រាស្រ័យទាក់ទងផ្ទាល់ជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ា ដើម្បីបន្ធូរបន្ថយស្ថានការណ៍ និងជំរុញ ឱ្យអនុវត្តនូវកិច្ចព្រមព្រៀងទាំង៥ចំណុចដែលអាស៊ានបានដាក់ចេញ។

នៅក្នុងសុន្ទរកថាបិទកម្មវិធីនាព្រឹកនេះ ឯកឧត្ដមបណ្ឌិត យង់ ពៅ បានវាយតម្លៃខ្ពស់ ចំពោះការចែករំលែកចំណេះដឹង និងទស្សនៈយល់ឃើញរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះទំនាក់ទំនងអាស៊ាន-អូស្ត្រាលី និងបានឯកភាពចំពោះការវាយតម្លៃជាវិជ្ជមានរបស់ឯកឧត្ដមឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន ចំពោះដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ប្រទេសមីយ៉ាន់ម៉ា។ ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតក៏បានថ្លែងអំណរគុណចំពោះអូស្ត្រាលីដែលមានសមានចិត្ត ក្នុងការជួយដល់ប្រទេស និងប្រជាជនកម្ពុជាដោយស្មោះស្ម័គ្រកន្លងមក និងក្នុងពេលថ្មីៗដែលអូស្ត្រាលីបានផ្ដល់នូវជំនួយជាថវិកា និងវ៉ាក់សាំងដល់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ជាប្រសាសន៍គូសបញ្ជាក់បន្ថែម សម្រាប់ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ឯកឧត្ដមបណ្ឌិត យង់ ពៅ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនថា វិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គួរតែត្រូវបានដោះស្រាយដោយផ្ដោតទៅលើស្ថានភាពនៃសណ្ដាប់ធ្នាប់ពិភពលោកថ្មី ដោយប្រើប្រាស់យន្តការថ្មីដែលមានភាពបត់បែនជាងយន្តការដែលធ្លាប់ប្រើប្រាស់នាពេលកន្លងមក។ ឯកឧត្ដមបណ្ឌិតបានមានប្រសាសន៍ថា «ករណីវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា គប្បីត្រូវបានដោះស្រាយដោយដំណោះស្រាយមិនមែនតាមបែបទម្លាប់ប្រពៃណីចាស់នោះឡើយ ហើយការផ្ដោតលើដំណោះស្រាយតាមបែបទម្លាប់ប្រពៃណីអន្តរជាតិខ្លាំងពេក អ្នកដែលរងគ្រោះគឺជាប្រជាជនមីយ៉ាន់ម៉ា »។

ឯកឧត្ដមបណ្ឌិតក៏បានលើកឡើងបន្ថែមទៀតថា ប្រទេសកម្ពុជា គឺជាប្រទេសដែលធ្លាប់រងគ្រោះដោយសារវិបត្តិ នយោបាយ និងសង្គ្រាមផ្ទៃក្នុងរាប់ទសវត្សរ៍ ជាបទពិសោធដែលកម្ពុជាធ្លាប់បានជួបប្រទះ និងធ្លាប់រងការឈឺចាប់ដោយផ្ទាល់ ដូច្នេះហើយ កម្ពុជាបានយល់ជាក់ច្បាស់ចំពោះទុក្ខវេទនា ដែលប្រជាជនមីយ៉ាន់ម៉ាកំពុងជួបប្រទះនាពេលនេះ ដូច្នេះកម្ពុជាក៏ចង់ឱ្យមីយ៉ាន់ម៉ារួចផុតពីវិបត្តិនេះដូចកម្ពុជាដែរ៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ទទួលជួបពិភាក្សាការងារជាមួយប្រតិភូមន្ទីរអប់រំខេត្ត​យូណាន និងចុះអនុស្សរណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យបណ្ដុះបណ្ដាលវិជ្ជាជីវៈមេកានិក និង​បច្ចេកវិទ្យាអេឡិចត្រូនិក ខេត្តយូណាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួ...

2024-03-21 09:40:04   ថ្ងៃព្រហស្បតិ៍, 21 មីនា 2024 ម៉ោង 04:40 PM
ស្ត្រីនិងក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល បទពិសោធន៍និងបញ្ហាប្រឈមក្នុងការសិក្សាស្រាវជ្រាវនិងបង្ហាត់និស្សិត ដោយ៖ លោកស្រីបណ្ឌិត ព្រុំ ទេវី អនុប្រធានវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ស្របគ្នានឹងបរិយាកាសនៃការប្រើប្រាស់បច្ចេកវិទ្យាកាន់តែខ្លាំងក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោ បាយនាពេលបច្ចុប្បន្នខួបទិវាអន្តរជាតិនារីលើកទី១១៣ នាឆ្នាំ២០២៤នេះ ប្រារព្ធ ធ្វើឡើងនៅព្រះរាជាណាចក្រកម...

2024-03-14 11:47:35   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 06:47 PM
ទស្សនៈស្ដីពីជីវិតនិងការរស់នៅរបស់ព្រះពុទ្ធសមណគោតម ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា វិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម រាជបណ្ឌិត្យសភាកម្ពុជា

១៥កើត ខែពិសាខ គឺជាថ្ងៃបុណ្យពិសាខបូជា ប្រចាំឆ្នាំដ៏សំខាន់បំផុតសម្រាប់ពុទ្ធសាសនិកនៅទូទាំងសកលលោក ដើម្បីរំលឹកដល់ថ្ងៃប្រសូត្រ ថ្ងៃត្រាស់ដឹង និងថ្ងៃបរិនិព្វាននៃព្រះពុទ្ធសមណគោតម។ ព្រះអង្គជាបុគ្គលដែលមានគុណូប...

2024-03-14 11:31:38   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 06:31 PM
អ្នកស្រាវជ្រាវរកឃើញថា ការបង្កបង្កើនផលស្រូវនៅកម្ពុជាកើនឡើង តែកង្វះកម្លាំងពលកម្ម ហើយប្រជាពលរដ្ឋកំពុងប្រឈមនឹងបញ្ហាបំណុលកើនឡើង

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ...

2024-03-14 11:13:48   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 06:13 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្ត...

2024-03-14 11:07:45   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 06:07 PM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ «ទឹកគឺជីវិត» ទឹកអាចសង្គ្រោះ ទឹកអាចបម្រើ ទឹកអាចបំផ្លាញ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥...

2024-03-14 11:04:06   ថ្ងៃព្រហស្បតិ៍, 14 មីនា 2024 ម៉ោង 06:04 PM

សេចក្តីប្រកាស