Royal Academy of Cambodia
(រូបភាព៖ Vitou Ouch)
ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏មានទៅតាមនោះដែរ។ អត្ថន័យនៃថ្ងៃ៧ មករា ហាក់ត្រូវបានកំណត់ដោយផ្អែលើទស្សនៈនិងគោលជំហរនយោបាយ ជាជាងតម្លៃនៃសច្ចភាពប្រវត្តិសាស្ត្រ។
សម្រាប់ខ្ញុំ “ថ្ងៃ៧ មករា” ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជាក្រោយពេលដែលភ្លើងសង្រ្គាមស៊ីវិលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។ អ្នកណាដែលបដិសេធ “៧មករា” គឺអ្នកនោះបដិសេធការរស់រានមានជីវិតរបស់ខ្លួននិងក្រុមគ្រួសាររបស់ខ្លួន។ អ្នកដែលកើតមុនឆ្នាំ១៩៧៩ ទាំងអស់ គឺសុទ្ធតែបានយកកំណើតជាថ្មី នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។
ខ្ញុំបានកើតមុនរបបខ្មែរក្រហម ហើយក្លាយជាកុមារនៅក្នុងរបបខ្មែរក្រហម ក្រោយមក ជាកុមារនិងជាយុវជននៅក្នុងសម័យក្រោយរំដោះ ៧ មករា ដូច្នេះ ខ្ញុំគឺជាសាក្សីម្នាក់ដែលបានឃើញការរីកចម្រើននិងការអភិវឌ្ឍប្រទេសកម្ពុជា។
បើយើងពិបាកក្នុងការប្រៀបធៀបអំពីការរីកចម្រើនរបស់ប្រទេសជាតិទាំងមូល សូមប្រៀបធៀបតែនៅក្នុងរង្វង់គ្រួសារយើងនីមួយៗទៅ ក៏យើងអាចដឹងបានដែរថា តើពីឆ្នាំ១៩៧៩ មកដល់ឥឡូវ មានការប្រែប្រួលផ្លាស់ប្តូរអ្វីខ្លះនៅក្នុងសង្គមគ្រួសារបស់ខ្លួន?
អ្វីដែលយើងអាចនិយាយបានមុនគេ គឺយើងទទួលបានមកវិញនូវសិទ្ធិរស់រានមានជីវិត គឺជារឿងមួយដ៏សំខាន់បំផុត ពីព្រោះនៅក្នុងរបបខ្មែរក្រហម សូម្បីតែសិទ្ធិ ក្នុងការស់រានមានជីវិត ក៏គ្មានផង។ ជីវិតរបស់យើងមិនមែនជារបស់យើងទេ គឺជីវិតយើងផ្ញើនៅជាមួយនឹងអង្គការ ដែលមិនដឹងថា តើនៅពេលណាអង្គការដកហូតយកជីវិតយើងនោះទេ ហើយអង្គការជានរណា ក៏យើងមិនស្គាល់ដែរ។ យើងគ្រាន់តែយកត្រី យកដំឡូងដែលយើងរកបានទៅហូប ក៏អង្គការបេះយកជីវិតរបស់យើងដែរ។
សព្វថ្ងៃនេះ យើងមានសិទ្ធិសេរីភាពសព្វបែបយ៉ាង រាប់តាំងពីសិទ្ធគោរពប្រតិបត្តិតាមប្រពៃណី ទំនៀមទម្លាប់ សាសនា សព្វបែបយ៉ាង ដែលនៅក្នុងសម័យខ្មែរក្រហមមិនមានឡើយ សូម្បីការអប់រំ។ ការអប់រំយើងមានតាំងពីកម្រិតកុមារតូច ថ្នាក់បឋម រហូតដល់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ទាំងអស់នេះ គឺជាអ្វីដែលយើងបានឃើញអំពីការប្រែប្រួលនៃសិទ្ធិផ្នែកស្មារតី។
រីឯផ្នែករូបវ័ន្តវិញ អ្វីៗដែលយើងបានឃើញនៅពេលនេះ រួមមាន ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារតូចធំរីកដូចផ្សិត ភាពស៊ីវិល័យនៃជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាដើម គឺមិនមែនជាការប្រទានរបស់អាទិទេពទេ តែវាកើតឡើងពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល។
ពីមុន នៅពេលដែលយើងចង់ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ ពីតំបន់មួយទៅតំបន់មួយនៅទូទាំងប្រទេស ឬសូម្បីតែការធ្វើដំណើរពីផ្ទះទៅសាលារៀន តើយើងត្រូវចំណាយពេលប៉ុន្មាន? ឥឡូវនេះ ការធ្វើដំណើរទៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេស គឺសុទ្ធតែអាចវិលល្ងាចបាន។ ស្ពាន ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម សំណង់អគារនានា គឺជាភស្តុតាងដែលមិនអាចបដិសេធនូវសមិទ្ធផលក្រោយ ៧ មករា ១៩៧៩។
និយាយពីរាជធានីភ្នំពេញវិញ តើនៅសម័យកាលណា ដែលយើងអាចឃើញភ្នំពេញមានការរីកចម្រើនបែបនេះ។ ភ្នំពេញឥឡូវរីកធំ មានសំណង់អាគារស្កឹមស្កៃច្រើនស្អេកស្កះ មហាវិថី រុក្ខវិថី និងផ្លូវតូចធំខ្វាត់ខ្វែង និងភ្លើងពណ៌ដ៏ស្រស់ឆើតឆាយបំភ្លឺរាត្រី។ ម្យ៉ាងទៀត យើងមើលឃើញអំពីការរីកចម្រើននៃសេដ្ឋកិច្ចយើង។ យើងរក្សាបាននូវស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច រក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ជាង៧ ភាគរយពិតពីរទស្សវត្សរ៍មកហើយ, ប្រាក់ចំណូលរបស់ពលរដ្ឋម្នាក់ៗ ដែលពីមុន យើងធ្លាប់បានក្រោម ១០០ដុល្លារប៉ុណ្ណោះក្នុងមួយឆ្នាំ តែឥឡូវនេះកើនដល់ទៅជិត ២.០០០ ដុល្លារ។ ជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺយើងនឹងក្លាយជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅក្នុងឆ្នាំ២០៥០ ។
កម្ពុជា ដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោទាំងខាងនយោបាយ និង សេដ្ឋកិច្ច ឥឡូវបានក្លាយជាប្រទេសមួយដែលកំពុងសមាហរណខ្លួនយ៉ាងសកម្ម ទៅក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មតំបន់និងពិភពលោក និងជាប្រទេសដែលកំពុងតែដើរតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិនិងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។
ទាំងអស់នេះ គឺជាសូចនាករដែលអាចវាស់វែងបានអំពីការរីកចម្រើននិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩។ ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិនិងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងទៅមុខទៀត។
ទន្ទឹមនឹងនោះដែរ អ្នកស្នងមរតក ៧ មករា ត្រូវតែបន្តរក្សាឱ្យនូវសមិទ្ធផល ៧ មករា ឱ្យបាន និងដាក់ចេញនូវទស្សនវិស័យថ្មី យុទ្ធសាស្ត្រថ្មី និងចក្ខុវិស័យថ្មីឱ្យស្របតាមការវិវត្តនៃចរន្តសាកលភាវូបនិយកម្ម ដើម្បីបង្កើតមរតកនិងសមិទ្ធផលថ្មីៗបន្ថែមទៀតសម្រាប់អ្នកជំនាន់ក្រោយ, គេមិនត្រូវស្កប់ស្កល់តែនឹងសមិទ្ធផល ៧ មករា បច្ចុប្បន្ន ហើយសូត្រមេសូត្ររត់មាត់ ៧មករា រហូតទេ បើពុំនោះទេ, គេនឹងក្លាយជាអ្នកនយោបាយស៊ីកេរ លក់កេរ/កេរ្តិ៍៕
បណ្ឌិត គិន ភា
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញថ្លែងសន្ទរកថាបិទសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្តន៍» ក្រោមប្រធានបទ «អនាគតប្រកបដោយចីរភាព៖ ទឹក ជីវភាពរស់នៅ និងអាកាសធាតុ» នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យបណ្ឌិត ម៉ក់ សិទ្ធិរិទ្ធិ អ្នកស្រាវជ្រាវ និងជាប្រធានអង្គការវើលហ...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ កើត ខែផល្គុន ឆ្នាំថោះ ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលា ស្ដីពី «បច្ចេកវិទ្យាសមស្រប និងនវានុវត្ត...
ទឹក និងដី គឺជាធនធានធម្មជាតិដ៏សំខាន់ ហើយក៏ជាមូលដ្ឋានគ្រឹះសម្រាប់អភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសម្រាប់ទ្រទ្រង់ជីវិតផងដែរ។ ដោយសារ កំណើនប្រជាជន កំណើននៃការប្រើប្រាស់ធនធានធម្មជាតិ និងបម្រែបម្រួលអាកាសធាតុ គ្រប...
បញ្ហាកើតចេញពីភាពខ្វះចន្លោះទិន្នន័យជាក់ស្តែង៖ ទិន្នន័យជាក់ស្តែងគឺសំដៅលើទិន្នន័យទាំងឡាយណាដែលត្រូវបានប្រមូលបានពីក្រុមគោលដៅដោយផ្ទាល់តាមរយៈការប្រើប្រាស់វិធីសាស្ត្រប្រមូលទិន្នន័យ ឬទិចនិចប្រមូលទិន្នន័យផ្សេងៗ...
នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា ក្នុងនាមដំណាងឯកឧត្តមបណ្ឌិត្យសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយនឹងប្រតិ...