ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

2021-12-13 12:04:11 ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 07:04 PM
អ្នកមើល 3181
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤នៅកម្ពុជា នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២១នេះ។

ជាមួយនឹងស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបដែលប្រទេសកម្ពុជាមាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងចំណាប់អារម្មណ៍ និងគូសបញ្ជាក់អំពីលទ្ធភាពនៃការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍​របស់កម្ពុជាបន្ថែមទៀត តាមរយៈការពង្រឹង និងជំរុញបង្កើននូវប្រភេទគោលដៅទេសចរណ៍របស់ខ្លួនឱ្យកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមានបំណង មកកម្សាន្តនៅកម្ពុជា។

បច្ចុប្បន្ន គោលដៅទេសចរណ៍ទីមួយ ដែលភ្ញៀវទេសចរនឹកឃើញមុនគេសម្រាប់ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ ពិសេសសំណង់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់ប្រាសាទធំជាងគេដែលឧទ្ទិសដល់សាសនា។ ក្រៅពីនេះ កម្ពុជានៅមានសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលរួមមានបឹងទន្លេសាប ព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់។

តាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា សក្ដានុពលទេសចរណ៍ទាំងពីរខាងលើ ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជារៀងរាល់ឆ្នាំនេះ គប្បីត្រូវធ្វើការពង្រឹង និងតភ្ជាប់គ្នាបន្ថែមទៀត តាម​រយៈការពង្រីកបន្ថែមនូវប្រភេទគោលដៅទេសចរណ៍ផ្សេងៗទៀត ដែលក្នុងនោះមានដូចជាទេសចរណ៍សិប្បនិម្មិត ទេសចរណ៍ផលិតផល និងទេសចរណ៍សុខាភិបាល។ សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានឯកឧត្ដមបណ្ឌិត​សភាចារ្យ គូសបញ្ជាក់ថា ប្រភេទទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជាប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ។

ចំណែកទេសចរណ៍ផលិតផល ក៏ជាប្រភេទទេសចរណ៍ប្រកបដ៏សក្ដានុពល ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា វាជាវត្ថុតំណាងឱ្យភ្ញៀវទេសចរចងចាំ និងនឹករឭកដល់ទីតាំងទេសចរណ៍ដែលពួកគេបានទៅដល់ ព្រមទាំងជា ការផ្សព្វផ្សាយដោយប្រយោលមួយ នៅពេលដែលភ្ញៀវទេសចរទាំងនោះត្រឡប់ទៅវិញ ហើយបានបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ដែលធ្វើឱ្យគេនឹកស្រមៃដល់ការដើរកម្សាន្តនៅទីតាំងទេសចរណ៍នោះ។ ប្រទេសកម្ពុជា ដែលសម្បូរបែបទៅដោយផលិតផលដែលកំណត់នូវអត្តសញ្ញាណទីតាំងនានា ពិសេសទឹកដីសៀមរាបអង្គរ និងបណ្ដាខេត្តជុំវិញបឹងទន្លេសាប សុទ្ធសឹងតែអាចត្រូវបានរំលេចឱ្យចេញផលិតផលតំណាងទីតាំងនីមួយៗបានយ៉ាងងាយ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា សព្វថ្ងៃ ប្រភេទទេសចរណ៍ផលិតផលនេះនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹង និងជំរុញឱ្យកាន់តែខ្លាំងនូវអ្វីដែលជាផលិតផលរបស់ខ្មែរ។

សម្រាប់ប្រភេទទេសចរណ៍សុខភាព គឺជាចំណុចសំខាន់មួយដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ថ្វីបើបច្ចុប្បន្នមានស្ថានភាពស្រាកស្រាន្ត ប៉ុន្តែនៅមុនការរីករាលដាលជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាមួយចំនួន បានធ្វើដំណើរទៅព្យាបាលនៅប្រទេសជិតខាង ដោយវាជាបញ្ហាដែលត្រូវពិនិត្យ និងដោះស្រាយ ព្រោះថវិកាជាច្រើន ត្រូវបានហូរចេញ​ទៅកាន់ប្រទេសជិតខាង ដោយយើងពុំទាន់មានអ្វីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំទេសចរណ៍សុខភាព ពុំអាស្រ័យតែទៅលើការព្យាបាលខាងវេជ្ជសាស្ត្រនោះឡើយ គេអាចរៀបចំទីតាំងវិស្សមកាល លំហែរអារម្មណ៍បែបស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរបាន ដោយវាក្លាយទៅជាតំហែទាំផ្នែកសុខភាពផ្លូវចិត្តមួយបែប ដែលជាតម្រូវការរបស់ភ្ញៀវទេសចរមួយចំនួន ពិសេសអ្នកមានវ័យចំណាស់ អ្នកចូលនិវត្តន៍ ឬអ្នកមានភាពតានតឹងខ្លាំងនឹងការងារ។

ជាអនុសាសន៍បន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងនូវគោលការណ៍សំខាន់៤សម្រាប់វិស័យទេសចរណ៍គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម ជាគោលការណ៍សំខាន់បំផុតដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើងថែមទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«លទ្ធផលនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិក ថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨»

ថ្ងៃអាទិត្យ ១២កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីការអញ្ជើញចូលរួមជាផ្លូវការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុ...

2018-10-21 14:37:14   ថ្ងៃអាទិត្យ, 21 តុលា 2018 ម៉ោង 09:37 PM
«ខួបទី២៧ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស»

ចុះផ្សាយថ្ងៃអាទិត្យ ទី២១  ខែតុលា ឆ្នាំ២០១៨  ម៉ោង៖ ១២ និង២០នាទី ភ្នំពេញ៖ គិតមកដល់ពេលនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១ - ២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោប...

2018-10-21 05:41:44   ថ្ងៃអាទិត្យ, 21 តុលា 2018 ម៉ោង 12:41 PM
«ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ ព្រះសង្ឃជាង៥ម៉ឺនអង្គ មិនមែនខូចទាំងអស់នោះទេ ប៉ុន្តែយើងត្រូវកែសង្ឃដែលខុសវិន័យ២-៣អង្គ»

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិ...

2018-10-19 13:39:32   ថ្ងៃសុក្រ, 19 តុលា 2018 ម៉ោង 08:39 PM
«សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្បីពង្រឹងនិងអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងសង្គមកម្ពុជាបច្ចុប្បន្ន៖ ការពង្រឹងសង្ឃវិន័យ»

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំសិក្ខាសាលាជាតិ ស្ដីពី «សង្គតិភាពនៃព្រះពុទ្ធសាសនា ដើម្...

2018-10-19 13:29:13   ថ្ងៃសុក្រ, 19 តុលា 2018 ម៉ោង 08:29 PM
«កិច្ចប្រជុំពិភាក្សាសេចក្តីព្រាង ចក្ខុវិស័យ បេសកកម្ម ភារកិច្ច វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា»

រសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលាឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា ដឹកនាំអង្គប្រជុំពិភាក្សា ស្តីអំពី...

2018-10-18 15:38:59   ថ្ងៃព្រហស្បតិ៍, 18 តុលា 2018 ម៉ោង 10:38 PM
«តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM) និង អ្វីៗគ្រប់យ៉ាងលើលែងតែអាវុធ (EBA) ?»

តើ​អ្វី​ទៅជា​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប (ASEM)?កិច្ចប្រជុំ​អាស៊ី-អឺរ៉ុប (ASEM) គឺជា​កិច្ចពិភាក្សា​នៃ​ដំណើរការ​ផ្លូវការ​មួយ និង​កិច្ចសហប្រតិបត្តិការ​រ​វាង​សមាជិក​សហភាព​អឺរ៉ុប​ទាំង៣០ប្រទេស និង​អាស៊ី...

2018-10-18 04:16:28   ថ្ងៃព្រហស្បតិ៍, 18 តុលា 2018 ម៉ោង 11:16 AM

សេចក្តីប្រកាស