ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជាគួរផ្ដោតលើគោលដៅទេសចរណ៍សំខាន់៥ ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ

2021-12-13 12:04:11 ថ្ងៃចន្ទ, 13 ធ្នូ 2021 ម៉ោង 07:04 PM
អ្នកមើល 3415
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «ដើម្បីជំរុញវឌ្ឍនភាពវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរ កម្ពុជាគួរផ្ដោតលើមុខព្រួញទេសចរណ៍សំខាន់៥» នេះគឺជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយនឹងសមាគមទេសចរណ៍កម្ពុជា ព្រមទាំងសណ្ឋាគារធំៗចំនួន៤នៅកម្ពុជា នៅរសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០២១នេះ។

ជាមួយនឹងស្ថិរភាពនយោបាយ សន្តិសុខសង្គម និងសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបដែលប្រទេសកម្ពុជាមាន ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានថ្លែងចំណាប់អារម្មណ៍ និងគូសបញ្ជាក់អំពីលទ្ធភាពនៃការជំរុញវឌ្ឍនភាពនៃវិស័យទេសចរណ៍​របស់កម្ពុជាបន្ថែមទៀត តាមរយៈការពង្រឹង និងជំរុញបង្កើននូវប្រភេទគោលដៅទេសចរណ៍របស់ខ្លួនឱ្យកាន់តែសម្បូរបែបសម្រាប់ភ្ញៀវទេសចរដែលមានបំណង មកកម្សាន្តនៅកម្ពុជា។

បច្ចុប្បន្ន គោលដៅទេសចរណ៍ទីមួយ ដែលភ្ញៀវទេសចរនឹកឃើញមុនគេសម្រាប់ប្រទេសកម្ពុជា គឺជាគោលដៅទេសចរណ៍វប្បធម៌ ដែលប្រទេសកម្ពុជាជាប្រទេសមានវប្បធម៌ចំណាស់ជាងគេនៅអាស៊ីអាគ្នេយ៍ ពិសេសសំណង់ប្រាសាទអង្គរវត្ត ដែលជាបេតិកភណ្ឌពិភពលោក និងជាសំណង់ប្រាសាទធំជាងគេដែលឧទ្ទិសដល់សាសនា។ ក្រៅពីនេះ កម្ពុជានៅមានសក្ដានុពលទេសចរណ៍ធម្មជាតិ ដែលរួមមានបឹងទន្លេសាប ព្រៃភ្នំ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលបានទាក់ទាញភ្ញៀវទេសចរឱ្យមកធ្វើដំណើរកម្សាន្តជាបន្តបន្ទាប់។

តាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា សក្ដានុពលទេសចរណ៍ទាំងពីរខាងលើ ដែលបានទាក់ទាញភ្ញៀវទេសចរមកកម្សាន្តនៅកម្ពុជាជារៀងរាល់ឆ្នាំនេះ គប្បីត្រូវធ្វើការពង្រឹង និងតភ្ជាប់គ្នាបន្ថែមទៀត តាម​រយៈការពង្រីកបន្ថែមនូវប្រភេទគោលដៅទេសចរណ៍ផ្សេងៗទៀត ដែលក្នុងនោះមានដូចជាទេសចរណ៍សិប្បនិម្មិត ទេសចរណ៍ផលិតផល និងទេសចរណ៍សុខាភិបាល។ សម្រាប់ប្រភេទទេសចរណ៍សិប្បនិម្មិត ត្រូវបានឯកឧត្ដមបណ្ឌិត​សភាចារ្យ គូសបញ្ជាក់ថា ប្រភេទទេសចរណ៍នេះ ត្រូវបានអភិវឌ្ឍ និងដាក់ឱ្យដំណើរការរួចហើយ នៅតាមបណ្ដាប្រទេសមួយចំនួន រួមមានដូចជាប្រទេសជប៉ុន សិង្ហបុរី និងប្រទេសម៉ាឡេស៊ី ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើនឱ្យទៅដើរកម្សាន្ត និងប្រមូលបានចំណូលយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចប្រទេសទាំងនោះ។

ចំណែកទេសចរណ៍ផលិតផល ក៏ជាប្រភេទទេសចរណ៍ប្រកបដ៏សក្ដានុពល ដែលឯកឧត្ដមបណ្ឌិតសភាចារ្យ បានលើកឡើងថា វាជាវត្ថុតំណាងឱ្យភ្ញៀវទេសចរចងចាំ និងនឹករឭកដល់ទីតាំងទេសចរណ៍ដែលពួកគេបានទៅដល់ ព្រមទាំងជា ការផ្សព្វផ្សាយដោយប្រយោលមួយ នៅពេលដែលភ្ញៀវទេសចរទាំងនោះត្រឡប់ទៅវិញ ហើយបានបង្ហាញទៅកាន់អ្នកដទៃផ្សេងទៀត ដែលធ្វើឱ្យគេនឹកស្រមៃដល់ការដើរកម្សាន្តនៅទីតាំងទេសចរណ៍នោះ។ ប្រទេសកម្ពុជា ដែលសម្បូរបែបទៅដោយផលិតផលដែលកំណត់នូវអត្តសញ្ញាណទីតាំងនានា ពិសេសទឹកដីសៀមរាបអង្គរ និងបណ្ដាខេត្តជុំវិញបឹងទន្លេសាប សុទ្ធសឹងតែអាចត្រូវបានរំលេចឱ្យចេញផលិតផលតំណាងទីតាំងនីមួយៗបានយ៉ាងងាយ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា សព្វថ្ងៃ ប្រភេទទេសចរណ៍ផលិតផលនេះនៅមានកម្រិតនៅឡើយ ដែលទាមទារឱ្យមានការពង្រឹង និងជំរុញឱ្យកាន់តែខ្លាំងនូវអ្វីដែលជាផលិតផលរបស់ខ្មែរ។

សម្រាប់ប្រភេទទេសចរណ៍សុខភាព គឺជាចំណុចសំខាន់មួយដែលឯកឧត្ដមបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ថ្វីបើបច្ចុប្បន្នមានស្ថានភាពស្រាកស្រាន្ត ប៉ុន្តែនៅមុនការរីករាលដាលជំងឺកូវីដ-១៩ ប្រជាជនកម្ពុជាមួយចំនួន បានធ្វើដំណើរទៅព្យាបាលនៅប្រទេសជិតខាង ដោយវាជាបញ្ហាដែលត្រូវពិនិត្យ និងដោះស្រាយ ព្រោះថវិកាជាច្រើន ត្រូវបានហូរចេញ​ទៅកាន់ប្រទេសជិតខាង ដោយយើងពុំទាន់មានអ្វីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពនៅឡើយ។ ទោះជាយ៉ាងណា ឯកឧត្ដមបណ្ឌិតសភាចារ្យ ធ្លាប់បានមានប្រសាសន៍ថា ការរៀបចំទេសចរណ៍សុខភាព ពុំអាស្រ័យតែទៅលើការព្យាបាលខាងវេជ្ជសាស្ត្រនោះឡើយ គេអាចរៀបចំទីតាំងវិស្សមកាល លំហែរអារម្មណ៍បែបស្ងប់ស្ងាត់សម្រាប់ភ្ញៀវទេសចរបាន ដោយវាក្លាយទៅជាតំហែទាំផ្នែកសុខភាពផ្លូវចិត្តមួយបែប ដែលជាតម្រូវការរបស់ភ្ញៀវទេសចរមួយចំនួន ពិសេសអ្នកមានវ័យចំណាស់ អ្នកចូលនិវត្តន៍ ឬអ្នកមានភាពតានតឹងខ្លាំងនឹងការងារ។

ជាអនុសាសន៍បន្ថែម ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍លើកឡើងនូវគោលការណ៍សំខាន់៤សម្រាប់វិស័យទេសចរណ៍គឺ តម្លៃទាប ឆ្ងាញ់ គុណភាព និងស្នាមញញឹម ជាគោលការណ៍សំខាន់បំផុតដើម្បីជំរុញវិស័យទេសចរណ៍កម្ពុជា ឱ្យមានវឌ្ឍនភាពកាន់តែប្រសើរឡើងថែមទៀត៕

RAC Media | លឹម សុវណ្ណរិទ្ធ

អត្ថបទទាក់ទង

«ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញបើកវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិននៅកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រោមកិច្ចសហប្រតិបត្តិការមជ្ឈមណ្ឌលសហប្រតិបត្តិការ និងផ្លាស់ប្តូរភាសាចិននិងភាសាបរទេសនៃក្រសួងអប់រំប្រទេសចិន និងរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ បណ្...

2021-01-12 11:05:44   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 06:05 PM
សសរស្តម្ភនៅវត្តប្រាសាទព្រះធាតុ ដោយ៖ ប្រែង ពិសិដ្ឋ និង ម៉ិល វាសនា, វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Media

2021-01-12 08:01:08   ថ្ងៃអង្គារ, 12 មករា 2021 ម៉ោង 03:01 PM
«ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ»

(ខេត្តព្រះវិហារ)៖ ព្រៃឈើធម្មជាតិនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោ សែន ឫស្សីត្រឹប បន្តរងការកាប់បំផ្លាញ ទោះបីជាក្រុមការងារអភិរក្ស និងការពារព្រៃឈើធម្មជាតិរបស់ឧទ្យានខិតខំប្រឹងប្រែងចុះអប់រំណែនាំ និងហ...

2021-01-03 06:43:08   ថ្ងៃអាទិត្យ, 03 មករា 2021 ម៉ោង 01:43 PM
តំណក់ប្រេងលើកដំបូង៖ ជា «បណ្ដាសា» ឬជា «ពរជ័យ»

នៅពេលដែលកម្ពុជា បានចាប់ផ្ដើមលើកយកបញ្ហាអណ្ដូងប្រេងកាតនៅក្នុងឈូងសមុទ្រខ្មែរ និងការវិនិយោគការខួងនិងចម្រាញ់ប្រេងកាត មានទស្សនៈយល់ឃើញជាច្រើន ពីសាធារណជន ថាតើកំណប់ប្រេងកាតរបស់កម្ពុជា ជាពរជ័យ ឬជាបណ្ដាសា? ...

2021-01-02 00:58:31   ថ្ងៃសៅរ៍, 02 មករា 2021 ម៉ោង 07:58 AM
ហេតុអ្វីដាក់សម្ពាធលើកម្ពុជា? ដោយ៖ បណ្ឌិត ស៊ឺន សម

«នៅក្នុងឆ្នាំ២០២១នេះ រដ្ឋាភិបាលសហរដ្ឋអាម៉េរិកគ្រោងនឹងផ្តល់ជំនួយដល់ប្រទេសកម្ពុជាប្រមាណ៨៥លានដុល្លារសហរដ្ឋអាម៉េរិក ដើម្បីជួយដល់ការអភិវឌ្ឍផ្សេងៗនៅក្នុងប្រទេស។ កម្ពុជាអាចទទួលបានជំនួយប្រមាណជាង៨៥លានដុល្លារសហ...

2021-01-01 04:31:38   ថ្ងៃសុក្រ, 01 មករា 2021 ម៉ោង 11:31 AM
តើប្រទេសស៊ុយអែតសម្រេចចិត្តដកស្ថានទូតចេញពីកម្ពុជាព្រោះតែបញ្ហាសិទ្ធិមនុស្សឬ? ដោយ៖ បណ្ឌិត ស៊ឺន សម

ស្ថានទូតនៃប្រទេសស៊ុយអែតប្រចាំប្រទេសកម្ពុជា បានផ្សាយបន្តនូវសេចក្តីសម្រេចរបស់ក្រសួងការបរទេស​ស៊ុយអែត​ស្តីពីការសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់បេសកកម្មរបស់ស្ថានទូតស៊ុយអែតក្នុងប្រទេស​កម្ពុជានៅចុងឆ...

2020-12-31 07:56:50   ថ្ងៃព្រហស្បតិ៍, 31 ធ្នូ 2020 ម៉ោង 02:56 PM

សេចក្តីប្រកាស