ព័ត៌មាន

កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) ប្រធានបទ៖«ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»

2021-11-23 12:01:55 ថ្ងៃអង្គារ, 23 វិច្ឆិកា 2021 ម៉ោង 07:01 PM
អ្នកមើល 3816
post_detail

កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣(ASEM13)ហើយកិច្ចប្រជុំកំពូលនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី២៥ ដល់ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ (ត្រូវរៀបចំឆ្នាំ២០២០ ប៉ុន្តែលើកពេលដោយសារជំងឺកូវីដ-១៩)។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបគឺជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការធំជាងគេបំផុតក្រៅពីអង្គការសហប្រជាជាតិដោយតំណាងឱ្យ ៦០%នៃប្រជាជនពិភពលោក ៥៥%នៃពាណិជ្ជកម្មពិភពលោក ៦៥%នៃសេដ្ឋកិច្ចពិភពលោក និង៧៥%នៃទេសចរណ៍ពិភពលោក។ ទាំងនេះជាចំណែកសំខាន់លើធាតុចូលក្នុងការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម។ នៅក្នុងបរិបទអន្តរជាតិនាពេលថ្មីៗនេះ កម្ពុជាមានមុខមាត់នឹងតួនាទីសំខាន់លើឆាកអន្តរជាតិ។ ជាក់ស្ដែងអាម៉េរិកនិងសម្ព័ន្ធមិត្តបានបំពេញទស្សនកិច្ចកម្ពុជាជាញឹកញាប់ រួមទាំងរដ្ឋមន្រ្តីការបរទេសចិនមកកម្ពុជា។ គិតក្នុងឆ្នាំ២០២១នេះ មានប្រទេសលើស ពី៥ បានអញ្ជើញធ្វើទស្សនកិច្ចមកកម្ពុជាដោយផ្ទាល់ និងការទំនាក់ទំនងតាមប្រព័ន្ធអនឡាញយ៉ាងមមាញឹក៖ ទី១.លោកស្រី Wendy Sherman អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក បានមកបំពេញទស្សនកិច្ចនៅភ្នំពេញកាលពីថ្ងៃទី១ ខែមិថុនា។ ទី២.លោក Dominic Raab រដ្ឋមន្ត្រីការបរទេសអង់គ្លេសបានធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញកាលពីថ្ងៃទី២៣ ខែមិថុនា។ ទី៣.លោករដ្ឋមន្ត្រីការពារជាតិជប៉ុន Nubuo Kishi បានជជែកតាមប្រព័ន្ធវីដេអូជាមួយសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីការពារជាតិកម្ពុជានៅថ្ងៃទី២៥ ខែមិថុនា។ ទី៤.អ្នកស្រី Marise Payne រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ក៏បានជួប ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីការបរទេសកម្ពុជាតាមប្រព័ន្ធវីដេអូទូរគមនាគមន៍កាលពីថ្ងៃទី៧ ខែកក្កដា និងការមកបំពេញទស្សនកិច្ចដោយផ្ទាល់របស់លោកស្រីនៅកម្ពុជា ចាប់ពីថ្ងៃទី៧-៨ ខែវិច្ឆិកា។ ទី៥. រដ្ឋមន្រ្តីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ លោក Wang Yi បានមកបំពេញទស្សនកិច្ចនៅកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី១២ និង ទី១៣ ខែកញ្ញា និងការជួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូរវាងសម្ដេចតេជោ និងឯកឧត្តម លីខឺឈាំង (Li Keqiang) នៅ១៥ខែវិច្ឆិកា បន្ថែមពីនេះទៀតក៏មានប្រទេសផ្សេងទៀត។

ក្រឡេកមើលប្រវត្តិសាស្រ្តវិញឃើញថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥ជាសមាជិកសហភាពអឺរ៉ុប និងប្រទេសសមាជិកអាស៊ានចំនួន៧ បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះ អឺរ៉ុបបានទទួលស្គាល់ពីការអភិវឌ្ឍ ការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៊ី និងចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ កិច្ចប្រជុំកំពូល ASEM គឺជាជំនួបប្រជុំរៀងរាល់ពីរឆ្នាំម្តងរវាងប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រធានស្នងការអឺរ៉ុប និងអគ្គលេខាធិការនៃអាស៊ាន។ កម្ពុជាបានក្លាយជាសមាជិកដំបូងនៃកិច្ចប្រជុំនេះ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី៥ ដែលរៀបចំឡើងនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤នៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ ជាបន្តបន្ទាប់មកទៀត ASEM បានពង្រីកខ្លួនជាលើកទី២នៅក្នុងឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំកំពូលលើកទី៧របស់ខ្លួន នៅទីរដ្ឋធានីប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ដោយមានរដ្ឋសមាជិកបន្ថែមទៀតចូលរួមជាហេតុនាំឱ្យ ASEMមានសមា ជិកភាពកើនឡើងសរុបដល់ទៅ៤៥ប្រទេស។ កិច្ចប្រជុំកំពូល ASEMនៅតែបន្តពង្រីកខ្លួនជាបន្តបន្ទាប់នៅឆ្នាំ ២០១០ ឆ្នាំ២០១២ និងជាចុងក្រោយនៅឆ្នាំ២០១៤ ដោយបង្កើនរដ្ឋសមាជិកសរុបរហូតដល់ទៅ៥៣ប្រទេស ក្នុងនោះមកពីទ្វីបអឺរ៉ុប៣០ប្រទេស និងទ្វីបអាស៊ី២១ប្រទេស លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។

ចំពោះទំនាក់ទំនងរវាងអាស៊ីនិងអឺរ៉ុបវិញ គឺអាស៊ីត្រូវការអឺរ៉ុប ចំណែកអឺរ៉ុបវិញក៏ត្រូវការអាស៊ីដូចគ្នា។ តំបន់ទាំងនេះមិនត្រឹមតែជាដៃគូពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែជាសម្ព័ន្ធមិត្តនៅក្នុងពិភពលោកមួយដែលតថភាពភូមិសាស្ត្រនយោបាយនៅតែមានការប្រែប្រួលយ៉ាងលឿន ស្របពេលដែលតំបន់ទាំងពីរនេះជួបគ្រោះថ្នាក់ដូចគ្នា ដូចជាជំងឺកូវីដ-១៩ បញ្ហាសន្តិសុខ បញ្ហានយោបាយ បញ្ហាបរិស្ថាន បញ្ហាបច្ចេកវិទ្យា និងព័ត៌មានវិទ្យាជាដើម។ ទំនាក់ទំនងអាស៊ីនិងសហភាពអឺរ៉ុបពឹងផ្អែក លើមូលដ្ឋានគ្រឹះដ៏ទន់ភ្លន់នៃការពឹងពាក់គ្នាទៅវិញទៅមកខាងសេដ្ឋកិច្ច ហើយសហភាពអឺរ៉ុបមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយអាស៊ីកើតក្នុងការអភិវឌ្ឍន៍របស់ខ្លួន។ សហភាពអឺរ៉ុប និងអាស៊ីចាត់ទុកគ្នាទៅវិញទៅមកជាដៃគូផង ជាគូប្រជែងផង ហើយប្រាកដណាស់មិនមែនជាសត្រូវឡើយ។ តែនៅក្នុងបរិបទភូមិសាស្ត្រនយោបាយទំនាក់ទំនងរវាងអាស៊ីនិងអឺរ៉ុបនេះកាន់តែស្មុគស្មាញចំពោះការបន្តប្រកួតប្រជែងឥទ្ធិពលគ្នារវាងចិននិងអាម៉េរិក។ ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងប្រទេសចិន ទំនងសហភាពអឺរ៉ុបយល់ថា ទី១.ពលរដ្ឋអឺរ៉ុបភាគច្រើនជឿថាសង្រ្គាមត្រជាក់ថ្មីជាមួយចិន និងអាម៉េរិកនៅតែដំណើរការ ប៉ុន្តែពួកគេភាគច្រើនមិនគិតថាប្រទេសរបស់ពួកគេពាក់ព័ន្ធនោះទេ។ ទី២.ការប្រកួតប្រជែងរវាងប្រទេសទាំងពីរ ជាការមកដល់នៃគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុបឈានជើងចូលមកអាស៊ី ទី៣.នៅ តែមានភាពខុសគ្នានៃទស្សនៈរវាងការប្រកួតប្រជែងលទ្ធិប្រជាធិបតេយ្យជាមួយនិងកុម្មុយនីស្ដ។

ស្ថានភាពនៃទំនាក់ទំនងរវាងសហភាពអឺរ៉ុបនិងចិននាពេលនេះ ទី១.ការធ្វើសមាហរណកម្មបន្ថែមទៀតនៃការបង្កើតគោលនយោបាយការពារពីការរងគ្រោះពីការប្រកួតប្រជែងរបស់មហាអំណាច។ ទី២.សហភាពអឺរ៉ុបនិងចិនត្រូវដោះស្រាយបញ្ហា បច្ចេកវិទ្យា សន្តិសុខអ៊ិនធឺណិត ដូចជា ក្រុមហ៊ុន Huawei នឹងដំណើរការហេដ្ឋារចនាសម្ព័ន្ធ5G។ ទី៣.ការធ្វើសេរីភាវូបនីយកម្មសេដ្ឋកិច្ចក្នុងស្រុកប្រទេសចិន ស្ថិតនៅកម្រិតការប្រកួតប្រជែងសម្រាប់អាជីវកម្មអឺរ៉ុបនៅប្រទេសចិនអាចធ្វើឱ្យសហភាពអឺរ៉ុបពិចារណាឡើងវិញអំពីជម្រើសគោលនយោបាយរបស់ខ្លួន។ ទី៤.ការប្រកួតប្រជជែងរបស់ចិននិងអាម៉េរិក តិចឬច្រើនគឺមានការជះឥទ្ធិលពលមកអាស៊ីនិងអឺរ៉ុប។ ទី៥.អភិវឌ្ឍន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មនិងវិនិយោគដែលមានស្រាប់រវាងសហភាពអឺរ៉ុប និងអាស៊ីគួរតែខិតខំប្រឹងប្រែងធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិក។

ទំនាក់ទំនងរវាងអាស៊ីនិងអឺរ៉ុបនៅមិនទាន់មានភាពរលូននោះទេ តួយ៉ាងទី១.ការបញ្ចប់កិច្ចព្រមព្រៀងស្តីពីការវិនិយោគរវាងសហភាពអឺរ៉ុបនិងចិននៅឆ្នាំ២០២០ បន្ទាប់ពីការចរចាអស់រយៈពេល៧ឆ្នាំ។ ទី២.ការយល់ឃើញក្នុងចំណោមអ្នកបង្កើតគោលនយោបាយអឺរ៉ុបនិងសហគមន៍ពាណិជ្ជកម្មអឺរ៉ុប ថាជាប្រពៃណីរបស់ចិនក្នុងនាមជាដៃគូប្រកួតប្រជែងមិនយុត្តិធម៌ ទី៣.ហេតុផលការវាយតម្លៃរបស់អឺរ៉ុបអំពីការវិវត្តនយោបាយ ដូចជាការកំណែទម្រង់នយោបាយនៅស៊ីនជាំង និង ហុងកុងជាដើម។ ទី៤.មន្រ្តីសហភាពអឺរ៉ុបជាច្រើនព្រួយបារម្ភថាការទូតចិនកំពុងធ្វើឱ្យខូចសាមគ្គីភាពអឺរ៉ុប។ ទី៥.សម្ព័ន្ធមិត្តអាចនឹងរង់គ្រោះដោយសារ យុទ្ធសាស្ត្រសង្គ្រាមឈរជើងនៅប្រទេសដទៃ។

ស្រដៀងគ្នានេះដែរនៅឆ្នាំ២០២០-២០២១មហាអំណាចក៏បានដើរផ្ទុយពីទ្រឹស្ដីពហុភាគីនិយមផងដែរ ជាក់ស្ដែងទី១. ពេលលោកដូលណាត្រាំដឹកនាំសហរដ្ឋអាម៉េរិក បានដកខ្លួនចេញពីកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ និងរឿងមួយទៀតមានសារព័ត៌មានជាច្រើនចុះផ្សាយថាអាម៉េរិក“ប្លន់ម៉ាស់” មួយយន្តហោះរបស់បារាំងក្រោយមកសហរដ្ឋអាម៉េរិកបានបន្តប្លន់ម៉ាស់របស់អាល្លឺម៉ង់ទៀត ធ្វើឱ្យប្រទេសតំបន់អឺរ៉ុបខឹងសម្បាយ៉ាងខ្លាំងជាពិសេសអាល្លឺម៉ង់បានធ្វើការចោទប្រកាន់ដោយចំៗតែម្តងថា “រដ្ឋាភិបាលលោកដូណាល់ត្រាំ ជាចោរទំនើបសម័យថ្មី”។ រួមទាំងការអនុវត្តនយោបាយ អាម៉េរិកជាចម្បង (America First) ទី២. ពហុភាគីនិយមសម្រាប់តែប្រទេសអ្នកមាន ជាឧទាហរណ៍ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក António Guterres បានលើកឡើងពីភាពមិនស្មើគ្នា និងអយុត្ដិធម៌លើការចែកចាយវ៉ាក់សំាង ដែលមានប្រទេសធំៗចំនួន១០ មានវ៉ាក់សាំងកូវីដ១៩ក្នុងដៃចំនួន ៧៥% នៃចំនួនវ៉ាក់សាំងសរុបក្នុងពិភពលោក ខណៈប្រទេសចំនួន១៣០ មិនមានវ៉ាក់សាំងសូម្បីតែមួយដូស។ នៅដើមឆ្នាំ២០២១ យោងតាមក្រុមយុទ្ធនាការ Oxfam វ៉ាក់សាំងកូវីដ១៩ដែលមានប្រសិទ្ធភាពជាងគេនៅលើពិភពលោក ត្រូវបានប្រទេសធំៗទិញអស់ ៥៤% នៃចំនួនសរុប ដើម្បីស្តុកទុកក្នុងបរិមាណលើសពី៣ដងនៃចំនួនប្រជាជនរបស់ប្រទេសទាំងនោះ។ ដូច្នេះបានធ្វើឱ្យប្រទេសដែលមានប្រាក់ចំណូលមធ្យមនឹងអាចងាកទៅរកវ៉ាក់សាំងរបស់រដ្ឋាភិបាលចិននិងរុស្សី។ ទី៣. អាម៉េរិកបានដកទ័ពយ៉ាងតក់ក្រហល់ចេញពីអាហ្វហ្កានីស្ថានដោយគ្មានការពិគ្រោះយោបល់ជាមួយក្រុមប្រទេសសម្ព័ន្ធមិត្ត។ ទី៤. សហរដ្ឋអាម៉េរិក អង់គ្លេស និងអូស្ត្រាលីបានប្រកាសពីការបង្កើតសម្ព័ន្ធភាពយោធាត្រីភាគីថ្មីមួយមានឈ្មោះថា AUKUS។ ប្រមុខការទូតបារាំងលោកហ្សង់អ៊ីវ ឡឺឌ្រីយ៉ង់ (Jean-Yves Le Drian) បានប្រើពាក្យធ្ងន់ៗលើអូស្រា្តលី និងអាម៉េរិក ពិសេសគឺអាម៉េរិក។ “ចិត្តវៀចវេរ” “ការមើលងាយ” “ ការនិយាយភូតភរ” “យើងជាសម្ព័ន្ធមិត្តនឹងគ្នា ហើយនៅពេលដែលគេមានសម្ព័ន្ធមិត្តម្នាក់ គេមិនដែលធ្វើអំពើជាមួយសម្ព័ន្ធមិត្តតាមបែបឃោរឃៅនិងដោយមិនអាចទាយទុកមុនបានរបៀបនេះទេ”។ ទី៥. បញ្ហាអឺរ៉ុបផ្ទាល់លើវិបត្តជនភៀសខ្លួន។

សរុបសេចក្ដីមក អាស៊ីនិងអឺរ៉ុបមានទំនាក់ទំនងរីកចម្រើនជាងមុន តែអឺរ៉ុបដើរសំដៅកាច់ចង្កូតតម្រង់ផ្លូវមកអាស៊ីនៅខ្សោយ។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM គឺជាការដំឡើងកម្រិតថ្នាក់ដែលកម្ពុជាបន្តបង្កើនមុខមាត់នៅលើឆាកអន្តរជាតិ។ បច្ចុប្បន្នពហុភាគនីយមនៅតែមានជាលក្ខណៈទ្រឹស្ដីនៅឡើយ ការអនុវត្តនៅមានកម្រិត ចំពោះការលើកឡើងប្រធានបទនេះនឹងជាការដាស់តឿន និងបង្រួបបង្រួមពិភពលោកស្របពេលដែលមានវិបត្តិជំងឺកូវីដ-១៩ជាសកល ហើយកិច្ចប្រជុំនេះនឹងជាការសម្រួចទំនាក់ទំនងកាន់តែខិតជិតគ្នារវាងអាស៊ីនិងអឺរ៉ុប។ ចំណែកបញ្ហាសន្តិសុខរបស់តំបន់ទាំងពីនេះនៅតែត្រូវការគ្នាជាចាំបាច់ ជាពិសេសដើម្បីភាពរុងរឿងនៃទំនាក់ទំនងគឺការបញ្ជូននាវាពាណិជ្ជកម្ម មិនមែននាវាចម្បាំងនោះទេ៕

................

RAC Media

ប្រភព៖ វិទ្យាស្ថានសិក្សាចិន

 

 

អត្ថបទទាក់ទង

ប្រវត្តិស្ថាននាម បឹងទន្លេសាប និងទន្លេសាប ដោយ៖ បណ្ឌិត ជិន សុជាតិ មន្រ្តីស្រាវជ្រាវផ្នែកប្រវត្តិសាស្រ្ត នៃវិទ្យាស្ថានសិក្សាចិន

ប្រភព ៖ ផ្ទាំងគំនូរនៃអគារខេមរវិទូ(រាជបណ្ឌិត្យសភាកម្ពុជា)តាមការសិក្សាលើប្រវត្តិនៃកម្ពស់នីវូសមុទ្រ យើងអាចទាញការសន្និដ្ឋានថា ក្នុងកំលុង៥០០០ឆ្នាំមុន បច្ចុប្បន្ន តំបន់ទំនាបកណ្តាលនៃប្រទេសកម្ពុជា រួមទាំងបឹងទ...

2022-02-10 15:40:34   ថ្ងៃព្រហស្បតិ៍, 10 កុម្ភៈ 2022 ម៉ោង 10:40 PM
បច្ចុប្បន្នភាពនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននៅកម្ពុជា ដោយ៖ បណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្តនិងយេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2022-01-31 05:39:53   ថ្ងៃចន្ទ, 31 មករា 2022 ម៉ោង 12:39 PM
នរវិទ្យា៖ មូលដ្ឋានចំណេះដឹង និង ការប្រើប្រាស់ ដោយ៖ ឯកឧត្តមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

RAC M...

2022-01-30 07:44:37   ថ្ងៃអាទិត្យ, 30 មករា 2022 ម៉ោង 02:44 PM
ហេតុអ្វីមានវិធីចូលឆ្នាំប្រពៃណីចិននៅកម្ពុជា? ដោយ៖ លោក ហៃ សុវង្ស មន្ត្រីស្ម័គ្រចិត្តនៃវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-29 09:42:36   ថ្ងៃសៅរ៍, 29 មករា 2022 ម៉ោង 04:42 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ មហាអំណាចនឹងមិនបណ្ដោយឱ្យវិបត្តិអ៊ុយក្រែនផ្ទុះក្លាយទៅជាសង្គ្រាមនោះឡើយ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឱកាសអញ្ជើញថ្លែងបកស្រាយនៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «ភាពតានតឹងរវាងបក្សសម្ព័ន្ធណាតូ និងសហព័ន្ធរុស្ស៊ី» នាព្រឹកថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្...

2022-01-28 13:06:18   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 08:06 PM
អត្ថបទរបាំម៉ុងសាយក្នុងពិធីចូលឆ្នាំប្រពៃណីចិន ដោយ៖ លោក ខុម មុនីប្បញ្ញា វិទ្យស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានសិក្សាចិន

2022-01-28 05:27:35   ថ្ងៃសុក្រ, 28 មករា 2022 ម៉ោង 12:27 PM

សេចក្តីប្រកាស