Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកនយោបាយកម្ពុជាត្រូវដឹងពីប្រវត្តិសាស្ត្រ កុំជាន់អ្វីដែលជាដានចាស់ ការប្រកួតប្រជែងរបស់មហាអំណាច គឺជាភាពគ្រោះថ្នាក់របស់ប្រទេសតូចតាច» នេះជាប្រសាសន៍គូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិត សភាចារ្យ សុខ ទូច ថ្លែងក្នុងឱកាសបិទវេទិកាទំនាក់ទំនងអន្តរជាតិ ស្ដីពី «យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក និងការទូតនៃប្រទេសតូចៗ» ប្រព្រឹត្តទៅនៅព្រឹកថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
ក្រោយពីវាគ្មិនបានធ្វើបទបង្ហាញអំពីទស្សនៈយល់ឃើញរៀងខ្លួនចំពោះការវិវត្ត និងបច្ចុប្បន្នភាពនយោបាយ ព្រមទាំងការប្រឈមមុខគ្នារវាងមហាអំណាចនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យ សភាកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះបិទវេទិកាទំនាក់ទំនងអន្តរជាតិនេះ ដោយបានលើកឡើងពីភូមិសាស្ត្រនយោ បាយពិភពលោក ដែលត្រូវបែងចែកជាច្រើនចំណែកដោយមហាអំណាចពិភពលោក ពិសេស នៅបន្ទាប់ពីសង្គ្រាមលោកលើកទីពីរត្រូវបានបញ្ចប់ និងឈានចូលដល់សម័យកាលនៃសង្គ្រាមត្រជាក់។
បន្ទាប់ពីជ័យជម្នះលើអាល្លឺម៉ង់ សម្ព័ន្ធមិត្តលោកខាងលិច និងសហភាពសូវៀត ដែលសុទ្ធសឹងជាប្រទេសឈ្នះសង្គ្រាមលោកលើកទីពីរ បានចាប់ផ្ដើមប្រឈមគ្នា ដោយសារតែការកើនឡើងនៃឥទ្ធិពលមនោគមវិជ្ជាកុម្មុយនិស្តរបស់សហភាពសូវៀត ដែលបានគ្របដណ្ដប់លើបណ្ដាប្រទេសអឺរ៉ុបខាងកើត។ ការព្រួយបារម្ភអំពីឥទ្ធិពលយ៉ាងគំហុករបស់សូវៀត បានធ្វើឱ្យសហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តចាប់ផ្ដើមមើលឃើញពីការប្រឈមថ្មីមួយនោះគឺ មនោគមវិជ្ជាកុម្មុយនិស្ត និងមនោគមវិជ្ជាសេរី រហូតដល់ឈានទៅបែងចែកប្រទេសអាល្លឺម៉ងជាពីរប្រទេសផ្សេងគ្នា ដោយអាល្លឺម៉ង់ខាងកើតគាំទ្រដោយសហភាពសូវៀត និងអាល្លឺម៉ង់ខាងលិចគាំទ្រដោយសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងបារាំង។ សហរដ្ឋអាម៉េរិកបានបង្កើតនូវផែនការម៉ាសាល់ ដើម្បីទប់ស្កាត់ការរីកឥទ្ធិពលរបស់សហភាពសូវៀត និងក្រោយមក សហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តក៏បានឈានទៅដល់ការបង្កើតនូវអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) ដែលជាហេតុធ្វើឱ្យសហភាពសូវៀតសម្រេចចិត្តបង្កើតបក្សសម្ព័ន្ធវ៉ាសូវី ដែលប្រមូលផ្ដុំនូវបណ្ដាប្រទេសសង្គមនិយម។ ការប្រឈមមនោគមវិជ្ជា និងភូមិសាស្ត្រនយោបាយ បានផ្ទុះឡើងពាសពេញពិភពលោក រហូតឈានដល់ការបង្កើតបក្សសម្ព័ន្ធសេអាតូ ដើម្បីទប់ទល់ឥទ្ធិពលសូវៀតនៅតំបន់អាស៊ីអាគ្នេយ៍ថែមទៀតផង។ ការប្រកួតប្រជែងមនោគមវិជ្ជាបានទុំជោររហូតដល់ផ្ទុះទៅជាសង្គ្រាម ដែលមានសង្គ្រាមនៅយូហ្គោស្លាវីជាដើម។
ឯកឧត្ដមបណ្ឌិតសភាចារ្យបន្តថា នៅចំពោះមុខការប្រឈមមុខដាក់គ្នារវាងលោកសេរី និងលោកសង្គមនិយមនេះ ប្រទេសដែលមិនចង់ចូលរួម និងមិនចង់រងគ្រោះនៅក្រោមការប្រឈមមុខមនោគមវិជ្ជានេះ បានរួមគ្នាបង្កើតជាចលនាមិនចូលបក្សសម្ព័ន្ធ ដែលក្នុងនោះកម្ពុជាក៏បានចូលរួមក្នុងបក្សសម្ព័ន្ធនេះផងដែរ។ បើទោះបីជា ចលនានេះមានឈ្មោះថា ចលនាមិនចូលបក្សសម្ព័ន្ធ ប៉ុន្តែមានបក្សសម្ព័ន្ធទៅហើយ ដែលចលនានេះបានក្លាយទៅជាបក្សសម្ព័ន្ធអព្យាក្រឹត្យ។ កម្ពុជាត្រូវបានរងគ្រោះ ដោយសារតែការប្រកួតប្រជែងមនោគមវិជ្ជារវាងមហាអំណាចទាំងពីរប្លុក រហូតដល់ក្លាយទៅជាទីលានសាកមនោគមវិជ្ជានយោបាយ និងសាកល្បងអាវុធរបស់មហាអំណាច។ ជាលទ្ធផល កម្ពុជាបានពើបប្រទះនឹងសង្គ្រាមស៊ីវិលប្រមាណ៣ទសវត្សរ៍ជាប់គ្នា។
ឯកឧត្ដមបណ្ឌិតសភាចារ្យ មានប្រសាសន៍គូសបញ្ជាក់ថា «... ខ្ញុំសូមរំឭកប្រវត្តិសាស្ត្រ ដើម្បីឱ្យអ្នកនយោបាយដឹង កុំជាន់អ្វីដែលជាដានចាស់។ ភាពប្រកួតប្រជែងមហាអំណាច គឺជាបញ្ហាគ្រោះថ្នាក់របស់ប្រទេសតូចតាច ហើយក៏ជាបញ្ហាគ្រោះថ្នាក់សម្រាប់អ្នកនយោបាយដែលល្ងិតល្ងង់ ដែលមិនបានអានប្រវត្តិសាស្ត្រ ដែលជាកូនអុករបស់មហាអំណាច...»។
បើតាមប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ដោយសារតែផលប្រយោជន៍មនោគមវិជ្ជា គេបានប្រគល់អសនៈកម្ពុជានៅអង្គការសហប្រជាជាតិឱ្យរបបកម្ពុជាប្រជាធិបតេយ្យ ដែលជារបបកាប់សម្លាប់ប្រជាជនខ្លួនទៅវិញ។ ទាំងអស់នេះហើយ ដែលសុទ្ធសឹងជាមេរៀនដែលកម្ពុជា និងអាស៊ានត្រូវរៀនសូត្រ និងចងចាំ៕
RAC Media
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញទទួលដើមឈើផ្កាខ្មែរចំនួន...
លោកបណ្ឌិត ឈឹម សុខាន់ដារា អនុប្រធានឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប បានធ្វើបទបង្ហាញស្តីពី «កាលានុវត្តភាពនិងបញ្ហាប្រឈម នៃការអភិរក្សនិង អភិវឌ្ឍព្រៃឈើប្រកបដោយនិរន្តរភាព » នៅក្រុងហ្លួងព្រះបាង ប...
«... ប្រទេសក្រីក្រត្រូវការថវិកា ដើម្បីអភិវឌ្ឍន៍ប្រទេស រីឯប្រទេសជឿនលឿនត្រូវការបរិស្ថាន។ យើងដឹងហើយថា ប្រទេសដែលមានឧស្សាហកម្មជឿនលឿន ដូចអាម៉េរិក ចិន រុស្ស៊ី ជាប្រទេសដែលបានបំផ្លិចបំផ្លាញព្រៃឈើ និងបរិស្ថាន ខ...
លោក ហេង សុភី មន្រ្តីស្រាវជ្រាវ នៃវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើបទបង្ហាញមួយស្តីពី «ការតភា្ជប់ទេសចរណ៍កម្ពុជា វៀតណាម ឡាវ និងទស្សន:អនាគត ( ខេត្តក្រចេះ ស្ទឹ...
វាគ្មិនពីរាជបណ្ឌិត្យសភាកម្ពុជា កញ្ញា អ៊ុន សុភ័ក្រ្ត មន្រ្តីស្រាវជ្រាវវិទ្យាស្ថាន មនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម បានធ្វើបទបង្ហាញមួយស្តីពី«ទេសចរណ៍សហគមន៍ធម្មជាតិចំបក់ និងការអភិវឌ្ឍប្រកបដោយនិរន្តរភាព...
ឡាវ៖ ថ្លែងនៅក្នុងពិធីបើកសន្និសីទអន្តរជាតិលើទី៨ ស្តីពី «ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ» នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នៅក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិ...