ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3657
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

វីដេអូឯកសារ ស្ដីពី «ពិធីលៀងមេមត់» នៅតំបន់អង្គរ

សូមជូនខ្សែវីដេអូស្តីពី៖ «ពិធីលៀងមេមត់ នៅតំបន់អង្គរ ខេត្តសៀមរាប»- ដឹកនាំផលិតដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកា- ថត និងកាត់តរូបភាពដោយ៖ លោក នឿន សុធា- បញ្ចូលសម្លេងដោយ៖ កញ្ញា តាកេត ស័កដាពិធីលៀងមេមត់ នៃតំបន់អង្គរ...

2023-03-01 07:44:29   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:44 PM
«តើធ្វើដូចម្តេចដើម្បីក្លាយខ្លួនជាចុងភៅអាជីពមួយរូប?»

សិក្ខាកាមទាំងអស់ដែលបានមកទទួលការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញចុងភៅ នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ការក្លាយទៅជាចុងភៅអាជីពម្នាក់ គឺទាមទារឱ្យយើងយល់ច្បាស់ ពីវិធីសាស្រ្តជាច្រើនដូចជា៖ -បច្ច...

2023-03-01 07:39:22   ថ្ងៃពុធ, 01 មីនា 2023 ម៉ោង 02:39 PM
ការសិក្សាទៅលើជំងឺថប់បារម្ភរបស់និស្សិតវិស្វករនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាក្នុងបរិបទនៃវិបត្តិកូវីដ-១៩ ដោយ៖ លោក លី តុង , លោក មាឃ សារី, លោក សូ សុធីរ, លោកស្រី ឃាង ធានី- កាលិកបត្រស្រាវជ្រាវមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, ១(២), ខែធ្នូ ២០២២

ការស្រាវជ្រាវនេះ មានគោលបំណងឈ្វេងយល់អំពីកម្រិតនៃជំងឺថប់បារម្ភ (Anxiety) របស់និស្សិតវិស្វករដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ-១៩។ កម្រងសំណួរសម្រាប់វាស់កម្...

2023-02-27 09:09:05   ថ្ងៃចន្ទ, 27 កុម្ភៈ 2023 ម៉ោង 04:09 PM
ហេតុអ្វីចិនមិនឆ្លៀតវាយយកតៃវ៉ាន់ក្រោយរុស្ស៊ីធ្វើសង្គ្រាមលើអ៊ុយក្រែន? ដោយ៖ លោក​ លឹម សុវណ្ណរិទ្ធ - ខុទ្ទកាល័យរាជបណ្ឌិត្យសភាកម្ពុជា

បន្ទាប់ពីសង្គ្រាមស៊ីវិលចិន (១៩២៧-១៩៤៩) បានបិទបញ្ចប់ សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានប្រកាសបង្កើតឡើងនៅឆ្នាំ១៩៤៩ ក្រោយចលនាកុម្មុយនីស្តបានយកឈ្នះលើកម្លាំងទ័ពរបស់រដ្ឋាភិបាលគួមីងតាងដែលបានភៀសខ្លួនទៅកាន់កោះតៃ...

2023-02-27 08:43:35   ថ្ងៃចន្ទ, 27 កុម្ភៈ 2023 ម៉ោង 03:43 PM
ប្រាសាទព្រះធាតុបារាយណ៍ និង រចនាសម្ព័ន្ធបុរាណវត្ថុនៅជុំវិញតំបន់ប្រាសាទ ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម រាជបណ្ឌិត្យសភាកម្ពុជា

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលសម្បូរទៅដោយសម្បត្តិបេតិកភណ្ឌរូបី (កេរដំណែលបន្សល់ពីដូនតាតាំងពីសម័យបុរាណ)។ សម្បត្តិបេតិកភណ្ឌទាំងនោះរួមមានប្រាសាទបុរាណ វិហារពុទ្ធសាសនាបុរាណ ស្ពានបុរាណ ឡបុរាណ ផ្លូវបុរាណ ភូមិដ...

2023-02-23 08:53:58   ថ្ងៃព្រហស្បតិ៍, 23 កុម្ភៈ 2023 ម៉ោង 03:53 PM
ទស្សនវិជ្ជាហិណ្ឌូ ៖ ទ្រឹស្តីសំសារៈនិងមោក្ស ដោយ៖ បណ្ឌិត ប៉ាន់ វុត្ថា មន្ត្រីស្រាវជ្រាវនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា នៃវិទ្យាស្ថាន មនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ខ្លឹមសារសំខាន់ៗជាមូលដ្ឋានក្នុងទស្សនវិជ្ជាហិណ្ឌូ បង្ហាញពីគំនិតស្តីអំពីវដ្តគ្មានទីបញ្ចប់នៃការកើតនិងការស្លាប់។ វដ្តគ្មានទីបញ្ចប់នៃការកើត និងការស្លាប់ គេហៅថា សំសារៈ (samsara) ឬ វាលវដ្តសង្សារ។ វាលវដ្តសង្សា...

2023-02-23 08:36:04   ថ្ងៃព្រហស្បតិ៍, 23 កុម្ភៈ 2023 ម៉ោង 03:36 PM

សេចក្តីប្រកាស