ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3637
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

ការវិនិយោគនាំជោគជ័យដល់កម្ពុជា ដោយ៖ បណ្ឌិត មិន ប្រុសបញ្ញារិទ្ធិ មន្រ្តីនាយកដ្ឋាននីតិសាស្រ្តនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមរាជបណ្ឌិត្យសភាកម្ពុជា

វិនិយោគគឺជាវេចនសព្ទ ជាមួយពាក្យការបណ្ដាក់ទុន។ វិនិយោគជាការបណ្ដាក់ទុនធ្វើអាជីវកម្មក្នុងការបង្កើតរោងចក្រ សហគ្រាស កសិដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬ សេវាអ្វីមួយដើម្បីបានទទួលប្រាក់ចំណេញ។ ម្យ៉ាងទៀត វិ...

2023-05-01 14:35:38   ថ្ងៃចន្ទ, 01 ឧសភា 2023 ម៉ោង 09:35 PM
ផ្កាក្រមួនគឺជាអ្វី?

យោងតាមការសិក្សារបស់វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានឱ្យដឹងថា ផ្កាក្រមួនគឺជាផ្កាធ្វើពីក្រមួន។ ពោលបែបនេះគឺពោលតាមអ្នកស្រុករស់នៅភូមិព្រះធាតុ ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។ផ្កាក្រមួនធ្វ...

2023-04-26 03:56:08   ថ្ងៃពុធ, 26 មេសា 2023 ម៉ោង 10:56 AM
មរតកវប្បធម៌អរូបី ក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយ៖ បណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា

មរតកវប្បធម៌អរូបីសំដៅដល់ប្រពៃណីទំនៀមទម្លាប់របៀបរបបក្នុងសង្គម ល្បែងរបាំ កិច្ចពិធី ឬចំណេះជំនាញប្រពៃណីដូនតានានាជាដើម។ ការទទួលស្គាល់និងប្រតិបត្តិចំពោះមរតកវប្បធម៌អរូបីរបស់អ្នកស្រុកភូមិ ឬមនុស្សក្រុម និងមួយគ...

2023-04-24 09:59:56   ថ្ងៃចន្ទ, 24 មេសា 2023 ម៉ោង 04:59 PM
កម្ពុជា-ឡាវ រួមគ្នាទាក់ទាញភ្ញៀវទេសចរ ក្នុងឱកាស ស៊ីហ្គេមនិងប៉ារ៉ាហ្គេម ២០២៣ នៅកម្ពុជា ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តម ថងលុន ស៊ីសូលីត ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹង អញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតកីឡាស៊ីហ្គេមលើកទី២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅ ប្រទេសកម្ពុជា អមជាមួយនឹងការ អញ្ជើញមកប...

2023-04-24 09:43:31   ថ្ងៃចន្ទ, 24 មេសា 2023 ម៉ោង 04:43 PM
កត្ដាចម្បងនៃការបោះបង់ការសិក្សារបស់ជនជាតិដើមភាគតិចថ្មូន ក្នុងខេត្តមណ្ឌលគិរី Main Factors of Dropout of Thmoun Ethnic Minority Students in Mondulkiri Province ដោយ៖ ប៉ាន់ សំណាង មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំវិទ្យាស្ថានមនុស្សសាស្ដ្រនិងវិទ្យាសាស្ដ្រសង្គម

ការបោះបង់ការសិក្សា តែងតែកើតមានឡើងនៅគ្រប់បណ្តាប្រទេសទាំងអស់នៅលើសាកលលោក មិនថានៅក្នុងប្រទេសអភិវឌ្ឍ ឬប្រទេសកំពុងអភិវឌ្ឍនោះឡើយ។ រដ្ឋាភិបាល របស់ប្រទេសនីមួយៗ បានយកចិត្តទុកដាក់លើបញ្ហានេះ ដោយបានដាក់ចេញជាគោលនយោ...

2023-04-24 09:00:35   ថ្ងៃចន្ទ, 24 មេសា 2023 ម៉ោង 04:00 PM
ពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យ សិរីមង្គលជូនដល់ថ្នាំដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា

ដើម្បីអបអរទទួលអំណរឆ្នាំថ្មី ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ក្នុងស្មារតីសាមគ្គី គ្រួសាររាជបណ្ឌិត្យសភាកម្ពុជា នារសៀលថ្ងៃចន្ទ ១០រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម...

2023-04-11 06:20:40   ថ្ងៃអង្គារ, 11 មេសា 2023 ម៉ោង 01:20 PM

សេចក្តីប្រកាស