ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3610
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

បណ្ឌិត្យសភារបស់កម្ពុជា ឡាវ វៀតណាម៖ ជំនួបពិភាក្សានៅក្រុងហូជីមិញ លើការស្រាវជ្រាវបញ្ហាសេដ្ឋកិច្ចឌីជីថល

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដ...

2023-09-20 02:55:57   ថ្ងៃពុធ, 20 កញ្ញា 2023 ម៉ោង 09:55 AM
ឯកឧត្តមបណ្ឌិត យង់ ពៅ៖ ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ...

ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងត...

2023-09-19 09:05:09   ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 04:05 PM
ពិធីសំណេះសំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន ឆ្នាំសិក្សា២០២៣-២០២៤

នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំ...

2023-09-19 08:16:26   ថ្ងៃអង្គារ, 19 កញ្ញា 2023 ម៉ោង 03:16 PM
ការសិក្សាទ្រឹស្ដីដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ និង រូបមន្តមួយចំនួន ដោយ៖ លោក យឹម អាយុវឌ្ឍនៈវិជ្ជា -វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៃរាជបណ្ឌិត្យសភាកម្ពុជា

ក្នុងអត្ថបទស្រាវជ្រាវនេះ យើងខ្ញុំសិក្សាអំពីទ្រឹស្ដីដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ដូចជា ដេរីវេទី២ ដេរីវេបន្តបន្ទាប់ ដេរីវេនៃអនុគមន៍ប៉ារ៉ាម៉ែត្រ និង ដេរីវេទី n នៃអនុគមន៍។ យើងមានការបញ្ចូលនិយមន័យនៃដេរីវេ...

2023-09-18 11:44:40   ថ្ងៃចន្ទ, 18 កញ្ញា 2023 ម៉ោង 06:44 PM
ស្វែងយល់ពីល្បែងបាយខុំ(Understanding on Baykhom Game) ដោយ ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

បាយខុំជាប្រភេទល្បែងមួយក្នុងចំណោម ប្រភេទល្បែងប្រជាប្រិយខ្មែរ (khmer popular game) ដែលយើងធ្លាប់បានដឹងនិងចូលរួមលេងជាទម្លាប់ហូរហែមកហើយដូចជា ល្បែងបោះអង្គញ់ ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គ្របមាន់ ជាដើម។...

2023-09-16 06:20:58   ថ្ងៃសៅរ៍, 16 កញ្ញា 2023 ម៉ោង 01:20 PM
អំពីជំនឿខ្មែរ(ភាគ ២) ដោយ ៖ បណ្ឌិត ក្តាន់ ធុល- នាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ជំនឿអរូបិយឬអបិយជំនឿ គឺជាជំនឿ ឥតរូប,មានតែជំនឿមានតែឈ្មោះឬពាក្យហៅ ប៉ុន្តែឥតរូបទេ។ អបិយជំនឿ ដូចគ្នានឹង ពាក្យ អរូបធម៌ឬនាមធម៌ (អ្វីៗដែលមានតែនាមឥតរូប), អរូបនាម (នាមសព្ទដែលឥតរូប ដូចជា ចិត្ត,​វិញ្ញាណ,​វេទនា,សញ...

2023-09-16 06:17:18   ថ្ងៃសៅរ៍, 16 កញ្ញា 2023 ម៉ោង 01:17 PM

សេចក្តីប្រកាស