ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3598
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

ដំំណើរទស្សនកិច្ចរបស់ប្រធានក្រុមប្រឹក្សាភិបាលមូលនិធិអប់រំភាសាចិនអន្តរជាតិ និងគណៈប្រតិភូ នៅរាជបណ្ឌិត្យសភាកម្ពុជា

តំណាងឱ្យឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកបណ្ឌិតសភាចារ្យ YANG Wei ប្រធា...

2023-10-31 03:02:02   ថ្ងៃអង្គារ, 31 តុលា 2023 ម៉ោង 10:02 AM
ស្វែងយល់ពីជំងឺធ្លាក់ទឹកចិត្តនិងដំណោះស្រាយ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

មនុស្សគ្រប់គ្នា តែងធ្លាប់មានអារម្មណ៍ អស់សង្ឈឹម ស្រងូតស្រងាត់ ឬធ្លាក់ទឹកចិត្តក្នុងជីវិតរបស់ខ្លួន ប៉ុន្តែសភាពទាំងនេះនឹងប្រសើរមកវិញដោយខ្លួនឯង។ ទាំងនេះគឺជាប្រតិកម្មផ្លូវចិត្តធម្មតារបស់យើង នៅពេលដែលមានការបា...

2023-10-27 15:07:35   ថ្ងៃសុក្រ, 27 តុលា 2023 ម៉ោង 10:07 PM
បុណ្យភ្ជុំបិណ្ឌ និងប្រភេទប្រេតទាំង១២ពួកក្នុងជំនឿខ្មែរ ដោយ៖ បណ្ឌិត ហែម ឡាច, នាយកដ្ឋាននីតិសាស្ត្រ, វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

ជនជាតិខ្មែរជាអ្នកនិយមព្រះពុទ្ធសាសនាតាំងតែពីសាសនានេះមានវត្តមាននៅក្នុងសង្គមខ្មែរយើងមកម៉្លេះ។ ពុទ្ធសាសនិកខ្មែរ តែងមានជំនឿអំពីបុណ្យ បាប កម្ម ផល ទាំងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតកាលផងដែរ។ គេជឿថា ជីវិតម...

2023-10-19 08:33:38   ថ្ងៃព្រហស្បតិ៍, 19 តុលា 2023 ម៉ោង 03:33 PM
ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ ដោយ៖ លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗនៃព្រះរាជពិធីទា្វរទសមាស។ ប្រជាជនខ្មែរទូទាំងព្រះរាជាណាចក្រកម្ពុជាតាំងពីបុរាណរៀងមក (ពុំដឹងពេលណាច្បាស់លាស់) តែងតែនាំគ្នាប្រារព្ធពិធីបុណ្យនេះមិនដែលអ...

2023-10-19 08:29:51   ថ្ងៃព្រហស្បតិ៍, 19 តុលា 2023 ម៉ោង 03:29 PM
សេចក្ដីផ្ដើមនៃចិត្តវិទ្យាព្រះពុទ្ធសាសនា ដោយ៖ បណ្ឌិត សូ សុធីរ- វិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

នមោ តស្ស ភគវតោ អរហតោ សម្មាសម្ពុទ្ធស្ស។Pali: Namo Tassa Bhagavato Arahato Samma Sambuddhasa .Honour to the Exalted One! The Arahant, the Supremely Awakened One!ប្រែថា៖រីកិរិយានមស្ការថ្វាយបង្គំនៃយើងខ្ញ...

2023-10-16 07:44:28   ថ្ងៃចន្ទ, 16 តុលា 2023 ម៉ោង 02:44 PM
របបមាតាធិបតេយ្យក្នុងសង្គមខ្មែរ ដោយ៖ លោក ឈុន ផាវ៉េង, នាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យានៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម, រាជបណ្ឌិត្យសភាកម្ពុជា

ចាប់តាំងពីសម័យដើមនៃប្រវត្តិសាស្ត្ររហូតមកដល់សព្វថ្ងៃនេះ ឥទ្ធិពលនៃព្រលឹងមាតាធិបតេយ្យ បានរស់រវើកនៅក្នុងសង្គមខ្មែរ ទោះបីកាលៈទេសៈខ្លះបានធ្លាក់ចុះឥទ្ធិពលរបស់ខ្លួនក៏ដោយ។ ព្រលឹងមាតាធិបតេយ្យដែលមានក្នុង...

2023-10-16 07:19:45   ថ្ងៃចន្ទ, 16 តុលា 2023 ម៉ោង 02:19 PM

សេចក្តីប្រកាស