ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3445
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

ឥណ្ឌូប៉ាស៊ីហ្វិក ជាតំបន់ភូមិសាស្ត្រនយោបាយថ្មីមួយរបស់អាម៉េរិក

យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...

2018-04-08 11:52:31   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:52 PM
ការបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភាកម្ពុជា

វេលាម៉ោង៧:៣០ ព្រឹក ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ ផ្នែកបណ្តុះបណ្តាល និងស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំប្រឡងបញ្ចប់មុខវិជ្ជា (Final Exam) ថ្...

2018-04-08 11:39:33   ថ្ងៃអាទិត្យ, 08 មេសា 2018 ម៉ោង 06:39 PM
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី

សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...

2018-03-14 06:47:20   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:47 PM
ជំនួបពិភាក្សាការងារ

នៅរសៀលថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៦ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យសុខ ទូចប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអនុញ្ញាតឱ្យលោក ZENG YU FENG សាស្ត្រាចារ្យសាកលវិទ្យា...

2018-03-14 06:36:13   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:36 PM
ចនានុក្រមអក្ខរាវិរុទ្ធ

កាលពីព្រឹកថ្ងៃទី ២០កុម្ភៈ ឆ្នាំ ២០១៨ វិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើពិធីប្រកាសផ្សាយ « វចនានុក្រមអក្ខរាវិរុទ្ធ» ដែលជាការបោះពុម្ពលើកទីពីរ ដែលមានចំនួនជាង ៤ម៉ឺនពាក្យ រួមទាំងមេពាក្យ និងក...

2018-03-14 06:32:21   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:32 PM
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ចការសាធារណៈស្ថានទូតអាមេរិក

សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...

2018-03-14 06:26:23   ថ្ងៃពុធ, 14 មីនា 2018 ម៉ោង 01:26 PM

សេចក្តីប្រកាស