ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3623
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

«រាជបណ្ឌិត្យសភាកម្ពុជា កំពុងចូលរួមធ្វើកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯក!»

គម្រោងកំណាយស្រាវជ្រាវនៅស្ថានីយ៍ភូមិមូលជើងឯកបានចាប់ដំណើរការឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែបុស្ស ឆ្នាំច ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៨ព្រឹក នៅ ស្ថានីយបុរាណវិទ្យាភូមិមូលជើងឯក ស្ថិ...

2019-01-17 07:05:30   ថ្ងៃព្រហស្បតិ៍, 17 មករា 2019 ម៉ោង 02:05 PM
«តើបច្ចេកវិទ្យាអូស៊ីអភាសាខ្មែរ ជាអ្វី?»

អូស៊ីអ (OCR) មកពីពាក្យកាត់ថា «Optical Character Recognition» គឺជាបច្ចេកវិទ្យាមួយដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់បំប្លែងឯកសារ​ផ្សេងៗ ដូចជាឯកសារស្គែន ឯកសារទម្រង់ PDF ឬ រូបភាព ទៅជាអត្ថបទធម្មតាជាប្រភេទ Txt ឬ...

2019-01-16 09:14:49   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 04:14 PM
RAC នឹងបង្កើត «សុសវែរ បំប្លែងពុម្ពប្រតិចារឹកអក្សរ (Khmer Transliteration Font Converter)»

កម្មវិធីកុំព្យូទ័រសម្រាប់បំប្លែងប្រតិចារឹកអក្សរមកជាអក្សរខ្មែរសម័យបច្ចុប្បន្ន បានក្លាយជាប្រធានបទមួយ​ដែល​មាន​ការ​ចាប់អារម្មណ៍ខ្លាំងពីថ្នាក់ដឹកនាំនៃរាជបណ្ឌិត្យសភាកម្ពុជា។ ដោយមានការឯកភាពពីប្រធាន​រាជបណ្ឌិត...

2019-01-16 08:46:11   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:46 PM
«កិច្ចប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍»

ថ្ងៃអង្គា ១០កេីត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណ:កម្មការអក្សរសិល្ប៍បានចំនួ...

2019-01-16 08:29:43   ថ្ងៃពុធ, 16 មករា 2019 ម៉ោង 03:29 PM
«ជំនួបជាមួយប្រតិភូមកពីប្រទេសស៊ុយអែត » ដោយ៖ ស៊ឺន សម​

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា  បានជួបជាមួយលោក Love Englund ដែលជាអ្នកជំនួញ និងជាអ្នកម្ចាស់ក្រុមហ៊ុន The Room Design Studio នៅព្រះរាជាណាចក្រកម្ពុជា និងនៅប្រទេសស៊ុយអែត កាលពីថ្...

2019-01-15 04:38:07   ថ្ងៃអង្គារ, 15 មករា 2019 ម៉ោង 11:38 AM
«ដើមកំណើតនិងស្ថានភាពល្ខោនយីកេក្នុងសង្គមខ្មែរបច្ចុប្បន្ន» ដោយ៖ សរ សិលា

2019-01-14 04:51:24   ថ្ងៃចន្ទ, 14 មករា 2019 ម៉ោង 11:51 AM

សេចក្តីប្រកាស