ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3730
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

«ជំនួបអ្នកវិទ្យាសាស្ត្រប្រចាំឆ្នាំលើកទី៨»

ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាពនៅក្នុងប្រទេសកម្ពុជា វៀតណាម និងឡាវ គឺជាប្រធានបទនៃសន្និសីទអន្តរជាតិប្រចាំឆ្នាំលើកទី៨ នាថ្ងសទី២៧ ខែតុលា ឆ្នាំ២០១៩នៅ ក្រុង​ហ្លួងព្រះបាង​ នៃសាធារណរដ្ឋប្រជាធិបតេយ្យ...

2019-10-27 04:32:26   ថ្ងៃអាទិត្យ, 27 តុលា 2019 ម៉ោង 11:32 AM
Discussion Meeting between H.E. Dr. Kin Phea and Prof. Matt Ferchen

«English below»នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោកសាស្ត្រាចារ្យ Matt Ferchen ដែលអញ្ជើញមកជួបឯកឧត្តមបណ្ឌិត គ...

2019-10-25 13:17:02   ថ្ងៃសុក្រ, 25 តុលា 2019 ម៉ោង 08:17 PM
«ថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិត្យសភាកម្ពុជារួមគ្នាដាំ(ដើមឈើផ្កា)ខ្មែរចំនួន ១៧ប្រភេទ ដើម្បីលើកកម្ពស់បរិស្ថាននៅជុំវិញអគារឥន្ទ្រទេវី»

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ ន...

2019-10-24 13:03:00   ថ្ងៃព្រហស្បតិ៍, 24 តុលា 2019 ម៉ោង 08:03 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារ ដើម្បីត្រៀមរៀបចំពិធីសម្ពោធអគារឥន្ទ្រទេវី និងសនិ្នបាតបូកសរុបការងារប្រចាំឆ្នាំរបស់រាជបណ្ឌិត្យសភាកម្ពុជា

រាជបណ្ឌិត្យសភាកម្ពុជា៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ ចាប់ពីម៉ោង ១១:០០នាទី ដល់ ១២:៣០នាទីថ្ងៃត្រង់ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ...

2019-10-24 07:50:03   ថ្ងៃព្រហស្បតិ៍, 24 តុលា 2019 ម៉ោង 02:50 PM
«កម្ពុជា ២៨ឆ្នាំក្រោយ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស» ដោយ៖ រឿន ភារុន

ភ្នំពេញ៖ នៅថ្ងៃពុធ ២៣ តុលានេះ គឺជាថ្ងៃគម្រប់ខួប២៨ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១-២៣ តុលា ២០១៩) ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលខ្មែរ។ ឆ្លៀតក្នុងឱកាសនេះ យើងសូមរំឭក អំពីខ្លឹមសារនៃកិច...

2019-10-23 00:37:56   ថ្ងៃពុធ, 23 តុលា 2019 ម៉ោង 07:37 AM
«វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update »

ព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំសិក្ខាសាលាមួយស្តីពី «វិសិដ្ឋកម្មកម្មវិធីអូស៊ីអខ្មែរ Khmer Intelligent OCR software Update » ដោយ ក្រុមការងារគ...

2019-10-17 08:12:02   ថ្ងៃព្រហស្បតិ៍, 17 តុលា 2019 ម៉ោង 03:12 PM

សេចក្តីប្រកាស