ព័ត៌មាន

សេចក្ដីបំភ្លឺលើការប្រើពាក្យ/ផ្នត់ ដាក់ខាងចុងពាក្យខ្មែរសម្គាល់មុខវិជ្ជា

2021-10-30 10:45:10 ថ្ងៃសៅរ៍, 30 តុលា 2021 ម៉ោង 05:45 PM
អ្នកមើល 3805
post_detail

កាលនៅរវាងឆ្នាំ១៩៧០ លោកគ្រូ កេង វ៉ាន់សាក់ និង ខ្ញុំ ព្រុំ ម៉ល់ បានពិគ្រោះគ្នាលើបញ្ហាដែលបានលើកឡើងខាងលើ។ នៅពេលនោះ ពាក្យទាំងនោះសុទ្ធតែមាន‹–សាស្ត្រ›នៅខាងចុង ហើយ លោកគ្រូបានបញ្ចេញយោបល់ថា វិជ្ជាដែលមាន‹–សាស្ត្រ›នៅខាងចុងឥតមានលក្ខណៈវិទ្យាសាស្ត្រទេ ដូច្នេះយើងត្រូវទុក‹–សាស្ត្រ›ឱ្យវិជ្ជាជំពូកនោះប៉ុន្តែយើងត្រូវកែដាក់‹–វិទ្យា›ចំពោះវិជ្ជាណាដែលមានលក្ខណៈវិទ្យាសាស្ត្រ។

ខ្ញុំក៏បានសួរទៅគាត់វិញថា : «តើពាក្យ‹វិទ្យាសាស្ត្រ›ដែលគណៈកម្មការវប្បធម៌បានបង្កើតឡើងសម្រាប់ប្រែពាក្យបារាំង ‹science›នោះ ត្រូវយើងដូរទៅជា‹វិទ្យាវិទ្យា›ឬយ៉ាងណា?»។ គាត់ឆ្លើយមិនរួចហើយក៏យើងបានបញ្ចប់ការសន្ទនាគ្នាតែត្រឹមនោះទៅ។

ប៉ុន្មានឆ្នាំក្រោយមក សង្គ្រាមស៊ីវិលរវាងសាធារណរដ្ឋខ្មែរ និង កងទ័ពខ្មែរក្រហមក៏បានផ្ទុះឡើង។ លោកគ្រូ កេង វ៉ាន់សាក់ ត្រូវបានចាត់ឱ្យទៅធ្វើរដ្ឋទូតនៅប្រទេសបារាំង ហើយ ខ្ញុំក៏បានត្រឡប់ទៅរកការធ្វើនៅប្រទេសនោះដែរ។ នៅឆ្នាំ២០០០ ខ្ញុំក៏បានចូលមកប្រទេសខ្មែរវិញ ហើយ ខ្ញុំបានប្រទះឃើញពាក្យសម្គាល់មុខវិជ្ជាស្ទើរតែទាំងអស់ ត្រូវដូរខាងចុងទៅជា‹–វិទ្យា›(វិជ្ជាណាក៏ចង់ចាត់ទុកថាខ្លួនមានលក្ខណៈវិទ្យាសាស្ត្រដែរ)។

នៅឆ្នាំ២០១៨ លោកប្រធានគណៈកម្មការបច្ចេកសព្ទ ជីវសាស្ត្រ វេជ្ជសាស្ត្រ & កសិកម្ម នៅសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)បានសុំកែពាក្យ‹វេជ្ជសាស្ត្រ›ទៅជា‹វេជ្ជវិទ្យា›វិញ ហើយខ្ញុំក៏បានសួរទៅគាត់វិញ : «លោកគ្រូពេទ្យគិតមើល តើ‹science›ខ្មែរយើងប្រើពាក្យអ្វីទៅ សម្រាប់សងវិញ?»។គាត់ក៏សុខចិត្តរក្សាពាក្យ‹វេជ្ជសាស្ត្រ›ទុកវិញទៅ។

មេរៀនទាញចេញពីការពិគ្រោះគ្នាដែលត្រូវបានលើកឡើងខាងលើបង្ហាញថា‹–សាស្ត្រ›មានលក្ខណៈវិទ្យាសាស្ត្រជាង‹–វិទ្យា› ប៉ុន្តែគេពិបាកសម្រេចថា វិជ្ជាណាមានលក្ខណៈវិទ្យាសាស្ត្រជាងវិជ្ជាណា(លើក-លែងតែវិទ្យាសាស្ត្រពិត)គប្បីយើងប្រើ‹–សាស្ត្រ›ឬ‹–វិទ្យា›ជាផ្នត់ចុងសម្រាប់បង្កើតពាក្យសម្គាល់មុខវិជ្ជាណាក៏បានដែរ។ចំពោះពាក្យ‹ទស្សនវិជ្ជា›វិញ ដោយ ‹–វិជ្ជា›មិនមែនជាផ្នត់ទេ គប្បីយើងកែឱ្យទៅជា‹ទស្សនវិទ្យា›ទៅ(ពាក្យ‹ទស្សនវិជ្ជា›មានលក្ខណៈជាពាក្យសមាស ពីព្រោះ‹វិជ្ជា›ជាពាក្យ មិនមែនជាផ្នត់ទេ)។ ម្យ៉ាងទៀត សូមសាធារណជនជ្រាបថា ពាក្យសម្គាល់មុខវិជ្ជាប្រើសព្វថ្ងៃដែលយើងដាក់‹–វិទ្យា›នៅខាងចុង នៅមាន‹–សាស្ត្រ›នៅឡើយនៅខាងចុង ក្នុងវចនានុក្រមរបស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ដូចជា គណិតសាស្ត្រ, ភូមិសាស្ត្រ, ប្រវត្តិសាស្ត្រ ជាដើម ហើយតើសាធារណជនអនុញ្ញាតឱ្យខ្ញុំប្រើពាក្យ គណិតវិទ្យា, ភូមិវិទ្យា, ប្រវត្តិវិទ្យា ជាដើម ឬទេ?។

ខ្ញុំយល់ច្បាស់ថា ទម្លាប់ជាធម្មជាតិទី២ ហើយគេពិបាកកែធម្មជាតិណាស់ ប៉ុន្តែអ្វីៗដែលខ្ញុំបានលើកឡើងខាងលើសុទ្ធតែជាចំណេះវិជ្ជាទាក់ទងនឹងភាសាវិទ្យា គប្បីសាធារណជនមេត្តាជ្រាបតាមការគួរ។ សូមអរគុណ!

សេចក្ដីបញ្ជាក់ : នៅពេលក្រោយកូវីដ១៩ ខ្ញុំនឹងធ្វើបាឋកថាមួយ ដើម្បីពន្យល់ឱ្យកាន់តែក្បោះក្បាយ ព្រមទាំងចាំទទួលសំណួរដោយរីករាយ។

.....................

RAC Media


អត្ថបទទាក់ទង

ការហៅ«ជនជាតិភាគតិចចាម» ថាជា «ខ្មែរឥស្លាម» មិនមែនជាការរើសអើងទេ ដោយ៖ បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា

នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានក្រុមជនជាតិជាច្រើនបានរស់នៅនិងធ្វើសមាហរណកម្មជាមួយជនជាតិខ្មែរ ព្រមទាំងបានក្លាយជាពលរដ្ឋខ្មែរស្របច្បាប់។ ក្រុមជនជាតិទាំងនោះរួមមាន ព្នង ចារ៉ាយ ទំពួន សួយ កួយ ស្អូច កាចក់ គ្រ...

2020-03-23 09:46:36   ថ្ងៃចន្ទ, 23 មីនា 2020 ម៉ោង 04:46 PM
សិទ្ធិនារីក្នុងបរិបទសម័យទំនើប

ទិវានារីអន្តរជាតិ៨មីនា ជាទិវាមួយដែលនារីជុំវិញពិភពលោកប្រារព្ធពិធីដើម្បីរំឭកអបអរសាទរនូវប្រវត្តិនៃការទាមទារសិទ្ធិរបស់ខ្លួន។ ទិវានេះក៏ត្រូវបានអង្គការសហប្រជាជាតិប្រារព្ធនិងអបអរសាទរផងដែរ លើសពីទៅទៀតក៏មានប្រទ...

2020-03-22 15:27:24   ថ្ងៃអាទិត្យ, 22 មីនា 2020 ម៉ោង 10:27 PM
ហេតុអ្វីខ្លាចតែប្រទេសចិន​? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

កាលពីយប់ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០២០ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានផ្សាយអំពីការធ្វើសមយុទ្ធយោធារវាងប្រទេសកម្ពុជានិងប្រទេសចិន។ នៅក្នុងអត្តបទដែលផ្សាយនោះ វិទ្យុសម្លេងសហរដ្ឋអាម៉េរិកបានដកស្រង់ការយល់ឃើញរបស់អ្...

2020-03-21 15:25:11   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 10:25 PM
តើពលរដ្ឋកម្ពុជាកំពុងខ្វះអ្វី? ដោយ៖ បណ្ឌិត សុឺន សម មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា

បើសិនជាយើងពិនិត្យមើលប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា នោះយើងនឹងបានឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសមួយដ៏កំសត់ និងបានឆ្លងកាត់សង្គ្រាមឈ្លានពាន និងសង្គ្រាមស៊ីវិលអស់កាលជាច្រើនសតវត្ស។ បើសិនជាយើងពិនិត្យម...

2020-03-21 08:04:02   ថ្ងៃសៅរ៍, 21 មីនា 2020 ម៉ោង 03:04 PM
សហរដ្ឋអាម៉េរិកនិងចិនសាចទឹកដាក់គ្នារឿង COVID-19 ដោយ៖បណ្ឌិត ឈត ប៊ុនថង វិទ្យាស្ថានទំនាក់ទំនអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

គិតមកដល់ពេលនេះ COVID-19 បានវាយលុកចូលដល់ប្រទេសនិងដែនដីសរុបជាង ១៧០ ហើយ នៅ ទូទាំងសកលលោក។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួនជាង ២០០, ០០០ នាក់ ក្នុងនោះអ្នកស្លាប់មានជិត១០,០០០នាក់ និងជា...

2020-03-20 02:22:27   ថ្ងៃសុក្រ, 20 មីនា 2020 ម៉ោង 09:22 AM
បណ្ឌិត គិន ភា៖ សូមបងប្អូនខ្មែរឥស្លាមទាំងអស់រឹងប៉ឹងឡើងនិងរួមគ្នាប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីត-១៩ ទាំងអស់គ្នា

ខណៈពេលបងប្អូនខ្មែរឥស្លាមសរុបចំនួន ២៤នាក់មានផ្ទុកជំងឺកូវីដ-១៩ (Covid-19) ដែលកំពុងមានការរាតត្បាតជាសកល ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានផ្ញើសារលើក...

2020-03-19 23:16:01   ថ្ងៃព្រហស្បតិ៍, 19 មីនា 2020 ម៉ោង 06:16 AM

សេចក្តីប្រកាស