ព័ត៌មាន

បណ្ឌិតសភាចារ្យ សុខ ទូច៖ គ្រូបង្រៀនត្រូវដើរតួនាទីសំខាន់៣គឺ ជាអាចារ្យ ជាម្ដាយ និងជាមេដឹកនាំ

2021-09-06 10:08:05 ថ្ងៃចន្ទ, 06 កញ្ញា 2021 ម៉ោង 05:08 PM
អ្នកមើល 9023
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីតួនាទីសំខាន់៣ ដែលគ្រូបង្រៀនត្រូវប្រកាន់យកគឺ ក្នុងនាមជាអាចារ្យ ជាម្ដាយ និងក្នុងនាមជាមេដឹកនាំ ដើម្បីជំរុញប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ។

បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ដើម្បីឱ្យការបណ្ដុះបណ្ដាលមួយមានប្រសិទ្ធភាពខ្ពស់ គ្រូបង្រៀនត្រូវច្របាច់បញ្ចូលតួនាទីសំខាន់ៗទាំង៣គឺ តួនាទីជាអាចារ្យ ជាម្ដាយ និងជាថ្នាក់ដឹកនាំ ដោយមិនអាចផ្ដោតតែទៅលើតួនាទីណាមួយតែឯងបាននោះឡើយ។ ក្នុងនាមជាគ្រូបង្រៀន ចាំបាច់ត្រូវតែដើរតួនាទីជាអាចារ្យ ជាបុគ្គលគម្រូសម្រាប់សិស្ស-និស្សិតយកតម្រាប់តាម ដោយគ្រូបង្រៀនគឺជាអ្នកកាត់តម្រឹមនូវចំណុចអវិជ្ជមាន តាមរយៈការចាក់បញ្ចូលនូវចំណេះដឹង និងតម្រង់ឥរិយាបថប្រកបដោយលក្ខណៈវិជ្ជមានទៅកាន់ពួកគេ។​

សម្រាប់តួនាទីក្នុងនាមជាម្ដាយ ​គ្រូបង្រៀនត្រូវធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យទៅលើសមត្ថភាពរបស់អ្នកដែលទទួលការបណ្ដុះបណ្ដាល និងពិចារណាទៅលើហេតុផល និងការវិវត្តនៃការរៀនសូត្រជាក់ស្ដែងរបស់ពួកគេ ចៀសវាងការធ្វើបុរេវិនិច្ឆ័យទៅលើសិស្ស-និស្សិត។

ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា តួនាទីរបស់គ្រូបង្រៀនក្នុងនាមជាមេដឹកនាំ ផ្ដោតសំខាន់លើការប្រើប្រាស់ចិត្តសាស្ត្រអប់រំរបស់ខ្លួន តាមរយៈការជំរុញលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលមានសមត្ថភាពខ្សោយជាងគេនៅក្នុងថ្នាក់បង្រៀន និងទាញយកនូវសមិទ្ធការណ៍ដើម្បីបង្ហាញដល់សិស្ស-និស្សិតដទៃទៀត មើលឃើញអំពីលទ្ធផលជាក់ស្ដែងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែង។ បន្ថែមពីនេះ គ្រូបង្រៀនត្រូវផ្ដល់ចក្ខុវិស័យដល់អ្នកដែលទទួលការបណ្ដុះបណ្ដាល អំពីការរៀបចំអនាគត ដោយរំលេចពីភាពចាំបាច់នៃការសិក្សារៀនសូត្រ ដើម្បីបន្សល់នូវកេរដំណែល និងសមិទ្ធផលសម្រាប់មនុស្សជំនាន់ក្រោយ។

ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅទៀត ធ្វើយ៉ាងណាអភិវឌ្ឍចំណេះដឹង និងវិធីសាស្ត្រក្នុងការបង្រៀនសិស្ស-និស្សិតឱ្យដើរទាន់ស្ថានភាពវិវត្តនៃសង្គមនាពេលបច្ចុប្បន្ន ដើម្បីបំពេញបន្ថែមពីលើខ្លឹមសារនៅក្នុងសៀវភៅសិក្សាដែលមានស្រាប់៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

ទស្សនវិជ្ជាខ្មែរអំពីលំហ (ទេសភាពឬទីកន្លែង)(Khmer Philosophy of Space) ដោយ ៖ លោកបណ្ឌិត ប៉ាន់ វុត្ថា

ស្វ័យភាពនៃគំនិត ដែលយើងបានរកឃើញឬយល់ដឹងតាមរយៈការផ្តោតអារម្មណ៍ ការគិតទៅលើទេសភាពឬទីកន្លែងមួយ គឺជាការបង្ហាញឱ្យឃើញពីចំណង់ចំណូលចិត្ត ការស្រលាញ់ តម្រូវការ និងការឱ្យតម្លៃចំពោះទីកន្លែង(លំហខាងក្នុង) ហើយទីកន្លែងក...

2023-08-30 08:34:53   ថ្ងៃពុធ, 30 សីហា 2023 ម៉ោង 03:34 PM
គុណប្រយោជន៍និងបញ្ហាប្រឈមក្នុងការប្រើវិធីសាស្រ្តបង្រៀនបែបចម្រុះ(Blended Learning)ដើម្បីបង្រៀននិងរៀនភាសាអង់គ្លេស ដោយ៖ លោក ឆោម ជុំរ៉ុង- មន្រ្តីលេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកសារនេះមានគោលបំណងបង្ហាញដល់អ្នកអប់រំនិងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ ជាពិសេសគ្រូបង្រៀនភាសា​អង់គ្លេសដើម្បីបន្ថែមការយល់ដឹងស៊ីជម្រៅលើវិធីសាស្រ្តបង្រៀនបែបចម្រុះដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១...

2023-08-30 08:14:50   ថ្ងៃពុធ, 30 សីហា 2023 ម៉ោង 03:14 PM
អត្ថប្រយោជន៍នៃការអប់រំមត្តេយ្យសិក្សាដល់កុមារតូចThe Benefits of Kindergarten Education for Small Infants ដោយ៖ លោក ប៉ាន់ សំណាង - មន្ដ្រីនាយកដ្ឋានវិទ្យាសាស្ដ្រអប់រំ

មត្តេយ្យសិក្សា ជាគ្រឹះសំខាន់បំផុតរបស់កុមារក្នុងការប្រឈមនឹងពិភពខាងក្រៅ បន្ទាប់ពីការអប់រំបង្ហាត់បង្រៀនរបស់ឪពុកម្ដាយនៅតាមផ្ទះរបស់ពួកគេ។ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្សានុសិស្ស មិនគួរមើលរំលងការសិក្សានៅមត្ត...

2023-08-30 07:58:20   ថ្ងៃពុធ, 30 សីហា 2023 ម៉ោង 02:58 PM
Can Cambodia survive without the US and EU Markets? By: Dr. Seun Sam

The newly appointed prime minister of Cambodia, Dr. Hun Manet, has stated that Cambodia must strengthen internal capacity to be able to live independently and that we must try to live independently an...

2023-08-30 04:37:25   ថ្ងៃពុធ, 30 សីហា 2023 ម៉ោង 11:37 AM
ឯកឧត្ដមបណ្ឌិត យង់ ពៅ៖ កម្ពុជាស្វាគមន៍ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការបន្ថែមលើវិស័យអប់រំភាសាចិន

ឯកឧត្ដមបណ្ឌិត យង់ ពៅ ជំនួបពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យសៀងហៃនៅក្នុងឱកាសជំនួបទ្វេភាគីពីរដោយឡែកជាមួយនឹងតំណាងពីសាកលវិទ្យាល័យសៀងហៃ និងតំណាងពីសាកលវិទ្យាល័យភាសានិងវប្បធម៌ប៉េកាំង ឯកឧត្ដមបណ្ឌិត យង់ ពៅ...

2023-08-29 09:27:19   ថ្ងៃអង្គារ, 29 សីហា 2023 ម៉ោង 04:27 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ពីវេទិកាវិទ្យាសាស្រ្តស្តីពី «ការអប់រំភាសាចិនអន្តរជាតិ» ក្នុងសប្តាហ៍ផ្លាស់ប្តូរការអប់រំចិន-អាស៊ាន ឆ្នាំ២០២៣

ថ្លែងសុន្ទករថាបើកវេទិកាវិទ្យាសាស្ត្រ ក្នុងសប្ដាហ៍ផ្លាស់ប្ដូរការអប់រំ ចិន-អាស៊ាន នារសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ពីខេត្តគួយចូវ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា...

2023-08-29 09:07:20   ថ្ងៃអង្គារ, 29 សីហា 2023 ម៉ោង 04:07 PM

សេចក្តីប្រកាស