Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីតួនាទីសំខាន់៣ ដែលគ្រូបង្រៀនត្រូវប្រកាន់យកគឺ ក្នុងនាមជាអាចារ្យ ជាម្ដាយ និងក្នុងនាមជាមេដឹកនាំ ដើម្បីជំរុញប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ដើម្បីឱ្យការបណ្ដុះបណ្ដាលមួយមានប្រសិទ្ធភាពខ្ពស់ គ្រូបង្រៀនត្រូវច្របាច់បញ្ចូលតួនាទីសំខាន់ៗទាំង៣គឺ តួនាទីជាអាចារ្យ ជាម្ដាយ និងជាថ្នាក់ដឹកនាំ ដោយមិនអាចផ្ដោតតែទៅលើតួនាទីណាមួយតែឯងបាននោះឡើយ។ ក្នុងនាមជាគ្រូបង្រៀន ចាំបាច់ត្រូវតែដើរតួនាទីជាអាចារ្យ ជាបុគ្គលគម្រូសម្រាប់សិស្ស-និស្សិតយកតម្រាប់តាម ដោយគ្រូបង្រៀនគឺជាអ្នកកាត់តម្រឹមនូវចំណុចអវិជ្ជមាន តាមរយៈការចាក់បញ្ចូលនូវចំណេះដឹង និងតម្រង់ឥរិយាបថប្រកបដោយលក្ខណៈវិជ្ជមានទៅកាន់ពួកគេ។
សម្រាប់តួនាទីក្នុងនាមជាម្ដាយ គ្រូបង្រៀនត្រូវធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យទៅលើសមត្ថភាពរបស់អ្នកដែលទទួលការបណ្ដុះបណ្ដាល និងពិចារណាទៅលើហេតុផល និងការវិវត្តនៃការរៀនសូត្រជាក់ស្ដែងរបស់ពួកគេ ចៀសវាងការធ្វើបុរេវិនិច្ឆ័យទៅលើសិស្ស-និស្សិត។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា តួនាទីរបស់គ្រូបង្រៀនក្នុងនាមជាមេដឹកនាំ ផ្ដោតសំខាន់លើការប្រើប្រាស់ចិត្តសាស្ត្រអប់រំរបស់ខ្លួន តាមរយៈការជំរុញលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលមានសមត្ថភាពខ្សោយជាងគេនៅក្នុងថ្នាក់បង្រៀន និងទាញយកនូវសមិទ្ធការណ៍ដើម្បីបង្ហាញដល់សិស្ស-និស្សិតដទៃទៀត មើលឃើញអំពីលទ្ធផលជាក់ស្ដែងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែង។ បន្ថែមពីនេះ គ្រូបង្រៀនត្រូវផ្ដល់ចក្ខុវិស័យដល់អ្នកដែលទទួលការបណ្ដុះបណ្ដាល អំពីការរៀបចំអនាគត ដោយរំលេចពីភាពចាំបាច់នៃការសិក្សារៀនសូត្រ ដើម្បីបន្សល់នូវកេរដំណែល និងសមិទ្ធផលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅទៀត ធ្វើយ៉ាងណាអភិវឌ្ឍចំណេះដឹង និងវិធីសាស្ត្រក្នុងការបង្រៀនសិស្ស-និស្សិតឱ្យដើរទាន់ស្ថានភាពវិវត្តនៃសង្គមនាពេលបច្ចុប្បន្ន ដើម្បីបំពេញបន្ថែមពីលើខ្លឹមសារនៅក្នុងសៀវភៅសិក្សាដែលមានស្រាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
នេះជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ របស់រាជបណ្ឌិត្យសភាកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំស្រាវជ្រាវនិងចងក្រង រៀបចំជាវចនានុក្រមខ្មែរ ឆ្នាំ២០២២ នេះឡើង។...
នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣រាជបណ្ឌិត្យសភាកម្ពុជាមានកិត្តិយស បានរៀបចំ « ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សៀវភៅវចនានុក្រមខ្មែរ បោះពុម្ពសៀវភៅ និងទម្រង់ឌីជីថល» និងចុចប៊ូតុងសម្ពោធបើកប្រើប្រាស់ជាផ្លូវការ ដែ...
តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានចែងថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។ ព្រះសង្ឃ ជាសាវ័ក នៃសាសនាព្រះពុទ្ធដែលដឹកនាំ អប់រំ ប្រៀនប្រដៅពុទ្ធបរិស័ទតាមពុទ្ធ បញ្ញត្តិ។ បើនិយ...
នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ចូលរួមសិក្ខាសាលាកសាងសមត្ថភាព ស្តីពី ៖ ទីក្រុងទំនើប ដើម្បីកំណើនបៃតង (Smar...
ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាវិធីប្រពៃណីផ្លូវការសំខាន់មួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតរបស់ប្រជាជាតិខ្មែរតាំងពីបុរាណរៀងមក។ ថ្វីត្បិតពិធីបុណ្យនេះមិនឃើញមានចែងច្បាស់ក្នុងគម្ពីរពុទ្ធសាសនាក៏ដោយ ក៏ពុទ្ធសាសនិកជនខ្...
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដ...