Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីតួនាទីសំខាន់៣ ដែលគ្រូបង្រៀនត្រូវប្រកាន់យកគឺ ក្នុងនាមជាអាចារ្យ ជាម្ដាយ និងក្នុងនាមជាមេដឹកនាំ ដើម្បីជំរុញប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ដើម្បីឱ្យការបណ្ដុះបណ្ដាលមួយមានប្រសិទ្ធភាពខ្ពស់ គ្រូបង្រៀនត្រូវច្របាច់បញ្ចូលតួនាទីសំខាន់ៗទាំង៣គឺ តួនាទីជាអាចារ្យ ជាម្ដាយ និងជាថ្នាក់ដឹកនាំ ដោយមិនអាចផ្ដោតតែទៅលើតួនាទីណាមួយតែឯងបាននោះឡើយ។ ក្នុងនាមជាគ្រូបង្រៀន ចាំបាច់ត្រូវតែដើរតួនាទីជាអាចារ្យ ជាបុគ្គលគម្រូសម្រាប់សិស្ស-និស្សិតយកតម្រាប់តាម ដោយគ្រូបង្រៀនគឺជាអ្នកកាត់តម្រឹមនូវចំណុចអវិជ្ជមាន តាមរយៈការចាក់បញ្ចូលនូវចំណេះដឹង និងតម្រង់ឥរិយាបថប្រកបដោយលក្ខណៈវិជ្ជមានទៅកាន់ពួកគេ។
សម្រាប់តួនាទីក្នុងនាមជាម្ដាយ គ្រូបង្រៀនត្រូវធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យទៅលើសមត្ថភាពរបស់អ្នកដែលទទួលការបណ្ដុះបណ្ដាល និងពិចារណាទៅលើហេតុផល និងការវិវត្តនៃការរៀនសូត្រជាក់ស្ដែងរបស់ពួកគេ ចៀសវាងការធ្វើបុរេវិនិច្ឆ័យទៅលើសិស្ស-និស្សិត។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា តួនាទីរបស់គ្រូបង្រៀនក្នុងនាមជាមេដឹកនាំ ផ្ដោតសំខាន់លើការប្រើប្រាស់ចិត្តសាស្ត្រអប់រំរបស់ខ្លួន តាមរយៈការជំរុញលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលមានសមត្ថភាពខ្សោយជាងគេនៅក្នុងថ្នាក់បង្រៀន និងទាញយកនូវសមិទ្ធការណ៍ដើម្បីបង្ហាញដល់សិស្ស-និស្សិតដទៃទៀត មើលឃើញអំពីលទ្ធផលជាក់ស្ដែងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែង។ បន្ថែមពីនេះ គ្រូបង្រៀនត្រូវផ្ដល់ចក្ខុវិស័យដល់អ្នកដែលទទួលការបណ្ដុះបណ្ដាល អំពីការរៀបចំអនាគត ដោយរំលេចពីភាពចាំបាច់នៃការសិក្សារៀនសូត្រ ដើម្បីបន្សល់នូវកេរដំណែល និងសមិទ្ធផលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅទៀត ធ្វើយ៉ាងណាអភិវឌ្ឍចំណេះដឹង និងវិធីសាស្ត្រក្នុងការបង្រៀនសិស្ស-និស្សិតឱ្យដើរទាន់ស្ថានភាពវិវត្តនៃសង្គមនាពេលបច្ចុប្បន្ន ដើម្បីបំពេញបន្ថែមពីលើខ្លឹមសារនៅក្នុងសៀវភៅសិក្សាដែលមានស្រាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
ប្រវត្តិសាស្ត្រយូរអង្វែង កម្ពុជាធ្លាប់ជាចក្រភពដ៏ធំនៅក្នុងតំបន់។ ក្រោយអាណាចក្រមហានគរ ចក្រភពមួយនេះ ប្រែទៅជាប្រទេសមួយដែលតូច ទន់ខ្សោយ និងក្រីក្រនៅក្នុងតំបន់ទៅវិញ។ ក្នុងប្រវត្តិសម័យទំនើប កម្ពុជាត្រូវបានគេស...
នាព្រឹកថ្ងៃអង្គារ ៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ៩ និង៣០នាទីព្រឹក នៅសាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា ប...
ថ្ងៃ៧មករា ត្រូវបានដាក់បញ្ចូលជាថ្ងៃបុណ្យជាតិ ហើយក្រសួង ស្ថាប័នទាំងរដ្ឋនិងឯកជនទូទៅ ត្រូវបានអនុញ្ញាតឱ្យឈប់សម្រាក១ថ្ងៃ។ ថ្ងៃឈប់សម្រាកនេះ គឺសម្រាប់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា ថ្ងៃនេះ គឺមិនមែនសម្រាប់តែជាក...
តាមការរំលឹកដល់អតីតកាលរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ន សំណាង បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ កម្ពុជា បានទទួលជោគជ័យលើករណីប្រាសាទព្រះវិហារដែលបានប្តឹងផ្ដល់ជាមួយប្រទេសសៀម ដែលទន្ទ្រានកាន់កាប់ប...
ភ្នំពេញ៖ បច្ចុប្បន្នក្នុងផ្នត់គំនិតប្រជាពលរដ្ឋកម្ពុជាភាគច្រើន មិនថាតែអ្នកនិយាយភាសាចិន ឬ ជាបញ្ញវន្តនោះទេ ច្រើនមានទស្សនបែបអវិជ្ជមាននៅពេលដែលវត្តមានជនជាតិចិន បានហូរចូលមកប្រទេសកម្ពុជា ក្នុងអំឡុងប៉ុន្មានឆ្...
ភ្នំពេញ៖ «ដើម្បីមានឥទ្ធិពលលើប្រទេសមួយ មហាអំណាចត្រូវតែផ្ដល់គុណតម្លៃដល់ប្រទេសនោះឱ្យកាន់តែច្រើន» នេះគឺជាប្រយោគមួយឃ្លាដែលទទួលបានការចាប់អារម្មណ៍ជាខ្លាំងនៅក្នុងអង្គបាឋកថាមួយ ស្ដីពី «រដ្ឋាភិបាលដើមស្រល់» ដែល...