Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសជាអធិបតីក្នុងសិក្ខាសាលាតាមប្រព័ន្ធអនឡាញ ស្ដីពី «ការបណ្ដុះបណ្ដាលគ្រូបង្រៀនភាសាចិនជាយុវជននៅកម្ពុជាប្រចាំឆ្នាំ២០២១» ដែលរៀបចំឡើងនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍គូសបញ្ជាក់អំពីតួនាទីសំខាន់៣ ដែលគ្រូបង្រៀនត្រូវប្រកាន់យកគឺ ក្នុងនាមជាអាចារ្យ ជាម្ដាយ និងក្នុងនាមជាមេដឹកនាំ ដើម្បីជំរុញប្រសិទ្ធភាពនៃការបណ្ដុះបណ្ដាលដល់មនុស្សជំនាន់ក្រោយ។
បើតាមឯកឧត្ដមបណ្ឌិតសភាចារ្យ ដើម្បីឱ្យការបណ្ដុះបណ្ដាលមួយមានប្រសិទ្ធភាពខ្ពស់ គ្រូបង្រៀនត្រូវច្របាច់បញ្ចូលតួនាទីសំខាន់ៗទាំង៣គឺ តួនាទីជាអាចារ្យ ជាម្ដាយ និងជាថ្នាក់ដឹកនាំ ដោយមិនអាចផ្ដោតតែទៅលើតួនាទីណាមួយតែឯងបាននោះឡើយ។ ក្នុងនាមជាគ្រូបង្រៀន ចាំបាច់ត្រូវតែដើរតួនាទីជាអាចារ្យ ជាបុគ្គលគម្រូសម្រាប់សិស្ស-និស្សិតយកតម្រាប់តាម ដោយគ្រូបង្រៀនគឺជាអ្នកកាត់តម្រឹមនូវចំណុចអវិជ្ជមាន តាមរយៈការចាក់បញ្ចូលនូវចំណេះដឹង និងតម្រង់ឥរិយាបថប្រកបដោយលក្ខណៈវិជ្ជមានទៅកាន់ពួកគេ។
សម្រាប់តួនាទីក្នុងនាមជាម្ដាយ គ្រូបង្រៀនត្រូវធ្វើការវាយតម្លៃប្រកបដោយសុភវិនិច្ឆ័យទៅលើសមត្ថភាពរបស់អ្នកដែលទទួលការបណ្ដុះបណ្ដាល និងពិចារណាទៅលើហេតុផល និងការវិវត្តនៃការរៀនសូត្រជាក់ស្ដែងរបស់ពួកគេ ចៀសវាងការធ្វើបុរេវិនិច្ឆ័យទៅលើសិស្ស-និស្សិត។
ឯកឧត្ដមបណ្ឌិតសភាចារ្យបានមានប្រសាសន៍គូសបញ្ជាក់បន្ថែមថា តួនាទីរបស់គ្រូបង្រៀនក្នុងនាមជាមេដឹកនាំ ផ្ដោតសំខាន់លើការប្រើប្រាស់ចិត្តសាស្ត្រអប់រំរបស់ខ្លួន តាមរយៈការជំរុញលើកទឹកចិត្តដល់សិស្ស-និស្សិត ដែលមានសមត្ថភាពខ្សោយជាងគេនៅក្នុងថ្នាក់បង្រៀន និងទាញយកនូវសមិទ្ធការណ៍ដើម្បីបង្ហាញដល់សិស្ស-និស្សិតដទៃទៀត មើលឃើញអំពីលទ្ធផលជាក់ស្ដែងដែលទទួលបានពីកិច្ចខិតខំប្រឹងប្រែង។ បន្ថែមពីនេះ គ្រូបង្រៀនត្រូវផ្ដល់ចក្ខុវិស័យដល់អ្នកដែលទទួលការបណ្ដុះបណ្ដាល អំពីការរៀបចំអនាគត ដោយរំលេចពីភាពចាំបាច់នៃការសិក្សារៀនសូត្រ ដើម្បីបន្សល់នូវកេរដំណែល និងសមិទ្ធផលសម្រាប់មនុស្សជំនាន់ក្រោយ។
ជាចុងក្រោយ ឯកឧត្ដមបណ្ឌិតសភាចារ្យបានលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ឱ្យខិតខំប្រឹងប្រែងក្នុងការសិក្សាស្រាវជ្រាវបន្ថែមទៅទៀត ធ្វើយ៉ាងណាអភិវឌ្ឍចំណេះដឹង និងវិធីសាស្ត្រក្នុងការបង្រៀនសិស្ស-និស្សិតឱ្យដើរទាន់ស្ថានភាពវិវត្តនៃសង្គមនាពេលបច្ចុប្បន្ន ដើម្បីបំពេញបន្ថែមពីលើខ្លឹមសារនៅក្នុងសៀវភៅសិក្សាដែលមានស្រាប់៕
RAC Media | លឹម សុវណ្ណរិទ្ធ
នៅព្រឹកនិងរសៀលថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្ស...
រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាស...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៃរាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកិច្ចប្រជុ...
រាជរដ្ឋាភិបាលតាមរយ:ទីស្តីការគណៈរដ្ឋមន្ត្រីបានអនុញ្ញាតមន្ត្រីថ្មីទាំង ១៧ នាក់នៃរាជបណ្ឌិត្យសភាកម្ពុជាដែលបានប្រឡងជាប់ជាស្ថាពរចូលបម្រើការងារនៅរាជបណ្ឌិត្យសភាកម្ពុជា ក្នុងក្របខណ្ឌទីស្ដីការគណៈរដ្ឋមន្ត្រ...
កាលពីរសៀលថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និ...