Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១ ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍអក្សរសាស្រ្តជាតិនៅពេលបច្ចុប្បន្ន។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរបានមានប្រសាសន៍ក្នុងបុព្វកថាឱ្យដឹងថា គោលបំណងនៃការរៀបចំវចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១ គឺដើម្បីបន្ស៊ីគ្នារវាងវចនានុក្រមនិងភាសាខ្មែរបច្ចុប្បន្ន។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតមានប្រសាសន៍ដូច្នេះ៖«ខ្ញុំបានសង្កេតឃើញថា វចនានុក្រមរៀបរៀបចំដោយសម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ (ភាគទី១នៅឆ្នាំ១៩៦៧ និងភាគទី២នៅឆ្នាំ១៩៦៨) មានអាយុកាលជាង៥០ឆ្នាំហើយ។ ដោយភាសាខ្មែរចេះតែវិវត្តមិនឈប់ឈរនោះ ការនិយាយស្តីក៏មានបម្រែបម្រួលគួរជាទីកត់សម្គាល់ហើយ ពាក្យថ្មីៗជាច្រើនសន្ធឹកសន្ធាប់ក៏ត្រូវបានប្រើប្រាស់លើសពីពាក្យដែលមានស្រាប់ក្នុងវចនានុក្រមរបស់ព្រះអង្គ; ដូច្នេះខ្ញុំគិតថា ការបន្ស៊ីគ្នារវាងវចនានុក្រមនិងភាសាខ្មែរបច្ចុប្បន្នជាការចាំបាច់ ដើម្បីបម្រើសេចក្តីត្រូវការនៅពេលបច្ចុប្បន្ន»។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តការខិតខំស្រាវជ្រាវយកគំនិតថ្មីៗបង្គ្រប់បន្ថែមទៀត ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរមានចំនួនសម្បូរបែប។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) ពិតជាបានរួមចំណែកជាមួយប្រជាជាតិខ្មែរនូវការអភិរក្សនិងអភិវឌ្ឍអក្សរសាស្ត្រជាតិព្រមទាំងធ្វើឱ្យមានភាពសម្បូរបែបនូវវចនានុក្រមខ្មែរ។
សូមជម្រាបជូនថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១នេះនឹងត្រូវដាក់ទៅជាវចនានុក្រមអេឡិកត្រូនិកផងដែរ៕
RAC MEDIA | រឿន ភារុន
....សូមចូលអានខ្លឹមសារបន្ថែមដោយទាញយកកាលិកបត្រ និងមានអត្ថបទជាច្រើនទៀត តាមរយៈគេហទំព័រផ្លូវការបស់រាជបណ្ឌិត្យសភាកម្ពុជាដូចខាងក្រោម៖http://rac.gov.kh/researchs-categories/12/researchs#main-container
បច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើនខ្លាំង សិស្សានុសិស្សមួយចំនួន មិនសូវមានការចាប់អារម្មណ៍ក្នុងការកាន់សៀវភៅទេ ដោយពួកគេចូលចិត្តកាន់ទូរសព្ទច្រើនជាង។ ការធ្វើអំណានសម្រាប់អ្នកសិក្សារៀនសូត្រ ជាការចាំបាច់...
ក្រោយពីសាធារណរដ្ឋប្រជាមានិតចិន ត្រូវបានបង្កើតនៅឆ្នាំ១៩៤៩ ប្រទេសនេះបានប្រកាន់យកនូវសេដ្ឋកិច្ចបែបផែនការ ដែលរដ្ឋគ្រប់គ្រងទៅលើសកម្មភាពសេដ្ឋកិច្ចទាំងអស់របស់ប្រទេស រហូតដល់ឆ្នាំ១៩៧៨ ដែលបិតាសេដ្ឋកិច្ចប្រទេសចិន...
រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរទៅអង្គការ (The Histo...