Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្រុមអ្នកអក្សរសាស្ត្រនិងសង្គមសាស្ត្រក្នុងគម្រោងបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនៅរាជបណ្ឌិត្យសភាកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញផ្សាយវចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១ ជាផ្លូវការ ដើម្បីលើកកម្ពស់ការអភិរក្សនិងអភិវឌ្ឍអក្សរសាស្រ្តជាតិនៅពេលបច្ចុប្បន្ន។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ ប្រធានកិត្តិយសឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរបានមានប្រសាសន៍ក្នុងបុព្វកថាឱ្យដឹងថា គោលបំណងនៃការរៀបចំវចនានុក្រមភាសាខ្មែរបច្ចុប្បន្នភាគទី១ គឺដើម្បីបន្ស៊ីគ្នារវាងវចនានុក្រមនិងភាសាខ្មែរបច្ចុប្បន្ន។
ឯកឧត្តមកិត្តិបរិរក្សបណ្ឌិតមានប្រសាសន៍ដូច្នេះ៖«ខ្ញុំបានសង្កេតឃើញថា វចនានុក្រមរៀបរៀបចំដោយសម្តេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពគ្រាទី៥ (ភាគទី១នៅឆ្នាំ១៩៦៧ និងភាគទី២នៅឆ្នាំ១៩៦៨) មានអាយុកាលជាង៥០ឆ្នាំហើយ។ ដោយភាសាខ្មែរចេះតែវិវត្តមិនឈប់ឈរនោះ ការនិយាយស្តីក៏មានបម្រែបម្រួលគួរជាទីកត់សម្គាល់ហើយ ពាក្យថ្មីៗជាច្រើនសន្ធឹកសន្ធាប់ក៏ត្រូវបានប្រើប្រាស់លើសពីពាក្យដែលមានស្រាប់ក្នុងវចនានុក្រមរបស់ព្រះអង្គ; ដូច្នេះខ្ញុំគិតថា ការបន្ស៊ីគ្នារវាងវចនានុក្រមនិងភាសាខ្មែរបច្ចុប្បន្នជាការចាំបាច់ ដើម្បីបម្រើសេចក្តីត្រូវការនៅពេលបច្ចុប្បន្ន»។
ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រុំ ម៉ល់ ប្រធានក្រុមការងារគម្រោងនៃបច្ចុប្បន្នកម្មវចនានុក្រមខ្មែរនិងជាសមាជិកពេញសិទ្ធិនៃរាជបណ្ឌិត្យសភាកម្ពុជាបានមានប្រសាសន៍ថា ក្រុមការងារនឹងបន្តការខិតខំស្រាវជ្រាវយកគំនិតថ្មីៗបង្គ្រប់បន្ថែមទៀត ដើម្បីធ្វើឱ្យវចនានុក្រមខ្មែរមានចំនួនសម្បូរបែប។
ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) ពិតជាបានរួមចំណែកជាមួយប្រជាជាតិខ្មែរនូវការអភិរក្សនិងអភិវឌ្ឍអក្សរសាស្ត្រជាតិព្រមទាំងធ្វើឱ្យមានភាពសម្បូរបែបនូវវចនានុក្រមខ្មែរ។
សូមជម្រាបជូនថា វចនានុក្រមភាសាខ្មែរបច្ចុប្បន្ន ភាគទី១ (ក-ន) បោះពុម្ពលើកទី១នេះនឹងត្រូវដាក់ទៅជាវចនានុក្រមអេឡិកត្រូនិកផងដែរ៕
RAC MEDIA | រឿន ភារុន
ថ្ងៃអង្គារ ៧រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបន្តដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ច...
ស្ថាបនិកប្រព័ន្ធសុខភាពសាធារណៈដំបូងគេបំផុតរបស់ពិភពលោកព្រះបាទជ័យវរ្ម័នទី៧ ដែលជាស្តេចខ្មែរមួយអង្គក្នុងចំណោមស្តេចខ្មែរដែលមានមហិច្ឆតាបំផុតនោះ គឺអ្នកកសាងដ៏អស្ចារ្យមួយអង្គ៖ ព្រះអង្គបានដាក់ព្រះរាជបញ្ជាឱ្យមានក...
ក្នុងគោលបំណងនៃការសម្របសម្រួលលើកិច្ចសហការស្រាវជ្រាវវិទ្យាសាស្ត្រ អប់រំ កសិកម្ម និងទេសចរណ៍ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យ អ៊ូប៊ុនរ៉ាឆាថានីរាជបាតនៃព្រះរាជាណាចក្រថៃ បានព្រមព្រៀងចុះអនុស្សរណៈយោគយល់...
ការងារជាអាទិភាពចំនួន៥ ដែលនឹងត្រូវបានដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីសម្រេចគោលដៅ ដោយសម្តចបានលើកឡើងថា ដើម្បីបន្តអភិវឌ្ឍទីក្រុងទូទាំងប្រទេសកម្ពុជា ជាទីក្រុងស្អាតបៃតង មានការអភិវឌ្ឍប្រកបដោយចីរភាព និងជា...
នៅក្នុងនិក្ខេបបទថ្នាក់បណ្ឌិតដែលមានចំណងជើងថា«ប្រទេសកម្ពុជានិងអាណានិគមកម្មបារាំង, ប្រវត្តិនៃអាណានិគមកម្មមួយដែលគ្មានការប៉ះទង្គិច» នោះ លោក Alain Forest បានសរសេរបន្តថា ការអំពាវនាវជ្រើសរើសទាហានស្ម័គ្រចិត្តទ...