Royal Academy of Cambodia
បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
នៅពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែងមានមោទនភាពចំពោះជាតិខ្លួនដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយនៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ណាអាចប្រមាថបាន។
បុព្វកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាពនេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ ថ្កុំថ្កើងរុងរឿង កិត្យានុភាពខ្ពង់ខ្ពស់ ភ្លឺចែងចាំង ដូចពេជ្រពណ្ណរាយ»។
សម័យអង្គរដ៏រុងរឿង ត្រូវបានចាត់ទុកជាយុគមាសនៃប្រវត្តិសាស្ត្រខ្មែរ។ បុព្វបុរសខ្មែរសម័យនោះ បានកសាងមហាប្រាសាទសិលារាប់ពាន់ដែលរាយប៉ាយពាសពេញផ្ទៃប្រទេស និងក៏មាននៅក្នុងប្រទេសជិតខាងនាពេលបច្ចុប្បន្ននេះផងដែរ។ ប្រជារាស្ត្រខ្មែរនិងអ្នកដឹកនាំរបស់ខ្លួនតែងតែមានមោទនភាពចំពោះកេរដំណែលដ៏មហស្ចារ្យទាំងនោះ ដែលបន្សល់ទុករហូតមកដល់សព្វថ្ងៃ ហើយក៏បានទទួលផលប្រយោជន៍ដ៏មហាសាលពីកេរដំណែលដ៏មហស្ចារ្យទាំងនោះដែរ។
ទោះបីកម្ពុជាមានការផ្លាស់ប្តូររបបនយោបាយជាច្រើនលើកច្រើនសាក៏ដោយ ក៏មហាប្រាសាទអង្គរវត្តនៅតែជាប្រភពនៃក្តីមោទនភាពខ្ពស់បំផុតរបស់ប្រជាជាតិខ្មែរ និងត្រូវបានប្រតិដ្ឋនៅចំកណ្តាលផ្ទៃទង់ជាតិខ្មែរតាំងពីឆ្នាំ១៩៤៧មក។
រយៈពេល ១០០០ឆ្នាំក្រោយមក ក្តីមោទនភាពត្រូវជំនួសដោយការឈឺចាប់និងការស្តាយស្រណោះរកទីបំផុតគ្មាន។ នោះមិនទាន់គិតទៅដល់រយៈពេល ១០០០ឆ្នាំ ទៅមុខទៀតផង។ ក្រោយការដួលរលំនៃសម័យអង្គរ ចក្រភពខ្មែរបានចុះខ្សោយជាលំដាប់ ទឹកដីបានរួញតូចបន្តិចម្តងៗស្ទើរតែបាត់ពីផែនទីពិភពលោក។ ប្រទេសជាតិបានជួបប្រទះតែចម្បាំងរាំងជល់គ្មានស្បើយ ចម្បាំងផ្ទៃក្នុងផង និងចម្បាំងជាមួយបរទេសឈ្លានពានផង។
ការណ៍នេះ បានធ្វើឱ្យកម្ពុជា ដែលជាចក្រភពដ៏ខ្លាំងពូកែមួយ ធ្លាក់ខ្លួនជារដ្ឋស្ថិតក្រោមអាណានិគមផ្លាស់វេននៃរដ្ឋក្បែរខាងដែលកកើតក្រោយខ្លួនជាង ១០០០ឆ្នាំ។ ទឹកដីជាច្រើនត្រូវបានបាត់បង់ទៅប្រទេសក្បែរខាងទាំងនោះ ជាក់ស្តែង ដែនដីខ្មែរលើរាប់សិបខេត្ត បានធ្លាក់ទៅប្រទេសថៃ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង បានធ្លាក់ទៅប្រទេសវៀតណាម និងមួយផ្នែកទៀត ក៏បានធ្លាក់ទៅប្រទេសឡាវផងដែរ។
បន្ទាប់ពីរំដោះខ្លួនចេញពីអាណានិគមផ្លាស់វេននៃរដ្ឋក្បែរខាង កម្ពុជាធ្លាក់ខ្លួនស្ថិតក្រោមអាណានិគមបារាំងជិតមួយសតវត្សរ៍ទៀត។ ការតស៊ូរំដោះខ្លួនចេញពីនឹមអាណានិគមបារាំង ត្រូវចំណាយពេលអស់រាប់ទសវត្សរ៍ទម្រាំទទួលបានឯករាជ្យពេញលេញនៅឆ្នាំ១៩៥៣។ ក្រោយទទួលបានឯករាជ្យ កម្ពុជាបានក្លាយជាកោះសន្តិភាព តែមិនយូរប៉ុន្មាន កម្ពុជាបានរអិលខ្លួនធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាងពីរទសវត្សរ៍ទៀត។ រហូតដល់ចុងឆ្នាំ១៩៩៨ ទើបកម្ពុជាមានសន្តិភាពពេញលេញ។
នៅពេលនិយាយពីអតីតកាលនៃចក្រភពខ្មែរនិងអារ្យធម៌អង្គរដ៏បវរ ប្រជារាស្ត្រខ្មែរគ្រប់រូបពិតជាមានមោទនភាពចំពោះប្រវត្តិសាស្ត្រនិងបុព្វបុរសខ្លួនណាស់។ ប៉ុន្តែ នៅពេលនិយាយពីសោកនាដកម្មពីអតីតកាលនិងទឹកដីដែលបាត់បង់ទៅ ប្រជារាស្ត្រខ្មែរគ្រប់រូបមានការស្តាយស្រណោះរកទីបំផុតគ្មាន និងមានការឈឺចាប់យ៉ាងខ្លាំងប្រៀបដូចជាគេយកកាំបិតទៅចាក់ទម្លុះបេះដូងដូច្នោះដែរ។
ប៉ុន្តែ បើត្រឹមតែមោទនភាព ឈឺចាប់ និងស្តាយស្រណោះនោះ គឺមិនគ្រប់គ្រាន់ទេ។ ជំនួសឱ្យការឈឺចាប់និងការស្តាយស្រណោះ ប្រជារាស្ត្រខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ត្រូវតែអនុវត្តនូវការប្តេជ្ញាចិត្តរបស់យើងដែលបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញរបស់យើងគឺ «ភ្ញាក់រលឹក ក្រោកឈរឡើង ចងបាច់ឆន្ទៈមោះមុត ប្ដូរផ្ដាច់ រួបរួមគ្នាពង្រឹងឯកភាពជាតិ រក្សា ការពារ ទឹកដីកម្ពុជាអធិបតេយ្យថ្លៃថ្លា និងអារ្យធម៌អង្គរដ៏បវរ»។
ពេលសម្លឹងទៅអតីតកាលជាង ១០០០ឆ្នាំមុន យើងមានមោទនភាពលាយឡំជាមួយការឈឺចាប់ និងការស្តាយស្រណោះ។ ប៉ុន្តែ តើយើងបានគិតបែបណានិងធ្វើបែបណា ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើង សម្រាប់រយៈពេល ១០០០ឆ្នាំទៅមុខទៀត?
ក្នុងន័យនេះ យើងទាំងអស់គ្នា ត្រូវតែខិតខំប្រឹងប្រែង ឧស្សាហ៍ព្យាយាមឡើង យើងមិនអាចដេករង់ចាំព្រេងសំណាងបានទេ។ យើងទាំងអស់គ្នាត្រូវតែមានការទទួលខុសត្រូវទៅតាមតួនាទីរៀងៗខ្លួន មិនថា កសិករ កម្មករ សិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ សាស្ត្រាចារ្យ គ្រូបង្រៀន កងទ័ព នគរបាល អ្នកនយោបាយ តុលាការ ព្រះសង្ឃ ឬអ្នកជំនួញ។ល។
កសិករត្រូវតែខិតខំបង្កបង្កើនផល ដាំដុះ ចិញ្ចឹមសត្វ, កម្មករត្រូវតែស្វាហាប់នឹងការងារ
សិស្ស-និស្សិតត្រូវតែខិតខំរៀនសូត្រឱ្យខ្លាំងឡើងសក្តិសមជាសសរទ្រូងជាតិ, បញ្ញវន្តត្រូវតែខិតខំសិក្សា ស្រាវជ្រាវ បោះពុម្ព ផ្សព្វផ្សាយ, មន្ត្រីរាជការត្រូវតែខិតខំបម្រើរាស្ត្រប្រកបដោយមនសិការជាតិនិងក្រមសីលធម៌វិជ្ជាជីវៈ។
ដោយឡែក សាស្ត្រាចារ្យ គ្រូបង្រៀន ត្រូវតែខិតខំបង្រៀនសិស្ស និស្សិតឱ្យមានសមត្ថភាព ផលិតភាព នវានុវត្តភាព គុណធម៌ និងមនសិការជាតិ, កងទ័ពត្រូវតែស្មោះត្រង់នឹងជាតិក្លាហាន តស៊ូប្តូរផ្តាច់ក្នុងបុព្វហេតុការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី, នគរបាលត្រូវតែប្តេជ្ញារក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សង្គមឱ្យបានល្អប្រសើរ។
អ្នកនយោបាយត្រូវតែគិតឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំ ត្រូវគិតដល់អ្នកជំនាន់ក្រោយ សូមកុំគិតតែពីការបោះឆ្នោតអាណត្តិក្រោយ, តុលាការត្រូវតែរក្សាយុត្តិធម៌ជូនប្រជារាស្ត្រ, ព្រះសង្ឃត្រូវតែខិតខំអប់រំសីលធម៌សង្គម រីឯអ្នកជំនួញត្រូវតែមានក្រមសីលធម៌ និងគិតគូរដល់បរិស្ថាននិងភពផែនដី ហើយសមាសភាពសង្គមដទៃទៀត ត្រូវតែខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយមនសិការជាតិនិងការទទួលខុសត្រូវខ្ពស់បំផុត។
យើងអ្នកជំនាន់នេះ ជាបុព្វបុរសនៃកូនចៅយើងជំនាន់ក្រោយ។ តើយើងចង់ឱ្យកូនចៅយើងចារឈ្មោះយើងបែបណា? កូនចៅយើងជំនាន់ក្រោយរបស់យើង នឹងចារឈ្មោះយើងបែបណានាពេលអនាគតនោះ គឺអាស្រ័យលើសកម្មភាពនិងស្នាដៃបច្ចុប្បន្នរបស់យើង។
យើងជាអ្នកជំនាន់ក្រោយនៃបុព្វបុរសរបស់យើង យើងបានទទួលកេរដំណែលដ៏មហាសាលពីបុព្វរសយើង គឺមហាប្រាសាទសិលារាប់ពាន់ជាឧទាហរណ៍ស្រាប់, តើយើងអ្នកជំនាន់នេះ នឹងបន្សល់ទុកនូវកេរដំណែលអ្វីសម្រាប់អ្នកជំនាន់ក្រោយ? នោះគឺអាស្រ័យលើការខិតខំរបស់យើងទាំងអស់គ្នាហើយនាពេលនេះ។ យើងត្រូវតែបង្កើតមោទនភាពនិងបន្សល់ទុកនូវកេដំណែលសម្រាប់កូនចៅយើងជំនាន់ក្រោយដូចដែលបុព្វបុរសយើងបន្សល់ទុកឱ្យយើងដូច្នោះដែរ។
ទន្ទឹមនឹងនេះ យើងទាំងអស់គ្នាក៏ត្រូវតែយល់ឱ្យច្បាស់ពីសភាពការណ៍ពិភពលោក ពីភូមិសាស្ត្រនយោបាយ និងយុទ្ធសាស្ត្ររបស់ពួកមហាអំណាច ថាពួកគេកំពុងគិតអ្វី? គេទៅណា? គេកំពុងធ្វើអ្វី? គេចង់បានអ្វី? គេប្រើយុទ្ធសាស្ត្រនិងយុទ្ធវិធីអ្វី? ហើយប្រទេសយើងជាប្រទេសតូច គួររៀបចំខ្លួនបែបណា?
យើងទាំងអស់គ្នាជាជនជាតិខ្មែរ ត្រូវតែមានស្មារតីភ្ញាក់រឭកខ្ពស់ កុំឱ្យរាំខុសចង្វាក់ កុំលោតខុសក្រឡាតាមខ្សែញាក់របស់មហាអំណាច។ ប្រទេសយើងធ្លាប់ជាជនរងគ្រោះនិងធ្លាប់ទទួលរងសោកនាដកម្មរាប់មិនអស់ ដោយសារការរត់ប្រណាំងមនោគមវិជ្ជារបស់មហាអំណាច និងដោយសារតែការរាំខុសចង្វាក់ និងការលោតខុសក្រឡារបស់អ្នកនយោបាយពីអតីតកាល។ យើងមិនគួរដើរជាន់ដានប្រវត្តិសាស្ត្រទៀតទេ។ គ្មានប្រទេសណាគេស្រឡាញ់ជាតិយើង ជាងយើងស្រឡាញ់ជាតិយើងនោះទេ។
បើជាតិយើងខ្សោយ យើងមិនអាចទៅសំពះសុំសន្តិភាពពីនរណាបានទេ។ បើជាតិយើងខ្សោយ កុំនិយាយពីឯករាជ្យនិងអព្យាក្រឹត្យ សូម្បីតែយើងសុំរស់នៅដោយស្ងប់សុខដោយមិនទៅរំខានជាតិសាសន៍ណា ក៏មិនប្រាកដថា គេឱ្យជាតិយើងបានសុខនោះដែរ។ ដូច្នេះ មានតែយើងខិតខំប្រឹងប្រែងធ្វើឱ្យជាតិខ្លាំងនោះទេ ទើបជាតិយើងអាចគេចផុតពីការប្រមាថពីជាតិសាសន៍ដទៃបាន។ យើងត្រូវតែខិតខំប្រឹងប្រែងឱ្យខ្លាំង ដើម្បីអត្ថិភាព វឌ្ឍនភាព និងវិបុលភាពជាតិយើងទាំងបច្ចុប្បន្ននិងទៅអនាគត។
ដើម្បីឱ្យជាតិយើងខ្លាំង យើងត្រូវតែធ្វើឱ្យធនធានមនុស្សយើងខ្លាំង, ច្បាប់យើងខ្លាំង,ប្រព័ន្ធនយោបាយយើងខ្លាំង, សេដ្ឋកិច្ចយើងខ្លាំង, ខឿនការពារជាតិយើងខ្លាំង, សាមគ្គីភាព ឯកភាព និងមោទនភាពជាតិយើងខ្លាំង, ការទូតយើងខ្លាំង, ប្រព័ន្ធយុត្តិធម៌សង្គមយើងខ្លាំង និងសន្តិភាពយើងរឹងមាំ, នោះជាតិយើងនឹងខ្លាំង គឺខ្លាំងយូរអង្វែង មិនមែនខ្លាំងតែមួយពេលៗ៕
ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា
(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)
នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី១០ ឆ្នាំ២០២៣ ស្ដីពី«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម លើប្រធានបទស្ដ...
ចំណងមេត្រីភាព កម្ពុជា-ចិន ចាប់ផ្តើមពីអ្នកដឹកនាំជំនាន់មុនបន្តពូនផ្តុំដោយអ្នកជំនាន់ក្រោយ វាបានក្លាយជាសម្ព័ន្ធមេត្រីមិត្តភាពដែកថែប និងស្ថិតលើវិធីរួមឆ្ពោះទៅកសាងសហគមន៍ជោគវាសនារួមគ្នា ហើយចិន និងកម្ពុជា តែងត...
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា មានរៀបចំពិធីសំណេះ សំណាល និងតម្រង់ទិសការងារដល់គ្រូបង្រៀនជនជាតិចិន សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ ពិធីនេះធ្វើឡើង ក្នុងគោលបំ...
ក្នុងអត្ថបទស្រាវជ្រាវនេះ យើងខ្ញុំសិក្សាអំពីទ្រឹស្ដីដេរីវេលំដាប់ខ្ពស់នៃអនុគមន៍ដូចជា ដេរីវេទី២ ដេរីវេបន្តបន្ទាប់ ដេរីវេនៃអនុគមន៍ប៉ារ៉ាម៉ែត្រ និង ដេរីវេទី n នៃអនុគមន៍។ យើងមានការបញ្ចូលនិយមន័យនៃដេរីវេ...
បាយខុំជាប្រភេទល្បែងមួយក្នុងចំណោម ប្រភេទល្បែងប្រជាប្រិយខ្មែរ (khmer popular game) ដែលយើងធ្លាប់បានដឹងនិងចូលរួមលេងជាទម្លាប់ហូរហែមកហើយដូចជា ល្បែងបោះអង្គញ់ ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ គ្របមាន់ ជាដើម។...
ជំនឿអរូបិយឬអបិយជំនឿ គឺជាជំនឿ ឥតរូប,មានតែជំនឿមានតែឈ្មោះឬពាក្យហៅ ប៉ុន្តែឥតរូបទេ។ អបិយជំនឿ ដូចគ្នានឹង ពាក្យ អរូបធម៌ឬនាមធម៌ (អ្វីៗដែលមានតែនាមឥតរូប), អរូបនាម (នាមសព្ទដែលឥតរូប ដូចជា ចិត្ត,វិញ្ញាណ,វេទនា,សញ...