ព័ត៌មាន

បទវិភាគ៖ «វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួនបន្ថែមទម្ងន់នៃការឈឺចាប់ដល់ប្រជាជនខ្មែរទៀតទេ»

2021-06-13 04:48:24 ថ្ងៃអាទិត្យ, 13 មិថុនា 2021 ម៉ោង 11:48 AM
អ្នកមើល 4630
post_detail

បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា

កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីជូនដំណឹងមួយ ដែលតម្រូវឱ្យមានការរុះរើឬចល័តចេញជាបន្ទាន់នូវបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញដោយទុករយៈពេល ០១សប្ដាហ៍។

សេចក្តីជូនដំណឹងដដែលនេះបានបញ្ជាក់ផងដែរថា បើសិនផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ។ ក្នុងករណីរឹងរូស អាជ្ញាធរ​មូលដ្ឋាននិងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។

ក្នុងយុត្តិកម្មនៃចំណាត់ការរបស់ខ្លួន រដ្ឋបាលរាជធានីភ្នំពេញបានលើកឡើងថា បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់អនាធិបតេយ្យទាំងនោះ បង្កឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ ផ្លូវនាវាចរណ៍ ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរបង់ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពពលរដ្ឋដែលប្រើប្រាស់ទឹកនោះផងដែរ។

ចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញ បានទទួលការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈនិងគ្រប់និន្នាការនយោបាយ។ ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋខ្មែរជំរុញឱ្យអាជ្ញាធររាជធានីភ្នំពេញអនុវត្តឱ្យបានម៉ឺងម៉ាត់និងមានប្រសិទ្ធភាពបំផុត ដោយមិនគួរអនុញ្ញាតឱ្យមានការតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេសកម្ពុជាតទៅទៀតនោះទេ។

អ្វីដែលកាន់តែធ្ងន់ធ្ងរនោះបំផុត ទឹកដែលថ្នាក់ដឹកនាំនិងប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញប្រើប្រាស់ គឺជាទឹកដែលអ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះបន្ទោរបង់ដាក់ជារៀងរាល់ថ្ងៃ។

ប៉ុន្តែអ្វីដែលធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្រឡាំងកាំងនិងនឹកហួសចិត្តគ្រប់គ្នានោះ គឺវោហារសាស្ត្ររបស់ឯកអគ្គរដ្ឋទូត​ដែលជិតផុតអាណត្តិរបស់វៀតណាមប្រចាំកម្ពុជា លោក វូ ក្វាងមិញ ដែលបានថ្លែងប្រតិកម្មចំពោះវិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញ។

នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ តាមរយៈហ្វេសប៊ុករបស់ខ្លួន លោក វូ ក្វាងមិញ បានអះអាងថា ចំណាត់ការរបស់​រដ្ឋបាលរាជធានីភ្នំពេញ ឱ្យប្រជាជនដែលជាម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេចាកចេញពីផ្ទៃទឹកនៅរាជធានីភ្នំពេញឱ្យអស់ក្នុងរយៈពេល១សប្តាហ៍ ដោយឱ្យសំណង់ទាំងនោះ​ចាកចេញពីផ្ទៃទឹក គឺលឿនពេកនិងមិនអាចអនុវត្តបានឡើយ។

លោក វូ ក្វាងមិញ និងប្រធានសមាគមវៀតណាមនៅកម្ពុជា បានចុះទៅជួបផ្ទាល់អ្នកតាំងទីលំនៅតាមដងទន្លេ​ដែលត្រូវឱ្យរុះរើចេញនោះ។ វិទ្យុសំឡេងវៀតណាមនិងទូរទស្សន៍ប៉ុស្តិ៍លេខ៤វៀតណាម ដែលបានចូលរួមយកព័ត៌មានដែរនោះ បានធ្វើសេចក្តីរាយការណ៍ថា

អ្នករស់លើទឹកគឺភាគច្រើនជាប្រជាជនដែលមានដើមកំណើតវៀតណាម ដែលមានប្រហែល ១ ០០០ គ្រួសារ ។

វោហារសាស្ត្ររបស់លោកទូតវៀតណាមបានធ្វើឱ្យប្រពលរដ្ឋកម្ពុជាចោទជាសំណួរថា តើរដ្ឋបាលរាជធានីភ្នំពេញស្ថិតក្រោមរដ្ឋាភិបាលក្រុងហាណូយឬរដ្ឋាភិបាលក្រុងភ្នំពេញ ទើបលោកទូតមានប្រតិកម្មបែបនេះ? កម្ពុជា ជារដ្ឋឯករាជ្យនិងអធិបតេយ្យ មានសិទ្ធិផ្តាច់មុខលើអធិបតេយ្យផ្ទៃក្នុងក៏ដូចអធិបតេយ្យខាងក្រៅរបស់ខ្លួន គឺមិនស្ថិតក្រោមចំណុះរបស់រដ្ឋបរទេសណាមួយនោះឡើយ។

ការអនុវត្តនូវវិធានផ្ទៃក្នុងឬច្បាប់ផ្ទៃក្នុងរបស់កម្ពុជា ក៏ដូចជាការកំណត់នយោបាយក្រៅប្រទេសរបស់កម្ពុជា ជាសិទ្ធិផ្តាច់មុខរបស់កម្ពុជា ដែលរដ្ឋបរទេសគ្មានសិទ្ធិមកលូកលាន់បានទេ។ ជាក់ស្តែង ចំណាត់ការរបស់រដ្ឋបាល​រាជធានីភ្នំពេញ គឺជាកិច្ចការផ្ទៃក្នុងរបស់កម្ពុជាសុទ្ធសាធ គ្មានពាក់ព័ន្ធអ្វីបន្តិចណាសោះជាមួយ​វៀតណាម។ វោហារសាស្ត្ររបស់លោកទូតរូបនេះជាការប្រមាថយ៉ាងធ្ងន់ធ្ងរចំពោះឯករាជ្យនិងអធិបតេយ្យរបស់កម្ពុជា។

បើលោកទូតទទួលស្គាល់ថា អ្នកតាំងទីលំនៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យតាមដងទន្លេទាំងនោះ ជាជនជាតិវៀតណាម អ្វីដែលលោកទូតអាចធ្វើបាន គឺរៀបចំធ្វើមាតុភូមិនិវត្តន៍ពួកគេឱ្យទៅកាន់ប្រទេស​វៀតណាម​វិញ ដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់វៀតណាមផង និងបង្ហាញពីការគោរពដល់តម្លៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំងពីរផង។ លោកទូតមិនគួរធ្វើអត្ថាធិប្បាយដែលនាំឱ្យខូចខាតដល់មិត្តភាពនិងធ្វើឈឺចាប់ដល់បេះដូងប្រជាពលរដ្ឋខ្មែរនោះទេ។

វោហារសាស្ត្ររបស់លោកទូតហាក់បង្កប់នូវភាពពិសពុល ដែលធ្វើឱ្យប្រជាជាតិខ្មែរបែកបាក់ បង្កើតគម្លាតនៃទំនុកចិត្តរវាងប្រជាពលរដ្ឋកម្ពុជានិងរាជរដ្ឋាភិបាលរបស់ខ្លួន ក្នុងន័យបង្កប់មួយថា រាជរដ្ឋាភិបាលកម្ពុជាស្ថិតក្រោមបង្គាប់វៀតណាម​ឬ​អាយ៉ង​វៀតណាម ដែលធ្វើឱ្យប្រជាពលរដ្ឋស្អប់រាជរដ្ឋាភិបាលខ្លួនឯង។ ជាការណ៍ពិត រាជរដ្ឋាភិបាលកម្ពុជាមិនស្ថិតក្រោមបង្គាប់​នៃ​រដ្ឋ​បរទេស​ណាមួយ​នោះទេ។ រាជរដ្ឋាភិបាលកម្ពុជាយកប្រជាជនកម្ពុជាធ្វើជាម្ចាស់ អ្វីៗដើម្បីបុព្វហេតុ​នៃ​ឧត្តម​ប្រយោជន៍​ជាតិ​និងប្រជាជនកម្ពុជា។

គ្រប់ពេលវេលា គ្រប់ទីកន្លែង និងគ្រប់ជំនួបរវាងថ្នាក់ដឹកនាំកម្ពុជានិងវៀតណាមគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័ន​នីតិបញ្ញត្តិ ទាំងស្ថាប័ននីតិប្រតិបត្តិ ព្រមទាំងអ្នកការទូត វៀតណាមតែងតែស្នើសុំឱ្យអាជ្ញាធរកម្ពុជាផ្តល់​ភាពស្របច្បាប់និងបង្កលក្ខណៈងាយស្រួលដល់ជនជាតិវៀតណាមដែលមកតាំងទីលំនៅនៅកម្ពុជា។ ពួកគេមិន​ដែលពិភាក្សាពីលទ្ធភាពធ្វើមាតុភូមិនិវត្តន៍ជនអន្តោប្រវេសន៍ទាំងនោះឱ្យទៅរស់នៅប្រទេសវៀតណាមខ្លួន​ឯងវិញនោះទេ។

ជាក់ស្តែង ក្នុងជំនួបជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន នៅឯកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន-ចិន នៅទីក្រុងឆុងឈីង ប្រទេសចិន លោក បួយ ថាញ់សឺន រដ្ឋមន្ត្រី​ការបរទេសវៀតណាម បានស្នើឱ្យកម្ពុជាបន្តដោះស្រាយពីភាពស្របច្បាប់ជូនពលរដ្ឋដើមកំណើតវៀតណាម និង​បានស្នើឱ្យអាជ្ញាធរកម្ពុជា ធានាពីផលប្រយោជន៍និងសុខុមាលភាពដល់ពលរដ្ឋដើមកំណើតវៀតណាមផង​ដែរ ក្នុងដំណាក់កាលដែលកម្ពុជាកំពុងអនុវត្តគោលនយោបាយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ច។

ពាក់ព័ន្ធនឹងចំណាត់ការរបស់រដ្ឋបាលរាជធានីភ្នំពេញនោះដែរ លោកស្រី Lê Thị Thu Hằng អ្នកនាំពាក្យក្រសួងការបរទេស​វៀតណាម ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក៏បានរំលឹកពីការស្នើសុំរបស់រដ្ឋមន្ត្រីខ្លួនទៅកាន់ភាគីកម្ពុជា មានផែនទីបង្ហាញផ្លូវសមស្របសម្រាប់សហគមន៍ពលរដ្ឋដើមកំណើត​វៀតណាម ដើម្បីធានាបាននូវសិទ្ធិ និងសុខុមាលភាពពេញលេញ។ ស្ត្រីអ្នកនាំពាក្យរូបនោះ បានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងថ្មីសម្រាប់ពលរដ្ឋដើមកំណើតវៀតណាមត្រូវឈរលើហេតុផលអាចទទួលយកបានជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ធចាំបាច់ ដែលធានាឱ្យជីវិតរបស់ពួកគេមានស្ថិរភាព និងការគាំទ្រសុខុមាលពីសង្គម។

ទន្ទឹមនឹងនោះដែរ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១ លោក ស៊ឹម ជី ប្រធានសមាគមវៀតណាមបាននិយាយថា សមាគមរបស់លោកបានដាក់លិខិតទៅកាន់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានស្នើសុំបីចំណុចគឺទីមួយ ស្នើសុំពន្យារពេលសមស្របបំផុតដើម្បីផ្លាស់ប្តូរទីតាំង, ទីពីរ ស្នើសុំឱ្យរដ្ឋបាលរាជធានីភ្នំពេញរកទីតាំងថ្មី ដែលពួកគេអាចចិញ្ចឹមបែត្រីបាន និងទីបី ស្នើឱ្យមានថវិកាដើម្បីជួយផ្គត់ផ្គង់ឱ្យពួកគេមានលទ្ធភាពនៅពេលចេញទៅ។

នេះជាការស្នើមួយដែលមានការគិតគូរខ្ពស់សម្រាប់ជនជាតិវៀតណាមទាំងនោះ។ សំណួរសួរថា តើរដ្ឋបាល​រាជធានី​​ភ្នំពេញអាចដោះស្រាយសំណើនោះបានដែរទេ? ទោះដោះស្រាយបានឬមិនបាន រដ្ឋបាលរាជធានីភ្នំពេញ​ហាក់​កំពុងប្រឈមនឹងទ្វេគ្រោះ។ បើរដ្ឋបាលរាជធានីភ្នំពេញអាចដោះស្រាយសំណើរបស់ពួកគេបាន បញ្ហាពីរនឹង​ចោទឡើង ទីមួយ គឺមានន័យថា រដ្ឋបាលរាជធានីភ្នំពេញទទួលស្គាល់ជនអន្តោប្រវេសន៍ខុសច្បាស់​វៀតណាម​ឱ្យតាំងទីលំនៅនៅកម្ពុជា និងអាចត្រូវបានចោទប្រកាន់ថា ស្តាប់បង្គាប់​វៀតណាម និងទីពីរ សំណួរជាច្រើន​នឹងលេចចេញពីមាត់ប្រជាពលរដ្ឋខ្មែរ ដែលត្រូវ​បាន​តម្រូវ​ឱ្យ​ផ្លាស់ទី​ដូចគ្នាក្រោមផែនការអភិវឌ្ឍន៍ តើរដ្ឋបាលរាជធានីភ្នំពេញ​មានបានដោះស្រាយ​សំណើបី​យ៉ាង​ដូចខាងលើ​ជូនពួកគេដោយសមរម្យដែរឬទេ?

ប៉ុន្តែ បើរដ្ឋបាលរាជធានីភ្នំពេញមិនអាចដោះស្រាយបាន តើរដ្ឋបាលរាជធានីភ្នំពេញនឹងអនុវត្តច្បាប់ចំពោះពួកគេ​ដោយរបៀបណា? តើពួកគេនឹងទៅរស់នៅទីណា? ឬគ្រាន់តែចេញពីទន្លេខ្មែរមួយទៅកាន់ទន្លេខ្មែរមួយទៀត​ដដែល? ឬចេញពីដីខ្មែរមួយកន្លែងទៅនៅដីខ្មែរមួយកន្លែងទៀត? ឬចេញពីកណ្តាលប្រទេសទៅរស់នៅតំបន់ព្រំដែន? តើច្បាប់អន្តោប្រវេសន៍អាចត្រូវបានអនុវត្តដែរឬទេ? ទាំងនេះសុទ្ធតែជាសំណួរដែលស្មុគស្មាញពិបាករកចម្លើយ។ តាមពិត អាជ្ញាធរភ្នំពេញ បានដាក់ឱសានវាទត្រឹមថ្ងៃទី៩ ខែមិថុនា ប៉ុន្តែក្រោយមក បានសម្រេចពន្យារពេលបន្ថែមទៀតរហូតដល់ថ្ងៃទី១២ ខែមិថុនា។

មែនទែនទៅ ថ្វីបើកម្ពុជាជារដ្ឋតូច ប៉ុន្តែមានបេះដូងធំទូលំទូលាយ, កម្ពុជាតែងគោរពនិងផ្តល់តម្លៃចំពោះមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង ក៏ដូចជាបណ្ដាប្រទេសនានាលើសាកលលោក។ កម្ពុជា​ពោរពេញដោយបេះដូងមនុស្សធម៌និងគោរពនូវគុណធម៌ជាប់ជានិច្ច។ ដូចឃើញស្រាប់ហើយ នៅគ្រប់រាជធានីខេត្តនៃប្រទេសកម្ពុជា សុទ្ធតែមានសមាគមវៀតណាម, តើមានដូចគ្នាទេ សមាគមកម្ពុជានៅប្រទេសវៀតណាម?

កម្ពុជាពិតជាទទួលស្គាល់វៀតណាមក្នុងការចូលរួមជួយរំដោះប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ជាការឆ្លើយតប ស្តូបអនុស្សាវរីយ៍កម្ពុជា-វៀតណាម ត្រូវបានអនុញ្ញាតឱ្យសាងសង់ស្ទើរគ្រប់រាជធានី ខេត្ត​នៃប្រទេកម្ពុជា, តើមានស្តូបអនុស្សាវរីយ៍ដូចគ្នានេះនៅវៀតណាមដែរឬទេ?

តើវៀតណាមមានធ្លាប់បានរំឭកគុណកម្ពុជាដែលបានរួមចំណែកក្នុងបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាមដែរឬទេ? ការជួយរបស់កម្ពុជាដើម្បីបុព្វហេតុបង្រួបប្រងួមទឹកដីវៀតណាម បានធ្វើឱ្យសហរដ្ឋអាម៉េរិកទម្លាក់គ្រាប់បែករាប់លានតោននៅលើទឹកដីកម្ពុជា និងបានធ្វើឱ្យប្រជាជនកម្ពុជាស្លាប់និងរងរបួសរាប់សែននាក់, ស្លាកស្នាមផ្លូវលំហូជីមិញឆ្លងកាត់ប្រទេសកម្ពុជាមិនទាន់រលុបនៅឡើយទេ, តើនេះជាគុណដែលវៀតណាមគួររំឭកដែរឬទេ? ប្រជាជនកម្ពុជាហាក់មានអារម្មណ៍ចាញ់ប្រៀបវៀតណាមខ្លាំងណាស់។ ប្រជាជន កម្មាភិបាល និងថ្នាក់ដឹកនាំវៀតណាម គួរគិតដល់តម្លៃនៃទំនាក់ទំនងនិងមិត្តភាពក្នុងភាពជាអ្នកជិតខាងល្អ មិនគួរចាក់ទឹកត្រីទៅលើស្នាមរបួសដែលនាំឱ្យមានការឈឺចាប់បន្ថែមនោះទេ។

ក្នុងប្រវត្តិសាស្ត្រ កម្ពុជាបានបាត់បង់ទឹកដីច្រើនណាស់ទៅហើយទៅប្រទេសវៀតណាម។ ដែនដីកម្ពុជាក្រោមរាប់សិបខេត្ត រួមទាំងក្រុងព្រៃនគរផង ដែលមានពលរដ្ឋជាដើមកំណើតខ្មែររាប់លាននាក់រស់នៅទីនោះ, កោះត្រល់ជាកោះគុជដ៏ឆើតឆាយ ដែលមានចម្ងាយតែបន្តិចសិបគីឡូពីក្រុងកែប បានត្រូវបាត់បង់ទៅប្រទេស​វៀតណាមដែរ។ កម្ពុជាក្រោមក្តី កោះត្រល់ក្តី ទោះបីបាត់បង់ក្នុងសម័យកាលណាក៏ដោយ ក៏ប្រជាជនកម្ពុជាជំនាន់​នេះនិងជំនាន់ក្រោយៗទៀត នៅតែមានការឈឺចាប់និងស្តាយស្រណោះដែរ គឺប្រៀបដូចជាការបាត់បង់អវៈយវៈចេញពីរាងកាយដូច្នោះដែរ។

ដូច្នេះ វៀតណាមមិនគួរយកបញ្ហាជនអន្តោប្រវេសន៍របស់ខ្លួនបង្កឱ្យមានការឈឺចាប់បន្ថែមដល់ប្រជាជនខ្មែរនោះទេ។ វៀតណាមគួរតែរៀបចំផែនការមាតុភូមិនិវត្តន៍ជនជាតិរបស់ខ្លួនទៅកាន់ប្រទេសខ្លួនវិញហើយ មិនគួរគិតតែពីសុំភាពស្របច្បាប់ដល់ពួកគេពីប្រទេសកម្ពុជានោះទេ។ វាល្មមដល់ពេលបញ្ចប់នយោបាយដំណើរឆ្ពោះ​មក​ទិសខាងលិចរបស់អ្នកហើយ, អ្នកទទួលបានទឹកដីពីកម្ពុជាច្រើនណាស់ហើយ។ ប្រទេសទាំងពីរត្រូវចេះរួមរស់ជាមួយ​គ្នាដោយសុខសន្តិភាព ការគោរពអធិបតេយ្យ ឯករាជ្យ និងបូរណភាពទឹកដីរបស់គ្នា និងមិនជ្រៀតជ្រែក​កិច្ចការផ្ទៃក្នុងរបស់ផងគ្នាទៅវិញទៅមក ឱ្យសក្តិសមនឹងពាក្យស្លោកនៃទំនាក់ទំនងដែលប្រទេសទាំងពីរបាន​អនុម័តគឺ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយនិងយូរអង្វែង»៕

ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា, រាជបណ្ឌិត្យសភាកម្ពុជា
(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ)


អត្ថបទទាក់ទង

ភស្ដុតាងបុរាណវត្ថុនៅស្ថានីយស្រែអំពិល ដោយ៖ ឯកឧត្តមបណ្ឌិត ផុន កសិកាប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម, រាជបណ្ឌិត្យសភាកម្ពុជានិង លោក៖ ផុន ជាកុសល សមាជិកក្រុមប្រឹក្សាស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ

ស្រែអំពិល គឺជាឈ្មោះភូមិមួយស្ថិតនៅក្នុងឃុំឈើទាល ស្រុកគៀនស្វាយ ខេត្ត កណ្តាល ហើយក៏ជាភូមិមួយបន្សល់ទុកគ្រឹះប្រាសាទយ៉ាងច្រើន ដែលនៅរាយពាសពេញបរិវេណនៃតំបន់ទាំងមូល ព្រមទាំងបំណែកកុលាលភាជន៍ ជាច្រើននៅរាយប៉ាយតាមទ...

2023-08-07 14:32:58   ថ្ងៃចន្ទ, 07 សីហា 2023 ម៉ោង 09:32 PM
Cambodian Students’ Motivation to Learn English: A Case Study of a Private University in Phnom Penh By: Sothea Seng, Secretariat of Council of Academicians, Royal Academy of Cambodia

The present small-scale study examined the relationship between integrative and instrumental motivation and English proficiency among Cambodian university students. The participants were seventy-two (...

2023-08-07 14:13:07   ថ្ងៃចន្ទ, 07 សីហា 2023 ម៉ោង 09:13 PM
សំណង់ស្ថាបត្យកម្ម និង រចនាបថនៃប្រាសាទត្រពាំងប្រាសាទ ដោយ៖ ឯកឧត្ដមបណ្ឌិត ផុន កសិកា- ប្រធានវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ការសិក្សាស្រាវជ្រាវ បានចាប់ផ្តើមនៅដើមសតវត្សទី២០ ដោយមានអ្នកប្រាជ្ញជនជាតិបារាំបានសិក្សាចុះបញ្ជីប្រាសាទ ទូទាំងប្រទេសកម្ពុជា រួមមានលោក Lunet De Lajonquière លោក Etienne Aymonier និងលោក Bernard Phillipes Gr...

2023-08-05 13:27:10   ថ្ងៃសៅរ៍, 05 សីហា 2023 ម៉ោង 08:27 PM
គុណសម្បត្តិនិងគុណវិបត្តិក្នុងការប្រើវិធីសាស្រ្តបង្រៀនបញ្ច្រាស់ (Flipped Classroom))​ក្នុងការបង្រៀននិងរៀនភាសាអង់គ្លេស ដោយ៖ លោក ឆោម ជុំរ៉ុង- លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

ឯកសារនេះមានគោលបំណងបង្ហាញអំពីផលប្រយោជន៍និងបញ្ហាប្រឈម នៅក្នុងការប្រើវិធីសាស្រ្តបង្រៀន បញ្ច្រាស់ដែលជាវិធីសាស្រ្តដ៏ពេញនិយមមួយក្នុងសតវត្សរ៍ទី២១ ដើម្បីបង្រៀនភាសាអង់គ្លេសជាភាសាបរទេសឬជាភាសាទីពីរ។ តាមរយៈការធ...

2023-08-02 10:26:36   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 05:26 PM
Southeast Asian Alliances and the US-China Partnership by Dr. Seun Sam

In Sept. 24, 2015, Chinese President Xi Jinping and President Joe Biden Walk down the red carpet on the tarmac during and arrival ceremony in Andrews Air Force Base, Md. AP Photo/Carolyn Kaster.In tod...

2023-08-02 08:18:33   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 03:18 PM
ស្វែងយល់អំពីល្បែងបោះអង្គញ់ (Understanding on Angkugn Game) ដោយ៖ ឯកឧត្ដមបណ្ឌិត អ៊ុំ ប៉ុម ជំនួយការរាជបណ្ឌិត្យសភាកម្ពុជា

ល្បែងបោះអង្គញ់ ជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រជាប្រិយ (Popular game) ទាំងឡាយរបស់ខ្មែរ ដែលគេបានកត់សម្គាល់ឃើញនិងនិយមចូលចិត្តលេងមានដូចជា ល្បែងចោលឈូង លាក់កន្សែង ទាញព្រ័ត្រ ចាប់កូនខ្លែង លេងពួន វាយក្...

2023-08-02 08:00:27   ថ្ងៃពុធ, 02 សីហា 2023 ម៉ោង 03:00 PM

សេចក្តីប្រកាស