ព័ត៌មាន

ឯកឧត្តមបណ្ឌិត សូ មុយឃៀង ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជានូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ»

2021-06-03 07:36:26 ថ្ងៃព្រហស្បតិ៍, 03 មិថុនា 2021 ម៉ោង 02:36 PM
អ្នកមើល 7728
post_detail

ឯកឧត្ដម សូ មុយឃៀង ដែលអ្នកសិក្សាទាំងឡាយតែងបានស្គាល់ក្នុងវិស័យអប់រំ ជាពិសេសមុខវិជ្ជាអក្សរសាស្ត្រ តាមរយៈអត្ថបទស្រាវជ្រាវនិងសៀវភៅសិក្សាជាច្រើន ទទួលបានគោរមងារកិត្តិយសពីរាជបណ្ឌិត្យសភាកម្ពុជា នូវ«សញ្ញាបត្រកិត្តិបណ្ឌិតផ្នែកអក្សរសាស្ត្រខ្មែរ» កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១នេះ ដើម្បីជាកិច្ចតបស្នង នូវការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្ត កសាងស្នាដៃយ៉ាងមានតម្លៃសម្រាប់ប្រជាជនខ្មែរហើយក៏ជាបង្ហាញពីការយកចិត្តទុកដាក់ និង ការផ្តល់តម្លៃយ៉ាងខ្ពស់ចំពោះចំណេះដឹង និង អត្ថបទស្រាវជ្រាវ និពន្ធ និង ចងក្រង ដែលលោកសម្រេចបានកន្លងមក។

ឯកឧត្តម សូ មុយឃៀង កើតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៤៤ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ បិតានាម សូ ជួនទៀង (ស្លាប់) មាតានាម វ៉ា ទន់ (ស្លាប់)។ ភរិយាឈ្មោះ ទី សុខអ៊ីម(មេផ្ទះ) និងមានបុត្រចំនួន៣នាក់ ស្រី២នាក់និងប្រុស១នាក់។ ទម្រាំអាចប្រឡូកក្នុងវិស័យអប់រំដូចបច្ចុប្បន្ន លោក បានឆ្លងកាត់ការអប់រំជាច្រើនដំណាក់កាល ចាប់តាំងពីមធ្យមសិក្សាឆ្នាំ១៩៥៩ ឧត្តមសិក្សានៅឆ្នាំ១៩៦៧ រហូតដល់ឆ្នាំ១៩៧៣ លោកបានក្លាយជាសាស្ត្រាចារ្យមធ្យមសិក្សាទុតិយភូមិផ្នែកអក្សរសាស្ត្រខ្មែរ។

ក្នុងអំឡុងពេលនៃការបំពេញកិច្ចការក្នុងវិស័យអប់រំ លោកបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៧៩ដល់ឆ្នាំ២០០០ ដោយចូលបម្រើការងារនៅតាមនាយកដ្ឋាននិងអគ្គនាយកដ្ឋានដូចជា មជ្ឈមណ្ឌលនិពន្ធកម្មវិធីនិងសៀវភៅសិក្សាផ្នែកមធ្យមសិក្សា ពីឆ្នាំ១៩៧៩ ដល់ ១៩៨៤ និង វិទ្យាសា្ថនស្រាវជ្រាវវិទ្យាសាស្ត្រ ក្រសួងអប់រំពីឆ្នាំ១៩៨៤ ដល់ ១៩៩៨។ ក្រោយមកទៀត លោកបានចូលបម្រើការងារនៅទីស្តីការគណៈរដ្ឋមន្ត្រីពីឆ្នាំ២០០៥ ដល់ ២០១៤។ ចន្លោះពេលនោះដែរ ពីឆ្នាំ២០១១ និងបន្តរហូតដល់ឆ្នាំ២០១៧ លោកបានទទួលការតែងតាំងជាអនុប្រធានក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាប្រធានគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និង ជាសមាជិកគណៈកម្មការភាសាវិទ្យានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ។ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២១ លោកជាសមាជិកគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌។

គួរបញ្ជាក់ថា ចន្លោះឆ្នាំ២០១៧ដល់ឆ្នាំ២០២១ លោកជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ជាប្រធានគណៈកម្មការអក្ខរាវិរុទ្ធនិងអំណាននៃក្រុមប្រឹក្សាជាតិភសាខ្មែរ និង អនុប្រធានគណៈកម្មការបង្កើតពាក្យនិងកម្ចីពាក្យនៃក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា។ ក្រៅពីកិច្ចការនិងតួនាទីទាំងនេះ លោកក៏ជាសាស្ត្រាចារ្យបង្រៀននៅតាមសាកលវិទ្យាល័យនានាផងដែរ៕

RAC Media


អត្ថបទទាក់ទង

ឯកឧត្ដមកិត្តិនីតិកោសលបណ្ឌិត ម៉ុម ជឹមហ៊ុយ បានដឹកនាំប្រតិភូគណៈកម្មការទី៧ នៃព្រឹទ្ធសភា មកឈ្វេងយល់អំពីរាជបណ្ឌិត្យសភាកម្ពុជា

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុម...

2023-01-11 07:01:42   ថ្ងៃពុធ, 11 មករា 2023 ម៉ោង 02:01 PM
រាជបណ្ឌិត្យសភាកម្ពុជា រៀបចំបាឋកថាស្តីពី៖ «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The History of Cambodia: From Angkor to Angkar)»

រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា មេត្តាជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជានឹងរៀបចំបាឋកថាស្តីពី “ប្រវត្តិសាស្ត្រប្រទេសកម្ពុជា៖ ពីអង្គរ ទៅអង្គការ (The Histo...

2023-01-09 04:04:37   ថ្ងៃចន្ទ, 09 មករា 2023 ម៉ោង 11:04 AM
«ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

ថ្ងៃ៧ ខែមករា ឆ្នាំ២០២៣ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៤ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហុមតិទៅលើបញ្ហានានាក៏...

2023-01-06 10:20:11   ថ្ងៃសុក្រ, 06 មករា 2023 ម៉ោង 05:20 PM
៤៤ឆ្នាំនៃជ័យជំនះ ៧ មករា ១៩៧៩-២០២៣

អត្ថបទ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាក្នុងរយៈពេល ៤៤ឆ្នាំ ចាប់តាំងពីថ្ងៃទី៧ ខែមករា ឆ...

2023-01-05 10:48:24   ថ្ងៃព្រហស្បតិ៍, 05 មករា 2023 ម៉ោង 05:48 PM
បណ្ឌិតសភាចារ្យ សុខ ទូច៖ «៣ឆ្នាំទៀត កម្ពុជានឹងមានគ្រូបង្រៀនភាសាចិនជាជនជាតិខ្មែរប្រកបដោយសមត្ថភាព និងចំណេះដឹងគរុកោសល្យច្បាស់លាស់»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ» ដែលរៀបចំដោយវិទ្យាស្ថានខុងជឺ...

2022-12-22 08:16:31   ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 03:16 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដីពី «ទំនាក់ទំនងកម្ពុជា-ចិន និងរំឭកខួប១០០ព្រះវស្សារបស់ព្រះបរមរតនកោដ្ឋ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២នេះ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាវិទ្យាសាស្ត្រ ស្ដី...

2022-12-22 05:20:33   ថ្ងៃព្រហស្បតិ៍, 22 ធ្នូ 2022 ម៉ោង 12:20 PM

សេចក្តីប្រកាស