Royal Academy of Cambodia
ទំនាក់ទំនងការទូតផ្លូវការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ត្រូវបានបង្កើតឡើងនៅខែ កក្កដា ឆ្នាំ១៩៥០។ បើគិតមកដល់ពេលនេះ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរមានរយៈពេលជាង៧០ឆ្នាំហើយ ប៉ុន្តែទំនាក់ទំនងនេះហាក់នៅមិនទាន់ពេញវ័យទៅតាមអាយុកាលរបស់វានៅឡើយ។ ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មានតាំងពីមុននិងក្រោយកម្ពុជាទទួលឯករាជ្យមកម្ល៉េះ។
ក្នុងរយៈពេលជាង៧០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិកមានភាពចម្រុះ ម្តងរះ ម្តងលិច ម្តងឡើង ម្តងចុះ គ្មានស្ថិរភាព ហើយប្រទេសទាំងពីរក៏ធ្លាប់បានផ្តាច់ទំនាក់ទំនងការទូតជាមួយគ្នាម្តងជាពីរដងផងដែរ។ ទោះបែបនេះក្តី ទំនាក់ទំនងរវាងប្រទេសទាំងពីរ ហាក់មានការរីកចម្រើនលើវិស័យមួយចំនួននាទសវត្សរ៍ចុងក្រោយនេះ។ ក្រោមរដ្ឋបាលរបស់លោក បារ៉ាក់ អូបាម៉ា គោលនយោបាយរបស់សហរដ្ឋអាម៉េរិក បានផ្តោតការយកចិត្តទុកដាក់ខ្លាំងលើអាស៊ាន ក៏ដូចជាអាស៊ីទាំងមូល។ សហរដ្ឋអាម៉េរិកបានពង្រឹងភាពជាដៃគូរបស់ខ្លួនមានលក្ខណៈស៊ីជម្រៅជាមួយសមាជិកនានារបស់អាស៊ាន ក្នុងនោះរួមទាំងកម្ពុជាផងដែរ។
ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជា ត្រូវបានតាក់តែងនិងរៀបចំដោយផ្អែកលើយុទ្ធសាស្ត្ររបស់សហរដ្ឋអាម៉េរិកឆ្ពោះមកកាន់អាស៊ី (Pivot to Asia Strategy) ដែលជាយុទ្ធសាស្ត្រមានលក្ខណៈជវភាពនិងទូលំទូលាយ។ យុទ្ធសាស្ត្រនេះផ្តោតលើសកម្មភាពជាច្រើន រួមមាន ការពង្រឹងសម្ព័ន្ធភាពសន្តិសុខទ្វេភាគី ការបង្កើតវត្តមានយោធាដែលមានមូលដ្ឋានទូលំទូលាយ ការចូលរួមក្នុងយន្តការស្ថាប័នពហុភាគីក្នុងតំបន់ ការពង្រីកពាណិជ្ជកម្មនិងវិនិយោគ និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ជាដើម ដែលការណ៍នេះមិនត្រឹមតែដើម្បីសម្រេចផលប្រយោជន៍ជាយុទ្ធសាស្ត្រនិងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ផងដែរ។
ក្រោយមក សហរដ្ឋអាម៉េរិកក្រោមរដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ហាក់មិនសូវឱ្យតម្លៃចំពោះអាស៊ាន ហើយទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយបណ្តាប្រទេសមួយចំនួននៅអាស៊ានហាក់ដូចជាមិនសូវជាល្អ។ ទំនាក់ទំនងរបស់សហរដ្ឋអាម៉េរិកជាមួយកម្ពុជាហាក់ដូចជាមានភាពរកាំរកូសច្រើន។ ប៉ុន្តែ ទោះជាបែបនេះក្តី នៅចុងអាណត្តិរបស់ខ្លួន នាឆ្នាំ២០១៩ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ញើលិខិតចំនួន ២ច្បាប់ មកកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ដែលជាឥរិយាបថការទូតដ៏កម្រ។
លិខិតទីមួយ គឺអញ្ជើញសម្តេចតេជោទៅចូលរួមកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អាម៉េរិក នៅឆ្នាំ២០២០ និងលិខិតទី២ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃចំណងទាក់ទងទ្វេភាគីដោយបញ្ជាក់ថា សហរដ្ឋអាម៉េរិកចង់បង្កើនទំនាក់ទំនងចំណងមិត្តភាពទ្វេភាគីកាន់តែល្អប្រសើរថែមទៀតជាមួយកម្ពុជា និងថា សហរដ្ឋអាម៉េរិកគោរពអធិបតេយ្យភាពរបស់កម្ពុជា ហើយមិនគាំទ្រចំពោះការការផ្លាស់ប្តូររបបម្តងណាឡើយ ព្រមទាំងស្នើសុំឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាម៉េរិក ធ្វើកិច្ចការជាមួយគ្នាដើម្បីស្តារចំណងមិត្តភាពរវាងប្រទេសទាំងពីរឡើងវិញ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសាទរចំពោះគំនិតផ្តួចផ្តើមជំនួបកំពូលរបស់លោក ដូណាល់ ត្រាំ ដោយកត់សម្គាល់ថា កិច្ចប្រជុំនេះនឹងលើកកម្ពស់ចំណងទាក់ទងរវាងអាស៊ាននិងសហរដ្ឋអាម៉េរិក។ គោលជំហររបស់សម្ដេចតេជោ ហ៊ុន សែន គឺច្បាស់លាស់និងគាំទ្រធ្វើយ៉ាងណាឱ្យដៃគូយុទ្ធសាស្ត្រអាស៊ាន-សហរដ្ឋអាម៉េរិកបន្តរីកចម្រើន និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។
សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានគាំទ្រគំនិតផ្តួចផ្តើមនៃការបង្កើតក្រុមការងារដើម្បីស្តារ «ជំនឿទុកចិត្ត» រវាងប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានយល់ព្រមឱ្យក្រុមការងារកិច្ចការបរទេសនៃប្រទេសទាំងពីរ ធ្វើកិច្ចការជាមួយគ្នា ដើម្បីស្តារទំនុកចិត្តនិងភាពជឿជាក់ឡើងវិញនឹងកសាងឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេស និងប្រជាជនយើងទាំងពីរ។
ប៉ុន្តែ បើយើងពិនិត្យមើលឱ្យស៊ីជម្រៅ តើអ្វីជាបញ្ហាប្រឈមដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរចេះតែមានភាពរកាំរកូសនិងមិនសូវរីកចម្រើន?
ដើម្បីឆ្លើយតបទៅនឹងសំណួរខាងលើ គេចាំបាច់ត្រូវពិនិត្យមើលផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរនិងបញ្ហាប្រឈមនានាដែលកើតមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរជាមុនសិន។
ប្រទេសកម្ពុជា ថ្វីបើមានទំហំតូច ប្រជាជនតិច និងសេដ្ឋកិច្ចនៅទន់ខ្សោយក៏ពិតមែន ប៉ុន្តែទីតាំងភូមិសាស្ត្រនិងតួនាទីរបស់ខ្លួននៅក្នុងតំបន់ ប្រទេសកម្ពុជាពិតមានសារៈសំខាន់ជាយុទ្ធសាស្ត្រសម្រាប់សហរដ្ឋអាម៉េរិក។
ផលប្រយោជន៍របស់សហរដ្ឋអាម៉េរិកនៅកម្ពុជា រួមមានការជំរុញការអភិវឌ្ឍ ពាណិជ្ជកម្ម ការវិនិយោគ បញ្ហាសន្តិសុខក្នុងតំបន់ ការពង្រឹងគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិ មនុស្ស ជាពិសេស គឺផលប្រយោជន៍ខាងភូមិសាស្ត្រនយោបាយ ដែលសហរដ្ឋអាម៉េរិកកំពុងប្រកួតប្រជែងយ៉ាងស្រួចស្រាល់ជាមួយចិន។ ការធ្វើឱ្យមានទំនាក់ទំនងល្អជាមួយកម្ពុជា សហរដ្ឋអាម៉េរិក មិនត្រឹមតែសម្រេចបាននូវផលប្រយោជន៍និងគុណតម្លៃរបស់សហរដ្ឋអាម៉េរិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចទប់ទល់នឹងឥទ្ធិពលរបស់ចិននៅអាស៊ីអាគ្នេយ៍ទៀតផង។
ចំពោះប្រទេសកម្ពុជាវិញ អាទិភាពរបស់ខ្លួនក្នុងទំនាក់ទំនងទ្វេភាគីជាមួយសហរដ្ឋអាម៉េរិក គឺដើម្បីផលប្រយោជន៍សេដ្ឋកិច្ច គឺដើម្បីលើកកម្ពស់ការអភិវឌ្ឍជាតិ និងការកាត់បន្ថយភាពក្រីក្រតាមរយៈជំនួយសហរដ្ឋអាម៉េរិក ពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនិងស្ថិរភាពតំបន់។ កម្ពុជាតែងផ្តល់សារៈសំខាន់និងអាទិភាពខ្លាំងទៅលើសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ ដូច្នេះ សហរដ្ឋអាម៉េរិកគួរយល់ឱ្យច្បាស់ពីផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់កម្ពុជា។
ទន្ទឹមនឹងការពិនិត្យមើលផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃប្រទេសទាំងពីរ យើងក៏ត្រូវមើលផងដែរ ពីបញ្ហាប្រឈមនានាដែលកើតមានក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ក្នុងទិដ្ឋភាពនៃនយោបាយការបរទេស ប្រទេសទាំងពីរមានគោលដៅខុសគ្នា។ ក្នុងអំឡុងសតវត្សរ៍ទី២០ ជាពិសេសក្នុងអំឡុងសង្រ្គាមត្រជាក់ គោលនយោបាយការបរទេសរបស់សហរដ្ឋអាម៉េរិក ត្រូវបានរៀបចំឡើងដើម្បីទប់ទល់នឹងកំណើននៃឥទ្ធិពលលទ្ធិកុម្មុយនីស្តតែប៉ុណ្ណោះ ហើយអ្វីផ្សេងទៀត គឺជារឿងបន្ទាប់បន្សំ។ សហរដ្ឋអាម៉េរិកមិនដែលមានគោលនយោបាយការបរទេសច្បាស់លាស់ចំពោះតំបន់អាស៊ីអាគ្នេយ៍នោះទេនិយាយជារួម និងចំពោះកម្ពុជា និយាយដោយឡែក។
ចំណែកឯគោលដៅនៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺធ្វើយ៉ាងណា ដើម្បីឱ្យខ្លួនអាចរស់ក្នុងនាមជាប្រជាជាតិនិងជារដ្ឋអធិបតេយ្យមួយតាមមធ្យោបាយដែលអាចធ្វើទៅបាន។ កម្ពុជាមិនរើសអើងថា ជាលោកសេរីឬលោកកុម្មុយនីស្តនោះឡើយ។ គោលដៅនៃគោលនយោបាយការបរទេសរបស់ប្រទេសកម្ពុជា គឺដើម្បីសន្តិភាព ស្ថិរភាព មិត្តភាព វិបុលភាព និងការអភិវឌ្ឍ និងដណ្តើមមកវិញនូវកិត្យានុភាពជាតិដែលបាត់បង់ពីអតីតកាល។
ចំពោះមុខភាពដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់កម្ពុជាជាមួយចិន ទំនងនៅតែជាស្រមោលមួយដែលបិទបាំងការរីកលូតលាស់នៃទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក។ ដូច្នេះ ទំនាក់ទំនងរបស់កម្ពុជាជាមួយសហរដ្ឋអាមេរិក គឺស្មុគស្មាញ ពិបាកប៉ាន់ស្មាន។ ចំពោះមុខ សហរដ្ឋអាម៉េរិកនឹងមិនចាប់យកកម្ពុជាជាដៃគូយុទ្ធសាស្ត្រទេ។ និយាយជារួមទៅ ក្នុងទស្សនៈរបស់ខ្លួន សហរដ្ឋអាម៉េរិកចាត់ទុកកម្ពុជាជាស្ត្រីដែលរៀបការរួចជាមួយនឹងប្រទេសចិន។ ទស្សនៈនេះ ធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ដូចជាជាប់សោជាមួយនឹងស្រមោលចិន។ ប៉ុន្តែជាក់ស្តែង កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសផ្កាចម្រុះពណ៌។
បញ្ហានយោបាយផ្ទៃក្នុងកម្ពុជា ហាក់ដូចជាត្រូវបានសហរដ្ឋអាម៉េរិកប្រើប្រាស់ ដើម្បីថ្នូរក្នុងទំនាក់ទំនងរបស់ខ្លួន ជាមួយកម្ពុជា។ ដូច្នេះ នាំឱ្យមានគេមើលឃើញថា សហរដ្ឋអាម៉េរិកបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា ដោយផ្តល់ការគាំទ្រដល់គណបក្សប្រឆាំង និងលើកទឹកចិត្តដល់ក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដើម្បីបង្កើតការយល់ឃើញ «អវិជ្ជមាន» ចំពោះប្រទេសកម្ពុជា ដែលធ្វើឱ្យខូចមុខមាត់កម្ពុជានៅលើឆាកអន្តរជាតិ។
ទន្ទឹមនឹងនោះ ការយល់ឃើញខុសគ្នាទៅលើបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា និងកង្វះភាពជឿជាក់និងទំនុកចិត្តខាងនយោបាយ បានក្លាយជាបញ្ហាប្រឈមដ៏ធំមួយធ្វើឱ្យប្រេះស្រាំទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ឥរិយាបថ អ្នកការទូតសហរដ្ឋអាម៉េរិក ប្រចាំនៅកម្ពុជាកន្លងមក ក៏ជះឥទ្ធិពលអវិជ្ជមាន ចំពោះទំនាក់ទំនង រវាងប្រទេសទាំងពីរដែរ ដែលពួកគេហាក់ដូចជាមិនសូវយល់ឬមិនយកចិត្តទុកដាក់ពីតម្លៃអាស៊ី តម្លៃវប្បធម៌និងអរិយធម៌ខ្មែរ ជាពិសេស របត់ប្រវត្តិសាស្ត្រខ្មែរ។ ប៉ុន្តែ ឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាម៉េរិក លោក Patrick Murphy ដែលជាអ្នកការទូតជើងចាស់ ប្រកបដោយវិជ្ជាជីវៈ និងចំណេះដឹងពីសង្គម និង វប្បធម៌កម្ពុជាច្រើន យើងកត់សម្គាល់ឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានស្ថិរភាព និងមានភាពប្រសើរឡើង។
ដូច្នេះ តើកម្ពុជានិងសហរដ្ឋអាម៉េរិកត្រូវជួសជុលទំនាក់ទំនងនិងស្តារទំនុកចិត្តគ្នាឡើងវិញដោយរបៀបណា?
ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនិងស្តារគម្លាតនៃទំនុកចិត្ត ជាបឋមនិងសំខាន់បំផុត ប្រទេសទាំងពីរគួរតែគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ និងការគោរពអធិបតេយ្យភាពនិងបូរណភាពដែនដីគ្នាទៅវិញទៅមក។
ការស្ដារឡើងវិញនូវទំនុកចិត្ត និងការជឿជាក់គ្នាទៅវិញទៅមក ដូចដែលបានសន្យាដោយមេដឹកនាំនៃប្រទេសទាំងពីរ គួរតែត្រូវបានដឹងតាមរយៈយន្តការចម្រុះ និងការទូតពហុបទ ដោយគោរពទស្សនៈផ្សេងគ្នានិងធ្វើការវាយតម្លៃដោយផ្អែកលើការពិត។ ភាពខុសគ្នាលើជ្រុងណាមួយឬទិដ្ឋភាពណាមួយ មិនគួរត្រូវបានអនុញ្ញាតឱ្យគ្របដណ្តប់លើទិដ្ឋភាពទូទៅនៃទំនាក់ទំនងទាំងមូលរវាងប្រទេសទាំងពីរនោះឡើយ។
ការសន្ទនាទ្វេភាគីឱ្យញឹកញាប់និងត្រង់ទៅត្រង់មក គឺពិតជាមានសារៈសំខាន់ណាស់ដើម្បីកសាងទំនុកចិត្ត និងពូនជ្រុំទំនាក់ទំនងនិងមិត្តភាពរវាងប្រទេសទាំងពីរឱ្យមានភាពចាស់ទុំសមនឹងវ័យ។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ គួរសម្របសម្រួលជំហររបស់ខ្លួនដោយបើកចិត្ត និងបេះដូងទទួលយកនូវភាពខុសគ្នា និងចេះធ្វើការជាមួយគ្នាឆ្ពោះទៅអនាគត។
ការលើកកម្ពស់ការយល់គ្នានិងការទុកចិត្តគ្នាទៅវិញទៅមក ប្រទេសទាំងពីរគួរតែស្វែងយល់ពីផលប្រយោជន៍ជាតិជាយុទ្ធសាស្ត្ររបស់គ្នាទៅវិញទៅមក និងគោលដៅនិងយុទ្ធសាស្ត្រនៃគោលនយោបាយការបរទេសរៀងៗខ្លួន និងគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។
ទន្ទឹងនឹងនោះដែរ វិធីសាស្រ្តមួយដែលមានប្រសិទ្ធភាពក្នុងការពង្រឹងទំនាក់ទំនងរបស់ខ្លួនជាមួយកម្ពុជា សហរដ្ឋអាម៉េរិកគួរតែស្វែងយល់កាន់តែជ្រៅពីប្រវត្តិសាស្រ្ត ប្រព័ន្ធសង្គម-វប្បធម៌ លក្ខខណ្ឌនយោបាយ-សេដ្ឋកិច្ច និងភាពស្មុគស្មាញនៃនយោបាយអំណាច និងការផ្លាស់ប្តូរនៅកម្ពុជា។
សហរដ្ឋអាម៉េរិកគួរជំរុញបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍរបស់ខ្លួនជាមួយកម្ពុជាតាមរយៈយុទ្ធសាស្ត្រការ៉ុតជាជាងដំបង។ ក្នុងបរិបទនៃការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ ការប្រើប្រាស់យុទ្ធសាស្ត្រដំបង គឺមិនសូវមានប្រសិទ្ធភាពនោះទេ។ ទន្ទឹមនឹងនោះ សហរដ្ឋអាម៉េរិកគួរតែពិចារណាលើកទឹកចិត្តដល់វិនិយោគិនរបស់ខ្លួន ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជាឱ្យបានច្រើន ដូចដែលប្រទេសចិនកំពុងធ្វើ។
វាគួរតែដល់ពេលដែលសហរដ្ឋអាម៉េរិកនិងកម្ពុជាចាកចេញពីស្រមោលចិន ដើម្បីជួសជុលទំនាក់ទំនងដែលប្រេះស្រាំនេះឡើងវិញ។ កម្ពុជាត្រូវគោរពដោយខ្ជាប់ខ្ជួននូវគោលការណ៍គ្រឹះនៃនយោបាយការបរទេសរបស់ខ្លួនដូចមានកំណត់ក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ មាត្រា៥៣ ដែលកំណត់ថា «ព្រះរាជាណាចក្រកម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវនយោបាយអព្យា ក្រឹតអចិន្ត្រៃយ៍និងមិនចូលបក្សសម្ព័ន្ធ។ ព្រះរាជាណាចក្រកម្ពុជារួមរស់ដោយសន្តិសហវិជ្ជមានជាមួយប្រទេសជិតខាងនិងប្រទេសដទៃទៀតទាំងអស់នៅលើសកលលោក»។ កម្ពុជាមិនត្រូវជ្រើសរើសយកប្រទេសណាមួយមកជំនួសឱ្យប្រទេសណាមួយនោះទេ។
ប្រទេសចិននិងសហរដ្ឋអាម៉េរិក សុទ្ធតែបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាចាំបាច់ត្រូវរកមធ្យោបាយធ្វើឱ្យមានតុល្យភាពទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដើម្បីទទួលបាននូវផលប្រយោជន៍ជាអតិបរិមាលើវិស័យនយោបាយ សេដ្ឋកិច្ច និងការទូត ហើយមិនគួរផ្តល់សារៈសំខាន់ដល់អំណាចណាមួយលើមហាអំណាចមួយទៀតនោះទេ។
ជារួមទៅ កម្ពុជានិងសហរដ្ឋអាម៉េរិកនៅមានឱកាសច្រើន និងមានលម្ហទូលំទូលាយក្នុងការជួសជុលទំនាក់ទំនងរបស់ខ្លួននិងការបិទភ្ជាប់គម្លាតនៃទំនុកចិត្តរវាងគ្នានឹងគ្នា។ យើងសង្ឃឹមថា មេរៀននៃទំនាក់ទំនងរវាងប្រទេសទាំងពីរយៈពេល៧០ឆ្នាំមកនេះ វាគ្រប់គ្រាន់សម្រាប់ប្រទេសទាំងពីរប្រើប្រាស់ ដើម្បីពូនជ្រុំទំនាក់ទំនងរបស់ខ្លួនឱ្យមានស្ថិរភាព ស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងរឹងមាំសម្រាប់រយៈពេល៧០ឆ្នាំទៅមុខទៀត និងយូរអង្វែងទៅអនាគត៕
ដោយ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា
រាជបណ្ឌិត្យសភាកម្ពុជា
(ទស្សនៈក្នុងអត្ថបទនេះជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ មិនឆ្លុះបញ្ចាំងជំហររបស់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឬរាជបណ្ឌិត្យសភាកម្ពុជានោះទេ)
នៅថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឺទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២៖៣០ នាទីរសៀល នៅសាលនាងនួន រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំកម្មវិធីការពារបញ្ចប់និក្ខេបបទថ្នាក់បណ្ឌិតជ...
វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨ នាសាលប្រជុំនៃវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យស...
នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៨សាលប្រជុំវិទ្យាស្ថានជីវសាស្ត្រ វេជ្ជសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំវិសាម...
នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំស្តីពី ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន សមិទ្ធផលកា...
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...
អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...