ព័ត៌មាន

«ទិដ្ឋភាពទូទៅនៃទំនាក់ទំនងកម្ពុជា-រុស្ស៊ីរយៈពេល៦៥ឆ្នាំ» ដោយបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

2021-05-13 15:05:50 ថ្ងៃព្រហស្បតិ៍, 13 ឧសភា 2021 ម៉ោង 10:05 PM
អ្នកមើល 3834
post_detail

ថ្ងៃនេះគឺជាខួបលើកទី៦៥ នៃទំនាក់ទំនងកម្ពុជា-រុស្ស៊ី។ បើក្រឡេកមកមើលកាលពី ៦៥ឆ្នាំមុន គឺនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ១៩៥៦ ប្រទេសកម្ពុជានិងសហភាពសូវៀតបានបង្កើតចំណងទំនាក់ទំនងការទូតជាផ្លូវការ។ ក្នុងរយៈពេល៦៥ឆ្នាំមកនេះ ទំនាក់ទំនងរវាងកម្ពុជានិងសហភាពសូវៀត ដែលក្រោយមកប្តូរមក ជាសហព័ន្ធ​រុស្ស៊ី ត្រូវរងឥទ្ធិពលពីនយោបាយផ្ទៃក្នុងផង និងពីនយោបាយក្នុងតំបន់និងពិភពលោកផង។ ថ្វីបើប្រទេសទាំងពីរស្ថិតក្នុងភូមិសាស្ត្រឆ្ងាយពីគ្នាក៏ពិតមែន ប៉ុន្តែប្រជាជននៃប្រទេសទាំងពីរបានរួមរស់ជាមួយគ្នាប្រកបដោយភាពស្និទ្ធស្នាលក្នុងនាមជាដៃគូសហប្រតិបត្តិការ ដែលផ្អែកលើគោលការណ៍គាំទ្រនិងគោរពគ្នាទៅវិញទៅមក។ ក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រ ទំនាក់ទំនងរវាងប្រទេសទាំងពីរអាចត្រូវបានបែងចែកជា៥ដំណាក់កាលធំៗ និងមានការវិវត្តប្រែប្រួលជាលំដាប់។

ចាប់ពីឆ្នាំ១៩៥៦ ដល់ឆ្នាំ១៩៧០ ទំនាក់ទំនងរវាងប្រទេសកម្ពុជានិងសហភាពសូវៀតជាទំនាក់ទំនងដែលមានលក្ខណៈពិសេស។ ឆ្នាំដំបូងៗនៃទំនាក់ទំនងនេះ មេដឹកនាំសូវៀតបានកោតសរសើរយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងដ៏ខ្នះខ្នែងរបស់សម្តេច នរោត្តម សីហនុ ក្នុងការប្រែក្លាយប្រទេសកម្ពុជាឱ្យទៅជារដ្ឋមួយឯករាជ្យ ដែលប្រជាជនរស់នៅប្រកបដោយសុខសន្តិភាពនិងវិបុលភាព។ បន្ទាប់មក សហភាពសូវៀតបានគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេច នរោត្តម សីហនុ ដែលជាសហស្ថាបនិកនៃចលនាមិនចូលបក្សសម្ព័ន្ធ។ នៅឆ្នាំ១៩៥៧ ប្រទេសកម្ពុជានិងសហភាពសូវៀតបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនិងកិច្ចសហប្រតិបត្តិការវប្បធម៌និងវិទ្យាសាស្ត្រ។ សហភាពសូវៀតក៏បានគាំទ្រដល់សមាជិកភាពរបស់កម្ពុជានៅអង្គការសហប្រជាជាតិផងដែរ។ ម៉្យាងទៀត សហភាពសូវៀតបានអះអាងជាថ្មី នូវភាពស្មោះត្រង់របស់ខ្លួនចំពោះប្រជាជនកម្ពុជាដោយថ្កោលទោសរដ្ឋប្រហារយោធា លន់ នល់ ឆ្នាំ១៩៧០។

ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៩ ទំនាក់ទំនងរវាងកម្ពុជានិងសហភាពសូវៀតមិនសូវល្អទេដោយសារការផ្លាស់ប្តូរនយោបាយនៅកម្ពុជា ដែលនៅឆ្នាំ១៩៧៥ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នៅពេលព្រះអង្គកំពុងយាងបំពេញព្រះរាជបេសកកម្មនៅក្រៅប្រទេស។ ស្ថានភាពនេះបានធ្វើឱ្យសហភាពសូវៀតស្ថិតក្នុងជំហរការទូតដ៏លំបាកចំពោះកម្ពុជា ហើយធ្វើឱ្យសហភាពសូវៀតទទួលស្ថានទូតពីរ (របស់កម្ពុជា) នៅទីក្រុងម៉ូស្គូ, មួយតំណាងរដ្ឋាភិបាលនិរទេសរបស់សម្តេច នរោត្តម សីហនុ និងមួយផ្សេងទៀតតំណាងឱ្យរដ្ឋាភិបាលរបប លន់ នល់។ នៅរវាងឆ្នាំ១៩៧៥និងឆ្នាំ១៩៧៩ នយោបាយប្រឈមមុខដាក់គ្នារវាងចិននិងសហភាពសូវៀត បានជះឥទ្ធិពលអវិជ្ជមានដល់ទំនាក់ទំនងរវាងកម្ពុជានិងសហភាពសូវៀតផងដែរ។

ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩១ ប្រទេសទាំងពីរមានទំនាក់ទំនងជាមួយយ៉ាងល្អ។ នៅដើមឆ្នាំ១៩៧៩ ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរត្រូវបានបង្កើតឡើងវិញ។ ចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ សហភាពសូវៀតបានផ្តល់ជំនួយសេដ្ឋកិច្ចនិងយោធាយ៉ាងច្រើនក៏ដូចជាជំនួយបច្ចេកទេសដល់ប្រទេសកម្ពុជា។ សហភាពសូវៀតបានចូលរួមចំណែកគាំទ្រយ៉ាងសកម្មក្នុងការស្តារនិងកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងសង្គមកម្ពុជាលើវិស័យថាមពល ដឹកជញ្ជូន ប្រៃសណីយ៍ កសិកម្ម លំនៅឋាន ការថែទាំសុខភាព បណ្តុះបណ្តាលមន្ត្រីរាជការនិងយោធា បរិក្ខារនិងគ្រឿងយន្តផ្សេងៗ។ ទំនាក់ទំនងលើវិស័យសិក្សាអប់រំពី១៩៨០មក មានលក្ខណៈល្អប្រសើរណាស់ ដែលជាលទ្ធផល ប្រជាជនកម្ពុជាប្រហែល ៨,០០០នាក់ បានទទួលការអប់រំនិងបណ្តុះបណ្តាលនៅសហភាពសូវៀតនិងរុស្ស៊ី។ បច្ចុប្បន្ននេះ អ្នកទាំងអស់នោះកំពុងកាន់មុខតំណែងសំខាន់ក្នុងជួររដ្ឋាភិបាល ក្រសួង និងស្ថាប័ននានា និងនៅក្នុងគ្រឹះស្ថានឧត្តមសិក្សានៅទូទាំងប្រទេស។ អ្នកខ្លះទៀតជាអ្នកជំនួញជោគជ័យ ជាមន្ត្រីរាជការ ជាបុគ្គលិកពេទ្យ ជាវិស្វករ និងជាស្ថាបត្យករ។

ចាប់ពី ឆ្នាំ១៩៩១ ដល់ឆ្នាំ១៩៩៣ ទំនាក់ទំនងរវាងប្រទេសទាំងពីរបានស្ថិតនៅផ្លូវបំបែក។ បន្ទាប់ពីការដួលរលំនៃជញ្ជាំងបែរឡាំងនិងការបែកបាក់របស់អតីតសហភាពសូវៀតក្នុងឆ្នាំ១៩៩១ ឥទ្ធិពលជារួមរបស់រុស្ស៊ីនៅអាស៊ីអាគ្នេយ៍បានថយចុះយ៉ាងឆាប់រហ័ស។ នៅខែធ្នូ ឆ្នាំ១៩៩១ សម្តេច រោត្តម សីហនុ បានប្រកាសទទួលស្គាល់សហព័ន្ធរុស្ស៊ីជារដ្ឋស្នងរបស់សហភាពសូវៀត។ ទំនាក់ទំនងយោធានិងជំនួយអភិវឌ្ឍន៍ដែលធ្លាប់ជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពរបស់ទីក្រុងមូស្គូជាមួយបណ្តាប្រទេសក្នុងតំបន់ ដូចជា វៀតណាមកម្ពុជា និងឡាវ មិនមានទៀតទេ។ ទំនាក់ទំនងរវាងកម្ពុជានិងរុស្ស៊ីនៅពេលនោះមិនរឹងមាំទេ ដោយសារឧបសគ្គនៃការផ្លាស់ប្តូរក្រោយការដួលរលំនៃសូវៀត រួមមានការកែទម្រង់នយោបាយ សង្រ្គាមស៊ីវិល ការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ និងការគូសវាសព្រំដែននយោបាយជាថ្មី។ រយៈពេលអន្តរកាលនៅក្នុងនយោបាយរុស្ស៊ីក្រោយការដួលរលំនៃសហភាពសូវៀតបានបញ្ចប់នៅពេលដែលរដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តដោយការធ្វើប្រជាមតិកាលពីខែធ្នូ ឆ្នាំ១៩៩៣។ យ៉ាងណាក៏ដោយប្រទេសកម្ពុជាបានទទួលស្គាល់តួនាទីដ៏សកម្មរបស់រុស្ស៊ីនៅក្នុងដំណើរការសន្តិភាពរបស់ប្រទេសកម្ពុជា ដោយបានរៀបចំនិងបញ្ចប់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសស្តីពី ប្រទេសកម្ពុជា (២៣ តុលា ១៩៩១) និងអនុវត្តបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (១៩៩១-១៩៩៣)។

ចាប់តាំងពីឆ្នាំ១៩៩៣មក ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ ត្រូវបានពង្រឹងនិងពង្រីកគួរឱ្យកត់សម្គាល់ ទាំងវិស័យនយោបាយ ការទូត សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន។

ក្នុងវិស័យនយោបាយ កម្ពុជានិងរុស្ស៊ីគឺជាដៃគូដែលទុកចិត្តគ្នាដោយមានកិច្ចសហប្រតិបត្តិការល្អផ្នែកនយោបាយក្នុងការដោះស្រាយបញ្ហារួម ដែលកើតឡើងនៅក្នុងពិភពលោកនិងនៅក្នុងតំបន់។ ប្រទេសទាំងពីរកំពុងធ្វើសហប្រតិបត្តិការគ្នាក្នុងរចនាសម្ព័ន្ធនិងនិម្មាបនកម្មអន្តរជាតិនិងតំបន់ផ្សេងៗ រួមមាន អន្តរសកម្មភាពនៅក្នុងអង្គការសហប្រជាជាតិនិងស្ថាប័នពាក់ព័ន្ធ និងវេទិកាអាស៊ាននានា។

ក្នុងវិស័យការទូតវិញ គេសង្កេតឃើញមានការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ខ្ពស់ជាញឹកញាប់ធ្វើឡើងក្នុងអំឡុងឆ្នាំ២០១៥ និងឆ្នាំ២០១៦។ នៅឆ្នាំ២០១៥ មានការធ្វើទស្សនកិច្ចផ្លូវការជាច្រើនរបស់មេដឹកនាំកម្ពុជាទៅកាន់ប្រទេសរុស្ស៊ី ក្នុងនោះរួមមាន ដំណើរទស្សនកិច្ចរបស់អតីតរដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា គឺឯកឧត្តម ហោ ណាំហុង នៅខែមីនា, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ អាន, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស ខេង នៅខែឧសភា និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅខែតុលា។

អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ីមកកាន់ប្រទេសកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០១៥ ហើយដំណើរទស្សនកិច្ចរបស់សម្តេចតេជោនាយករដ្ឋមន្រ្តីហ៊ុន សែន ទៅកាន់នៅប្រទេសរុស្ស៊ី នៅខែឧសភា ឆ្នាំ២០១៦ ដែលទស្សនកិច្ចជាលើកដំបូងក្នុងរយៈពេល ៣០ឆ្នាំ ដែលនេះជាការកត់សម្គាល់នូវទំនាក់ទំនងកម្រិតខ្ពស់ថ្មីមួយ។

ដោយឡែកក្នុងវិស័យសេដ្ឋកិច្ចវិញ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ។ យោងតាមទិន្នន័យពីស្ថាប័នគយសហព័ន្ធរុស្ស៊ី ការនាំចូលទៅកាន់ប្រទេសរុស្ស៊ីពីប្រទេសកម្ពុជាកាលពីឆ្នាំមុន មានទំហំជាង២០០លានដុល្លារសហរដ្ឋអាម៉េរិក និងបាននាំចេញពីប្រទេសរុស្ស៊ីមកកាន់ប្រទេសកម្ពុជាគឺ ជិតដុល្លារអាម៉េរិក២០លានដុល្លារសហរដ្ឋអាម៉េរិក។

ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជនវិញ មានភ្ញៀវទេសចររុស្ស៊ីជាង ៦០,០០០ នាក់ មកទស្សនាប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ ទន្ទឹមនឹងនោះ ក៏មានជនជាតិរុស្ស៊ីមួយចំនួន រស់នៅក្នុងប្រទេសកម្ពុជាផងដែរ ដែលភាគច្រើនរស់នៅភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ។ អ្វីដែលសំខាន់ជាងនេះ គឺប្រជាជនកម្ពុជាជាង ៨,០០០ នាក់ ធ្លាប់បានសិក្សានៅអតីតសហភាពសូវៀតនិងរុស្ស៊ី ចាប់តាំងពីឆ្នាំ១៩៧៩។

បញ្ហាទាក់ទងនឹងវ៉ាក់សាំងរុស្ស៊ី «Sputnik V» ក៏ត្រូវបានលើកឡើងផងដែរនៅក្នុងជំនួបរវាងឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកម្ពុជាជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ភ្លាមៗនោះស្ថានទូតបានជូនដំណឹងទៅអាជ្ញាធររុស្ស៊ីដែលពាក់ព័ន្ធអំពីការពិភាក្សាជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ក្រុមការងារនៃប្រទេសទាំងពីរ បាននិងកំពុងធ្វើការលើបញ្ហានេះហើយ។

សរុបសេចក្ដីមក ទំនាក់ទំនងកម្ពុជា-រុស្ស៊ីមានត្រូវបានចងភ្ជាប់ដោយចំណងមិត្តភាពជាប្រពៃណីយូរអង្វែង និងការគោរពគ្នាទៅវិញទៅមក។ ប្រទេសទាំងពីរមានទស្សនៈស្រដៀងគ្នាទៅលើបញ្ហាសណ្តាប់ធ្នាប់ពិភពលោក។ ប្រទេសកម្ពុជានិងរុស្ស៊ី មានបទពិសោធន៍ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នាយ៉ាងច្រើនរាប់ឆ្នាំមកហើយ។ ប្រទេសទាំងពីរបានធ្វើអន្តរសកម្មភាពប្រកបដោយផ្លែផ្កានៅលើវេទិកាពិភពលោក។ វាច្បាស់ណាស់ថា ក្នុងរយៈពេល ៦៥ឆ្នាំមកនេះ ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងរុស្ស៊ី មានការរីកចម្រើនខ្លាំងឡើងជាលំដាប់ក្នុងវិស័យផ្សេងៗ។ ទោះយ៉ាងនេះក្តី ទំហំពាណិជ្ជកម្មទ្វេភាគីនៅមានកម្រិតនៅឡើយ ហើយសង្ឃឹមថា ការស្នើសុំវ៉ាក់សាំង Covid-19 របស់កម្ពុជា នឹងមានការឆ្លើយតបជាវិជ្ជមាន។

ដើម្បីពង្រីកទំនាក់ទំនងឱ្យបានទូលំទូលាយជាមួយកម្ពុជា ទាក់ទងនឹងនយោបាយនិងសេដ្ឋកិច្ចប្រទេសរុស្ស៊ីគួរតែពិចារណាលើលទ្ធភាពនៃការវិនិយោគលើវិស័យថាមពល ដូចជា ឧស្ម័ន និងប្រេងវិស័យកសិកម្មដូចដែលអតីតសហភាពសូវៀតធ្លាប់បានធ្វើក្នុងសម័យសង្រ្គាមត្រជាក់, រុស្ស៊ីគួរការស្តារឡើងវិញនូវទំនាក់ទំនងជាប្រពៃណីរបស់អតីតសហភាពសូវៀតជាមួយបណ្តាប្រទេសដទៃទៀតក្នុងតំបន់ ទាក់ទងនឹងការអភិវឌ្ឍ ធនធានមនុស្ស ឧស្សាហកម្ម កិច្ចការយោធា ការផ្សព្វផ្សាយវប្បធម៌។ លើសពីនេះទៀតប្រទេសរុស្ស៊ីគួរតែដើរតួនាទីកាន់តែសកម្មថែមទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19។

គេជឿថា ទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនកាន់តែខ្លាំងនិងមានពិពិធកម្មចូលទៅក្នុងវិស័យជាច្រើន។ សាមគ្គីភាពរវាងប្រទេសទាំងពីរក្នុងការដោះស្រាយបញ្ហាប្រឈមជាអន្តរជាតិលេចធ្លោ បទពិសោធន៍រឹងមាំនៅក្នុងកិច្ចសន្ទនាទ្វេភាគី ការបង្កើនល្បឿននៃការទំនាក់ទំនងទាំងអស់គ្រប់ទម្រង់ ការយោគយល់គ្នាដែលបានចាក់ឫសយ៉ាងជ្រៅ និងការគោរពគ្នាទៅវិញទៅមក ប្រាកដជានឹងនាំមកនូវសមិទ្ធផលកាន់តែធំធេងច្រើនទៀត ទាំងនៅថ្នាក់ជាតិ និងពិភពលោក៕

ដោយ៖ គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា

(ទស្សនៈដែលបានបង្ហាញនៅក្នុងអត្ថបទនេះ គឺជាទស្សនៈផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ វាមិនឆ្លុះបញ្ចាំងពីជំហរផ្លូវការរបស់វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា ឬ រាជបណ្ឌិត្យសភាកម្ពុជាទេ។)

អត្ថបទជាភាសាអង់គ្លេស៖


អត្ថបទទាក់ទង

ហេតុអ្វីត្រូវសិក្សាបុរាណវត្ថុវិទ្យា? ដោយ៖ បណ្ឌិត ផុន កសិកា

RAC Mediaប្រភព៖ វិទ្...

2020-10-07 14:28:31   ថ្ងៃពុធ, 07 តុលា 2020 ម៉ោង 09:28 PM
« ឯកឧត្តមបណ្ឌិត យង់ ពៅ អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ស៊ឹម សៀងប៉ាវ»

នៅព្រឹកថ្ងៃអង្គារ ៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជាក្នុងនាមឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យស...

2020-10-06 03:55:45   ថ្ងៃអង្គារ, 06 តុលា 2020 ម៉ោង 10:55 AM
ឯកឧត្ដមបណ្ឌិត សយ រាសី៖ គ្រប់មុខជំនាញទាំងអស់សុទ្ធតែមានសារៈសំខាន់ តែត្រូវជ្រើសរើសមុខជំនាញដែលខ្លួនពេញចិត្ត និងអាចបន្តឈានឆ្ពោះទៅកាន់អនាគតដែលខ្លួនចង់បាន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើសរើសមុខជំនាញសិក្សានៅឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ព.ស. ២៥៦៤ ត្...

2020-09-30 09:29:45   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 04:29 PM
ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា៖ អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ «អ្នកដែលមានលទ្ធភាពប្រមូលទិន្នន័យទាំងអស់មកពិចារណា ហើយវិភាគរកផ្លូវដើររបស់ខ្លួន អ្នកនោះនឹងទទួលបានជោគជ័យ» នេះជាប្រសាសន៍របស់ឯកឧត្ដមបណ្ឌិត ធន់ វឌ្ឍនា សមាជិកបម្រុងនៃរាជ បណ្ឌិត្យសភាកម...

2020-09-30 08:45:53   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 03:45 PM
ឯកឧត្ដមបណ្ឌិត ហោ ប៉េង៖ ការជ្រើសរើសមុខជំនាញសិក្សាត្រូវពិចារណាទៅលើចរិតវិទ្យាសាស្ត្រ និងចរិតទីផ្សារ ដើម្បីក្លាយទៅជាធនធានប្រកបដោយថាមពលនិងសក្ដានុពល

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើស​រើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត...

2020-09-30 04:22:27   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 11:22 AM
ឯកឧត្ដមបណ្ឌិត សឹង រេត៖ មុខរបរដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យានឹងមានទីផ្សារកាន់តែច្រើន ក្នុងសម័យបដិវត្តឧស្សាហកម្មជំនាន់ទី៤

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសចូលរួមជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «សារៈសំខាន់នៃការជ្រើស រើសមុខជំនាញសិក្សានៅឧត្ដមសិក្សានិងក្រោយឧត្ដមសិក្សា» ដែលប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ១២កើត...

2020-09-30 04:10:11   ថ្ងៃពុធ, 30 កញ្ញា 2020 ម៉ោង 11:10 AM

សេចក្តីប្រកាស