ព័ត៌មាន

«កម្ពុជា រយៈពេល ២២ឆ្នាំក្នុងអាស៊ាន»

2021-04-30 09:59:56 ថ្ងៃសុក្រ, 30 មេសា 2021 ម៉ោង 04:59 PM
អ្នកមើល 4258
post_detail

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) លើកទី ៣៦ តាមរយៈប្រព័ន្ធវីដេអូ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០

(អត្ថបទដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា)

កម្ពុជាធ្លាប់ជាប្រទេសដ៏ឯកោមួយនៅអាស៊ី បានឆ្លងកាត់សង្រ្គាមរ៉ាំរ៉ៃរាប់ទសវត្សរ៍ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ចន្លោះឆ្នាំ១៩៧៥-១៩៧៩ ដែលបានធ្វើឱ្យប្រជាពលរដ្ឋរាប់លាននាក់ត្រូវបានសម្លាប់ ហើយហេដ្ឋារចនាសម្ព័ន្ធជាតិត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង។ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាចុងឆ្នាំ១៩៩៨ ប្រទេសកម្ពុជាបានបញ្ចប់សង្គ្រាមទាំងស្រុង និងមានការបង្រួបបង្រួមជាតិពិតប្រាកដ ព្រមទាំងមានសន្តិភាពពេញលេញ ដែលជាបុព្វលក្ខខណ្ឌសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យរហូតមកដល់សព្វថ្ងៃ ហើយកម្ពុជាបានធ្វើសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងនិម្មាបនកម្មតំបន់ និងពិភពលោក។ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ កម្ពុជាចូលជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថាអាស៊ាន (Association of Southeast Asian Nations – ASEAN)។ គិតមកដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នេះ គឺមានរយៈពេល២២ឆ្នាំ ហើយ។ ក្នុងរយៈពេល២២ឆ្នាំមកនេះ ក្នុងឋានៈជាសមាជិកអាស៊ាន តើប្រទេសកម្ពុជាបានទទួលផលប្រយោជន៍អ្វីខ្លះ និងបានរួមចំណែកអ្វីខ្លះដល់ការកសាងអង្គការតំបន់មួយនេះ?

អាស៊ានត្រូវបានបង្កើតឡើងថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយ មានប្រទេសចំនួន៥ គឺប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធ​សឹង​តែជាដែនដីដែលទើបទទួលបានឯករាជ្យពីនឹមអាណានិគមក្នុងសម័យនោះ និងគួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផងនោះ ទើបជំរុញឱ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម គឺជំរុញឱ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ រហូតដល់ឆ្នាំ១៩៨៤ និងឆ្នាំបន្តបន្ទាប់មកទៀត ទើបបណ្ដាប្រទេសចំនួនប្រាំទៀតក្នុងតំបន់នេះ រួមមាន ប៊្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់។

អាស៊ានមានសរសរស្តម្ភសំខាន់ចំនួនបី រួមមាន សហគមន៍សន្តិនយោបាយ-សន្តិសុខ សហគមន៍សេដ្ឋកិច្ច និងសហគមន៍សង្គម-វប្បធម៌ ដែលសហគមន៍ទាំងបីនេះ មានទំនាក់ទំនងគ្នាទៅវិញទៅមក។

ថ្វីបើមិនដូចអ្វីដែលអ្នកទាំងឡាយរំពឹងទុកទាំងស្រុង ប៉ុន្តែផលប្រយោជន៍ដែលកម្ពុជាទទួលបានក្រោយចូលជាសមាជិកអាស៊ាន គឺមិនតិចតួចប៉ុន្មាននោះទេ។ តិចឬច្រើន អាស៊ានជារបាំងដ៏សំខាន់សម្រាប់ការពារអធិបតេយ្យនៃរដ្ឋជាសមាជិក ជាស្នូលនៃនិម្មាបកម្មតំបន់ និងជាច្រកទ្វារការទូត នយោបាយ និងសេដ្ឋកិច្ចដ៏សំខាន់របស់រដ្ឋជាសមាជិកនានារបស់ខ្លួន។ ខាងក្រោមនេះជាផលប្រយោជន៍សំខាន់ៗដែលកម្ពុជាទទួលបានក្នុងឋានៈជាសមាជិកអាស៊ាន៖

១-ការមិនជ្រៀតជ្រែកប្រទេសផងគ្នា គឺអាស៊ានគ្មានបងតូច គ្មានបងធំ ហើយមិនលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិកដទៃទៀត។ ទន្ទឹមនឹងនេះ គឺមិនធ្វើសេចក្តីថ្លែងការពាក់ព័ន្ធក្នុងរឿងផ្ទៃក្នុងរបស់ប្រទេសជាសមាជិកនីមួយៗ។ ប្រទេសសមាជិកទាំងអស់ គឺមានសិទ្ធិពេញលេញ និងស្មើមុខស្មើមាត់ដូចៗគ្នា។

២-ស្មារតីសហគមន៍ គឺធ្វើការតាមគោលការណ៍កុងសង់ស៊ីស គ្មានប្រទេសតូច គ្មានប្រទេសធំ គ្មានប្រទេសអ្នកមាន គ្មានប្រទេសអ្នកក្រ ដែលគោលការណ៍នេះបានចែងច្បាស់នៅក្នុងធម្មនុញ្ញអាស៊ាន។ ប្រសិនបើរកកុងសង់ស៊ីសមិនទាន់បាន គឺត្រូវរក្សាទុកសិន ហើយត្រូវស្វែងរកចំណុចល្អរួមដែលអាស៊ានចង់បាន។

៣-សមាហរណកម្មដែលជាឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ដែលជាកត្តាទាក់ទាញដ៏សំខាន់។ នៅឆ្នាំ២០០០ គឺអាស៊ានបានដាក់ចេញនូវគោលនយោបាយកាត់បន្ថយគម្លាតរវាងប្រទេសអាស៊ានចាស់និងប្រទេសអាស៊ានថ្មី ដែលភាគច្រើននៅតាមតំបន់ទន្លេមេគង្គ មានដូចជា ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។ ស្មារតីអាស៊ាន គឺមិនទុកឱ្យប្រទេសជាសមាជិកណាមួយនៅពីក្រោយទេ គឺជួយជំរុញឱ្យមានការរីកចម្រើនទៅមុខទាំងអស់គ្នា។

៤-ច្រកទ្វារការទូតកាន់តែធំទូលាយសម្រាប់កម្ពុជាក្នុងក្របខណ្ឌអាស៊ាន ព្រោះអាស៊ានមានដៃគូច្រើនទាំងក្នុងតំបន់និងក្រៅតំបន់ ហើយការចូលជាសមាជិករបស់កម្ពុជា គឺជាឱកាសពង្រីកកិច្ចការទំនាក់ទំនងមិត្តភាពនិងសហប្រតិបត្តិការជាមួយប្រទេស ដែលជាដៃគូអាស៊ានទាំងអស់ ដើម្បីនាំមកនូវអត្ថប្រយោជន៍ជាច្រើនសម្រាប់ប្រទេសកម្ពុជា។

ក្នុងរយៈពេល២២ ឆ្នាំមកនេះ កម្ពុជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសហគមន៍ អាស៊ាន ដំណើរការសមាហរណកម្មតំបន់ និងបានដាក់ចេញ រួមចំណែកជំរុញ និងអនុវត្តនូវគំនិតផ្តួចផ្តើមជាច្រើនរបស់អាស៊ាន។

ក្នុងគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (Initiative for ASEAN Integration – IAI) ដែលបានលើកឡើងដោយថ្នាក់ដឹកនាំអាស៊ានកាលពីឆ្នាំ២០០០ នៅប្រទេសសឹង្ហបូរី ត្រូវបានអនុវត្តតាមផែនការការងារចំនួន៣៖ 

១-ផែនការការងារទី១ (២០០២-២០០៨) ដែលបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន នាឆ្នាំ២០០២ នៅប្រទេសកម្ពុជា នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានលើកទី១។ 

២-ផែនការការងារទី២ (២០០៩-២០១៥) ដែលបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន នាឆ្នាំ២០០៩ នៅប្រទេសថៃ។ 

៣-ផែនការការងារទី២ (២០១៦-២០២៥) ដែលបានអនុម័តដោយថ្នាក់ដឹកនាំអាស៊ាន នាឆ្នាំ២០១៧ នៅប្រទេសឡាវ។

ប្រទេសកម្ពុជាធ្លាប់បានធ្វើជាប្រធានប្តូរវេនអាស៊ានចំនួន២លើករួចមកហើយ គឺនៅឆ្នាំ២០០២ និងឆ្នាំ២០១២។ នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងធ្វើជាប្រធានប្តូរវេនអាស៊ានជាថ្មីម្តងទៀត។

ក្នុងអំឡុងពេលធ្វើជាប្រធានអាស៊ានលើកទី១ កម្ពុជាបានសម្រេចបាននូវឯកសារជាប្រវត្តិសាស្ត្ររបស់អាស៊ាន «សេចក្តីថ្លែងការណ៍ប្រតិបត្តិរបស់បណ្តាភាគីនៃជម្លោះនៅសមុទ្រចិនខាងត្បូង (Declaration on the Conduct of the Parties in the South China Sea – DOC)» ត្រូវបានចុះហត្ថលេខាដោយរដ្ឋមន្រ្តីការបរទេសរបស់បណ្តាប្រទេសសមាជិកអាស៊ាន និងចិន ដែលមានទាំងទិដ្ឋភាពនយោបាយនិងច្បាប់ សម្រាប់ការដោះស្រាយបញ្ហានៅសមុទ្រចិនខាងត្បូងដោយសន្តិវិធី។ រហូតមកទល់ពេលនេះ បណ្តាប្រទេសពាក់ព័ន្ធនៅក្នុងជម្លោះនៅសមុទ្រចិនខាងត្បូង ព្រមទាំងប្រទេសមហាអំណាចតាំងអស់ នៅតែទាមទារឱ្យគោរពពេញលេញនូវ DOC។

សម្រាប់ឆ្នាំ២០១២ នៃការធ្វើជាប្រធានអាស៊ានជាលើកទី២របស់កម្ពុជា កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន រួមមាន៖ ១-សេចក្តីថ្លែងការរួមស្តីពីអាស៊ានគ្មានគ្រឿងញៀន។ ២-សេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិមនុស្សអាស៊ាន (ASEAN Human Rights Declaration – AHRD)។ ៣-ការបង្កើតមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន (ASEAN Regional Mine Action Center – ARMAC)។ ៤-ការចាប់ផ្តើមចរចាស្តីពី «ភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership – RCEP)» ដែលរួមមានប្រទេសអាស៊ានទាំង១០ បូក អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់។ និង ៥-កិច្ចសន្ទនាជា សកលរបស់អាស៊ាន។

សម្រាប់ក្របខ័ណ្ឌនៃក្រមប្រតិបត្តិសម្រាប់សមុទ្រចិនខាងត្បូង (Code of Conduct for the South China Sea – COC) ជាលទ្ធផលដែលកើតចេញពីស្មារតីទីក្រុងបាលី និងទីក្រុងសៀមរាប (Bali-Siem Reap Spirit) ដែលក្នុងស្មារតីនេះ ភាគីពាក់ព័ន្ធឯកភាពអនុវត្តនូវភាពបត់បែន ហើយដាក់បញ្ចូលតែធាតុចូលទាំងឡាយណា ដែលបានឯកភាពរួចហើយតែប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ COC បន្ទាប់ពីមានកិច្ចប្រជុំនៅទីក្រុងបាលី និងទីក្រុងសៀមរាបនាដើមឆ្នាំ២០១៧។

ក្នុងការជួយជ្រោមជ្រែងដល់ការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់ នៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលធ្វើឡើងនៅរដ្ឋធានីហ្សាកាតា កាលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ សម្រាប់ការដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា ដោយបានលើកឡើងពីបទពិសោធជោគជ័យរបស់កម្ពុជាក្នុងការអនុវត្តនយោបាយឈ្នះ-ឈ្នះ ដើម្បីនាំមកនូវសន្តិភាពនិងការផ្សះផ្សារជាតិយូរអង្វែងនិងបានស្នើឡើងនូវជំហានជាក់ស្តែងមួយចំនួន ពោលគឺ ១-ការបញ្ឈប់អំពើហឹង្សានិងការប្រកាន់ភាពអត់ធ្មត់បំផុតដោយគ្រប់ភាគីពាក់ព័ន្ធ ២-ការទទួលយកតួនាទីអាស៊ាននិងការបញ្ជូនប្រេសិតពិសេសរបស់អាស៊ានទៅមីយ៉ាន់ម៉ា ដើម្បីជួយអន្តរាគមន៍សម្របសម្រួល និង៣-ការអនុញ្ញាតឱ្យមានការផ្តល់ជំនួយមនុស្សធម៌ពីអាស៊ាន ដែលបានរួមចំណែកដល់ការឯកភាពគ្នាជាឯកច្ឆន្ទលើប្រាំចំណុច។

ទោះបីជាយ៉ាងណាក៏ដោយ ដំណើរឆ្ពោះទៅមុខរបស់អាស៊ាន នៅតែមានបញ្ហាប្រឈមមួយចំនួន ទាំងរវាងប្រទេសដែលជាសមាជិក ប្រទេសមិនមែនជាសមាជិក ពិសេសប្រទេសមហាអំណាចក្នុងតំបន់និងពិភពលោក។ បញ្ហាគម្លាតសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកអាស៊ាន ចាស់និងសមាជិកអាស៊ានថ្មីនៅតែជាបញ្ហា។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នៅមានស្ថានភាពសេដ្ឋកិច្ចទាបនៅឡើយ បើប្រៀបធៀបនឹងសមាជិក៦ផ្សេងទៀត ដែលជាសមាជិកថ្មីរបស់អាស៊ាន។

ម្យ៉ាងវិញទៀត ក្នុងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង កម្ពុជាបានធ្វើជាប្រទេសម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី៧ នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រោមប្រធានបទសហគមន៍មួយ ជោគវាសនាមួយ ដែលពិភាក្សាផ្ដោតសំខាន់ទៅលើការអនុវត្តធម្មនុញ្ញអាស៊ាន និងផែនទីបង្ហាញផ្លូវសម្រាប់ការកសាងសហគមន៍អាស៊ាន។ សម្រាប់កិច្ចប្រជុំកំពូលអាស៊ានលើកទី២១នោះ គេបានកត់សម្គាល់ឃើញថា មានភាពចម្រូងចម្រាស់គ្នាជុំវិញការស្នើរបស់វៀតណាមនិងហ្វីលីពីន ឱ្យដាក់បញ្ហាសមុទ្រចិនខាងត្បូងជារបៀបវារ:មួយក្នុងកិច្ចប្រជុំ។ ប៉ុន្តែកម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះបានច្រានចោលសំណើនេះ ដោយគូសបញ្ជាក់ថា បញ្ហាជម្លោះសមុទ្រចិនខាងត្បូង គួរតែដោះស្រាយក្នុងកម្រិតទ្វេភាគីរវាងបណ្ដាប្រទេសដែលទាមទារ (Claimant States) ហើយមិនគួរយកមកចរចានៅក្នុងវេទិកាពហុភាគីរួមនោះឡើយ។ ក្នុងន័យនេះ កម្ពុជាបានប្រកាន់ខ្ជាប់តួនាទីស្នូលនិងមជ្ឈភាពរបស់អាស៊ាន ប៉ុន្តែរងការចោទប្រកាន់ពីភាគីដែលទាមទារថាមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធិ និងរឹងមាំជាមួយប្រទេសចិន។

បញ្ហាចំពោះមុខនាពេលនេះ គឺប្រឈមពីការរីករាលដាលនៃជំងឺកូវីដ-១៩ ហើយអាស៊ាន ជាស្ថាប័នតំបន់ដែលសកម្មបំផុតមួយ ត្រូវខិតខំប្រឹងប្រែងដើម្បីផ្តល់នូវដំណោះស្រាយដែលមានការច្នៃប្រឌិត និងជំរុញការសម្របសម្រួលក្នុងតំបន់ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមដែលមិនធ្លាប់មាន។ ដើម្បីដោះស្រាយនញ្ហាប្រឈមនេះ អាស៊ានបានបង្កើតមូលនិធិអាស៊ានសម្រាប់ការឆ្លើយតបចំពោះកូវីដ-១៩, ក្របខ័ណ្ឌការស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ASEAN Comprehensive Recovery Framework – ACRF), ក្របខ័ណ្ឌការរៀបចំច្រកធ្វើដំណើរអាស៊ាន (Travel Corridor Arrangement Framework – TCAF) និងការស្នើបង្កើតឱ្យមានមជ្ឈមណ្ឌលអាស៊ានសម្រាប់ភាពបន្ទាន់សុខភាពសាធារណៈនិងជំងឺដែលកំពុងកើតមាន (Public Health Emergencies and Emerging Diseases – ACPHEED) និងការអភិវឌ្ឍប្រព័ន្ធសម្របសម្រួលបន្ទាន់ផ្នែកសុខភាពសាធារណៈអាស៊ាន (Public Health Emergency Coordination System – APHECS) ជាដើម គឺជាភ័ស្តុតាងសំខាន់ដែលបញ្ជាក់ពីការងារសម្របសម្រួលគោលនយោបាយ ដែលមានលក្ខណៈបុរេសកម្មរបស់អាស៊ាន។

ទន្ទឹមនឹងការប្រឈមពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅមានការប្រកួតប្រជែងរវាងមហាអំណាចនឹងនៅតែបន្តមានភាពតានតឹង ហើយការបែងចែកពិភពលោកជា២ ទាំងលើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និងបច្ចេកវិទ្យាគឺជាសេចក្តីកង្វល់ដ៏ធំមួយ។

សម្រាប់ឆ្នាំ២០២២ខាងមុខនេះ កម្ពុជានឹងទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣។ តួនាទីនេះអាចជាមោទនភាពផង ហើយក៏អាចជាសម្ពាធផងដែរ។ បញ្ហាជំងឺរាតត្បាតនៃកូវីដ-១៩ នឹងនៅតែជាបញ្ហាប្រឈមសម្រាប់គ្រប់ប្រទេសនៅជុំវិញពិភពលោក ដែលកំពុងតែស្វិតស្វាញស្វែងរកវិធីសាស្ត្រស្តារសេដ្ឋកិច្ចនិងធុរកិច្ចដែលស្ទើរតែដួលរលំ។ ភាពចាំបាច់របស់កម្ពុជាក្នុងឆ្នាំ២០២២ ក្នុងនាមជាប្រធានអាស៊ាន គឺធ្វើយ៉ាងណា បន្តរក្សានិងគ្រប់គ្រងស្ថានភាព បរិស្ថានដែលអំណោយផលដល់សន្តិភាព និងស្ថិរភាពដើម្បីទ្រទ្រង់ការជំរុញវិបុលភាពក្នុងតំបន់។

សម្រាប់ឆ្នាំ២០២២ ខាងមុខ ក្នុងនាមប្រធានអាស៊ានប្តូរវេន យើងជឿជាក់ថា កម្ពុជា នឹងបន្តជំរុញឱ្យមានការសម្របសម្រួលដល់ការដោះស្រាយភាពតានតឹងនៃជម្លោះសមុទ្រចិនខាងត្បូង ជាលក្ខណៈទ្វេភាគី ដោយផ្អែកលើ DOC ព្រមទាំងជំរុញធ្វើឱ្យ COC លេចចេញជារូបរាងឱ្យបានឆាប់រហ័ស។

វិបត្តិនៅប្រទេសភូមាក៏នឹងនៅតែជាដុំថ្មក្តៅសម្រាប់កម្ពុជា ក្នុងឋានៈជាប្រធានអាស៊ាននាឆ្នាំក្រោយនេះ ព្រោះគេមិនសង្ឃឹមថា វិបត្តិនេះនឹងអាចដោះស្រាយបានឆាប់ៗនេះទេ។ កម្ពុជាចាំបាច់ជំរុញឱ្យអនុសាសន៍របស់ថ្នាក់ដឹកនាំអាស៊ាន នៅក្នុងកិច្ចប្រជុំនៅរដ្ឋធានីហ្សាការតានាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ត្រូវបានអនុវត្តឱ្យឆាប់និងមានប្រសិទ្ធភាព។

ការលើកកម្ពស់អភិបាលកិច្ចសកលសំដៅពង្រឹងប្រព័ន្ធពហុភាគីនិយម ប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ នឹងនៅតែជាចំណុចអាទិភាពសម្រាប់កម្ពុជា។ ក្នុងការស្តារសេដ្ឋកិច្ចក្រោយការរីករាលដាលនៃវីរុសកូវីដ-១៩ កម្ពុជានឹងបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងភាពធន់ផ្នែកហិរញ្ញវត្ថុឱ្យមានភាពប្រសើរឡើងវិញ និងបន្តកាត់បន្ថយលទ្ធភាព នាំទៅរកឱនភាពសេដ្ឋកិច្ចពិភពលោក ឱ្យនៅកម្រិតអប្បបរមា តាមរយៈការស្តាកំណើនសេដ្ឋកិច្ចឡើងវិញ ការវិនិយោគ ការតភ្ជាប់ដោយចីរភាព ទស្សកិច្ចធុរកិច្ច និងទេសចរណ៍ព្រមទាំងការរក្សាស្ថិរភាពទីផ្សារជាដើម។

ភាពជាប្រធានអាស៊ានប្តូរវេនរបស់កម្ពុជា មិនមែនជាការជោគជ័យឬការបរាជ័យ ដាច់ដោយឡែកសម្រាប់កម្ពុជានោះទេ។ ភាពជាប្រធានរបស់កម្ពុជា គឺជាការប្តូរវេនជាមួយនឹងប្រធានមុនៗ ដូច្នេះរាល់សមិទ្ធផលឬវឌ្ឍនភាពទាំងឡាយ គឺជាស្នាដៃរួមរបស់សមាជិកអាស៊ានទាំង១០។ ទន្ទឹមនឹងនោះ មានបញ្ហាជាច្រើន គឺមិនអាចត្រូវបានដោះស្រាយចប់សព្វគ្រប់ក្រោមការដឹកនាំរបស់ប្រធានអាស៊ានប្តូរវេនណាមួយតែឯងនោះទេ ជួនកាលវាបន្តរាប់សិបឆ្នាំ តួយ៉ាងបញ្ហាសមុទ្រ ចិនខាងត្បូងជាឧទាហរណ៍ស្រាប់។

ក្នុងបរិបទនៃពិភពលោកពហុប៉ូល និងការប្រកួតប្រជែងអំណាចដ៏ស្មុគស្មាញ និងប្រកបដោយការរើសអើង ការផ្តល់សារៈសំខាន់លើមាគ៌ាអាស៊ានគឺជារឿងចាំបាច់ក្នុងការថែរក្សាមជ្ឈភាពអាស៊ាន និងឯកភាពអាស៊ាន ។ ការណ៍ដែលស្ថាប័នអាស៊ាននៅតែមានភាពស្អិតល្មួតផ្ទៃក្នុងមិនប្រេះឆា គឺដោយសារតែយើងរក្សាបាននូវគោលការណ៍ប្រតិបត្តិមូលដ្ឋាន ដែលជា «មាគ៌ាអាស៊ាន» ដែលផ្តល់តម្លៃទៅលើការឯកភាពគ្នានៅក្នុងភាពចម្រុះ, ការគោរពគោលការណ៍ កុងសង់ស៊ីស, ការខិតខំជំរុញការសន្ទនា និងពិគ្រោះយោបល់ ដែលមានលក្ខណៈស្ងាត់ស្ងៀម ដែលគោរពអធិបតេយ្យ និងគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសសមាជិក នៅរាល់ពេលដែលយើងជួបប្រទះបញ្ហាលំបាក។ ពីព្រោះថា អាស៊ានតែងតែលើកកម្ពស់ការឯកភាព គ្នាដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ ប៉ុន្តែអាស៊ានមិនជំរុញឱ្យមានការឯកភាពគ្នាដើម្បីជំរុញការប្រឈមមុខដាក់គ្នានោះទេ។

ជាសរុបមក ទោះបីមានបញ្ហាប្រឈមនិងសម្ពាធជាច្រើនយ៉ាងណាក្តី ក្រោយកម្ពុជាបានចូលជាសមាជិកអាស៊ាន ក៏កម្ពុជាទទួលបានភាពស្មើមុខនិងស្មើភាពគ្នានៅក្នុងតំបន់ ទោះបីបច្ចុប្បន្ននេះ កម្ពុជាជាកូនពៅក៏ដោយ។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏បានរួមចំណែកយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងឱ្យអាស៊ានរក្សាបានស្ថិរភាពនិងសន្តិភាព ដើម្បីធ្វើឱ្យអាស៊ានអាចរក្សាបាននូវកម្រិតជឿទុកចិត្តមួយ ជាមួយនឹងទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយនឹងមហាអំណាចក្នុងតំបន់ ដែលពឹងពាក់លើនិម្មាបនកម្មតំបន់អាស៊ាន ដើម្បីរក្សាបានសន្តិភាព និងស្ថិរភាពដ៏ទូលំទូលាយ។ នៅឆ្នាំ២០២២ ខាងមុខនេះ កម្ពុជានឹងដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗ និងបន្តអនុវត្តជំរុញការអនុវត្តសេចក្តីសម្រេចនានារបស់អាស៊ាន ដើម្បីធ្វើឱ្យអង្គការតំបន់មួយនេះកាន់តែរឹងមាំ និងមានសារៈសំខាន់ទ្វេឡើងថែមទៀត៕


អត្ថបទទាក់ទង

«កសិករនៅខេត្តស្ទឹងត្រែងបង្កាត់ពូជស្រូវថ្មីបានហៅថាពូជស្រូវត្រីរៀល...»

M.C ពូជស្រូវត្រីរៀលជា​កសិផលមួយមានរយៈពេលខ្លីដាំដុះ​ទទួលបាន​ទិន្នផលល្អដែលកសិករនៅ ឃុំភ្លុក ស្រុក សេសាន ខេត្តស្ទឹងត្រែង​បានរកឃើញដោយខ្លួនឯង អាចចែកចាយដល់កសិករយើងផ្សេងៗ​​​​មិនបាច់ចំណាយថវិការ ទិញស្រូវពូជ មកពី...

2018-09-27 04:42:32   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 11:42 AM
«ចំណុចសំខាន់សម្រាប់ថ្នាក់ដឹកនាំ បុគ្គលិក និងកំណែទម្រង់នៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា...»

ថ្លែងនៅក្នុងសុន្ទុរកថាបើកសិក្ខាសាលាស្តីពីការបង្ហាញសៀវភៅ«ភាសាខ្មែរ» ដែលបានរៀបចំដោយក្រុមប្រឹក្សាជាតិភាសាខ្មែរនៃរាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ត្រូវ...

2018-09-27 04:28:51   ថ្ងៃព្រហស្បតិ៍, 27 កញ្ញា 2018 ម៉ោង 11:28 AM
«បញ្ហា និងចំណុចសំខាន់ៗ ដែលលោកដូណាល់ ត្រាំថ្លែងក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ UN...»

ថ្លែងក្នុង​វេទិកា​មហាសន្និបាត​អង្គការសហប្រជាជាតិប្រមាណជាង៣០នាទីនាថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ២០១៨ របស់ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ មានចំណុចសំខាន់ៗជាច្រើនត្រូវបានលើកឡើង ក្នុងនោះមាន៖អ៊ីរ៉ង់៖លោក​ត...

2018-09-26 14:03:08   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 09:03 PM
«ប្រទេសបីប្រកាសអំពីការកាន់ទុក្ខ ក្រោយមរណភាពរបស់ប្រធានាធិបតីវៀតណាម...»

ចុះផ្សាយថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ - ម៉ោង៖៥:១៥នាទីក្រោយពីមរណភាពរបស់ប្រធានាធិបតីវៀតណាម លោក Tran Dai Quang កាលពីព្រឹក ថ្ងៃសុក្រ ទី២១ខែកញ្ញា នាំ២០១៨ ក្នុងជន្មាយុ ៦២ ឆ្នាំ ប្រទេសជាមិត្តរបស់វៀតណាមចំនួន ៣ ប...

2018-09-26 10:25:34   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:25 PM
សារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងឱកាសអបអរសាទរនៃទិវាទេសចរណ៍ពិភពលោក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមប្រធានបទស្តីពី« វិស័យទេចរណ៍ និងនិន្នាការផ្លាស់ប្តូរទៅរកប្រព័ន្ធឌីជីថល-Tourism and the Digital Transformation»

2018-09-26 10:09:08   ថ្ងៃពុធ, 26 កញ្ញា 2018 ម៉ោង 05:09 PM
«គណៈប្រតិភូនៃរាជបណ្ឌិត្យសភាកម្ពុជាអញ្ជើញចូលរួម វេទិកាបញ្ញាជន ឡានឆាង-មេគង្គ លើកទី២...!»

វេទិកានេះ បានអញ្ជើញ អ្នកស្រាវជ្រាវទាំងរដ្ឋនិងឯកជនជួបគ្នានៅសាកលវិទ្យាល័យយូណាន ពីថ្ងៃ២៥-២៨ ខែកញ្ញា។ កម្មវិធីនេះ ធ្វើឡើងក្នុងឱកាសខួបលើកទី១៥ នៃទំនាក់ដៃគូជាយុទ្ធសាស្ត្ររវាង ចិន-អាស៊ាន និងជាឆ្នាំសំខាន់សម្រា...

2018-09-25 02:39:55   ថ្ងៃអង្គារ, 25 កញ្ញា 2018 ម៉ោង 09:39 AM

សេចក្តីប្រកាស