Royal Academy of Cambodia
នៅព្រឹកថ្ងៃអង្គារ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ រាជបណ្ឌិត្យសភាកម្ពុជា សហការជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបរទេសនៃក្រសួងអប់រំចិនបានប្រារព្ធ «ទិវាភាសាចិនអន្តរជាតិ» លើកទី១២ តាមប្រព័ន្ធអនឡាញ។
កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកស្រី Zuo Wenxing ភារៈធារី ស្ថានទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកឧកញ៉ា ឈរ ណារី អនុប្រធានសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបចំនួន១០០នាក់។
ក្នុងឱកាសនេះ អ្នកឧកញ៉ា ឈរ ណារី បានលើកឡើងអំពីសារៈសំខាន់ក្នុងការសិក្សាភាសាចិន ហើយបច្ចុប្បន្នទទួលបានការពេញនិយមនៅប្រទេសកម្ពុជា រួមជាមួយការចូលរួមអនុវត្តគោលការណ៍ខ្សែក្រវ៉ាត់ និងផ្លូវ បានជម្រុញឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅរកវិបុលភាព។ ទន្ទឹមនឹងនេះផងដែរ លោកស្រី Zuo Wenxing បានកោតសរសើរចំពោះទំនាក់ទំនងដ៏ជិតស្និទ្ធិកម្ពុជា-ចិន ពិសេសការរីកចម្រើនលើវិស័យអប់រំភាសាចិននៅកម្ពុជា។ លោកស្រីបានបន្ថែមថា ភាគីចិនតែងគាំទ្រទៅដល់ការសិក្សាភាសាចិននៅកម្ពុជា រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលចិនបានបញ្ជូនគ្រូបង្រៀនជនជាតិចិនមកបម្រើការជាគ្រូបង្រៀនភាសាចិននៅកម្ពុជាចំនួន២០០០នាក់ និងបានឧបត្ថម្ភសៀវភៅសិក្សាចំនួន៥០០០០ (ហាសិបពាន់) ក្បាលទៀតផង។
ថ្លែងក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិនក្នុងការផ្តល់ថ្នាំបង្ការជំងឺកូវីដ-១៩ ដល់កម្ពុជា ដើម្បីចូលរួមការពារ និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅកម្ពុជា។ ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានលើកឡើងពីសារៈសំខាន់ក្នុងការសិក្សាភាសាចិន និងផ្តាំផ្ញើដល់សិស្សានុសិស្ស ខិតខំសិក្សាភាសាចិន ដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងសង្គមជាតិ។ ទន្ទឹមនឹងនេះ រាជបណ្ឌិត្យសភាកម្ពុជានឹងធ្វើការបណ្តុះបណ្តាលធនធានគ្រូបង្រៀនភាសាចិន និងធនធានអ្នកចេះភាសាចិនលើគ្រប់វិស័យ។ ជាសមិទ្ធិផល រាបណ្ឌិត្យសភាកម្ពុជា បានបើកថ្នាក់បរិញ្ញាបត្រ ជំនាញភាសាចិន បរិញ្ញាបត្រជំនាញគរុកោសល្យភាសាចិន និងបរិញ្ញាបត្រជាន់ខ្ពស់គរុកោសល្យភាសាចិន ដើម្បីបំពេញនូវតម្រូវការរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
គួរបញ្ជាក់ផងដែរថាកម្មវិធី «ទិវាភាសាចិនអន្តរជាតិ» នឹងប្រព្រឹត្តទៅរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។ ពេលព្រឹកនឹងមានរៀបចំការប្រកួតសមត្ថភាពភាសាចិន ហើយពេលរសៀលនឹងមានបទបង្ហាញជុំវិញប្រធានបទ «ការសិក្សាភាសាចិន»៕
យុទ្ធសាស្ត្រថ្មីរបស់លោកដូណាល់ត្រាំ គឺធានាឱ្យអាម៉េរិកមានភាពលេចធ្លោមុខមាត់នៅក្នុងតំបន់នានាដូចជា ឥណ្ឌូប៉ាស៊ីហ្វិក និង អឺរ៉ុប។ ឥណ្ឌូប៉ាស៊ីហ្វិក ដែលប្រើនៅពេលនេះគឺសម្តៅពីសមុទ្រឥណ្ឌាខាងលិចដល់ប៉ាស៊ីហ្វិកខាងកើ...
សតវត្សនៃការជម្លៀសជនជាតិចាមដោយបង្ខំ ៖ ករណីសិក្សាជនជាតិចាមនៅម៉ឡេស៊ី «ខ្ញុំចង់សង្កត់ធ្ងន់ចំពោះគុណបំណាច់របស់សម្តេច ហេង សំរិន ដែលបានសង្គ្រោះជនជាតិចាមឱ្យរស់រានមានជីវិត និង សម្តេចហ៊ុន សែន ដែលបានអភិវឌ្ឍជនជាតិ...
សេចក្តីជូនព័ត៌មាន!រសៀលថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានទទួលជួបមន្ត្រីផ្នែកទំនាក់ទំនងកិច្ច...