ព័ត៌មាន

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

2021-02-22 10:13:20 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
អ្នកមើល 3630
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។

ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕

RAC Media

អត្ថបទទាក់ទង

សហគមន៍ជនជាតិវៀតណាមនៅក្រៅប្រទេស ជាស្ពានភ្ជាប់ទំនាក់ទំនងមិត្តភាព

ដោយ៖ លោក អ៊ុច លាង អ្នកសិក្សាស្រាវជ្រាវនៃនាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឈិមបូព៌ា នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជារយៈពេល៣៧ឆ្នាំ ក្រោយការអនុវត្តគោលនយោបាយកំណែទម្រង់...

2023-04-03 10:28:40   ថ្ងៃចន្ទ, 03 មេសា 2023 ម៉ោង 05:28 PM
ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ដោយ៖ លោកបណ្ឌិត ទុយ យូឃីម អនុប្រធាននាយកដ្ឋានប្រវត្តិវិទ្យានិងវិទ្យាសាស្រ្តនយោបាយ, លោកស្រីបណ្ឌិត ជា វណ្ណី ប្រធាននាយកដ្ឋានធម្មសាស្រ្ត ចរិយាសាស្រ្ត និង យេនឌ័រ នៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា

បើកាលណាយើងនិយាយអំពី ស្រ្តីក្នុងភាពជាអ្នកដឹកកនាំ យើងមិនអាចបំភ្លេចបានទេនូវព្រះរាជនីយ៍ខ្មែរយើងកាលពីអតីតកាល មានដូចជា ព្រះនាងលីវយី (សោមម៉ា ឬនាងនាគ) ព្រះនាងជ័យទេវី (សម័យចេនឡា) ព្រះមហាក្សត្រិយានី អង្គម៉ី (សម...

2023-04-01 05:04:22   ថ្ងៃសៅរ៍, 01 មេសា 2023 ម៉ោង 12:04 PM
ប្រវត្តិឧត្តមសិក្សាកម្ពុជាពីឆ្នាំ១៩៤៦ ដល់ឆ្នាំ១៩៦៧-(History of Cambodian Higher Education From 1946 to 1967) ដោយ ៖ បណ្ឌិត សុង ស៊ីណា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម

ការអប់រំតាមបែបប្រពៃណីត្រូវបានធ្វើឡើងនៅតាមទីវត្តអារាម ដោយមានព្រះសង្ឃជាអ្នកបង្រៀន។ ការអប់រំនាសម័យកាលនោះ ការសិក្សាបានផ្តោតលើការសរសេរ ឬអធិប្បាយទាក់ទងទៅនឹងអត្ថបទសាសនាជាដើម។ តាមរយៈការសិក្សាបែបប្រពៃណីនេះអាចធ...

2023-03-31 15:10:13   ថ្ងៃសុក្រ, 31 មីនា 2023 ម៉ោង 10:10 PM
បណ្ឌិត គិន ភា៖ «គេត្រូវសម្លឹងមើលលទ្ធិប្រជាធិបតេយ្យឱ្យហួសពីប្រព័ន្ធនយោបាយ»

ដោយចាក់ឫសក្នុងប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីនៃប្រទេសនីមួយៗ លទ្ធិប្រជាធិបតេយ្យមានទម្រង់ចម្រុះនិងអភិវឌ្ឍតាមមាគ៌ាដែលបានជ្រើសរើសដោយប្រជាជននៃប្រទេសនានា ដោយផ្អែកលើការយល់ដឹងនិងនវានុវត្តន៍របស់ពួកគេ។ ដូចនេ...

2023-03-29 09:33:35   ថ្ងៃពុធ, 29 មីនា 2023 ម៉ោង 04:33 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចនៅ KDI School នៃសាធារណរដ្ឋកូរ៉េ

នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទៅបំពេញទស្សនកិច្ចនៅសាលា KDI School of Public Policy ដែលមានទីតាំងនៅក្នុងទី...

2023-03-29 07:49:44   ថ្ងៃពុធ, 29 មីនា 2023 ម៉ោង 02:49 PM
ប្រតិភូរាជបណ្ឌិត្យសភាកម្ពុជាទស្សនា និងសិក្សាអំពីវិទ្យាស្ថានស្រាវជ្រាវនីតិសាស្ត្រកូរ៉េ

នៅរសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំប្រតិភូរាជបណ្ឌិត្យសភាកម្ពុជា ទៅទស្សនា និងស្តាប់ការធ្វើបទបង្ហាញអំពីការងារ និងស្នាដៃដែលវិទ្យាស្ថានស្រាវ...

2023-03-28 06:48:59   ថ្ងៃអង្គារ, 28 មីនា 2023 ម៉ោង 01:48 PM

សេចក្តីប្រកាស