ព័ត៌មាន

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

2021-02-22 10:13:20 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
អ្នកមើល 3661
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។

ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕

RAC Media

អត្ថបទទាក់ទង

«ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»

លោក Manjunatha Venkatappa ជាអ្នកជំនាញខាងទីតាំងភូមិសាស្រ្តមក ជាវាគ្មិនមកពីប្រទេសថៃបានធ្វើបទបង្ហាញ​ពី «ការប្រើប្រាស់កម្មវិធីGoogle Earth សម្រាប់ការរកមើលដីទំនេរសម្រាប់កសិកម្មឆ្លាត»។ សព្វថ្ងៃនេះមានតម្រូវ​...

2019-03-19 09:55:56   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 04:55 PM
«ការកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់តាមរយៈកសិកម្មមានភាពឆ្លាតជាមួយអាកាសធាតុ»

នៅថ្ងៃ អង្គារ ១៤កើត​ ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៩ គឺជាថ្ងៃទី៣ នៃកម្មវិធីសិក្ខាសាលាអន្តរជាតិស្តីពី «កាលានុវត្តភាពក្នុងការអភិវឌ្ឍគម្រោងបញ្ចេញកាបូនទាបតាមរយៈគម្...

2019-03-19 09:44:00   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 04:44 PM
«នៅថ្ងៃទី២១ ខែមីនា ព្រះអាទិត្យនឹងរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត»

នៅឆ្នាំនេះ សមរាត្រី នឹងកើតមានចំនួន២ដង គឺចំថ្ងៃទី២១ ខែមីនា និងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ នេះ។ វេលានេះ គឺជាឱកាសដែលប្រជាពលរដ្ឋទាំងអស់អាចទស្សនាប្រាសាទអង្គរវត្ត គឺទស្សនាព្រះអាទិត្យដែលនឹងរះចំកំពូលកណ្តាលនៃប្...

2019-03-19 08:31:54   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 03:31 PM
តើជំនួយអភិវឌ្ឍន៍របស់ប្រទេស G20 អាចដណ្តើមឧត្តមភាពលើសគោលនយោបាយ«ខែ្សក្រវ៉ាត់និងផ្លូវ»របស់ចិនបានទេ? ដោយ៖ បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

ជំនួយអភិវឌ្ឍន៍នៃប្រទេសរីកចម្រើន ជាពិសេសក្រុមប្រទេស G20 និង ប្រទេស OECD បានហូរចូលមកប្រទេស កំពុងអភិវឌ្ឍន៍ តាមរយៈគណកម្មការជំនួយអភិវឌ្ឍន៍ ដែលជំនួយនេះផ្តល់មកប្រទេសក្រីក្រ ឬ ប្រទេសកំពុង អភិវឌ្ឍន៍តាមរូបភាពពី...

2019-03-19 03:25:40   ថ្ងៃអង្គារ, 19 មីនា 2019 ម៉ោង 10:25 AM
បាឋកថា ស្តីពី «ការតម្រង់តួនាទីវប្បធម៌មូលធន ចំពោះការប្រែប្រួលសង្គមក្នុងសហភាពអឺរ៉ុប និងប្រទេសកូរ៉េ»

នារសៀលថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ នេះ ក្រោមអធិបតីភាពនៃ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដោយមានកិច្ចសហការជាមួយ បណ្ឌិត្...

2019-03-18 16:12:11   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 11:12 PM
«កិច្ចប្រជុំស្តីពីដំណើរការសាងសង់អគារឥន្ទ្រទេវី»

ក្រុមការងារសាងសង់អគារ ឥន្ទ្រទេវី នៃរាជបណ្ឌិត្យសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តមអគ្គលេខាធិការ យង់ ពៅ នៅរសៀលថ្ងៃចន្ទ១៣ កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០១៩ នេះ បានទទួ...

2019-03-18 15:19:54   ថ្ងៃចន្ទ, 18 មីនា 2019 ម៉ោង 10:19 PM

សេចក្តីប្រកាស