ព័ត៌មាន

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

2021-02-22 10:13:20 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
អ្នកមើល 3679
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។

ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕

RAC Media

អត្ថបទទាក់ទង

«ជំនួបថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជា និង ថ្នាក់ដឹកនាំក្រសួងទេសចរណ៍»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានជួបពិភាក្សាជាមួយឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងសហការី នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ ២០១៩ ម៉ោង៩ព្រឹក។ ជំនួបដ៏កម្រនេះ ធ្វើឡ...

2019-05-23 07:52:47   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2019 ម៉ោង 02:52 PM
«ពលរដ្ឋស៊ុយអែត លោក Love Englund ប្រគល់ថវិកាសាងសង់អណ្តូងនៅភូមិគំរូក្នុងស្រុកឆែប»

ក្នុងនាមពលរដ្ឋស៊ុយអែតម្នាក់ដែលស្រឡាញ់ប្រទេសកម្ពុជាយ៉ាងខ្លាំងនោះ លោក Love Englund បានសន្យាជាមួយរាជបណ្ឌិត្យសភាកម្ពុជា ជួយថវិកាសម្រាប់ជីកអណ្តូងទឹកចំនួន៣ ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តទៅរស់នៅក្នុងភូមិគំរូដ...

2019-05-23 07:31:00   ថ្ងៃព្រហស្បតិ៍, 23 ឧសភា 2019 ម៉ោង 02:31 PM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៧ - វគ្គទី៣ ដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ

(ប្រភព : http://khmersalem.blogspot.com/2012/08)កាលពីភាគទី៧ វគ្គទី២ យើងបានធ្វើការបង្ហាញអំពីសេចក្តីអធិប្បាយរបស់លោករេស៊ីដង់ជាន់ខ្ពស់បារាំង មុននឹងគាត់ថ្លែងសុន្ទរកថា។ ចំណែកនៅក្នុងភាគទី៧ វគ្គទី៣នេះ យើងសូមធ...

2019-05-20 05:38:41   ថ្ងៃចន្ទ, 20 ឧសភា 2019 ម៉ោង 12:38 PM
«បេសកកម្មនៃការអនុវត្តវប្បធម៌បន្តវេន»

នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩ ព្រឹកមិញនេះ ឯកឧត្ដមកិត្ដិនីតិកោសល​បណ្ឌិត ឌិត មន្ទី ប្រធានតុលាការកំពូលនិងមហាអយ្យការ បានរៀបចំទទួលជំនួបមួយជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ពិភាក្សាអំពីរៀបចំធ្វើគុណកថា ន...

2019-05-17 10:47:41   ថ្ងៃសុក្រ, 17 ឧសភា 2019 ម៉ោង 05:47 PM
«ប្រទេស Zimbabwe បានប្រកាសប្រើលុយយ៉ន់ ជារូបិយបណ្ណផ្លូវការរបស់ខ្លួន» ដោយ ជឹម សុជាតិ មន្ត្រីមជ្ឈមណ្ឌលសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

ប្រទេស Zimbabwe បានប្រកាសប្រើប្រាស់រូបិយបណ្ណផ្លូវការរបស់ខ្លួន ក្រោយពីប្រទេសចិនបានប្រកាសលុបបំណុលដែល Zimbabwe សងក្នុងឆ្នាំនេះ។ ការប្រើប្រាស់លុយយ៉ន់នេះនឹងជួយសម្រួលដល់ពាណិជ្ជកម្មរបស់ Zimbabwe និងប្រទេសចិន...

2019-05-10 04:18:09   ថ្ងៃសុក្រ, 10 ឧសភា 2019 ម៉ោង 11:18 AM
«ក្រុមប្រឹក្សាជាតិភាសាខ្មែរ ប្រើប្រាស់វចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត ជាគោលសម្រាប់បង្កើតបច្ចេកសព្ទថ្មី»

បញ្ហាសំណេរភាសាខ្មែរ ជាពិសេសបញ្ហាអក្ខរាវិរុទ្ធ បានក្លាយជាប្រធានបទក្តៅមួយតាមបណ្តាញសង្គម កាល​ពីសប្តាហ៍​កន្លង​ទៅ​នេះ បន្ទាប់ពីមានការបង្ហាញពីសំណេរឈ្មោះប្រទេសមហាអំណាចមួយ នៅក្នុង​កម្មវិធី​កិច្ច​ពិភាក្សា​តុមូ...

2019-05-07 11:57:07   ថ្ងៃអង្គារ, 07 ឧសភា 2019 ម៉ោង 06:57 PM

សេចក្តីប្រកាស