ព័ត៌មាន

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

2021-02-22 10:13:20 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
អ្នកមើល 3695
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។

ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕

RAC Media

អត្ថបទទាក់ទង

«ការសំណេះសំណាល ជាមួយឥស្សរជនមានគោរមងារជា«កិត្តិសង្គហបណ្ឌិត»នៅរដ្ឋសភា»

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ បានអញ្ជើញជួបសំណេះសំណាលជាមួយលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កា...

2019-06-26 11:17:10   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 06:17 PM
«អំណោយសប្បុរសធម៌ ជីកអណ្តូង នៅភូមិធម្មជាតិដងផ្លិត»

នៅរសៀលមុនបន្តិច លោក Love Englund បាននាំយកថវិកាសម្រាប់សាងសង់អណ្តូងទឹក ចំនួន $5,400 ជូនដល់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប សម្រាប់រួមចំណែកកសាងអណ្តូងទឹកចំនួន០៣ នៅភូមិធម្មជាតិដងផ្លឹត ដែលមានទ...

2019-06-26 09:51:36   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 04:51 PM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច៖ «ស្ថិរភាពនយោបាយជះឥទ្ធិពលជាខ្លាំងលើការទាក់ទាញការវិនិយោគនិងអភិវឌ្ឍប្រទេសជាតិ»

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ នេះ នៅក្នុងកិច្ចពិភាក្សាតុមូល ស្ដីពី «តើនឹងមានអ្វីកើតឡើងនៅពេលដែលលោក សម រង្ស៊ី វិលត្រឡប់ចូលកម្ពុជាវិញ» ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្...

2019-06-26 09:38:10   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 04:38 PM
«ប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា»

កាលពីថ្ងៃអង្គារ ទី២៥ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានដឹកនាំប្រជុំពិនិត្យ ពិភាក្សា និង អនុម័តបច្ចេកសព្ទគណ:កម្មការភាសាវិទ្យា បានចំនួន០៥ពាក្យ ដូចខាងក...

2019-06-26 04:21:27   ថ្ងៃពុធ, 26 មិថុនា 2019 ម៉ោង 11:21 AM
«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨ អត្ថបទចងក្រងដោយ៖ លោកស្រី ស៊ន ច័ន្ទអមរា មន្ត្រីលេខាធិការដ្ឋាននៃក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា

«វិមានរំឭកដល់អ្នកស្លាប់ក្នុងសង្គ្រាមលោកលើកទី១» ភាគទី៨បន្ទាប់ពីលោកដុកទ័រវ៉ាលឡេត៍(Docteur Vallet)ជាចាងហ្វាងក្រុមសមាគមពួកពិជ័យសង្គ្រាម ចាស់បានបញ្ចប់នូវសុន្ទរកថារបស់លោករួចរាល់ នៅក្នុងភាគទី៨នេះយើងសូមលើកយកន...

2019-06-24 08:09:26   ថ្ងៃចន្ទ, 24 មិថុនា 2019 ម៉ោង 03:09 PM
«ឱកាសអភិវឌ្ឍជំនាញបន្ថែម និងការងារ ពីរាជបណ្ឌិត្យសភាកម្ពុជា»

រាជបណ្ឌិត្យសភាកម្ពុជា សូមជូនដំណឹងដល់បងប្អូនសាធារណជនទូទៅ ដែលមានបងប្អូនសាច់ញាតិ មិត្តភ័ក្តិ ជាពិសេស និស្សិតដែលបានបញ្ចប់ការសិក្សាឯកទេសផ្នែកឯកទេសចំណីអាហារ សូមជ្រាបថា រាជបណ្ឌិត្យសភាកម្ពុជា ត្រូវការជ្រើសរើស...

2019-06-21 05:11:09   ថ្ងៃសុក្រ, 21 មិថុនា 2019 ម៉ោង 12:11 PM

សេចក្តីប្រកាស