ព័ត៌មាន

ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

2021-02-22 10:13:20 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM
អ្នកមើល 3764
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវការផ្ដោតចំណាប់អារម្មណ៍ទៅលើដបទឹកបរិស្ថានដែលរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់ នៅក្នុងឱកាសជំនួបពិភាក្សាការងារនាព្រឹកនេះ។

ដោយគូសបញ្ជាក់អំពីបញ្ហាបរិស្ថានដែលរដ្ឋាភិបាលអង់គ្លេសបាននិងកំពុងយកចិត្តទុកដាក់ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានជម្រាបបញ្ជាក់ជូនឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អំពីកម្មវិធីដែលរដ្ឋាភិបាលអង់គ្លេសកំពុងអនុវត្ត និងធ្វើការជំរុញការចូលរួមការពារបរិស្ថាន និងបានលើកឡើងភ្ជាប់ទៅនឹងការចាប់អារម្មណ៍របស់លោកជំទាវ ចំពោះការប្រើប្រាស់ដបទឹកបរិស្ថាន ដែលថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រើប្រាស់នៅក្នុងជំនួបពិភាក្សាការងារនាពេលនេះ។

លោកជំទាវឯកអគ្គរាជទូតបានមានប្រសាសន៍បន្ថែមទៀតថា ចាប់ពីតាំងពីលោកជំទាវបានអញ្ជើញចូលរួមនៅក្នុងពិធីសំខាន់ និងមានលក្ខណៈផ្លូវការនៅកម្ពុជារហូតមកដល់បច្ចុប្បន្ន នេះគឺជាលើកទីមួយហើយ ដែលលោកជំទាវបានប្រទះឃើញនូវការទទួលស្វាគមន៍ភ្ញៀវជាលក្ខណៈផ្លូវការ មានរៀបចំដបទឹកដែលមិនផលិតអំពីប្លាស្ទិក ដែលការរៀបចំបែបនេះ ពិតជាស្របគ្នាទៅនឹងទស្សនៈយល់ឃើញនិងចំណង់ចំណូលចិត្តរបស់លោកជំទាវ ទៅលើការជំរុញការកាត់បន្ថយការប៉ះពាល់ដល់បរិស្ថាន និងបានកោតសរសើរចំពោះការរៀបចំប្រកបដោយការយកចិត្តទុកដាក់ចំពោះបរិស្ថានបែបនេះ។

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជា បានសម្ដែងនូវក្ដីសោមនស្ស និងបានថ្លែងអំណរគុណចំពោះការកោតសរ សើររបស់លោកជំទាវឯកអគ្គរាជទូត ព្រមទាំងបានគូសបញ្ជាក់ជូនលោកជំទាវថា ដោយពិនិត្យឃើញនូវផលប៉ះពាល់ រយៈពេលវែងទៅលើបរិស្ថាន ដែលបង្កដោយកាកសំណល់ប្លាស្ទិក ក្នុងនាមឯកឧត្ដមបណ្ឌិតសភាចារ្យជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ឯកឧត្ដមបានកំណត់គោលការណ៍អនុវត្តជាកំហិតនៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ដោយតម្រូវឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ត្រូវចៀសវាងឱ្យបាននូវការប្រើប្រាស់ ដបប្លាស្ទិក ឬការវេចខ្ចប់សម្ភារ និងអាហារទាំងឡាយណាដែលប្រើប្រាស់ថង់ប្លាស្ទិក បើទោះបីជានៅក្នុងពិធីផ្លូវការទទួលគណៈប្រតិភូជាតិ និងអន្តរជាតិក្ដី។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍បន្តថា ការជំរុញកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅក្នុងរាជបណ្ឌិត្យសភាកម្ពុជា គឺជាការចាប់ផ្ដើមតាមរយៈការចូលរួមពីបុគ្គលម្នាក់ៗនៅក្នុងស្ថាប័នស្រាវជ្រាវជាន់ខ្ពស់របស់ជាតិ ដែលជាទីបណ្ដុំបញ្ញវន្ត នៅក្នុងការថែរក្សា ការពារបរិស្ថាន តាមរយៈការកាត់បន្ថយផលប៉ះពាល់ទៅលើបរិស្ថាន ដែលនេះជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋម្នាក់ៗ ហើយវាក៏ជាសារមួយទៅកាន់សាធារណជនទូទៅ ឱ្យងាកមកចាប់អារម្មណ៍ទៅលើការថែរក្សាបរិស្ថានឱ្យបានគ្រប់ៗគ្នា។

គួរបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារនាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានឯកភាពគ្នាទៅលើភាពចាំបាច់នៅក្នុងការធ្វើកិច្ចសហប្រតិបត្តិការរួមគ្នាទៅលើវិស័យមួយចំនួន ដែលក្នុងនោះ បញ្ហាបរិស្ថានក៏ត្រូវបានភាគីទាំងពីរលើកយកមកកំណត់ជាចំណុចសំខាន់មួយ នៅក្នុងកិច្ចសហប្រតិបត្តិការរួមគ្នានៅពេលខាងមុខផងដែរ៕

RAC Media

អត្ថបទទាក់ទង

ប្រធានរាជបណ្ឌិត្យសភាកម្ពុជានឹងចូលរួមជាអធិបតីបើកសន្និសីទអន្តរជាតិតាមប្រព័ន្ធអនឡាញលើកទី១ ស្តីពី:ការអប់រំ ប្រឹក្សាគរុកោសល្យ

...រាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយសសូមគោរពជម្រាបជូនសាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានាឱ្យបានជ្រាបថា នៅថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៧:០០នាទ...

2020-12-19 10:08:38   ថ្ងៃសៅរ៍, 19 ធ្នូ 2020 ម៉ោង 05:08 PM
រាជបណ្ឌិត្យសភាកម្ពុជារៀបចំវេទិកាពិភាក្សា ស្ដីពី «ប្រវត្តិសាស្ត្រប្រទេសកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នេះ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំវេទិកាពិភាក្សា ស្ដីពី «ដំណើរការសរសេរប្រវត្តិសាស្ត្រប្...

2020-12-18 05:18:52   ថ្ងៃសុក្រ, 18 ធ្នូ 2020 ម៉ោង 12:18 PM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំឆ្នាំ២០២០

នាព្រឹកថ្ងៃពុធ ២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុ...

2020-12-16 08:37:02   ថ្ងៃពុធ, 16 ធ្នូ 2020 ម៉ោង 03:37 PM
តម្លៃអច្ចន្តបរមាក្នុងសំណុំទិន្នន័យមួយអថេរ Outliers in Univariate Data ដោយ៖ បណ្ឌិត ម៉ុង ម៉ារ៉ា វិទ្យាស្ថានវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា, រាជបណ្ឌិត្យសភាកម្ពុជា

2020-12-15 04:56:19   ថ្ងៃអង្គារ, 15 ធ្នូ 2020 ម៉ោង 11:56 AM
ប្រព័ន្ធធារាសាស្ត្រនៅតំបន់ភាគខាងកើតបន្ទាយលង្វែក ក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្ដាល ដោយ៖ ផុន កសិកា, ឡេង វិទូ, តាកេត ស័កដា និង សួ ប៉ុណ្ណារ៉ាត់

RAC Media

2020-12-12 04:10:09   ថ្ងៃសៅរ៍, 12 ធ្នូ 2020 ម៉ោង 11:10 AM
បឹងពិតត្រង់ និង កំណាត់ដើមឈើរយឆ្នាំ ដោយ៖ អ្នកស្រី ម៉ិល វាសនា មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ

2020-12-09 07:22:36   ថ្ងៃពុធ, 09 ធ្នូ 2020 ម៉ោង 02:22 PM

សេចក្តីប្រកាស