Royal Academy of Cambodia
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។
ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។
ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។
នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖
- ការសិក្សាស្រាវជ្រាវរួមគ្នា
- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស
- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម
- និងការរៀបចំទីកន្លែងពិសោធន៍។
បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕
RAC Media | លឹម សុវណ្ណរិទ្ធ
ដោយ៖ លឹម សុវណ្ណរិទ្ធ អនុប្រធាននាយកដ្ឋានទំនាក់ទំនងសាធារណៈ និងពិធីការ នៃអគ្គលេខាធិការដ្ឋាន រាជបណ្ឌិត្យសភាកម្ពុជាខ្មែរជាប្រជាជាតិដែលមានអារ្យធម៌ដ៏ចំណាស់មួយក្នុងតំបន់ ជាមួយនឹងកេរដំណែលដ៏មានតម្លៃបង្កប់ក្នុងវ...
At the invitation of President Yoon Suk-yeol of South Korea, Prime Minister Hun Manet has declared that he will head a high-ranking Cambodian delegation on a state visit to the Republic of Korea in Ma...
វត្តមាន កាល(ពេលវេលា) មានពាក់ព័ន្ធគ្រប់ផ្នែក គ្រប់វិស័យ គ្រប់សកម្មភាព និងមានសារៈសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ។ ពេលវេលា ដើរតួនាទីសំខាន់ក្នុងការកត់ត្រា ឬកំណត់កាលបរិច្ឆេទព្រឹត្តិការណ៍ ន...
(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃអង្គារ ២ រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ នៅវេលាម៉ោង ៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា បានដ...
នៅក្នុងការបាញ់ប្រហារយ៉ាងរង្គាល នៅក្នុងសាលប្រគុំតន្ត្រីនៃមជ្ឈមណ្ឌល Crocus City Hall ដែលស្ថិតនៅជាយភាគខាងលិចនៃរដ្ឋធានីមូស្គូ និងមានចម្ងាយ២០គីឡូម៉ែត្រពីវិមានក្រឹមឡាំង នៅយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបណ្...
ប្រតិបត្តិនិយម គឺជាប្រពៃណីទស្សនវិជ្ជា ដែលចាត់ទុកភាសា និងការគិតជាឧបករណ៍សម្រាប់ការទស្សន៍ទាយការដោះស្រាយបញ្ហា និងសកម្មភាព ជាជាងការពិពណ៌នា ការបង្ហាញ ឬការឆ្លុះបញ្ចាំងតថភាព។ ប្រតិបត្តិនិយមវិទូ អះអាងថា ប្រធាន...