ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

2021-02-22 06:10:48 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 01:10 PM
អ្នកមើល 3831
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖

- ការសិក្សាស្រាវជ្រាវរួមគ្នា

- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស

- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម

- និងការរៀបចំទីកន្លែងពិសោធន៍។

បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអ...

2020-07-15 05:27:11   ថ្ងៃពុធ, 15 កក្កដា 2020 ម៉ោង 12:27 PM
សកម្មភាពចុះស្រាវជ្រាវអំពី៖ «ប្រវត្តិអតីតរាជធានី​និង​ទីក្រុងបុរាណ​នៃអាណាចក្រខ្មែរ» នៅខេត្តកំពង់ធំនិងខេត្តសៀមរាប ដោយ៖ ហៀង លាងហុង

រូបភាពទី១៖ ក្រុមស្រាវជ្រាវស្ថិតនៅលើទីតាំងអតីតព្រះរាជវាំង នៃរាជធានីមហេន្រ្ទបព៌ត លើខ្នងភ្នំគូលែន (ពីឆ្វេងទៅស្តាំ៖ លោក ហួត រ៉ា, លោកបណ្ឌិត ហេង ហុកវេន, លោក ហៀង លាងហុង, ឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី និងលោក សាន...

2020-07-14 09:57:43   ថ្ងៃអង្គារ, 14 កក្កដា 2020 ម៉ោង 04:57 PM
«លោកបណ្ឌិត មាឃ បូរ៉ា ចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០នេះ លោកបណ្ឌិត មាឃ បូរ៉ា បានចូលកាន់តំណែងជាប្រធានស្តីទីវិទ្យាស្ថានភាសាជាតិនៃរាជ បណ្ឌិត្...

2020-07-14 07:47:22   ថ្ងៃអង្គារ, 14 កក្កដា 2020 ម៉ោង 02:47 PM
ប្រជុំស្ដីពីការរៀបចំជំនួបពិភាក្សាស្ដីពី «បទពិសោធនិងបញ្ហាគោលការណ៍ក្នុងការប្រើ អក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»

RAC Media ប្រភព៖ ក្រុមប្រឹក្សាជាតិភាសាខ្មែរ

2020-07-14 06:38:34   ថ្ងៃអង្គារ, 14 កក្កដា 2020 ម៉ោង 01:38 PM
«បណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី៖ កម្ពុជាបានតាំងចិត្តរបស់ខ្លួនក្នុងការធ្វើការប្រកៀកស្មានឹងសហរដ្ឋអាម៉េរិកផ្ដោតលើគោលការណ៍គោរពនិងយោគយល់គ្នាទៅវិញទៅមក»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវេទិកាវិទ្យាសាស្ត្រស្តីពី ទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក៖ ការពិនិត្យមើលអតីតកាល រយៈពេល៧០ឆ្នាំកន្លងមក និងក្ដីរំពឹងទុកសម្រាប់៧០ឆ្នាំបន្ទប់...

2020-07-11 10:11:10   ថ្ងៃសៅរ៍, 11 កក្កដា 2020 ម៉ោង 05:11 PM
«បណ្ឌិតសភាចារ្យ សុខ ទូច៖ កម្ពុជា និងអាម៉េរិកមានស្នាមញញឹមដូចគ្នា ស្រឡាញ់សន្តិភាពដូចគ្នា...»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាសហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាបានរៀបចំវេទិកាវិទ្យាសាស្ត...

2020-07-11 09:59:19   ថ្ងៃសៅរ៍, 11 កក្កដា 2020 ម៉ោង 04:59 PM

សេចក្តីប្រកាស