ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

2021-02-22 06:10:48 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 01:10 PM
អ្នកមើល 3788
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖

- ការសិក្សាស្រាវជ្រាវរួមគ្នា

- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស

- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម

- និងការរៀបចំទីកន្លែងពិសោធន៍។

បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និង...

2020-09-23 01:54:27   ថ្ងៃពុធ, 23 កញ្ញា 2020 ម៉ោង 08:54 AM
«អត្ថប្រយោជន៍នៃការសិក្សាភាសាចិន»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី «អត្ថប្រយោជន៍នៃការសិក្សាភាស...

2020-09-22 12:26:31   ថ្ងៃអង្គារ, 22 កញ្ញា 2020 ម៉ោង 07:26 PM
«ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការណ៍ខ្សែក្រវាត់ និងផ្លូវ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានអញ្ជើញធ្វើបទបង្ហាញស្តីពី ការអភិវឌ្ឍគ្រូបង្រៀនភាសាចិនក្នុងតំបន់នៅកម្ពុជា និងគោលការ...

2020-09-22 09:00:15   ថ្ងៃអង្គារ, 22 កញ្ញា 2020 ម៉ោង 04:00 PM
«ការអញ្ជើញសួរសុខទុក្ខឯកឧត្តមសាស្ត្រាចារ្យ ស៊ឹម សៀងប៉ាវ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដមបណ្ឌិត ជូរ ច័ន្ទដារី អគ្គលេខាធិការរងរាជបណ្ឌិត្យ សភាកម្ពុជា និង    លោក ប៊ុត សុម៉េត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ តំណាងឯកឧត្តមបណ្ឌ...

2020-09-15 07:41:04   ថ្ងៃអង្គារ, 15 កញ្ញា 2020 ម៉ោង 02:41 PM
តើស្រីលង្កានិងឡាវ កំពុងជាប់អន្ទាក់បំណុលចិនឬ? ដោយ៖ លោក អ៊ុច លាង នាយកដ្ឋានសិក្សាអាស៊ី អាហ្វ្រិក និងមជ្ឍឹមបូព៌ានៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជ​បណ្ឌិត្យ​សភាកម្ពុជា

ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេបង្អស់នៅលើពិភពលោក ដោយបានផ្តល់កម្ចីច្រើនជាងធនាគារពិភពលោក ឬ​ស្ថាប័នអន្តរជាតិដទៃទៀត។ ចាប់ពីឆ្នាំ ២០០០ ដល់ឆ្នាំ២០១៧ ប្រាក់កម្ចីរបស់បណ្តាប្រទេសនានាពីប្រទេសចិន «បាន​កើនឡើង១...

2020-09-14 08:09:57   ថ្ងៃចន្ទ, 14 កញ្ញា 2020 ម៉ោង 03:09 PM
ពិធីអបអរសាទរខួប១ឆ្នាំនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី​ និងពិធីសម្ពោធសៀវភៅព្រះនាងឥន្ទ្រទេវី

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ៧រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំពិធីអបអរសាទរខួប១ឆ្នាំនៃការសិតបដិមាទោលព្រះនាងឥន្ទ្រទេវី​ និងព...

2020-09-10 07:11:09   ថ្ងៃព្រហស្បតិ៍, 10 កញ្ញា 2020 ម៉ោង 02:11 PM

សេចក្តីប្រកាស