ព័ត៌មាន

ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាទទួលជួប និងពិភាក្សាការងារជាមួយលោកជំទាវឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា

2021-02-22 06:10:48 ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 01:10 PM
អ្នកមើល 3734
post_detail

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជ​បណ្ឌិត្យសភាកម្ពុជាបានដឹកនាំថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជួប និងពិភាក្សាការងារជាមួយនឹងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា។

ថ្លែងក្នុងជំនួបពិភាក្សានាព្រឹកនេះ ​ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលអង់គ្លេសបានមានទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាចាប់តាំងពីឆ្នាំ១៩៥៣មកម្ល៉េះ បន្ទាប់ពីប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមននិយមបារាំង។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានគូសបញ្ជាក់អំពីបទពិសោធក្នុងការអភិវឌ្ឍវិស័យឧស្សាហកម្មរបស់អង់គ្លេស ក្នុងនាមជាប្រទេសមានការរីកចម្រើនឧស្សាហកម្មជឿនលឿនដំបូងគេ ដែលកម្ពុជាត្រូវសិក្សាស្វែងយល់បន្ថែមទៀតពីប្រទេសអង់គ្លេស។

ជាមួយគ្នានេះ ឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានជម្រាបជូនលោកជំទាវឯកអគ្គរាជទូត អំពីការផ្ដោតចំណាប់អារម្មណ៍របស់ឯកឧត្ដមទៅលើឥរិយាបថ និងជំហររបស់អង់គ្លេសនៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដែលផ្ដល់សារសំខាន់យ៉ាងខ្លាំងចំពោះការសិក្សាស្រាវជ្រាវ មុននឹងសម្រេចធ្វើការអនុវត្តទៅលើវិស័យណាមួយ។ ឯកឧត្ដមបណ្ឌិតសភាចារ្យបានជម្រាបជូនដល់លោកជំទាវឯកអគ្គរាជទូតបន្ថែមទៀតថា ភាគីទាំងពីរគប្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នា តាមរយៈការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅក្នុងវិស័យសំខាន់ៗមួយចំនួនដូចជាវិស័យកសិកម្ម វេជ្ជសាស្ត្រ និងបច្ចេកវិទ្យា ដែលសុទ្ធសឹងតែជាវិស័យដែលភាគីអង់គ្លេសអាចជួយដល់កម្ពុជាក្នុងការជំរុញការរីកចម្រើន និងការអភិវឌ្ឍសង្គមជាតិនាពេលបច្ចុប្បន្ន។

នៅក្នុងជំនួបពិភាក្សាការងារ ដែលបានបន្តរហូតដល់ម៉ោង១១:១១នាព្រឹកនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងលោកជំទាវ TINA REDSHAW ឯកអគ្គរាជទូតអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងពិនិត្យមើលបន្ថែមទៀតទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នានៅលើវិស័យសំខាន់ៗចំនួន៤គឺ៖

- ការសិក្សាស្រាវជ្រាវរួមគ្នា

- ការបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមបែបអង់គ្លេស

- ការបណ្ដុះបណ្ដាលវិស័យកសិកម្ម

- និងការរៀបចំទីកន្លែងពិសោធន៍។

បន្ទាប់ពីពិភាក្សា និងដោះដូរទស្សនៈទៅវិញទៅមក លោកជំទាវ TINA REDSHAW បានសម្ដែងការចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ទៅលើលទ្ធភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការដែលបានលើកឡើងខាងលើ ដោយលោកជំទាវបានថ្លែងជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យប្រធានរាជបណ្ឌិត្យសភាកម្ពុជាថា លោកជំទាវនឹងនាំយកនូវគោលបំណងធ្វើកិច្ចសហប្រតិបត្តិការនេះ ផ្ដល់ទៅកាន់បណ្ដាសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេស ដើម្បីឈានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា នៅពេលខាងមុខ ដើម្បីជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អនឹងគ្នារវាងព្រះរាជាណាចក្រកម្ពុជា និងចក្រភពអង់គ្លេសនៅក្នុងវិស័យវិទ្យាសាស្ត្រ៕

RAC Media | លឹម សុវណ្ណរិទ្ធ


អត្ថបទទាក់ទង

សិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំពី៖ «ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ និងកិច្ចសហប្រតិបត្តិការនាពេលអនាគត»

នៅព្រឹកថ្ងៃពុធ ១១កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច បានចូលរួមជាអធិបតីក្នុងពិធីបើក និងបិទសិក្ខាសាលា (តាមប្រព័ន្ធវីដេអូពីចម្ងាយ) ស្តីអំព...

2021-03-26 07:38:54   ថ្ងៃសុក្រ, 26 មីនា 2021 ម៉ោង 02:38 PM
សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត ឡាវ ធ្វើតែងតាំងក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់អាណត្តិទី៩

ក្នុងកិច្ចប្រជុំសភាលើកដំបូកសម្រាប់អាណត្តិទី៩ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ នៅរដ្ឋធានីរៀងចន្ទន៍ប្រទេស ឡាវ បានធ្វើការប្រកាសជ្រើសតាំងក្បាលម៉ាស៊ីនដឹកនាំថ្មីរបស់ខ្លួន ដោយក្នុងនោះសភាបានអនុម័តជ្រើសតាំងប្រធា...

2021-03-23 16:09:36   ថ្ងៃអង្គារ, 23 មីនា 2021 ម៉ោង 11:09 PM
រាជបណ្ឌិត្យសភាកម្ពុជាបន្តពង្រីកនិងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាសាកលវិទ្យាល័យចំនួន៨ នៃសាធារណរដ្ឋប្រជាមានិតចិន

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅរសៀលថ្ងៃពុធ ១២រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៤៦៤ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្...

2021-03-11 02:50:06   ថ្ងៃព្រហស្បតិ៍, 11 មីនា 2021 ម៉ោង 09:50 AM
«កម្ពុជានិងកូរ៉េឯកភាពលើការស្រាវជ្រាវយុទ្ធសាស្ត្រនិងគោលនយោបាយជាតិរួមគ្នា»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ថ្នាក់ដឹកនាំរាជបណ្ឌិត្យសភាកម្ពុជានិងថ្នាក់ដឹកនាំក្រុមប្រឹក្សាជាតិសម្រាប់សេដ្ឋកិច្ច មនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គមសាធារណរដ្ឋកូរ៉េដែលជាធនាគារខួរក្បាលរបស់ជាតិទាំងពីរបានសម្រេ...

2021-02-24 05:23:20   ថ្ងៃពុធ, 24 កុម្ភៈ 2021 ម៉ោង 12:23 PM
គំនិតបង្រួបបង្រួមខ្មែរ KHMER UNIFICATION IDEAS ដោយ៖ បណ្ឌិត ក្ដាន់ ធុល, មន្ត្រីស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គមននៃរាជបណ្ឌិត្យសភាកម្ពុជា

RAC Mediaប្រភព៖ ...

2021-02-23 04:12:19   ថ្ងៃអង្គារ, 23 កុម្ភៈ 2021 ម៉ោង 11:12 AM
ឯកអគ្គរាជទូតអង់គ្លេសកោតសរសើរនិងគូសបញ្ជាក់អំពីទស្សនៈស្របគ្នានឹងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ក្នុងការជំរុញការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដើម្បីបរិស្ថានកាន់តែប្រសើរ

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ក្នុងឱកាសអញ្ជើញចូលជួប និងពិភាក្សាការងារជាមួយឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក្សាបណ្ឌិតសភាចារ្យ នៃរាជបណ្ឌិត្យសភាកម្ពុជ...

2021-02-22 10:13:20   ថ្ងៃចន្ទ, 22 កុម្ភៈ 2021 ម៉ោង 05:13 PM

សេចក្តីប្រកាស