ព័ត៌មាន

មីយ៉ាន់ម៉ា៖ ការប្រទាញប្រទង់ឥទ្ធិពលរវាងមហាអំណាច និងតុល្យភាពភូមិសាស្ត្រក្នុងតំបន់

2021-02-18 08:11:22 ថ្ងៃព្រហស្បតិ៍, 18 កុម្ភៈ 2021, 08:11 AM
post_detail

រយៈពេល២សប្ដាហ៍ក្រោយការធ្វើរដ្ឋប្រហារយោធា ពីសំណាក់ឧត្ដមសេនីយ៍យោធាមីយ៉ាន់ម៉ា ពេលនេះ ប្រទេស មីយ៉ាន់ម៉ាកំពុងប្រឈមនឹងប្រតិកម្ម និងការដាក់សម្ពាធពីមជ្ឈដ្ឋាននានា ពិសេសពីបណ្ដាប្រទេសមហាអំណាចលោកខាងលិច និងសហរដ្ឋអាម៉េរិក។ រដ្ឋប្រហារនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ កន្លងទៅនេះ ត្រូវបានក្រុមឧត្ដមសេនីយ៍យោធាមីយ៉ាន់អះអាងថា ធ្វើឡើងក្រោមហេតុផលមានការលួចបន្លំនៅក្នុងការបោះឆ្នោតថ្នាក់ជាតិរបស់ប្រទេសនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ។ បន្ទាប់ពីឃាត់ខ្លួនប្រធានាធិបតី និងលោកស្រី អ៊ុងសាន សូជី ដែលជាទីប្រឹក្សារដ្ឋ ព្រមទាំងអ្នកនយោបាយនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យជាច្រើនរូបទៀត ក្រុមយោធាក្រោមការដឹកនាំរបស់ឧត្ដមសេនីយ៍ មីន អ៊ុងឡាំង បានប្រកាសដាក់ប្រទេសនៅក្នុងភាពអាសន្នរយៈពេលមួយឆ្នាំ និងបានអះអាងថា របបយោធានឹងរៀបចំការបោះឆ្នោតមួយនៅឆ្នាំក្រោយ ដើម្បីជ្រើសរើសរដ្ឋាភិបាល ហើយក្រុមយោធានឹងប្រគល់អំណាចទៅឱ្យគណបក្ស ដែលទទួលបានជោគជ័យពីការបោះឆ្នោតនោះ។ ទោះជាយ៉ាងណា គេមិនអាចប្រាកដចិត្តបាននោះទេថាតើរបបយោធាមីយ៉ាន់ម៉ា នឹងអនុវត្តតាមការសន្យារបស់ខ្លួនដែរឬទេ តែអ្វីដែលគេអាចមើលឃើញជាក់ស្ដែងនាពេលនេះគឺយោធាមីយ៉ាន់ម៉ាកំពុងតែសម្លឹងមើលបទពិសោធនិងលំនាំផ្លូវដែលប្រមុខកងទ័ពថៃ ជាប្រទេសជិតខាងរបស់ខ្លួនធ្លាប់បានប្រើប្រាស់កាលពីឆ្នាំ២០១៤ ហើយអ្វីដែលជៀសមិនផុតនោះគឺប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងធ្លាក់ចូលទៅក្នុងការប្រទាញប្រទង់ និងថ្លឹងថ្លែងយុទ្ធសាស្ត្ររបស់ប្រទេសមហាអំណាចតំបន់ ក៏ដូចជាមហាអំណាចពិភពលោកធំៗទាំងពីរគឺចិន និងសហរដ្ឋអាម៉េរិក។

ខណៈដែលសហរដ្ឋអាម៉េរិកបានអំពាវនាវឱ្យរបបយោធាដោះលែងលោកស្រី អ៊ុងសាន ស៊ូជី និងព្រមានពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីទៅលើប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំបន្ទាន់ ដើម្បីជជែកពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែក្រោយបញ្ចប់កិច្ចប្រជុំនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក៏ពុំបានថ្កោលទោសករណីរដ្ឋប្រហារនៅមីយ៉ាន់ម៉ានោះឡើយ និងគ្មានសូម្បីតែការប្រើប្រាស់ពាក្យរដ្ឋប្រហារនៅមីយ៉ាន់ម៉ាថែមទៀតផង ដោយបានត្រឹមតែសម្ដែងការព្រួយបារម្ភចំពោះស្ថានភាពដែលកំពុងវិវត្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ដែនគោកមួយនេះប៉ុណ្ណោះ។ ប្រទេសចិនត្រូវបានគេដាក់ការសង្ស័យថាជាអ្នកនៅពីក្រោយ ឬបានធានាអះអាងចំពោះការការពារក្រុមយោធាមីយ៉ាន់ម៉ាដែលបានធ្វើរដ្ឋប្រហារ ដោយសារតែប្រយោជន៍ភូមិសាស្ត្រនយោបាយ និងផលប្រយោជន៍សេដ្ឋកិច្ចរាប់ពាន់លានដុល្លារសហរដ្ឋអាម៉េរិកដែលចិនបានវិនិយោគនៅមីយ៉ាន់ម៉ា ហើយជាងនេះទៅទៀត រដ្ឋប្រហារនៅក្នុងប្រទេសនេះត្រូវរៀបចំឡើងមិនយូរប៉ុន្មានក្រោយពីក្រុមយោធាបានជួបនឹងថ្នាក់ដឹកនាំរបស់ចិន។ អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀតនោះគឺ កាសែតចិន Global Times បានសរសេរអំពីព្រឹត្តិការណ៍រដ្ឋប្រហារនៅមីយ៉ាន់ម៉ាថា មានការរុះរើក្រសួង និងរដ្ឋាភិបាលនៅប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្ណោះ ដោយពុំបានរំលេចនូវពាក្យរដ្ឋប្រហារសូម្បីតែមួយម៉ាត់នោះឡើយ។

គេអាចនឹងស្រមៃនឹកដល់អន្តរាគមន៍ដែលសហរដ្ឋអាម៉េរិកធ្លាប់អនុវត្តកន្លងមក ចំពោះការដើរថយក្រោយ ឬការ ងាកចេញពីប្រជាធិបតេយ្យ និងការប៉ះពាល់ដល់ការគោរពសិទ្ធិមនុស្ស ដោយកន្លងមកសហរដ្ឋអាម៉េរិកបានប្រើប្រាស់វិធីសាស្ត្រផ្សេងៗដូចជា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការទូត និងរហូតឈានទៅដល់ធ្វើអន្តរាគមន៍យោធាតែម្ដង ប៉ុន្តែសម្រាប់ករណីប្រទេសមីយ៉ាន់ម៉ា ប្រទេសលោកខាងលិច និងសហរដ្ឋអាម៉េរិកមិនបានអន្តរាគមន៍ដល់កម្រិតបិទស្ថានទូត ឬអន្តរាគមន៍យោធានោះទេ ព្រោះកន្លងមក បើទោះបីជាអំពើហិង្សានិងកាប់សម្លាប់លើជនជាតិភាគតិចនៅ មីយ៉ាន់ម៉ា រហូតដល់ជនជាតិរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋរ៉ាក់ឃីនបានរត់ភៀសខ្លួនជាបន្តបន្ទាប់ ពិសេសទៅកាន់ប្រទេសបង់ក្លា ដែសដែលនៅជាប់ខាងប្រទេសនេះក្ដី។ ហេតុផលមួយដែលគេអាចលើកមកអះអាងបាននោះគឺករណីអំពើហិង្សា និងការកាប់សម្លាប់លើជនជាតិភាគតិចនៅមីយ៉ាន់ម៉ានេះ មិនទាន់ក្លាយទៅជាជម្លោះប្រដាប់អាវុធទ្រង់ទ្រាយធំដែលទាម ទារឱ្យមានការអន្តរាគមន៍ផ្ទាល់ពីអន្តរជាតិនោះឡើយ។ ចំណុចមួយទៀតដែលគេត្រូវពិចារណានោះគឺ ប្រភេទនៃការអន្តរាគមន៍ពីសហគមន៍អន្តរជាតិ ដែលរួមមានការដាក់ពង្រាយកងកម្លាំងរបស់អង្គសហប្រជាជាតិ និងការអន្តរាគមន៍របស់សម្ព័ន្ធមិត្តយោធាបស្ចិមប្រទេសដែលហៅកាត់ថា ណាតូ។ សម្រាប់ការអន្តរាគមន៍ដែលមានការអនុញ្ញាតពីអង្គការសហប្រជាជាតិ គេទាមទារឱ្យមានការអនុម័តយល់ព្រមជាឯកច្ឆន្ទពីសមាជិកអចិន្ត្រៃយ៍ទាំង៥ នៃក្រុមប្រឹក្សាសន្តិសុខ ដែលក្នុងនោះមានប្រទេសចិនជាសមាជិកផងដែរ ហើយការអន្តរាគមន៍របស់ណាតូអាចធ្វើទៅបានលុះត្រាតែក្នុងហេតុផលដែលមានការប៉ះពាល់ ឬវាយប្រហារទៅលើប្រទេសជាសមាជិកណាតូ។ ហេតុផលដែលអាចចាត់ថាជាហេតុផលជាក់លាក់ជាងនេះ ក៏ព្រោះតែក៏ទំនងជាដោយសារតែប្រទេសមីយ៉ាន់ម៉ាមិនមានផលប្រយោជន៍សំខាន់ជាយុទ្ធសាស្ត្រ គ្មានក្រុមហ៊ុនធំៗរបស់បស្ចិមប្រទេសនិងសហរដ្ឋអាម៉េរិកនៅទីនោះដែលត្រូវការពារពីវាយប្រហារ ឬក៏ដោយសារតែក្នុងករណីដែលមានការអន្តរាគមន៍កម្លាំងយោធាកាន់ទីនោះ មហាអំណាចក៏ប្រហែលជានឹងពុំទទួលបានសារប្រយោជន៍អ្វីជាដុំកំភួនដូចបណ្ដាប្រទេសនៅតំបន់មជ្ឈិមបូព៌ាក៏ថាបាន ខណៈពេលដែលមហាអំណាចមួយចំនួនបានផុងខ្លួនកាន់តែជ្រៅ ដកខ្លួនមិនបានពីក្នុងវិបត្តិនៅមជ្ឈិមបូព៌ា។ គេក៏អាចពិនិត្យមើលលើឥរិយាបថរបស់ចិន ដែលជាមហាអំណាចមានព្រំដែនជាប់នឹងប្រទេសយោធានិយមមួយនេះ ច្បាស់ជានឹងមិនអាចបណ្ដែតបណ្ដោយឱ្យបស្ចិមប្រទេសមករៀបចំចាត់ចែងប្រទេសអាស៊ីអាគ្នេយ៍ ដែលស្ថិតនៅជាប់ភូមិផងរបងជាមួយចិនបាននោះដែរ។

បើដូច្នេះ តើវាសនាប្រទេសមីយ៉ាន់ម៉ានឹងទៅជាយ៉ាងណា ប្រសិនបើមហាអំណាចលោកខាងលិច និងសហរដ្ឋអាម៉េរិកមិនអាចធ្វើអន្តរាគមន៍ទម្លាក់របបយោធាមីយ៉ាន់ម៉ា ហើយទាញប្រទេសមីយ៉ាន់ម៉ាឱ្យដើរតាមគន្លងប្រជាធិបតេយ្យវិញបាន? តើមីយ៉ាន់ម៉ានឹងក្លាយទៅជាប្រទេសថៃទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរឬយ៉ាងណា?

ថ្វីត្បិតតែមិនអាចលូកដៃចូលជ្រៅក្នុងបញ្ហាមីយ៉ាន់ម៉ា និងទាញទម្លាក់របបយោធាមីយ៉ាន់ម៉ាពីតំណែងក្ដី ប៉ុន្តែបស្ចិមប្រទេស ពិសេសសហរដ្ឋអាម៉េរិក នៅតែមានភាពចាំបាច់ក្នុងការឆ្លើយតបដោយម៉ឺងម៉ាត់តាមរយៈវិធានការសមស្របនានា ដែលរាប់ទាំងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីម្ដងទៀត ក្នុងនាមជាប្រទេសដែលប្រកាន់និងធ្លាប់តែបានអះអាងនូវគុណតម្លៃប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងនយោបាយការបរទេសរបស់ខ្លួន។ កាលពីឆ្នាំ២០១៩ នៅក្នុងសំណុំរឿងអំពើហិង្សាទៅលើជនជាតិរ៉ូហ៊ីងយ៉ា ប្រមុខយោធាមីយ៉ាន់ម៉ា លោកឧត្ដមសេនីយ៍ មីន អ៊ុងឡាំង ធ្លាប់បានត្រូវសហរដ្ឋអាម៉េរិកដាក់ទណ្ឌកម្ម ដោយហាមមិនឱ្យចូលទឹកដីសហរដ្ឋអាម៉េរិក បង្កកទ្រព្យសម្បត្តិរបស់លោកនៅសហរដ្ឋអាម៉េរិក និងហាមពលរដ្ឋអាមេរិកមិនឲ្យទាក់ទងជាមួយលោកក្នុងរឿងផ្ទេរ ឬបញ្ចូនលុយកាក់រួចទៅហើយ ដូច្នេះបើសិនជាសហរដ្ឋអាម៉េរិកមានបំណងចង់ដាក់ទណ្ឌកម្មលើរបបយោធានេះជាថ្មីម្ដងទៀត ជំហានបន្ទាប់គឺជាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើប្រទេសមីយ៉ាន់ម៉ាទាំងមូល ឬជាវិធានការផ្នែកការទូតតែម្ដង ដែលប្រការនេះ នឹងជាចំណែកមួយនៅក្នុងការរុញច្រានប្រទេសមីយ៉ាន់ម៉ាទៅឱ្យចិនទាំងស្រុង ហើយវាក៏នឹងជះឥទ្ធិពលអាក្រក់ខ្លាំងទៅលើស្រទាប់ប្រជាជនមីយ៉ាន់ម៉ាផ្ទាល់តែម្ដង ព្រោះមីយ៉ាន់ម៉ាក៏ដូចជាបណ្ដាប្រទេសដទៃដែរ កំពុងតែរងគ្រោះលើវិស័យសេដ្ឋកិច្ចដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ស្រាប់ ស្របពេលដែលរបបយោធានៅមីយ៉ាន់ម៉ាធ្លាប់មានបទពិសោធក្នុងការប្រឈមជាមួយនឹងទណ្ឌកម្មរបស់សហគមន៍អន្តរជាតិលើប្រទេសនាក្នុងពេលអតីតកាល។ ហេតុនេះហើយ ការដាក់ទណ្ឌកម្មរបស់បស្ចិមប្រទេស និងសហរដ្ឋអាម៉េរិក នៅក្នុងដំណាក់កាលនេះ គឺអាចគ្រាន់តែជានិមិត្តរូបមួយដែលសម្ដែងនូវការខកចិត្ត មិនពេញចិត្តទៅនឹងទង្វើនៃក្រុមយោធាមីយ៉ាន់ម៉ាតែប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ សម្រាប់យន្តការតំបន់ ហាក់ដូចជាមិនមានឥទ្ធិពលនិងប្រសិទ្ធភាពសោះឡើយចំពោះវិបត្តិដែលបានកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារតែអាស៊ានបានកំណត់យកគោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាសមាជិក និងគោលការណ៍កុងសង់ស៊ីសដែលទាមទារឱ្យរាល់ការសម្រេចចិត្តរបស់អាស៊ានត្រូវឈរ លើជំហរឯកច្ឆន្ទ ដែលជាហេតុផលសម្រាប់បណ្ដាប្រទេសសមាជិកនានា រាប់ទាំងថៃ និងមីយ៉ាន់ម៉ាផងនោះ ពុំបានយកចិត្តទុកដាក់ចំពោះប្រតិកម្មរបស់បណ្ដាប្រទេសជាសមាជិអង្គការតំបន់មួយនេះឡើយ ហើយអ្វីដែលអាស៊ានអាចធ្វើបាននាពេលនេះ គឺមានតែអំពាវនាវឱ្យមានការរួបរួមជាតិ ផ្សះផ្សារ និងសម្របសម្រួលផ្ទៃក្នុងរបស់ មីយ៉ាន់ ម៉ាខ្លួន ឯងផ្ទាល់។ គេអាចវាយតម្លៃថា គោលការណ៍មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងគោលការណ៍កុងសង់ស៊ីសរបស់អាស៊ាន បានធ្វើឱ្យតួនាទីរបស់អាស៊ាននៅក្នុងការដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងប្រទេសជាសមាជិកមានលក្ខណៈទន់ខ្សោយ ក៏ប៉ុន្តែវាគឺជាគោលការណ៍ដ៏មានគុណតម្លៃមួយសម្រាប់អាស៊ានក្នុងស្ថានភាពដែលអាស៊ានស្ថិតនៅចន្លោះការប្រកួតប្រជែងឥទ្ធិពលនយោបាយ និងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចពិភពលោក ចៀស វាងការបែកបាក់ផ្ទៃក្នុងអាស៊ាន និងជាចលករមួយដែលអាស៊ានអាចរួបរួមគ្នា និងទាញដៃមហាអំណាចឱ្យធ្វើកិច្ច សហប្រតិបត្តិការជាមួយខ្លួនគ្រប់ស្ថានភាព និងកាលៈទេសៈ។

ត្រង់ចំណុចនេះ របបយោធាមីយ៉ាន់ម៉ាហាក់បីដូចជាអាចមានភាពកក់ក្ដៅនៅចំពោះមុខប្រតិកម្មពីសំណាក់សហគមន៍ និងប្រទេសមហាអំណាច ចៀសផុតពីការលូកដៃអន្តរាគមន៍ណាមួយពីខាងក្រៅ ដោយសារតែពិភពលោកកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ផលប្រយោជន៌សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយមហាអំណាច ស្របពេលដែលតួនាទីអង្គការតំបន់ពុំមានភាពរឹងមាំឬដាច់ខាតចំពោះសមាជិករបស់ខ្លួន។ ទោះយ៉ាងណាក្ដី មហាអំណាចប្រជាធិបតេយ្យ ក៏នឹងមិនអាចជ្រើសរើសរវាង ការឈរឱបដៃឱ្យមីយ៉ាន់ម៉ាក្លាយទៅជាប្រទេសយោធានិយម ឬងាកផ្ដាច់មុខទៅសាធារណរដ្ឋប្រជាមានិតចិននោះឡើយ។

ថ្វីត្បិតតែកន្លងមក បស្ចិមប្រទេសបានទុកក្រុមយោធាមីយ៉ាន់ម៉ាមួយឡែក ហើយបានពង្រឹងទំនាក់ទំនងតែជាមួយរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុង សានស៊ូជី ក្ដី ក៏ប៉ុន្តែ គេសង្កេតឃើញ មហាអំណាចសំខាន់ៗពីរនៅក្នុងតំបន់ដែលតែងតែមានការប្រឈមជាមួយចិន បានប្រាស្រ័យទាក់ទងក្នុងរូបភាពប្រកបដោយវិជ្ជមាន(ទំនាក់ទំនងក្នុងន័យស្ថាបនា) ជាមួយនឹងប្រទេសមីយ៉ាន់ម៉ា។ សម្រាប់ប្រទេសជប៉ុន ជប៉ុនបានរៀបចំបង្កើតនូវកម្មវិធីភាពជាដៃគូជាមួយយោធាមីយ៉ាន់ម៉ា ដែលរួមបញ្ចូលទាំងការគាំទ្រនិងការបណ្តុះ បណ្តាលសមត្ថភាពទៅដល់កងកម្លាងយោធាប្រទេសនេះ។ ចំណែកប្រទេសឥណ្ឌាវិញ ក៏មានចំណងមិត្តភាពល្អក្នុងវិស័យការពារជាតិជាមួយនឹងមីយ៉ាន់ម៉ាផងដែរ ដែល ឈានទៅដល់ការធ្វើសមយុទ្ធរួមគ្នា ការផ្គត់ផ្គង់សម្ភារៈយោធា ហើយកាល ពីពេលថ្មីៗនេះ ឥណ្ឌាក៏បានផ្តល់នាវាមុជទឹករបស់ខ្លួនជាលើកដំបូង ទៅឱ្យមីយ៉ាន់ម៉ាផងដែរ។ ត្រង់ចំណុចនេះ ជប៉ុន និងឥណ្ឌា ក៏អាចឆ្លៀតយកឱកាសនេះ ពង្រឹងតួនាទី និងឥទ្ធិពលនយោបាយរបស់ខ្លួនបន្ថែមទៀត តាមរយៈកាយវិការដែលមានលក្ខណៈទន់ភ្លន់ជាងសហរដ្ឋអាម៉េរិក និងដែលអាចនឹងបង្កភាពជិតស្និទ្ធជាមួយនឹងរបបយោធាមីយ៉ាន់ម៉ាជាងបស្ចិមប្រទេស និងសហរដ្ឋអាម៉េរិក។ បន្ថែមពីនេះ មហាអំណាចតំបន់ទាំងពីរអាចនឹងក្លាយទៅជាប៉ូលជញ្ជីងយុទ្ធសាស្ត្រការទូត និងភូមិសាស្ត្រនយោបាយនៅក្នុងករណីប្រទេសមីយ៉ាន់ម៉ា ក៏ដូចជានៅក្នុងតំបន់ ដែលទំនងក្លាយជាទំនាក់ទំនងពហុភាគីដែលមានលក្ខណៈថ្លឹងថ្លែង និងបំពេញចន្លោះយុទ្ធសាស្ត្រ ជាមួយនឹងការបញ្ចៀសទម្ងន់យុទ្ធសាស្ត្រនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ដីគោក ដែលល្អៀងខ្លាំងទៅកាន់ចិន។

សរុបមក ករណីប្រទេសមីយ៉ាន់ម៉ា គេអាចសន្និដ្ឋានបានថា មហាអំណាចបស្ចិមប្រទេសក៏បានចូលរួមចំណែកធ្វើឱ្យមានរដ្ឋប្រហារពីសំណាក់ក្រុមយោធាមីយ៉ាន់ម៉ាផងដែរ តាមរយៈការពង្រឹងទំនាក់ទំនងល្អតែជាមួយនឹងរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី ហើយបែរជាមិនរវីរវល់នឹងការពង្រឹងទំនាក់ទំនងជាមួយនឹងក្រុមឧត្ដមសេនីយ៍យោធា ដែលមានឥទ្ធិពលនិងក្ដាប់អំណាចពិតប្រាកដនៅមីយ៉ាន់ម៉ា។ ទោះយ៉ាងណា រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ាបានកើតឡើងជារូបរាងជាក់ស្ដែង និងលេចឡើងនូវផលវិបាកជាបណ្ដើរៗទៅហើយ ដូច្នេះអ្វីដែលត្រូវពិចារណានាពេលនេះ គឺជាការចូលរួមចំណែកក្នុងដំណោះស្រាយ និងយុទ្ធសាស្ត្ររបស់សហគមន៍អន្តរជាតិ ពិសេសមហាអំណាចប្រជាធិបតេយ្យ ដើម្បីឆ្លើយតបទៅនឹងស្ថានការណ៍ដែលកំពុងកើតមានឡើង ហើយយន្តការចូលរួមក្នុងន័យស្ថាបនា ការសម្របសម្រួល ជាមួយនិងការដាក់សម្ពាធដែលមានលក្ខណៈជ្រើសរើស គឺយុទ្ធសាស្ត្រដែលប្រសើរជាជាងការដាក់ទណ្ឌកម្ម ដែលរុញស្ថានការណ៍កាន់តែអាក្រក់ជាងនេះ៕


--------------------------------------------------------------------

RAC Media| លឹម សុវណ្ណរិទ្ធ

(បញ្ជាក់៖ រាល់ខ្លឹមសារដែលបានលើកឡើងខាងលើនេះ គឺជាការយល់ឃើញផ្ទាល់របស់ស្មេរ ហើយមិនឆ្លុះបញ្ចាំងពីទស្សនៈរបស់រាជបណ្ឌិត្យសភាកម្ពុជានោះឡើយ)។


អត្ថបទទាក់ទង

ឯកឧត្តមបណ្ឌិត យង់ ពៅ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើងអញ្ជើញរាប់បាត្រព្រះសង្ឃនៅវត្តមង្គលមានលក្ខណ៍

(តាកែវ)÷ ឯកឧត្តមបណ្ឌិត យង់ ពៅ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំត្រពាំងធំខាងជើង និងលោកជំទាវ ព្រមទាំងសហការីចំនួន ៨រូប មានឯកឧត្តមបណ្ឌិត ជូ ច័ន្ទដារី ឯកឧត្តមបណ្ឌិត អ៊ាប បុណ្ណា ឯកឧត្តមបណ្ឌិត មាឃ...

2022-01-07 08:55:21   Fri, 07,01,2022, 08:55 AM
បណ្ឌិត គិន ភា៖ «ថ្ងៃ៧ មករា៖ សច្ចភាពប្រវត្តិសាស្ត្រនិងជាមេរៀនដែលត្រូវចងចាំ»

(រូបភាព៖ Vitou Ouch)ថ្ងៃ៧ ខែមករា ឆ្នាំ២០២២ ឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៤៣ឆ្នាំ នៃទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ក្នុងបរិបទដែលកម្ពុជាកំពុងធ្វើដំណើរលើគន្លងវិថីប្រជាធិបតេយ្យសេរីពហុបក្ស ពហ...

2022-01-06 11:57:58   Thu, 06,01,2022, 11:57 AM
ANNOUNCEMENT for International Scholar Exchange Fellowship (ISEF) 2022-2023

Dear Researchers and Scholars,Under the auspice of the CHEY Institute for Advanced Studies (CIAS) of the Republic of Korea since 2004, the Asia Research Center of the Royal Academy of Cambodia (ARC-RA...

2022-01-06 11:03:14   Thu, 06,01,2022, 11:03 AM
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺ និងសាកលវិទ្យាល័យជីវជាំង

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលប្រចាំឆ្នាំ២០២១ នៃវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ កន្លងទៅនេះ រាជបណ្ឌិត្យសភាកម្ពុជា និងសាកលវិទ្យាល័យជីវជាំង នឹងបន្តកិច្ចសហប្រតិបត្...

2022-01-06 10:48:35   Thu, 06,01,2022, 10:48 AM
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា នឹងជួយដល់វិស័យសិក្សាស្រាវជ្រាវរាជបណ្ឌិត្យសភាកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក សាដា អ៊ូម៉ា អាឡាម នាយកការិយាល័យនៅភ្នំពេញ និងជាតំណាងអង្គការយូណេស្កូប្រចាំកម្ពុជា ថ្ងៃទី៥ មករា...

2022-01-06 10:32:13   Thu, 06,01,2022, 10:32 AM
ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច អញ្ជើញចូលរួម និងថ្លែងចំណាប់អារម្មណ៍ក្នុងសិក្ខាសាលា "សប្ដាហ៍អប់រំភាសាចិនអន្តរជាតិ" ប្រចាំឆ្នាំ២០២១

(ភ្នំពេញ)៖ នៅរសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអនុប្រធានប្រចាំការក្រុមប្រឹក...

2021-12-14 14:10:09   Tue, 14,12,2021, 02:10 PM

សេចក្តីប្រកាស