ព័ត៌មាន

ទស្សនៈវិស័យចំពោះឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា

2021-02-17 08:13:40 ថ្ងៃពុធ, 17 កុម្ភៈ 2021, 08:13 AM
post_detail

ប្រទេសកម្ពុជា គឺជាប្រទេសមួយដែលបានឆ្លងកាត់សង្គ្រាមស៊ីវិល និងសង្គ្រាមឈ្លានពានអស់រយៈពេលយូរជាងគេនៅសហគមអាស៊ាន និងនៅក្នុងតំបន់។ ក្រោយសម័យខ្មែរក្រហមត្រូវបានបញ្ចប់ និងក្រោយការបោះឆ្នោតសកល​លើកដំបូងក្នុងឆ្នាំ១៩៩៣ ដែលបានរៀបចំដោយអង្គការសហប្រជាជាតិនោះ ប្រទេសកម្ពុជាបានអភិវឌ្ឍប្រទេសរបស់ខ្លួនតាមរយៈចំណូលដែលបានមកតាមរយៈជំនួយមនុស្សធម៌របស់ប្រទេសម្ចាស់ជំនួយ ប្រាក់កម្ចីបរទេស ចំណូល​​​​ពន្ធគយ ចំណូលវិស័យទេសចរណ៍ ការនាំចេញសម្លៀកបំពាក់និងវត្ថុធាតុដើម និងការដោះដូរទំនិញជាមួយប្រទេសជិតខាង ដែលជាច្រកសំខាន់សម្រាប់ពលរដ្ឋក្នុងការដោះដូរទំនិញដោយផ្ទាល់ទៅកាន់បរទេស។

ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចនៃប្រទេសកម្ពុជាតែងមានកំណើនប្រមាណ៧%ក្នុងមួយឆ្នាំ ហើយការវិនិយោគក្នុងប្រទេសកម្ពុជាតែងមានការកើនឡើងទៅតាមផ្នែកផងដែរ។ គិតត្រឹមឆ្នាំ១៩៩៣រហូតមកដល់ ឆ្នាំ​២០​២១​​នេះ ប្រទេសកម្ពុជាពិតជាមានការរីកចម្រើននិងការអភិវឌ្ឍដោយមិនអាចប្រកែកបាននោះទេ។

បើទោះបីជាប្រទេសកម្ពុជាមានការរីកចម្រើនទៅតាមផ្នែក និងមានការអភិវឌ្ឍដែលជឿនលឿនជាងសម័យកាលមុនក៏ដោយ ប៉ុន្តែការរីកចម្រើនោះនៅមិនទាន់គ្រប់គ្រាន់ ឬនៅមិនទាន់អាចប្រៀបធៀបជាមួយនឹងប្រទេសជិតខាងរបស់ខ្លួននៅឡើយទេ ដោយហេតុថានៅមានចំណុចជាច្រើនទៀត ដែលប្រទេសនេះត្រូវការពង្រីក និងពង្រឹងសមត្ថភាពបន្ថែម។

ការលើកឡើងអំពីចំណុចដែលមិនទាន់ធ្វើបានមិនមែនជាចេតនាអាក្រក់ឬមិនមែនដើម្បីទាញទំលាក់ការអភិវឌ្ឍរបស់ប្រទេសនោះទេគឺដើម្បីបានជាធាតុចូលសម្រាប់ជួយជាមតិ ឬយោបល់សម្រាប់ការអភិវឌ្ឍតែប៉ុណ្ណោះ។ ជាការពិតណាស់ កន្លងមកមានអ្នកស្រាវជ្រាវនៅក្នុងតំបន់ក៏ដូចជាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានផ្តល់អនុសាសន៍ផ្សេងៗ​គ្នាជូនចំពោះរដ្ឋាភិបាលនៃប្រទេសកម្ពុជា ហើយអនុសាសន៍ត្រូវបានរដ្ឋាភិបាលកំពុងតែអនុវត្ត និងយកចិត្តទុក​ដាក់យ៉ាងខ្លាំង តែនៅមានចំណុចខ្លះទៀតដែលមិនទាន់បានអនុវត្តនៅឡើយទេដោយត្រូវរង់ចាំពេលវេលាសមរម្យ ឬត្រូវការធនធានបន្ថែមទៀតទើបអាចអនុវត្តបាន។

តើប្រទេសកម្ពុជាត្រូវការបំពេញបន្ថែមចំណុចណាខ្លះ ដើម្បីអាចពង្រឹងសេដ្ឋកិច្ចរបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាជាងពេលបច្ចុប្បន្ន?

ប្រទេសកម្ពុជាត្រូវការលើកកម្ពស់សមត្ថភាពនៃការប្រកួតប្រជែង និងបង្កើតភាពផ្សេងៗគ្នានៃវិស័យសេដ្ឋកិច្ច ដើម្បីអាចរក្សាកំណើននៃការលូតលាស់មួយដែលខ្លាំងក្លា ហើយត្រូវបង្កើតការងារក្នុងស្រុកបន្ថែមទៀតសម្រាប់ពលរដ្ឋដើម្បីបញ្ចៀសយុវជនដែលមានកំលាំងមិនឱ្យទៅធ្វើការជាពលករចំណាកស្រុកដោយប្រើកំលាំងនៅក្រៅប្រទេស ហើយត្រឡប់មកប្រទេសវិញដោយមិនមានជំនាញ។ រដ្ឋាភិបាលក៏ត្រូវបង្កើតធនធានមនុស្សឱ្យស្របទៅនឹងចតលតភាពនៃសេដ្ឋកិច្ច ឧទាហរណ៍អ្នកចម្រៀងជនជាតិខ្មែរដែលអាចច្រៀងជាភាសាបរទេសនៅតាមកន្លែងកំសាន្តអន្តរជាតិឬតាមហាងនានាក្នុងទីក្រុងភ្នំពេញឬតាមទីក្រុងផ្សេងទៀត ព្រោះថាសព្វថ្ងៃនេះគឺមានជនជាតិហ្វីលីពីន ដែលជាអ្នកទទួលយកការងារដែលជនជាតិខ្មែរមិនសូវបានចាប់អារម្មណ៍។

ក្រៅអំពីការសិក្សាតាមកម្រិតថា្នក់ ពោលគឺថា្នក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថា្នក់បណ្ឌិតនោះ ការសិក្សាជំនាញ​គឺមានសារៈសំខាន់ណាស់ក្នុងការពង្រឹងសេដ្ឋកិច្ចកម្ពុជា។ ពលរដ្ឋកម្ពុជាភាគច្រើនបានដាក់សេចក្តីសង្ឃឹមរបស់ខ្លួនចំពោះ​កូនៗរបស់គេក្នុងការសិក្សាឱ្យបានខ្ពស់ ហើយមិនសូវជាបានគិតថា ការសិក្សាជំនាញមានសារៈសំខាន់នោះទេ។ ការសិក្សាជំនាញមួយដែលច្បាស់លាស់ ហើយប្រើរយៈពេលត្រឹមមួយឆ្នាំ ឬពីរឆ្នាំនោះគឺពិតជាអាចរកថវិកាបានគ្រប់គ្រាន់សម្រាប់ការផ្គត់ផ្គង់ជីវភាពគ្រួសារក្នុងសហគមទៀតផង។​

ជំនាញកសិកម្ម ជំនាញចិញ្ចឹមសត្វ ជំនាញខាងផ្នែកដាំដុះ ជំនាញនៃការវេចខ្ចប់ និងជំនាញផ្សេងៗដែលទាក់ទងនឹងវិស័យទេសចរណ៍ គឺជាជំនាញបន្ថែមទៀត ដែលពលរដ្ឋត្រូវមាន ហើយរដ្ឋាភិបាលត្រូវមានតួនាទីជាអ្នកសម្រួល​តម្រូវ​ការនៃជំនាញរបស់ពលរដ្ឋនោះ។ រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា៦១ បានចែងថា «រដ្ឋជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចាប់ពីតំបន់ដាច់ស្រយាលដោយយកចិត្តទុកដាក់ទៅលើនយោបាយទឹក ភ្លើង ផ្លូវ និង មធ្យោបាយដឹកជញ្ជូន បច្ចេកទេសទំនើប និងប្រព័ន្ធឥណទាន»។

ជាការពិតណាស់ យុទ្ធសាស្ត្រ ឬផែនការដែលបានត្រៀមទុកតែងមានភាពល្អឥតខ្ចោះ ប៉ុន្តែការអនុវត្តតែងមានការខ្វះខាត ព្រោះថាទ្រឹស្តី និងការអនុវត្តជាក់ស្តែងគឺមិនដូចគ្នាទេ។ ពាក្យខ្មែរពោលថា «និយាយស្រួលជាងធ្វើ»។

យ៉ាងណាក៏ដោយប្រទេសកម្ពុជាត្រូវធានាឱ្យបាននូវកំណើនសេដ្ឋកិច្ចមួយដែលមានស្ថេរភាពតាមរយៈការវិនិយោគជាមួយ​ធនធានធម្មជាតិ(ការទាញយកផលប្រយោជន៍ពីធម្មជាតិតាមបែបទំនើបនិងមាននិរន្តរភាព) ការថែរក្សាបរិស្ថាន និងការអភិវឌ្ឍជនបទមួយដែលមាននិរន្តរភាព។ វិស័យសំណង់ និងអចលនទ្រព្យ កាត់ដេរ ទេសចរណ៍ កសិកម្ម នៅតែជាវិស័យចម្បងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។

បើសិនជានិយាយអំពីចំណុចដែលកម្ពុជាត្រូវពង្រឹងបន្ថែមនោះ គឺថា បញ្ហាជំនាញនៅតែជាចំណុចគន្លឹះមួយក្នុងការអភិវឌ្ឍសម្រាប់កម្ពុជា សម្រាប់រយៈពេលមធ្យម និងរយៈពេលវែងព្រោះថាពលកម្មជំនាញកម្រិតទាប និងពលកម្មដែលមិនមានជំនាញ កំពុងតែមានទំហំធំនៅក្នុងប្រទេសកម្ពុជានៅឡើយ ជាពិសេសក្នុងវិស័យកាត់ដេរ និងសំណង់ ឬសូម្បីតែពលករខ្មែរដែលទៅបំពេញការងារក្នុងប្រទេសផ្សេងនោះ ក៏ទៅបំពេញការងារដោយប្រើកម្លាំងសុទ្ធសាធ មិនមែនទៅដោយប្រើជំនាញនោះទេ។

កន្លងមក ស្ថាប័នអន្តរជាតិធំៗ បានជំរុញឱ្យប្រទេសកម្ពុជាអភិវឌ្ឍន៍ធនធានមនុស្សរបស់ខ្លួនទៅជាកម្លាំងពលកម្មជំនាញកម្រិតមធ្យម និងកម្រិតខ្ពស់ដើម្បីការប្រកួតប្រជែងជាមួយនឹងប្រទេសក្នុងតំបន់និងបង្កើតតម្លៃឱ្យកាន់តែប្រសើរទៅទៀត ព្រោះថា បញ្ហាជំនាញនេះមិនមែនជារឿងតូចតាចនោះទេ។ ជំនាញទូទៅដែលមិននិយាយ​ផ្តោត​លើ​តែវិស័យវាយនភណ្ឌនោះទេគឺទាមទារប្រព័ន្ធអប់រំបណ្ដុះបណ្ដាលរបស់កម្ពុជាឱ្យមានភាពឆ្លើយតបនឹងការវិវឌ្ឍនៃសម័យកាលដ៏ទំនើប និងប្រកួតប្រជែងនេះ ឬអាចឆ្លើយតបតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត។ ការផ្គត់ផ្គង់កម្លាំងពលកម្មជំនាញ និងតម្រូវការទីផ្សារមិនត្រូវគ្នាគឺជាបញ្ហាចោទដ៏សំខាន់ ពិសេសបង្កផលលំបាកដល់សិស្សនិស្សិត​ដែលកំពុងតែស្វែងរកការងារ។

បញ្ហាមួយទៀតរបស់ប្រទេសកម្ពុជានោះគឺថា ទំនិញរបស់ប្រទេសកម្ពុជាពិបាកនឹងប្រកួតប្រជែងជាមួយប្រទេសជិតខាងរបស់ខ្លួនដែលមានដូចជា ប្រទេសថៃ វៀតណាម ដែលថ្លៃដើមផលិតរបស់គេទាបជាងកម្ពុជាឆ្ងាយណាស់។ ការបន្ថយថ្លៃដើមនេះនឹងអាចហុចផលល្អដល់ការកែច្នៃនាំចេញផលិតផលកសិកម្មទៅក្រៅប្រទេស និងការផលិតផ្សេងៗទៀត។ ជាមួយគ្នានេះកម្ពុជាត្រូវការហេដ្ឋារចនាសម្ព័ន្ធក្នុងខ្សែចង្វាក់ផលិតកម្មជាច្រើនទៀត។

ចំណុចមួយសំខាន់ទៀតដែលកម្ពុជាត្រូវយកចិត្តទុកដាក់បន្ថែមទៀតនោះ គឺបញ្ហាអត់ទីផ្សារសម្រាប់ពលរដ្ឋសាមញ្ញ ជាពិសេសកសិករដែលនៅតាមទីជនបទដើម្បីលក់កសិផលរបស់ខ្លួនដែលមានដូចជាដំណាំម្រេច កៅស៊ូ ពោតជាដើម ដែលពលរដ្ឋត្រូវបង្ខំចិត្តលក់ក្នុងតម្លៃទាបនៅរដូវនៃការប្រមូលម្តងៗ ហើយតម្លៃនៃទំនិញ គឺតែងត្រូវបានកំណត់ដោយ​​ឈ្មួញកណ្តាលដោយពួកគេទទួលបានផលចំណេញច្រើនជាពលរដ្ឋដែលអ្នកដាំដុះទៀតផង។

---------------------------------

(បណ្ឌិត ស៊ឺន សម គឺអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់អត្តន័យដែលមានក្នុងអត្ថបទនេះ គឺជាយោបល់ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធផ្ទាល់ និងមិនបានឆ្លុះបញ្ចាំងការយល់ឃើញទាំងស្រុងរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)។ 

អត្ថបទទាក់ទង

«កម្ពុជាឈ្នះមេដាយមាស២គ្រឿងពីការប្រកួតកីឡាប៉េតង់ពិភពលោក»

ក្រុមកីឡាប៉េតង់កម្ពុជា បានឈ្នះមេដាយមាសចំនួន២គ្រឿងពីព្រឹត្តិការណ៍ការប្រកួត ប៉េតង់កម្រិតពិភពលោក Trophee L'Equipe នៅប្រទេសបារាំង ដោយកីឡាការិនី អ៊ុន ស្រីយ៉ា លើវិញ្ញាវាយទោលព្រមទាំងកីឡាការិនី កែ ឡេងនិង អ៊ុក...

2018-10-13 15:12:48   Sat, 13,10,2018, 03:12 PM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍ ដោយសុខសុវត្ថិភាព»

នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ ដោយសុវត្តិភាពហើយ បន្ទាប់...

2018-10-12 09:12:08   Fri, 12,10,2018, 09:12 AM
«អង្ករកម្ពុជាឈ្នះពានរង្វាន់អង្ករល្អជាងគេបំផុត ក្នុងពិភពលោក ឆ្នាំ២០១៨»

(ហាណូយ,វៀតណាម)៖ អង្ករក្រអូបប្រណិតរបស់កម្ពុជា បានឈ្នះពានរង្វាន់ជាអង្ករល្អជាងគេបំផុត ក្នុងពិភពលោក សម្រាប់ឆ្នាំ២០១៨នេះ។នេះបើតាមការបញ្ជាក់របស់ លោក មូល សារិទ្ធី អគ្គលេខាធិការសហព័ន្ធស្រូវអង្ករកម្ពុជាប្រាប់ប...

2018-10-12 08:57:44   Fri, 12,10,2018, 08:57 AM
«សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាធ្វើមាតុភូមិនិវត្តន៍»

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ត្រឡប់មកកាន់មាតុប្រទេសវិញហើយបន្ទាប់ពីបានអ...

2018-10-12 08:48:00   Fri, 12,10,2018, 08:48 AM
«សសរស្តម្ភ​ថ្មី​ចំនួន​៣ ស្ថិត​ក្នុងចំណោម​យុទ្ធសាស្ត្រ​ចម្បង​នៃ​យុទ្ធសាស្ត្រ​ក្រុង​តូ​ក្យូ ឆ្នាំ​២០១៨»

ថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២៩១៨​មេដឹកនាំ​ប្រទេស​មេគង្គ និង​ជប៉ុន សម្រេចបាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​រួមគ្នា​ជាច្រើន នា​អំឡុង​នៃ​កិច្ចប្រជុំ​កំពូល​លើក​ទី​១០​នៅ​ក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ពីថ្ងៃ​ទី​៩ ដល់​ថ...

2018-10-10 16:56:49   Wed, 10,10,2018, 04:56 PM
មេគង្គ-ជប៉ុន និង មេគង្គ-ឡានឆាង«តើជប៉ុនអាចធ្វើបន្សាបឥទ្ធិពលចិននៅតំបន់មេគង្គទេ?»

2018-10-10 16:42:55   Wed, 10,10,2018, 04:42 PM

សេចក្តីប្រកាស