ព័ត៌មាន

សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2021-02-16 07:40:17 ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
អ្នកមើល 3146
post_detail

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។

ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។

ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។

តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។

ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។

ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។

ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម



អត្ថបទទាក់ទង

ទស្សនវិជ្ជាសង្គម ដោយ៖ លោក ឈុន ផាវ៉េង មន្ត្រីនាយកដ្ឋានទស្សនវិជ្ជា និង សង្គមវិទ្យា នៃ​វិទ្យាស្ថានមនុស្ស សាស្ត្រនិងវិទ្យាសាស្រ្តសង្គម

មនុស្សជាតិទូទៅ ទោះចង់ឬមិនចង់ តែងបានអនុវត្តទ្រឹស្តីទស្សនវិជ្ជាសង្គម ដោយចៀសមិនរួច។ ទស្សនវិទូជាច្រើនបានកំណត់សកម្មភាពមួយចំនួនសម្រាប់ សម្គាល់ថាមនុស្សជាតិពិតជាបាននិងកំពុងរស់នៅដោយប្រើប្រាស់ទស្សនវិជ្ជាសង្គម។...

2023-02-23 07:58:50   ថ្ងៃព្រហស្បតិ៍, 23 កុម្ភៈ 2023 ម៉ោង 02:58 PM
ហេតុអ្វីនយោបាយការបរទេសចិនជាមួយកម្ពុជាលេចធ្លោជាងសហរដ្ឋអាម៉េរិក? ដោយ៖ ផាញ់ សារឿន

ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានសរសេរពីទំនាក់ទំនងកម្ពុជាជាមួយសហរដ្ឋអាម៉េរិក ជាពិសេសលើប្រធានបទក្ដៅចំពោះការធ្វើដំណើររបស់សម្ដេចតេជោ ហ៊ុន សែន ទៅប្រទេសចិន រហូតដល់វិវឌ្ឍនាការពី “មិត្តដែកថែប” ទៅ “មិត្តត្បូងពេ...

2023-02-20 15:31:41   ថ្ងៃចន្ទ, 20 កុម្ភៈ 2023 ម៉ោង 10:31 PM
ហេតុអ្វីកម្ពុជានិងចិនបានឈានមកដល់កម្រិតទំនាក់ទំនងខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រប្រទេសទាំងពីរ? ដោយ៖ លោក លឹម សុវណ្ណរិទ្ធ

កម្ពុជានិងចិនមានទំនាក់ទំនងជាមួយគ្នាក្នុងប្រវត្តិសាស្ត្រជាង២ពាន់ឆ្នាំកន្លងមកហើយ ដែលនៅពេលនោះមានរូបភាពច្រើនតែទៅលើទំនាក់ទំនងតាមរយៈការធ្វើជំនួញផ្លូវទឹក ការជ្រាបចូលនៃវប្បធម៌ និងការផ្លាស់ប្ដូរជនជាតិចិនចូលមករ...

2023-02-17 08:47:15   ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:47 PM
កិច្ចសហប្រតិបត្តិការឆកោណត្បូងពេជ្រកម្ពុជា-ចិន : សម្ទុះពហុសណ្ឋានដើម្បីកំណើន ដោយ៖ បណ្ឌិត គិន ភា ជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា និងជាប្រធានគណៈកម្មាធិការ បច្ចេកសព្ទវិទ្យាសាស្ត្រនយោបាយនៃក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា

ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅប្រទេសចិន ចាប់ពីថ្ងៃទី៩ ខែកុម្ភៈ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ចប់ដោយលទ្ធផលគួរឱ្យកត់សម្គាល់។ ដំណើរទស្សនកិច្ចនេះជាមូលដ្ឋានដ៏សំ...

2023-02-17 08:20:14   ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:20 PM
ការប្រតិបត្តិជំនឿអ្នកតាក្នុងសង្គមខ្មែរ ដោយ៖ លោកបណ្ឌិត ហែម ឡាច មន្ត្រីនាយកដ្ឋាននីតិសាស្រ្ត នៃវិទ្យាស្ថាន​​មនុស្សសាស្រ្ត​​​​និងវិទ្យាសាស្រ្តសង្គម

ជំនឿលើអ្នកតានេះមានប្រវត្តិតាំងពីយូរយារណាស់មកហើយ តាំងពីប្រទេសយើងពុំទាន់បាន បង្កើតរដ្ឋទៅទៀត ពោលគឺមុនពេលមានវត្តមានព្រះថោង នាងនាគ ឬហ៊ុន ទៀន លីវ យី ពោលគឺមុនមានឥទ្ធិពលឥណ្ឌា និងចិនចូល​មកក្នុងទឹកដីកម្ពុជា។ អ្...

2023-02-17 08:08:24   ថ្ងៃសុក្រ, 17 កុម្ភៈ 2023 ម៉ោង 03:08 PM
ឯកឧត្តមបណ្ឌិត យង់ ពៅ ៖ «ការរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិន មានតម្លៃ និងស្របតាមស្ថានភាពរបស់កម្ពុជា ដែលកំពុងត្រូវការអ្នកចេះភាសាចិន បំពេញការងារជាគ្រូបង្រៀន នៅតាមគ្រឹះស្ថានអប់រំសាធារណៈ នៅពេលបច្ចុប្បន្ននេះ»

(រាជបណ្ឌិត្យសភាកម្ពុជា)៖ ឯកឧត្តមបណ្ឌិត យង់ ពៅ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច និងជាអគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក«សិក្ខាសាលាបណ្តុះបណ្តាលគ្រូបង្រៀនភាសាចិនបម...

2023-02-13 08:19:04   ថ្ងៃចន្ទ, 13 កុម្ភៈ 2023 ម៉ោង 03:19 PM

សេចក្តីប្រកាស