ព័ត៌មាន

សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2021-02-16 07:40:17 ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
អ្នកមើល 3086
post_detail

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។

ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។

ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។

តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។

ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។

ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។

ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម



អត្ថបទទាក់ទង

ឯកឧត្ដមបណ្ឌិត យង់ ពៅ ទទួលជួបពិភាក្សាជាមួយប្រតិភូក្រុមសារព័ត៌មានចិន ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នារសៀលថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចា្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបនិងពិភាក...

2023-11-08 15:45:17   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 10:45 PM
រាជបណ្ឌិត្យសភាកម្ពុជា និង បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន បង្កើនចំណងសហប្រតិបត្តិការបន្ថែម ក្រោយជំនួបពិភាក្សាការងារនាព្រឹកមិញនេះ!

នាវេលាព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិនៃកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជំនួបពិភាក្សាការង...

2023-11-08 15:18:41   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 10:18 PM
មេរៀននៃថ្ងៃបុណ្យឯករាជ្យសម្រាប់អ្នកនយោបាយនៅកម្ពុជា

នៅពេលដែលយើងចាប់ផ្តើមការសន្ទនាអំពីថ្ងៃបុណ្យឯករាជ្យរបស់ប្រទេសកម្ពុជា យើងតែងតែលើកយកព្រះនាមព្រះបាទសម្តេចនរោត្តមសីហនុ ដែលជាអតីតព្រះមហាក្សត្រ ដែលបានធ្វើគ្រប់បែបយ៉ាងក្នុងអំណាចរបស់ព្រះអង្គដើម្បីទទួលបានឯករាជ្យ...

2023-11-08 06:35:48   ថ្ងៃពុធ, 08 វិច្ឆិកា 2023 ម៉ោង 01:35 PM
ពិធីចុះកិច្ចព្រមព្រៀងលើកិច្ចសហការ រវាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Education Bureau៖

នាថ្ងៃសៅរ៍ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានអញ្ជើញចុះកិច្ចព្រមព្រៀងលើកិច្ចសហការជាមួយ បណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន និង ZhenZou Municipal Educatio...

2023-11-06 13:09:12   ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 08:09 PM
អំពីជំនឿខ្មែរ (ភាគបញ្ចប់) ដោយ៖ បណ្ឌិត ក្តាន់ ធុល មន្ត្រីនាយកដ្ឋានទស្សនវិជ្ជានិងសង្គមវិជ្ជា,វិទ្យាស្ថានមនុសាស្ត្រនិងវិទ្យាសង្គម,រាជបណ្ឌិត្យសភាកម្ពុជា

ប្រភពជំនឿទៅលើវត្ថុដើមសន្តតិ វង្ស ឬជំនឿថូថឹមនិយម (ហៅតាមអ្នក ស្រាវជ្រាវខ្លះ) ពាក្យថា ថូថឹមនិយម (totemism) គឺជាប្រព័ន្ធជំនឿដែលគេ និយាយថា មនុស្សមានញាតិសន្តាន (kinship) ឬទំនាក់ទំនងអាថ៌កំបាំង (mystical rela...

2023-11-06 09:04:17   ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 04:04 PM
ពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានប្រជាជនចិនសម្រាប់កិច្ចការបរទេស

(រាជបណ្ឌិត្យសភាកម្ពុជា)៖ នៅព្រឹកថ្ងៃចន្ទ ៨ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា តំណាងឯកឧត្ដមបណ្ឌិតសភាចារ...

2023-11-06 08:14:46   ថ្ងៃចន្ទ, 06 វិច្ឆិកា 2023 ម៉ោង 03:14 PM

សេចក្តីប្រកាស