Royal Academy of Cambodia
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។
ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។
ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។
តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។
ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។
ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។
ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។
RAC Media
ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
កម្ពុជានិងវៀតណាមជាប្រទេសជិតខាងគ្នា ដែលបានបង្កើតទំនាក់ទំនងការទូតផ្លូវការកាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧។ ទំនងរវាងប្រទេសទាំងពីរចងភ្ជាប់ដោយចំណងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ និងនយោបាយ។ មានព្រឹត្តិការណ៍ប្រវ...
កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវនៃ រាជបណ្ឌិត្យសភាកម្ពុជាបានរៀបចំការប្រឡងបញ្ចប់ឆមាសថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតក្រោមអធិបតីភា...
លិខិតបទដ្ឋានគតិយុត្ត គឺជាវិធានច្បាប់ ឬវិធានគតិយុត្តទាំងឡាយណាដែលចេញដោយស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចតាមលំដាប់ថ្នាក់ដើម្បីដឹកនាំ គ្រប់គ្រងទំនាក់ទំនងរបស់មនុស្សក្នុងសង្គម គ្រប់វិស័យឱ្យមានរបៀបរៀបរយ សន្តិសុ...
មជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអាស៊ីនៃរាជបណ្ឌិត្យសភាកម្ពុជា មានកិត្តិយស សូមជម្រាបជូនថា ដោយមានកិច្ចសហការណ៍ រវាងវិទ្យាស្ថានជ័យសម្រាប់ការសិក្សាកម្រិតខ្ពស់ នៃសាធារណរដ្ឋកូរ៉េ មជ្ឈមណ្ឌលបានផ្តល់ជូនព័ត៌មានកម្មវិធី...
ប្រទេសឥណ្ឌាមានប្រជាជន១៤០០លាននាក់ មានរដ្ឋ (ខេត្ត) ចំនួន ២៨រដ្ឋ ៧៦៤ស្រុក ៧៦៥៤ឃុំ ២៥២០០០ភូមិ ១២ សហគមន៍ ១៧ភាសាដែលត្រូវបានប្រើប្រាស់ជាផ្លូវការ និង៤០%នៃប្រជាជនសរុបរស់នៅក្រោមខ្សែបន្ទាត់សេដ្ឋកិច្ច (យោងតាមការធ...
ក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូល មានសុខសន្តិភាព និងអភិវឌ្ឍន៍រីកចម្រើ...