Royal Academy of Cambodia
នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។
ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។
ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។
តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។
ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។
ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។
ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។
RAC Media
ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម
នាព្រឹកថ្ងៃទី២៥ខែតុលាឆ្នាំ២០១៨ នៅសាលប្រជុំវិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម (វ.ម.វ.ស.) នៃរាជបណ្ឌិត្យសភាកម្ពុជា បានបើកកិច្ចប្រជុំស្តីពី ការរៀបចំរចនាសម្ព័ន្ធរបស់វិទ្យាស្ថាន សមិទ្ធផលកា...
ថ្ងៃពុធ ១៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានប្រជុំពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទគណៈកម្មការគីមីវិទ្យា និង រូបវិទ្យា បា...
អនុស្សរណចំនួន៨ ត្រូវបានចុះហត្ថលេខារួមគ្នានៅប្រទេសតួកគីដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី អ៊ែរឌូហ្កាន់ របស់តួកគីបានអញ្ជើញធ្វើជាសាក្សី...
ភ្នំពេញ៖ គិតមកដល់ថ្ងៃនេះ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មានអាយុកាល២៧ឆ្នាំទៅហើយ (២៣ តុលា ១៩៩១-២៣ តុលា ២០១៨) ដែលដំណោះស្រាយលើបញ្ហានយោបាយនិងការកសាងសន្តិភាពនៅកម្ពុជា ត្រូវបានបង្កើតឡើងតាមរយៈការអង្គុយតុ...
ក្នុងទិសដៅអភិរក្សសត្វកម្រ និង ជិតផុតពូជព្រមទាំងធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ថ្នាក់ដឹករាជបណ្ឌិត្យសភាកម្ពុជា និងក្រុមការងារឧទ្យានដែលដឹកដោយបណ្ឌិតសភាចារ្យ សុខ ទូច និងក្រុម...