ព័ត៌មាន

សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2021-02-16 07:40:17 ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
អ្នកមើល 8657
post_detail

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។

ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។

ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។

តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។

ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។

ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។

ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម



អត្ថបទទាក់ទង

«វប្បធម៌សន្តិភាពតាមរយៈប្រព័ន្ធគំនិតខ្មែរ» អត្ថបទស្រាវជ្រាវដោយ៖ បណ្ឌិត ណុន សុខា ប្រធានផ្នែកអក្សរសាស្រ្តនិងអក្សរសិល្ប៍ នៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា

ការរស់នៅរបស់ជនជាតិខ្មែរតែងមានទម្លាប់ផ្សារភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងធម្មជាតិដែលមាននៅជុំវិញខ្លួនរបស់គេ។ គំនិតខ្មែរដែលបានភ្ជាប់ជីវភាពរបស់ខ្លួនទៅនឹងបាតុភូតនេះ គឺក្នុងន័យស្វែងរកភាពស្ងប់ស្ងាត់ខាងផ្លូវចិត្ត...

2019-01-29 05:27:06   ថ្ងៃអង្គារ, 29 មករា 2019 ម៉ោង 12:27 PM
សាកលវិទ្យាល័យ Ubon Rachathani Rajabhat មានបំណងចុះអនុស្សរណៈជាមួយរាជបណ្ឌិត្យសភាកម្ពុជា

នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានទទួលជួបជាមួយសាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Ubon Rachathani Rajabhat នៃព្រះរាជាណាចក្រថៃ ដែលមានគោលបំណងម...

2019-01-25 08:55:14   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:55 PM
សមិទ្ធផលស្នាដៃស្រាវជ្រាវ៖ «បច្ចេកវិទ្យាសម្រាប់ផលិតនិងការប្រើប្រាស់បាយអូឆាដើម្បីបង្កើនទិន្នផលកសិកម្ម»

ក្រុមការងារស្រាវជ្រាវចុះត្រួតពិនិត្យដំណាំពោតនៅស្ថានីយពិសោធន៍ខេត្តកំពង់ស្ពឺតាមរយៈការសម្របសម្រួលដោយផ្ទាល់របស់ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ ព្រមទាំងមានការគាំទ្រ និងលើកទឹកចិត្តពីសំណាក់ឯកឧត្តមបណ្ឌិតសភ...

2019-01-25 08:11:35   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 03:11 PM
ក្រុមប្រឹក្សាជាតិភាសាខ្មែរសប្តាហ៍នេះ៖ អនុម័តបចេ្ចកសព្ទអក្សរសិល្ប៍ (៣) និងបច្ចេកសព្ទគីមីនិងរូបវិទ្យា (៤)

បច្ចុប្បន្ន ក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃរាជបណ្ឌិត្យសភាកម្ពុជា កំពុងដំណើរការកិច្ចប្រជុំអនុម័តបច្ចេកសព្ទអក្សរសិល្ប៍ នៅរៀងរាល់ថ្ងៃអង្គារ និងបច្ចេកសព្ទគីមីវិទ្យា និងរូបវិទ្យានៅរៀងរាល់ថ្ងៃពុធ ប្រចាំសប្តាហ...

2019-01-25 06:33:41   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 01:33 PM
តើអ្វីជាមុខងារបេសកកម្មការទូត?

ស្ថានបេសកកម្មដែលបង្កើតឡើងក្នុងប្រទេសនីមួយៗសុទ្ធតែមានមុខងាររបស់ខ្លួន ហើយមុខងារនោះមានដូចខាងក្រោម៖ ១) មុខងារតំណាង៖ ជាតំណាងរបស់រដ្ឋដាក់ទូត ដែលភាសាអង់គ្លេសហៅថា Sending State រដ្ឋដែលចាត់មន្ត្រីធ្វើជាតំណាងមក...

2019-01-25 04:35:48   ថ្ងៃសុក្រ, 25 មករា 2019 ម៉ោង 11:35 AM
«អ្នកជាតិនិយមខ្មែរមួយចំនួនគួរមើលប្រទេសជិតខាង» ដោយ៖ ស៊ឺន សម

ប្រទេសកម្ពុជា គឺជាប្រទេសមួយស្ថិតនៅផ្នែកខាងត្បូងកោះឥណ្ឌូចិនក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះមានព្រំប្រទល់ជាប់ប្រទេសថៃនៅទិសខាងបស្ចិម និងពាយ័ព្យ ជាប់ប្រទេសឡាវនៅទិសឧត្តរ ប្រទេសវៀតណាមនៅទិសបូព៌ា និងឈូងសមុទ្...

2019-01-24 11:32:52   ថ្ងៃព្រហស្បតិ៍, 24 មករា 2019 ម៉ោង 06:32 PM

សេចក្តីប្រកាស