ព័ត៌មាន

សំណង់បុរាណវត្ថុ (Archaeological Feature) ជាធាតុនៃប្រាសាទបុរាណខ្មែរ ស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

2021-02-16 07:40:17 ថ្ងៃអង្គារ, 16 កុម្ភៈ 2021 ម៉ោង 02:40 PM
អ្នកមើល 3332
post_detail

នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ផុន កសិកា ប្រធានវិទ្យាស្ថាន និងក្រុមការងារស្រាវជ្រាវនៃវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម បានចុះសិក្សាស្រាវជ្រាវស្វែងយល់បន្ថែមអំពី «ប្រព័ន្ធធារាសាស្ត្រនៅភាគខាងជើងបន្ទាយលង្វែក» ដែលតំបន់នេះស្ថិតក្នុងឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការសិក្សានេះធ្វើឡើងតាមរយៈរូបភាពពីលើអាកាស (ប្រភព៖ Google Earth) និងការចុះផ្ទាល់ដល់ទីតាំងស្ថានីយ៍ដែលបានកំណត់តាមរូប Google Earth។

ក្រុមស្រាវជ្រាវបានរកឃើញស្ថានីយ៍បុរាណចំនួនពីរ (២) ទីតាំងដែលស្ថិតក្នុងភូមិកំពង់ត្រឡាចលើ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលមិនមែនជាសំណង់ធារាសាស្ត្រទេ ប៉ុន្តែជាសំណង់ទាក់ទងនឹងប្រាសាទបុរាណ។

ស្ថានីយ៍បុរាណទី១មានឈ្មោះថា «ទួលជំនីក» គឺជាស្ថានីយ៍មានកំពែងដីលើករាងចតុកោណកែង ស្ថិតលើអក្សកើត លិចដែលអក្សកើតលិចនេះប្រវែង ៤១០ម៉ែត្រ និងអក្សជើងត្បូងប្រវែង ២៥០ម៉ែត្រ និងទទឹងកំពែងប្រវែង ៣០ ម៉ែត្រ។ នៅក្នុងបរិវេណកំពែងនេះ មានទួលមួយស្ថិតងាកមកភាគខាងលិចបន្តិចនៃជ្រុងកំពែងខាងលិច។ ទួលនេះមានប្រវែងកើតលិច ប្រហាក់ប្រហែល ១០០ម៉ែត្រ និង ជើងត្បូង ប្រវែងប្រហែល៧០ម៉ែត្រ។ លក្ខណៈនេះមានសណ្ឋានដូចកំពែងព័ទ្ធជុំវិញប្រាសាទ ចំណែកទួលនៅខាងក្នុងក៏ជាលក្ខណៈនៃទួលប្រាសាទ។

តាមការអង្កេតផ្ទៃដីខាងលើ មិនមានដុំថ្មភក់ឬថ្មបាយក្រៀម ដែលជាធាតុនៃសំណង់ប្រាសាទខ្មែរបុរាណ។ តាមសណ្ឋានរូបរាងបែបនេះ សំណង់កំពែង និង ទួលក្នុងបរិវេណកំពែងជាធាតុនៃប្រាសាទបុរាណដែលប្រហាក់ប្រហែលគ្នានឹងសំណង់ប្រាសាទក្នុងសម័យអង្គរ។

ចំណែកស្ថានីយ៍ទី២ស្ថិតនៅខាងត្បូងទួលជំនីក ចម្ងាយប្រមាណតែ៦០ម៉ែត្រប៉ុណ្ណោះ។ ទួលនេះត្រូវបានអ្នកភូមិនៅទីនោះហៅឈ្មោះថា «ទួលវិហារខុស»។ ទួលនេះមានទំហំស្ទើរស្មើគ្នា កម្ពស់ខ្ពស់ និងមានគូទឹកព័ទ្ធជុំវិញគួរឱ្យកត់ សម្គាល់។ សណ្ឋានសំណង់ដីបែបនេះក៏ជាលក្ខណៈនៃសំណង់ប្រាសាទខ្មែរក្នុងសម័យមុនអង្គរ។

ទោះយ៉ាងណាការសន្និដ្ឋានខាងលើពិតជាមិនទាន់មានអំណះអំណាងមាំទាំនៅឡើយទេ ដោយសារមិនមានសំណល់បុរាណវត្ថុសម្រាប់ផ្ដល់ជាភស្តុតាងក្នុងការកំណត់អាយុកាលស្ថានីយ៍។

ដោយហេតុ ទីតាំងស្ថានីយ៍កំពុងមានសកម្មភាពឈូសឆាយដីដោយគ្រឿងយន្តនៅក្នុងកំពែងទួលជំនីក ហើយស្ថានីយ៍ទាំងពីរមិនមានក្នុងបញ្ជីប្រាសាទរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ក្រុមស្រាវជ្រាវមានការព្រួយបារម្ភចំពោះការបំផ្លាញស្ថានីយ៍នេះ ដោយមិនមានការយកចិត្តទុកដាក់ពីអាជ្ញាធរជំនាញនៅមូលដ្ឋាន។

RAC Media

ប្រភព៖ វិទ្យាស្ថានមនុស្សសាស្ត្រ និងវិទ្យាសាស្ត្រសង្គម



អត្ថបទទាក់ទង

ឈ្មួញកណ្ដាលទិញនិងលក់បន្លែ នៅភូមិបឹងក្រចាប់ខាងត្បូង ឃុំព្រែកតាម៉ាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ដោយ៖ យិន ពោ, ឈឿន សាវន, សាន ចេង និង ផុន កសិកា

ភូមិបឹងក្រចាប់ត្បូងស្ថិតនៅក្នុងឃុំព្រែកតាម៉ាក់ នៅត្រើយខាងលិចនៃទន្លេមេគង្គ ដែលមានផ្ទៃដីមួយភាគធំត្រូវលិចនៅរដូវវស្សា។ ដូច្នេះហើយ ការដាំដុះបន្លែគឺអាចផលិតបានច្រើនតែនៅរដូវប្រាំង។ កាលពីមុន កសិករដាំបន្លែត្រូវ...

2020-06-11 05:25:25   ថ្ងៃព្រហស្បតិ៍, 11 មិថុនា 2020 ម៉ោង 12:25 PM
ផលប៉ះពាល់នៃមេរោគកូរ៉ូណាលើវិស័យអាកាសចរណ៍អន្តរជាតិ ដោយ៖ បណ្ឌិត ហុង វណ្ណៈ នាយកដ្ឋានសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ចាប់ពីមានការផ្ទុះមេរោគកូរ៉ូណា នៅចុងឆ្នាំ២០១៩ ហើយកំពុងបន្តមកទល់នឹងពេលនេះ បានជះឥទ្ធិពលអវិជ្ជមានយ៉ាង​ខ្លាំងលើវិស័យសេដ្ឋកិច្ចនិងវិស័យផ្សេងៗទៀតជាច្រើននៅលើពិភពលោក។ ក្នុងនោះវិស័យអាកាសចរណ៍ដែលជាវិស័យដឹកជញ្ជូនផ...

2020-06-10 05:12:22   ថ្ងៃពុធ, 10 មិថុនា 2020 ម៉ោង 12:12 PM
ប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអនុម័តបច្ចេកសព្ទរបស់គណ:កម្មការភាសាវិទ្យា

កាលពីរសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជួរ គារី បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សានិងអន...

2020-06-10 03:00:47   ថ្ងៃពុធ, 10 មិថុនា 2020 ម៉ោង 10:00 AM
បេសកកម្មសិក្សាស្រាវជ្រាវស្តីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបន្ទាយឆ្មារ

ថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា និង...

2020-06-09 10:07:51   ថ្ងៃអង្គារ, 09 មិថុនា 2020 ម៉ោង 05:07 PM
សង្រ្គាមត្រជាក់សម័យថ្មី ដោយ៖ លោក ធន ឆាយពិសិដ្ឋ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋាននយោបាយនិងសន្តិសុខអន្តរជាតិ នៃ​វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា

ពាក្យថា«សង្រ្គាមត្រជាក់» ត្រូវបានប្រើជាដំបូងនៅឆ្នាំ១៩៤៥ ដោយអ្នកនិពន្ធអង់គ្លេសម្នាក់ឈ្មោះថា George Orwell ដោយសំដៅទៅលើស្ថានភាពនៃការប្រឈមមុខដាក់គ្នាជាប្រចាំរវាងរដ្ឋនិងរដ្ឋ ក៏ប៉ុន្តែ មិនឈានដល់ការផ្ទុះសង្រ...

2020-06-09 09:34:41   ថ្ងៃអង្គារ, 09 មិថុនា 2020 ម៉ោង 04:34 PM
បេសកកម្មសិក្សាស្រាវជ្រាវស្តីពី «អត្តសញ្ញាណបដិមាទោល ព្រះបាទជ័យវរ្ម័នទី៧» នៅប្រាសាទបាយ័ន ទឹកដីអង្គរ ខេត្តសៀមរាប

ថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែមថុនា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានបន្តដឹកនាំមន្រ្តីជំនាញផ្នែកប្រវត្តិសាស្ត្រ បុរាណវត្ថុវិទ្យា...

2020-06-09 08:58:44   ថ្ងៃអង្គារ, 09 មិថុនា 2020 ម៉ោង 03:58 PM

សេចក្តីប្រកាស