ព័ត៌មាន

លោកស្រី អ៊ុង សានស៊ូជី៖ ព្រះចន្ទដែលពិបាករះ

2021-02-13 05:05:56 ថ្ងៃសៅរ៍, 13 កុម្ភៈ 2021, 05:05 AM
post_detail

លោកស្រី អ៊ុង សានស៊ូជី នៃប្រទេសភូមាបានប្រើប្រាស់ជីវិតរបស់លោកស្រីជាបួនផ្នែកធំៗ គឺ ទី ១ លោកស្រី គឺជាអ្នកនយោបាយស្ត្រីដែលមានភាពក្លាហានក្នុងការប្រឈមមុខជាមួយបញ្ហាដែលកើតមានក្នុងប្រទេសរបស់លោកស្រី ទី ២ លោកស្រីគឺជាតារាក្នុងកែវភ្នែកប្រទេសលោកខាងលិច នៅពេលដែលលោកស្រីនៅជាប់ឃុំក្នុងផ្ទះ ទី ៣ លោកស្រីគឺបិសាចក្នុងកែវភ្នែកប្រទេសលោកខាងលិចពេលលោកស្រីកាន់អំណាច ទី ៤ លោកស្រីគឺជាអ្នកនយោបាយដែលបានទុកប្រយោជន៍ជាតិធំជាងប្រយោជន៍ផ្ទាល់ខ្លួនដោយពិតប្រាកដ។

អស់រយៈពេលជាច្រើនទស្សវត្សមកហើយ នៅពេលដែលគេនិយាយអំពីប្រទេសភូមា គេតែងនឹងដល់រឿងរ៉ាវបីធំៗ ដែលប្រទេសនោះមាន គឺការគោរពព្រះពុទ្ធសាសនាគ្រប់ជាន់ថា្នក់ ការគ្រប់គ្រងប្រទេសដោយរបបយោធា និងលោកស្រី អ៊ុង សានស៊ូជី ដែលជាស្ត្រីដែលជាប់ការឃុំឃាំងក្នុងផ្ទះអស់រយៈពេលជាច្រើនឆ្នាំ។

លោកស្រី អ៊ុង សានស៊ូជី គឺជាស្ត្រីដែលមានរូបឆោមស្រស់ស្អាត ហើយលោកស្រីបានរៀបអាពាហ៍ពិពាហ៍ជាមួយជនជាតិបរទេស ហើយលោកស្រីអាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការផ្លាស់ទីលំនៅទៅរស់នៅក្នុងទឹកដីនៃប្រទេសផ្សេងទៀតយ៉ាងស្របច្បាប់ និងដោយមានសុខមង្គល។ មុនពេលដែលលោកស្រី អ៊ុង សានស៊ូជី ត្រូវបានមេដឹកនាំយោធានៃប្រទេសភូមា ចាប់ឃាត់ខ្លួននោះ មេដឹកនាំយោធាក៏បានព្យាយាមចរចារជាមួយលោកស្រី ដើម្បីឱ្យលោកស្រីទៅរស់នៅលើទឹកដីបរទេស ដោយមានសុខមង្គល ហើយទុកកិច្ចការនៃការគ្រប់គ្រងប្រទេសជាតិជូនទៅយោធាភូមាជាអ្នកសម្រេច ក៏ប៉ុន្តែលោកស្រី បានបដិសេធសំណើរនោះ ហើយបានសុខចិត្តស្នាក់នៅក្នុងប្រទេស ដោយជាប់ឃុំក្នុងផ្ទះអស់រយៈពេលជាច្រើនឆ្នាំ។

នៅក្នុងរយៈពេលនៃការជាប់ឃុំក្នុងផ្ទះរបស់លោកស្រី អ៊ុង សានស៊ូជី ប្រទេសលោកខាងលិច ដែលមានចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងកាណាដា បានផ្តល់សញ្ជាតិជូនលោកស្រី ថាជាពលរដ្ឋគំរូរបស់ប្រទេសគេរៀងៗខ្លួន។ នៅពេលនោះ ការសែតភាគច្រើន បានចាត់ទុកលោកស្រី ថាជាអ្នកស្នេហាមនុស្សជាតិ និងលទ្ធិប្រជាធិប្បតេយ្យដ៏ខ្លាំងក្លាបំផុត ហើយរាល់ប្រសាសន៍របស់លោកស្រី ត្រូវបានចាត់ទុកថាជាពាក្យដែលមានតម្លៃ និងមានប្រយោជន៍ខ្លាំងណាស់ដែរ។ អង្គការសិទ្ធិមនុស្សអន្តរជាតិជាច្រើន បានធ្វើការអំពាវនាវ សូមឱ្យយោធាភូមាដោះលែងលោកស្រី អ៊ុង សានស៊ូជី ឱ្យមានសេរីភាព ដើម្បីបានដឹកនាំប្រទេសភូមាឆ្ពោះទៅកាន់ការរីកចម្រើន និងវឌ្ឍនភាពនៅក្នុង តំបន់។

អ្វីៗបានប្រែប្រួល ហើយលោកស្រី អ៊ុង សានស៊ូជី លែងជាតារា ឬជាព្រះចន្ទដ៏ស្រស់បំព្រងសម្រាប់បណ្តាប្រទេសលោកខាងលិចទៀតហើយ បន្ទាប់ពីលោកស្រី បានកាន់ដំណែងជាប្រធានក្រុមប្រឹក្សារដ្ឋភូមា ដោយសារតែរឿងជន ជាតិរ៉ូហ៊ីងយ៉ា និងរឿងនៃការរំលោភសិទ្ធិមនុស្សផ្សេងទៀត ដែលបានបង្ករឡើងដោយកងទ័ពភូមា នៅក្រោមការដឹកនាំរបស់លោកស្រី អ៊ុង សានស៊ូជី។ នៅក្នុងរយៈពេលប្រាំឆ្នាំ នៃការដឹកនាំប្រទេសរបស់លោកស្រី អ៊ុង សានស៊ូជី ការសែតលោកខាងលិចបានរិះគន់លោកស្រី ថាមិនបានយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេស និងបានបណ្តែតបណ្តោយឱ្យមានការរំលោភសិទ្ធិមនុស្សចំពោះជនជាតិភាគតិចនៅក្នុងប្រទេស ពោលគឺបញ្ហាជនជាតិរ៉ូហ៊ីងយ៉ានោះតែម្តង។

ប្រទេសដែលបានផ្តល់សញ្ជាតិកិត្តិយស សម្រាប់លោកស្រី អ៊ុង សានស៊ូជី បានប្រកាសដកសញ្ជាតិចេញពីលោកស្រីវិញ ហើយអង្គការសិទ្ធិមនុស្សអន្តរជាតិដែលពីមុនធ្លាប់តែបានលើកសរសើរលោកស្រី អ៊ុង សានស៊ូជី នោះ ត្រឡប់ទៅជារិះគន់ និងបានចាត់ទុកលោកស្រីដូចជាបិសាចដែលមានការរំលោភសិទ្ធិមនុស្សខ្លាំងទៅវិញ។

នៅពេលនេះ លោកស្រី អ៊ុង សានស៊ូជី និងមន្ត្រីសំខាន់ៗមួយចំនួនទៀត ដែលបម្រ៉ុងនឹងទទួលដំណែងទៅតាមក្រសួងសំខាន់ៗរបស់ប្រទេសនោះ ត្រូវបានមេដឹកនាំយោធាភូមា បានចាប់ឃុំខ្លួនម្តងទៀត ហើយបណ្តាប្រទេសមួយចំនួនដែលបានរិះគន់លោកស្រី នៅពេលដែលលោកស្រីនៅជាថា្នក់ដឹកនាំកំពូលរបស់ប្រទេសនោះ បាននាំគ្នាទាមទារឱ្យមានការដោះលែងលោកស្រីឱ្យមានសេរីភាពឡើងវិញ។

លោកស្រី អ៊ុង សានស៊ូជី គឺជាមនុស្សដែលមានភាពជាអ្នកដឹកនាំប្រទេសរបស់លោកស្រីដោយពិតប្រាកដ ព្រោះថានៅពេលដែលលោកស្រីមិនទាន់បានក្លាយទៅជាអ្នកដឹកនាំប្រទេសនោះ លោកស្រីអាចនិយាយ ឬធ្វើអ្វីៗដែលលោកស្រីគិតថាសំខាន់ៗសម្រាប់លោកស្រី ឬសម្រាប់គណបក្សរបស់លោកស្រី ប៉ុន្តែនៅពេលដែលលោកស្រីបានក្លាយទៅថា្នក់ដឹកនាំរបស់ប្រទេសនោះ លោកស្រីបានថ្លឹងថ្លែងអំពីផលប្រយោជន៍ប្រទេសជាតិ និងការតម្រូវចិត្តប្រទេសលោកខាងលិច។ លោកស្រី អ៊ុង សានស៊ូជី បានដឹងថា លោកស្រីមិនអាចចេះតែធ្វើទៅតាមការទាមទារ ឬការផ្តល់យោបល់របស់ប្រទេសខាងលិចបានទេ ព្រោះថាស្ថានភាពភូមិសាស្ត្ររបស់ប្រទេសភូមា ដែលមានរដ្ឋតូចៗច្រើន ជាពិសេស រដ្ឋមួយចំនួនដែលតែងតែចិញ្ចឹមចិត្តក្នុងការបំបែកខ្លួនចេញពីប្រទេសភូមានោះ នឹងបង្ករបញ្ហាជាប្រវត្តិសាស្ត្រសម្រាប់ប្រទេសរបស់លោកស្រី ហើយបើសិនជាលោកស្រីបើកសិទ្ធិឱ្យមានសេរីភាពខ្លាំង ឬបើសិនជាលោកស្រីមិនយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងដោយប្រើកំលាំងទេនោះ រដ្ឋទាំងនោះ អាចបែកចេញពីប្រទេសភូមា ហើយលោកស្រីនឹងត្រូវជាប់ឈ្មោះអាក្រក់ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសភូមា។

លោកស្រី អ៊ុង សានស៊ូជី បានយកប្រយោជន៍ជាតិជាធំ និងបានស្គាល់យ៉ាងពិតប្រាកដថា ប្រទេសរបស់លោកស្រីគួរតែដើរតាមផ្លូវណា ទើបប្រទេសលោកស្រីអាចមានការអភិវឌ្ឍភាព ហើយនឹងមានស្ថេរភាពនយោបាយផ្ទៃក្នុង។ នៅក្នុង រយៈពេលចុងក្រោយ មុនពេលដែលលោកស្រីត្រូវបានមេដឹកនាំយោធាចាប់លោកស្រីឃុំខ្លួនម្តងទៀតនោះ លោកស្រីបានទទួលជួបជាមួយថា្នក់ដឹកនាំនៃប្រទេសចិន ដែលមានបំណងពង្រីកចំណងការទូតបន្ថែមទៀតជាមួយនឹងប្រទេស ភូមា ដែលជាប្រទេសមួយមានធនធានធម្មជាតិច្រើន ហើយក៏ជាប្រទេសដែលជាសមាជិករបស់សមាគមអាស៊ានផងដែរ។

បើទោះបីជាស្រី ត្រូវបានជាប់ឃុំឃាំងក្នុងផ្ទះអស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ក៏លោកស្រី អ៊ុង សានស៊ូជី មិនដែលបានអំពាវនាវឱ្យសហគមអន្តរជាតិកាត់បន្ថយជំនួយសម្រាប់ការអភិវឌ្ឍនៅក្នុងប្រទេសរបស់លោកស្រីដែរ ព្រោះលោកស្រី ដឹងថាជំនួយពីក្រៅប្រទេសពិតជាមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេស។ ចំណុចមួយដែលពិសេសបំផុតនោះ គឺនៅពេលដែលលោកស្រី បានកាន់ដំណែងជាថា្នក់ដឹកនាំកំពូលរបស់ប្រទេសនោះ លោកស្រី មិនដែលបានប្រកាសចាត់ទុកអ្នកណាថាជាសត្រូវរបស់លោកស្រីសោះឡើយ ព្រោះលោកស្រីដឹងច្បាស់ថា ការរក្សាសន្តិភាព និងមិត្តភាពក្នុងប្រទេស គឺជារឿងសំខាន់ណាស់សម្រាប់ការដឹកនាំរបស់លោកស្រី។

សរុបមក ករណីរបស់លោកស្រី អ៊ុង សានស៊ូជី បានបញ្ជាក់ថា នៅពេលមិនទាន់កាន់អំណាច ឬនៅពេលដែលមិនទាន់មានការទទួលខុសត្រូវចំពោះវាសនាប្រទេសជាតិនោះ យើងអាចនិយាយអ្វី ឬធ្វើអ្វី ដែលយើងគិតថាត្រឹមត្រូវ ហើយអាចទទួលបានប្រជាប្រិយពីសំណាក់អ្នកគាំទ្រ ប៉ុន្តែនៅពេលដែលយើងត្រូវសម្រេចចិត្តចំពោះវាសនានៃប្រមួយនោះ អ្នកនឹងត្រូវប្រកាន់គោលការណ៍ផ្សេងមួយទៀត ព្រោះថាការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំប្រទេស គឺជាការសម្រេចចិត្តចំពោះប្រវត្តិសាស្ត្រ ដែលមនុស្សជំនាន់ក្រោយ នឹងសរសើរ ឬរិះគន់តជំនាន់ បើសិនជាមានការបាត់បង់ទឹកដី ឬការ ខូចប្រយោជន៍ជាតិដោយប្រការណាមួយ។ ករណីរបស់លោកស្រី អ៊ុង សានស៊ូជី ក៏បានបញ្ជាក់ផងដែរថា របស់ដែលមានតម្លៃបំផុត គឺជារបស់ដែលបានបាត់បង់ទៅហើយ ឬជារបស់ដែលមិនមាន ចំណែកឯមនុស្សដែលជាវីរៈបុរស ឬជាតួឯកនោះ គឺជាមនុស្សដែលបានស្លាប់ទៅហើយដែរ។

---------------------------------------

(បណ្ឌិត ស៊ឺន សម ជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះ គឺយោបល់ផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ ហើយមិនបានឆ្លុះបញ្ចាំងការយល់ឃើញទាំងស្រុងរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ) ។ 

អត្ថបទទាក់ទង

ការរៀបចំជំនួបពិភាក្សាស្តីពី «បទពិសោធនិងបញ្ហា គោលការណ៍ក្នុងការប្រើអក្សរឡាតាំងសម្រាប់កត់សូរភាសាខ្មែរ»

នៅថ្ងៃអង្គារ ១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សន ពៅ អនុប្រធាន ក្រុមប្រឹក្សាជាតិភាសាខ្មែរបានបើកកិច្ចប្...

2020-07-21 09:36:40   Tue, 21,07,2020, 09:36 AM
«ឯកឧត្តមបណ្ឌិត ឱម យ៉ិនទៀង ទទួលបានគោរមងារជាកិត្តិនីតិកោសលបណ្ឌិតនៃរាជបណ្ឌិត្យសភាកម្ពុជា»

ឯកឧត្តមទេសរដ្ឋមន្រ្តីបណ្ឌិត ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យលេខ នស/រកត/០៧២០/៧៥៨ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ ប្រោសព្រះរាជទានគោរមងារជា កិត្តិនីតិកោសលបណ...

2020-07-20 11:48:38   Mon, 20,07,2020, 11:48 AM
ជំនួបទទួលឯកសាររូបថតចម្លាក់លើថែវទាំងអស់ (ថែវខាងក្នុង និងខាងក្រៅ) នៅប្រាសាទបាយ័នដែលបានថតដោយអ្នកជំនាញជប៉ុន និង អាជ្ញាធរជាតិអប្សរា

នៅថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកបណ្ឌិត ផុន កសិកា ប្រធានស្ដីទីវិទ្យាស្ថានមនុស្សសាស្ត្រនិងវិទ្យាសាស្ត្រសង្គម និងជាប្រធានគម្រោង «អត្តសញ្ញាណបដិមាព...

2020-07-17 13:09:36   Fri, 17,07,2020, 01:09 PM
បញ្ញាជន ១៣រូប ទទួលបានការតែងតាំងជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចតែងតាំងបញ្ញាជនរបស់ជាតិ ចំនួន ១៣រូប ជាសមាជិកបម្រុងនៃរាជបណ្ឌិត្យសភាកម្ពុជា សម្រាប់ឆ្នាំ២០២...

2020-07-17 04:01:39   Fri, 17,07,2020, 04:01 AM
ទំនាក់ទំនងអាម៉េរិក-រុស្ស៊ីក្នុងឆ្នាំ២០២០ ៖ ការបញ្ចប់ការគ្រប់គ្រងអាវុធប្រកបដោយប្រសិទ្ធភាពឬ? ប្រែសម្រួលដោយ៖ លោក ហ៊ាន ស្រស់ វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជានៃរាជបណ្ឌិត្យសភាកម្ពុជា

កាលពីឆ្នាំ២០១៩ សហរដ្ឋអាម៉េរិកនិងរុស្ស៊ីមានសកម្មភាពតិចតួចប៉ុណ្ណោះក្នុងការធ្វើឱ្យមានវឌ្ឍនភាពស្តីពីការគ្រប់គ្រងអាវុធយុទ្ធសាស្រ្ត។ ផ្ទុយទៅវិញ មានបញ្ហាជាច្រើនបណ្តាលឱ្យមានការលុបចោលនូវកិច្ចព្រមព្រៀងទ្វេភាគីន...

2020-07-16 16:03:58   Thu, 16,07,2020, 04:03 PM
«កិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបច្ចេកសព្ទរបស់គណៈកម្មការកសិកម្ម»

កាលពីរសៀលថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ក្រុមប្រឹក្សាជាតិភាសាខ្មែរ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ហ៊ាន សុខុម បានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និង...

2020-07-16 04:44:45   Thu, 16,07,2020, 04:44 AM

សេចក្តីប្រកាស