ព័ត៌មាន

ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតសុំការណែនាំអំពីលទ្ធិប្រជាធិបតេយ្យពីនាយករដ្ឋមន្ត្រីថៃ?

2021-02-12 14:08:29 ថ្ងៃសុក្រ, 12 កុម្ភៈ 2021, 02:08 PM
post_detail

នៅដើមឆ្នាំ ២០២១នេះ ប្រទេសភូមា ឬមីយ៉ាន់ម៉ា គឺជាប្រទេសមួយដែលមានភាពល្បីល្បាញ និងបានទាក់ទាញការចាប់អារម្មណ៍ជាអន្តរជាតិ ដោយសារតែប្រទេសនេះមានរដ្ឋប្រហារមួយដែលបានទំលាក់រដ្ឋាភិបាលរបស់លោកស្រី អ៊ុង សានស៊ូជី និងសមាជិករដ្ឋមន្ត្រីដែលត្រៀមនឹងទទួលដំណែងថ្មី បន្ទាប់ពីបានឈ្នះការបោះឆ្នោតដោយបានទទួលសំលេងគាំទ្រដ៏ច្រើនលើសលុប។

មូលហេតុសំខាន់នៃការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសភូមានាពេលថ្មីៗនេះ គឺដោយសារតែថា្នក់ដឹកនាំយោធានៃប្រទេស​ភូមា បានចាត់ទុកថា ការបោះឆ្នោតកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនោះ មានការកេងបន្លំសន្លឹកឆ្នោត ប៉ុន្តែគណៈកម្មការជាតិរៀបចំការបោះឆ្នោតនៅប្រទេសភូមាបានបដិសេធចំពោះការចោទប្រកាន់របស់របបយោធាភូមានោះ។

បន្ទាប់ពីការធ្វើរដ្ឋប្រហារទំលាក់ប្រធានាធិបតីជាប់ឆ្នោតរួចមក មេដឹកនាំពិភពលោកដែលប្រកាន់លទ្ធិប្រជាធិប្បតេយ្យ ដែលមានដូចជា សហរដ្ឋអាម៉េរិក កាណាដា និងបារាំងជាដើម សុទ្ធតែបានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសមេដឹក​នាំយោធានៃប្រទេសភូមា ជាពិសេស លោក មិន អ៊ុងឡាំង (Min Aung Hlaing)ដែលបានដឹកនាំការធ្វើរដ្ឋប្រហារ ប៉ុន្តែបណ្តាប្រទេសដែលជាសមាជិកអាស៊ាន មិនបានចេញសេចក្តីថ្លែងការណ៍ជាក់លាក់ចំពោះការធ្វើរដ្ឋប្រហារក្នុងប្រទេស​ភូមានោះទេ ដោយបានចាត់ទុកការធ្វើរដ្ឋប្រហារនោះ ថាជាបញ្ហាផ្ទៃក្នុងរបស់ប្រទេសភូមា។

អង្គការសង្គមស៊ីវិលក្នុងប្រទេសដែលជាសមាជិករបស់អាស៊ាន ដែលរួមទាំងអង្គការសង្គមស៊ីវិលក្នុងប្រទេសកម្ពុជាផងនោះ បានចេញសេចក្តីគាំទ្រចំពោះលោកស្រីអ៊ុង សានស៊ូជី តាមរយៈការថតរូបជាមួយនឹងពាក្យថា We Stand With Myanmar (យើងនៅជាមួយប្រទេសភូមា)។

លោក មិន អ៊ុងឡាំង (Min Aung Hlaing) ដែលជាថា្នក់ដឹកនាំយោធានៃប្រទេសភូមា បានផ្ញើលិខិតមួយច្បាប់ទៅកាន់លោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដើម្បីស្នើសុំការផ្តល់យោបល់អំពីលទ្ធិប្រជាធិប្បតេយ្យនៅក្នុងប្រទេសភូមា។ មានការបកស្រាយផ្សេងៗគ្នាចំពោះការផ្ញើលិខិតរបស់ថា្នក់ដឹកនាំយោធាភូមាទៅកាន់ថា្នក់ដឹកនាំនៃប្រទេសថៃ លោកប្រាយុទ្ធ ចាន់អ៊ូចា ដោយសារតែលោក គឺជាអតីតមេដឹកនាំយោធាដែលបានដឹកនាំការធ្វើរដ្ឋប្រហារទំលាក់លោកស្រី យ៊ីង ឡាក់ ដែលជាប្អូនស្រីរបស់លោក ថាក់ ស៊ីន ដែលបានទទួលការគាំទ្រជាច្រើនអំពីសំណាក់ពលរដ្ឋថៃ។

យើងអាចសួរថា ហេតុអ្វីមេដឹកនាំយោធានៃប្រទេសភូមាផ្ញើលិខិតទៅកាន់នាយករដ្ឋមន្ត្រីថៃដើម្បីសុំការផ្តល់យោបល់អំពីលទ្ធិប្រជាធិប្បតេយ្យ ព្រោះថាលោកនាយករដ្ឋមន្ត្រថៃខ្លួនឯងក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារទំលាក់រដ្ឋាភិបាលជាប់ឆ្នោតដែរនោះ?

មូលហេតុដែលមេដឹកនាំយោធានៃប្រទេសភូមា ផ្ញើលិខិតទៅកាន់ថា្នក់ដឹកនាំនៃប្រទេសថៃនោះ បើទោះបីជាការសរសេរក្នុងលិខិតជាផ្លូវការ ថាមានចេតនាចង់សិក្សារៀនសូត្រ ឬចង់បានការណែនាំអំពីនាយករដ្ឋមន្ត្រីថៃក៏ដោយចុះ ប៉ុន្តែសេចក្តីពិតនោះ គឺថាថា្នក់ដឹកនាំយោធានៃប្រទេសភូមា ចង់ទាក់ទាញការចាប់អារម្មណ៍របស់មេដឹកនាំពិភពលោក ដែលបានចេញសេចក្តីថ្កោលទោសលោក ដោយលោកចង់បញ្ជាក់ថា មិនមែនមានតែលោកម្នាក់ទេ ដែលដឹកនាំការធ្វើរដ្ឋប្រហារនោះ តែសូម្បីលោកនាយករដ្ឋមន្ត្រីនៃប្រទេសថៃ ដែលជាប្រទេសជិតខាងនឹងប្រទេសភូមានោះ ក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារដែរ។

លោកប្រាយុទ្ធ ចាន់អ៊ូចា បានកាន់ដំណែងថា្នក់ដឹកនាំនៃប្រទេសថៃ ដោយពាក់ឯកសណ្ឋានយោធារយៈពេលមួយឆ្នាំ ហើយក្រោយមកលោកបានលាលែងអំពីយោធា និងបានចូលឈរឈ្នោះជាបេក្ខភាពនាយករដ្ឋមន្ត្រីថៃ ហើយលោកបានឈ្នះការបោះឆ្នោត និងបានកាន់ដំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃរហូតមកដល់ពេលនេះ។

មូលហេតុសំខាន់មួយទៀតដែលមេដឹកនាំនៃប្រទេសភូមាផ្ញើលិខិតទៅកាន់លោកនាយករដ្ឋមន្ត្រីថៃនោះ គឺលោកចង់បញ្ជា្កក់ថា ពេលវេលានឹងបន្សាបនូវការថ្កោសទោសទាំងឡាយ ដែលមេដឹកនាំពិភពបានធ្វើចំពោះថា្នក់ដឹកនាំយោធានៃប្រទេសភូមា ព្រោះថា នៅពេលដែលមានការធ្វើរដ្ឋប្រហារថ្មីៗក្នុងប្រទេសថៃនោះ ពិភពលោកក៏បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសដែរ ប៉ុន្តែក្រោយមក ពិភពលោកបានទទួលយកព្រឹត្តិការនោះដោយស្ងប់ស្ងាត់ ឬពិភពលោកមិនបានយកចិត្តទុកដាក់អ្វីបន្ថែមទៀតទេចំពោះស្ថានការណ៍ដែលមានក្នុងប្រទេសថៃ ដោយសារតែប្រទេសថៃ គឺជាជង្រុកនៃពាណិជ្ជកម្មធំៗរបស់ប្រទេសមហាអំណាច ហើយប្រទេសថៃក៏អាចរក្សាសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសដោយខ្លួនឯងផងដែរ។

យូរៗម្តង គេឃើញមានអង្គការសិទ្ធិមនុស្សអន្តរជាតិចេញសេចក្តីថ្លែងការណ៍ថ្កោលទោសចំពោះបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសថៃ ប៉ុន្តែសេចក្តីថ្លែងការ គ្រាន់តែជាការសំដែងការព្រួយបារម្ភ ឬគ្រាន់តែជាការបញ្ចេញមតិតែប៉ុណ្ណោះ មិនមានការប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចណាមួយចំពោះរដ្ឋាភិបាលថៃនោះទេ។ ផ្ទុយទៅវិញ រដ្ឋាភិបាលនៃប្រទេសដែលប្រកាន់លទ្ធិប្រជាធិប្បតេយ្យមួយចំនួនបានចាត់ទុកថា ប្រទេសថៃមានស្ថានភាពសិទ្ធិមនុស្សល្អប្រសើរ ហើយនឹងពង្រីកចំណង​ការទូតបន្ថែមជាមួយនឹងប្រទេសថៃទៀតផង។ ឧទាហរណ៍ជាក់ស្តែង ការសម្រេចចិត្តរបស់រដ្ឋាភិបាលនៃប្រទេស​ស៊ុយអែតក្នុងការដកស្ថានទូតរបស់ខ្លួនចេញពីប្រទេសកម្ពុជា ហើយនឹងពង្រឹងបន្ថែមទៀត នៅក្នុងប្រទេសថៃ។

ស្ថានការណ៍នៅក្នុងប្រទេសភូមា ក៏នឹងមិនខុសគ្នាអំពីអ្វីដែលបានកើតមាននៅក្នុងប្រទេសថៃដែរ ព្រោះថាពេលវេលាកន្លងទៅ នឹងបន្សាបចោល ឬនឹងបំភ្លេចចោលនូវរឿងរ៉ាវដែលបានកើតមាននៅពេលនេះ ហើយពិភពលោកនឹង​ផ្តោតការយកចិត្តទុកដាក់ថ្មីទៀតចំពោះបញ្ហាដែលកើតមាននៅក្នុងតំបន់ ក៏ដូចជានៅក្នុងពិភពលោក ជាពិសេស បញ្ហានៅសមុទ្រចិនខាងត្បូង នៅតែជាបញ្ហាចម្បងសម្រាប់សហរដ្ឋអាម៉េរិក ដែលត្រូវយកចិត្តទុកដាក់ខ្លាំង។ សហរដ្ឋអាម៉េរិកមិនចង់ឱ្យប្រទេសដែលជាសមាជិកអាស៊ានផ្សេងទៀត មានភាពស្និទ្ធស្នាលបន្ថែមកាន់តែខ្លាំងជាមួយនឹងប្រទេសចិននោះទេ ហើយបណ្តាប្រទេសនៅក្នុងសហគមអាស៊ាន ដែលមានទំនាស់ជាមួយនឹងប្រទេសចិននោះ ក៏មិនចង់ឱ្យសមាជិកនៅក្នុងក្រុមរបស់ខ្លួនមួយទៀត កាន់តែមានភាពស្និទ្ធស្នាលជាមួយចិននោះដែរ ព្រោះថាកាលពីពេលកន្លងមក សមាជិកអាស៊ាន បានចាត់ទុកថា ប្រទេសឡាវ និងប្រទេសកម្ពុជា មានទំនាក់ទំនងជិតស្និទ្ធខ្លាំងពេកជាមួយ​នឹងប្រទេសចិន និងបានចោទប្រកាន់ប្រកាន់ប្រទេសកម្ពុជា និងឡាវ ថាកាន់ជើងចិន ដោយមិនបានកាន់ជើងអាស៊ានគ្នាឯងនោះទេ។

គ្រាន់តែប្រទេសកម្ពុជា និងប្រទេសឡាវ ដែលមានទំនាក់ទំនងជិតស្និទ្ធខ្លាំងជាមួយប្រទេសចិន បានបង្កការលំបាកក្នុងការសម្រេចចិត្តរបស់អាស៊ានទៅហើយ ចុះបើសិនជាប្រទេសភូមា ក្រោមការដឹកនាំរបស់យោធា កាន់តែបន្ថែមទំនាក់ទំនងរបស់ខ្លួនជាមួយនឹងប្រទេសចិនទៀតនោះ អាស៊ាននឹងបន្ថែមបញ្ហាផ្សេងទៀត ដែលធ្វើឱ្យប្រទេសដែលមានទំនាស់ជាមួយនឹងប្រទេសចិន កាន់តែមានការព្រួយបារម្ភខ្លាំងឡើងៗ។

សរុបជារួម ថ្នាក់ដឹកយោធានៃប្រទេសភូមា មិនមានចេតនាមែនទែនក្នុងការរៀនសូត្រអំពីប្រទេសថៃនោះទេ ប៉ុន្តែគ្រាន់តែចង់រំលឹកពិភពលោកថា មិនមែនមានតែខ្លួនម្នាក់ដែលបានដឹកនាំការធ្វើរដ្ឋប្រហារនោះទេ នាយករដ្ឋមន្ត្រីនៃប្រទេសថៃ ក៏ធ្លាប់បានដឹកនាំការធ្វើរដ្ឋប្រហារដែរ ហេតុអ្វីមិននាំគ្នាថ្កោលទោសផងទៅ។

..............................

(បណ្ឌិត ស៊ឺន សម គឺជាអ្នកស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា។ រាល់មតិយោបល់ដែលមាននៅក្នុងអត្ថបទនេះ គឺជាការយល់ឃើញផ្ទាល់របស់អ្នកនិពន្ធ ហើយមិនបានឆ្លុះបញ្ចាំងការយល់ឃើញជារួមរបស់រាជបណ្ឌិត្យសភាកម្ពុជានោះទេ)


អត្ថបទទាក់ទង

រដុ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍៖ ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច

«ការ​ឡើងថ្លៃ​ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែ​សណ្ឋាគារ​នៅ​ក្នុង​ខេត្ត​នេះ មាន​ចំនួន​តិច» នេះគឺជាប្រសាសន៍របស់ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្លែងឡើង​ក្រោយ​បញ្ចប់​សិក្ខាសាលា បូក​សរុប​ការងារ​ប្រ...

2018-11-29 15:46:10   Thu, 29,11,2018, 03:46 PM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម»

របាយការណ៍ដែលបានរៀបចំឡើងដោយ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា នៅក្នុង «សន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩» ប្រារពធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់...

2018-11-29 14:45:57   Thu, 29,11,2018, 02:45 PM
«ល្ខោនខោលរបស់កម្ពុជា បានបញ្ចូលជាផ្លូវការនៅក្នុងបញ្ជីបេតិកភណ្ឌអរូបីយនៃមនុស្សជាតិរបស់យូណេស្កូ»

នេះ ជាមោទនភាពថ្មីមួយទៀតរបស់កម្ពុជា ដែលទទួលបាននូវកិត្តិយសល្បីខ្ទរខ្ទាលើឆាកអន្តរជាតិ ដោយការសម្រេចអនុម័តទទួលចុះបញ្ជី«ល្ខោនខោល»របស់កម្ពុជា ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្...

2018-11-29 03:37:48   Thu, 29,11,2018, 03:37 AM
«សមិទ្ធផលសំខាន់ៗរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា...»

នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ...

2018-11-28 08:19:31   Wed, 28,11,2018, 08:19 AM
«សមិទ្ធផលសំខាន់ៗរបស់មជ្ឈមណ្ឌលសិក្សាចិន...»

យោងតាមរបាយការណ៍សមិទ្ធផលរបស់មជ្ឍមណ្ឌលសិក្សាចិន ដែលបានបង្ហាញ​ នៅព្រឹក ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និង...

2018-11-28 04:41:57   Wed, 28,11,2018, 04:41 AM
«សមិទ្ធផលសំខាន់ៗរបស់ក្រុមប្រឹក្សាជាតិភាសាខ្មែរ(ក.ជ.ភ.ខ.)...»

ថ្ងៃ៦រោច ខែកត្តិក  ឆ្នាំច សំរឹទ្ធស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៃសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច...

2018-11-28 03:19:46   Wed, 28,11,2018, 03:19 AM

សេចក្តីប្រកាស